CHINA_ការ​កកើត​ឡើង​នៃ​សាធារណរដ្ឋ​ប្រជាមានិត


ថ្ងៃទី០១ ខែតុលា កាលពី ៧០ឆ្នាំមុន   លោក ម៉ៅ សេទុង បានប្រកាសជាឯកច្ឆន្ទបង្កើតសាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីដែនដីដ៏ធំនៃអាស៊ីបូពា៌រងការញាំញីដោយសង្គ្រាម រយៈពេលជាង ​៤ទសវត្ស។  ជាសង្គ្រាមដែលផ្ទុះឡើងក្រោយពីបដិវត្តន៍ឆ្នាំ ១៩១១ ក្នុងការផ្ដួលរំលំរបបរាជានិយម ដែលមានវត្តមានជាង ៥.០០០ឆ្នាំ ។ 
ក្រោយបដិវត្តន៍ ឆ្នាំ ១៩១១  ចិនបានក្លាយជាសាធារណរដ្ឋ  ប៉ុន្តែតាមតំបន់នីមួយៗមានស្ដេចត្រាញ់ (War Lords) ជាអ្នកកាន់កាប់។  ជាមួយនោះដែរ  មានបក្សធំៗពីរ គឺបក្ស គួកមីនតាំង ( KMT ឬបក្សជាតិនិយម)  និងបក្សកុំមុយនិសចិន (CPC)។  បក្សទាំងពីរនេះ បានចងសម្ពន្ធភាពជាមួយគ្នានៅពេលដំបូង   លុះនៅឆ្នាំ ១៩២៧ សម្ពន្ធភាពបានផ្ដាច់  ហើយសង្គ្រាមស៊ីវិលក៏ចាប់ផ្ដើម។  
សង្គ្រាមរវាងចលនាទាំងពីរបានរីករាលដាលចំនួន ១០ឆ្នាំ បានផ្អាក    ហើយចាប់ដៃគ្នាដើម្បីប្រឆាំងនឹងជប៉ុនដែលចូលឈ្លានពាននៅឆ្នាំ ១៩៣៧ ។ នៅពេលជប៉ុនចាញ់  សង្គ្រាម ស៊ីវិលនៅចិនដីគោកក៏បានបន្តរហូតដល់ឆ្នាំ ១៩៤៩។
ចលនាកុំមុយនិសចិនបានកាន់កាប់ចិនដីគោកទាំងមូល   លើកលែងតែ ម៉ាកាវ (ស្ថិងក្រោមអាណានិគមព័រទុយហ្កាល់រហូតដល់ឆ្នាំ ១៩៩៩)  និងហុងកុង (ស្ថិតក្រោមអាណានិគមអង់គ្លេសរហូតដល់ឆ្នាំ ១៩៩៧)   ខណៈបក្សគួកមីនតាំងភៀសទៅកាន់កោះតៃវ៉ាន់។  ពេលនោះ  សាធារណរដ្ឋប្រជាមានិតចិនក៏បានកើតឡើង នៅចិនដីគោក ក្នុងឆ្នាំ ១៩៤៩។