QUADRUPED_Clouded leopard​ / ខ្លាពពក

 


សត្វខ្លាក្នុងព្រៃប្រទេសកម្ពុជា មានខ្លាធំ ឬខ្លាដំបង (Tiger) ខ្លារខិន (Leopard) ខ្លាពពក (Clouded leopard) ខ្លាត្រី (Fishing cat) ខ្លាលឿងមាស (Asiatic golden cat) ខ្លាភ្ញីថ្មកែវ (Marbled cat) ឆ្មាព្រៃ (Jungle cat) និងឆ្មាដាវ (Leopard cat)។ ខ្លាពពកចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃចម្រុះ។ ខ្លាពពកជាសត្វរាត្រីចរ ច្រើនរស់នៅជាគូលើដើមឈើ។


ជាធម្មតា វាចាប់ចំណីដោយលោតពីលើដើមឈើសង្គ្រប់លើសត្វនៅដីដូចជាខ្លារខិនដែរ។ អាហាររបស់វាមានបក្សី ពស់ ជ្រូកព្រៃ ឈ្លូស ប្រើស ស្វាជាដើម។ ខ្លាពពកប្រើក្រ​ញ៉ាំជើងមុខមុតសម្រាប់សង្កត់ចាប់ចំណី រួចទើបខាំជាក្រោយ។ ខ្លាពពកអាចបង្កើតកូនម្តងបានពី២ ទៅ ៤ក្បាល បន្ទាប់ពីពពោះអស់រយៈពេលប្រហែល៩០ ទៅ៩៥ថ្ងៃ។


ខ្លាពពកមានមាឌធំជាងខ្លាភ្ញីថ្មកែវ មានសម្បុរពណ៌ក្រម៉ៅប្រផេះ នៅលើដងខ្លួនមានផ្ទាំងៗដូចពពកធំៗ នៅផ្នែកខាងក្រោយនៃផ្ទាំងនេះមាន​ពណ៌ខ្មៅខណ្ឌជាកំណាត់​ដុំផ្ទាំងនីមួយៗ។ ដុំផ្ទាំងនេះរីកធំនៅផ្នែកខាងក្រោយស្មា ដែលចាប់ផ្តើមពីលើខ្នងរហូតស្ទើរដល់ក្រោមពោះ។ ច្រមុះមានពណ៌ស និងនៅលើថ្ងាសមានស្នាមអុចតូចៗ។ វាមានកន្ទុយវែង អុចៗនៅផ្នែកខាងគល់ និងបន្ទះៗនៅផ្នែកខាងចុង។ វាមានជើងខ្លី ប្រអប់ជើងធំងាយស្រួលក្នុងការប្រតោងមែកឈើ។


ខ្លាពពកងាយក្នុងការចំណាំណាស់ គឺយើងគ្រាន់តែក្រឡេកមើលនៅលើដងខ្លួនរបស់វាមាន ផ្ទាំងដុំសណ្ឋានដូចដុំពពករាយពាសពេញដងខ្លួន



EDC APP