CONSTRUCTION_STRANGE BUILDING អគារប្លែកៗ

អគារ Sheraton Huzhou Hot Spring Resort​ 
​គឺ​ជាសណ្ឋាគារ Sheraton Huzhou Hot Spring Resort មាន​រាង​ដូច​ក្រចក​សេះ​ស្ថិត​នៅ​លើ​បឹង Taihu ក្នុង​ក្រុង​ហ៊ូ​ចូ​វ​  មាន​កម្ពស់​ប្រមាណ​១០០​ម៉ែត្រ និង​ទទឹង​១១៦​ម៉ែត្រ ស្ថិត នៅ​លើ​ផ្ទៃ​ដីប្រមាណ​ ៩៥.០០០​ម៉ែត្រការ៉េ​។
រចនា​ឡើង​ដោយ​វិស្វករ​ក្នុង​ទីក្រុង​ប៉េកាំង គឺ​លោក Ma Yansong មកពី​ក្រុមហ៊ុន​ស្ថាបត្យកម្ម MAD ។ អគារ​នេះ​មាន​ច្រើន​ស្រទាប់​ច្រើន​ជាន់ ដែល​ធ្វើ​ឲ្យ​មាន​រាង​ដូច​ជា​ចិញ្ចៀន​ផុស​ចេញ​ពី​ត្រើយ​បឹង។ ប្រជាជន​ក្នុង​ក្រុង​នេះ​ហៅ​អគារ​នេះ​ថា «​សណ្ឋាគារ​នំ​ដូ​ណាត់​»​។


អគារ The Guangzhou Circle ក្នុង​ខេត្ត​ក្វាង​ទុង
អគារ​នេះ​គឺជា​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន Hongda Xingye Group និង​ជា​ការិយាល័យ​របស់​ក្រុមហ៊ុន Guangdong Plastic Exchange ដែល​ជា​ក្រុមហ៊ុន​លំដាប់​ថ្នាក់​ពិភពលោក​ដ៏​ធំ​មួយ​សម្រាប់​ទិញ​លក់​សម្ភារ​ធ្វើ​ពី​សារធាតុ​ប្លាស្ទិក​សុទ្ធ​។ វា​គឺជា​អគារ​ដែល​មាន​រាង​ជា​រង្វង់​មូល​ខ្ពស់​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក ដែល​មាន​កម្ពស់​ដល់​ទៅ ៥០​ម៉ែត្រ ហើយ​មាន​ប្រហោង​ចំ​កណ្តាល​ទៀត​ផង​។
វិស្វករ​អគារ​នេះ​បាន​ថ្លែង​ថា លោក​គ្រាន់​តែ​ចង់​បាន​អគារ​មួយ​ដែល​លេចធ្លោ​លើ​ដែនដី​នេះ​ដោយ​ផ្អែក​លើ «​ទស្សន​វិស័យ និង​ចិត្ត​សាស្ត្រ​របស់​មហាជន​» ដែល​អាច​ច្នៃ​អគារ​មួយ​ឲ្យ​ក្លាយ​ទៅ​ជា​និមិត្តសញ្ញា​មួយ​ដែល​មាន​ភាព​ល្បីល្បាញ​។
អគារ​នេះ​ឆ្លុះ​ទៅ​នឹង​ផ្ទៃ​ទឹក​ទន្លេ​ច្បាស់​ដូច​ទៅ​នឹង​អគារ​នេះ​តែម្តង ដែល​មើលទៅ​ដូចជា ថាស​ពី​២​ត្រួត​លើ​គ្នា​។ វា​មាន​រាង​ជា​លេខ​៨ ដែល​ស៊ីគ្នា​ទៅនឹង​និមិត្តសញ្ញា​របស់​ប្រទេស​ចិន តំណាង​ឲ្យ​សញ្ញា​អា​ណន់ (​គ្មាន​ភាព​កំណត់​) ដែល​មាន​សារៈសំខាន់​បំផុត​ក្នុង​វប្បធម៌​របស់​ប្រទេស​ចិន​។



អគារ China Central Television Headquarters
ស្ថានីយ​ទូរទស្សន៍​ទីក្រុង​ប៉េកាំង ​ត្រូវបាន​ប្រសិទ្ធ​នាម​ជា​អគារ​ខ្ពស់​ដែល​ល្អ​ដាច់​គេ​ទូទាំង​ពិភពលោក​ពី​ក្រុម​ប្រឹក្សា​លំនៅឋាន​ទំនើប និង​អគារ​ខ្ពស់ៗ (Tall Buildings and Urban Habitat) ក្នុង​ឆ្នាំ ២០១៣។ 
​ការ​រចនា​ម៉ូដ​អគារ​ដោយ​វិស្វករ​ជនជាតិ​អាល្លឺម៉ង់ លោក Rem Koolhass អគារ​នេះ​មិនមែន​ជា​អគារ​បែប​ប្រពៃណី​នោះ​ឡើយ តែ​ជា​អគារ​ផ្តេក និង​បញ្ឈរ​ចំនួន​៦​ភ្ជាប់​គ្នា​ដោយ​ស្ថិត​នៅ​លើ​ផ្ទៃដី​ចំនួន​៤៧៣.០០០​ម៉ែត្រ​ការ៉េ ដែល​នៅលើ​អគារ​មាន​ខ្សែបន្ទាត់​ខ្វាត់ខ្វែង​គ្នា​ ហើយ​មាន​ប្រហោង​ចំ​កណ្តាល​។
​សំណង់​អគារ​នេះ​ត្រូវបាន​ចាត់​ទុក​ថា ជាការ​ប្រកួត​ប្រជែង​ម៉ូត​អគារ​ពិសេសៗ គឺ​ដោយ​សារ​វា​ស្ថិត​ក្នុង​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​អគារ​ខ្ពស់ៗ​ទាំងនេះ​។  លោក Koolhaas បាន​ថ្លែងថា  «​អគារ​នេះ​អាច​នឹង​មិន​ត្រូវ​បាន​រចនា​ឡើង​ដោយ​ជនជាតិ​ចិន​នោះទេ ហើយ​ក៏​អាច​នឹង​មិន​ត្រូវ​បាន​សាងសង់​ដោយ​ជនជាតិ​អឺរ៉ុប​នោះដែរ​។ វា​ជា​អគារ​កាត់​ជាតិ​សាសន៍​»។
ដោយ​សារ​រូបរាង​របស់​វា អ្នក​រត់​តាក់ស៊ី​ម្នាក់​បាន​ឲ្យ​ឈ្មោះ​ហៅ​ក្រៅ​ដែល​បកប្រែ​មក​មាន​ន័យ​ថា «​ខោ​ក្នុង​ខ្លី​របស់​មនុស្ស​ប្រុស​» ហើយ​ប្រជាជន​ក្នុង​តំបន់​នោះ​ភាគ​ច្រើន​ហៅថា «​ខោ​ធំ​»​។



សារមន្ទីរ Ordos Art Museum 
​ទីក្រុង Inner Mongolian លើ​ទឹក​ដី Ordos ភាគ​ច្រើន ត្រូវ​បាន​គេ​ហៅថា ទីក្រុង​ខ្មោច​ដោយ​សារ​តែ​មាន​មនុស្ស​រស់​នៅ​តិច​ពេក​បើ​ប្រៀបធៀប​ទៅ​នឹង​សំណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន​ក្នុង​តំបន់​នេះ​។ អគារ​មួយ​ក្នុង​ចំណោម​អគារ​ជាច្រើន​ទៀត ដែល​ពុំ​សូវ​បាន​ប្រើប្រាស់​ដោយ​ប្រជាជន​ក្នុង​ស្រុក​នោះ គឺ​សារមន្ទីរ​សិល្បៈ Ordos​។
សារមន្ទីរនេះ​​ត្រូវបានសាងសង់​ឡើង  និងរចនា​ម៉ូដ​​យ៉ាង​ហ្មត់ចត់​ ​ឆ្លើយ​តប​ទៅនឹង​ប្លង់​មេ​របស់​ទីក្រុង​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម MAD។ គឺជា​អគារ​មួយដែលមើលទៅហាក់​បី​ដូច​ជា​ដុំ​អណ្តែត​ទើប​នឹង​ចុះចត​ពី​ឋាន​អវ​កាស​មក​លើ​ផែនដី​។
​វិស្វករ​បាន​និយាយ​ថា លម្ហ​ក្នុង​អគារ​នេះ មាន​ឫសគល់​ពាក់ព័ន្ធ​យ៉ាង​ស៊ី​ជម្រៅ​ក្នុង​វប្បធម៌​នៃស្រុក​នេះ​។ បើទោះជា​វា​បង្ហាញ​ពី​ភាព​ទំនើប​សហ​សម័យកាល​នេះ​ក៏​ដោយ ក៏​យើង​អាច​ធ្វើ​ឲ្យ​មាន​ការគិត​ឡើង​វិញ​ថា​ តើ «​វប្បធម៌​ក្នុង​ស្រុក​» មាន​ន័យ​យ៉ាង​ដូច​ម្តេច តើ​វា​មាន​ឬ​សគល់​មកពីណា​   ហើយ​តើ​វា​អាច​ប្រែ​ក្លាយ​ជា​អ្វី​នៅ​ថ្ងៃ​អនាគត​។
សំណង់​អគារ​នេះ​ត្រូវបាន​ស្រោប​ដោយ​បន្ទះ​ដែក​ទ្រវែងៗ ភ្លឺ​រលោង ដើម្បី​ឲ្យ​មាន​ចំណាំង​ផ្លាត​ទៅ​នឹង​បរិស្ថាន​ជុំវិញ​អគារ​នេះ​។ ការ​ស្រោប​បន្ទះ​ដែក​នេះ​ធ្វើ​ឲ្យ​អគារ​នេះ​មើលទៅ​តាន់​រឹងមាំ​គ្មាន​បង្អួច​ហើយ​មាន​គ្រឹះ​រឹងមាំ​ភ្ជាប់​ទៅនឹង​ផ្ទៃដី​។ ផ្ទាំង​ដែក​ស្រោប​នេះ​ធ្វើ​ឲ្យ​ផ្នែក​ខាង​ក្នុង​មាន​លក្ខណៈ​ទំនើប​ប្លែក​តែ​ម្តង​។
នៅ​ក្នុង​លម្ហ​ផ្នែក​ខាង​ក្នុង​របស់​អគារ​នេះ​ ពន្លឺ​ធម្មជាតិ​អាច​ជះ​ចូលមក​តាម​ដំបូល និង​បំភ្លឺ​ទៅលើ​របារ​ដែល​ភ្ជាប់​គ្នា​ទៅនឹង​រូបភាព​ក្នុង​អគារ​នោះ​។ ពន្លឺ​នេះ​ក៏​ធ្វើ​ឲ្យ​ផ្នែក​ខាងក្នុង​នៃ​បន្ទះ​ដែក​នីមួយៗ​ព្រិល​មិន​ច្បាស់ តែ​វា​ធ្វើ​ឲ្យ​ពន្លឺ​ជះ​តាម​របារ​នីមួយៗ​មក​ខាងក្នុង​ជា​លក្ខណៈ​ធម្មជាតិ​តែម្តង​។

EDC APP