ឱក សុគន្ធកញ្ញា (អង់គ្លេស Aok Sokunkanha) កើតថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ១៩៨៧ មានទីកំណេីតនៅខណ្ឌចំការមន រាជធានីភ្នំពេញ។ ឪពុកឈ្មោះ ឱក បូនី គឺជាតន្រ្តីករម្នាក់ ម្តាយឈ្មោះ អ៊ី សុគន្ធ គឺជាគ្រូបង្រៀន និងជាអ្នកបង្ហាត់រាំនៅសកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បះ។ នាងមានបងប្អូនទាំងអស់ចំនួនបីនាក់ នាងជាកូនច្បងក្នុងគ្រួសារ។ក្រោយពីបានប្រលងបញ្ចប់បាក់ឌុបរួចមក នាងក៏បានបន្តការសិក្សាជំនាញសិល្បះនៅ សាលាភូមិន្ទវិចិត្រសិល្បះថែមទៀត។ កញ្ញាបានឈានជេីងចូលវិស័យសិល្បះនាអំឡុងឆ្នាំ ១៩៩៩ ផលិតកម្មដែលនាងបានចូលច្រៀងដំបូងនោះ គឺផលិតកម្មស្ទឹងសង្កែ និងច្រៀងនៅក្នុងក្លឹប U2 នាពេលរាត្រី ។ ឆ្នាំ 2007 នាងបានចូលទៅផលិតកម្មសាន់ដេ បន្ទាប់មកផលិតកម្ម Rock Production និងចុងឆ្នាំ 2007 សម្រេចចិត្តចុះកុងត្រាជាមួយផលិតកម្ម រស្មីហង្សមាស។ សព្វថ្ងៃ គឺជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយមួយរូបនៅក្នុងប្រទេសកម្ពុជា ប្រចាំក្រុមហ៊ុនផលិតកម្មខ្មែរ“ រស្មីហង្សមាស” ។ នាងជាសិល្បករស្រីកំពូលរបស់ហង្សមាសបន្ទាប់ពីសិល្បករប្រុសគឺលោកព្រាបសុវត្ថិ។ នាងត្រូវបានគេទទួលស្គាល់ថាជាតារាចម្រៀងប៉ុប អ្នកចម្រៀងនារីឆ្នើមនៅកម្ពុជា។ បទចំរៀងរបស់នាងភាគច្រើនទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេ។ នាងរៀបការនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៩ ។