QUADRUPED_ក្តាន់ញ៉ែង ឬផ្ចងតូច


ក្តាន់ញ៉ែង ឬផ្ចងតូច ជាថនិកសត្វដែលមានមាឌតូចជាងគេ ក្នុងត្រកូលសត្វក្រចកជំពាម និងគ្មានស្នែង (ទម្ងន់ខ្លួនប្រមាណ ២គីឡូក្រាម) ។ នៅលើដងខ្លួនពាសទៅដោយរោមពណ៌ត្នោត និងមានឆ្នូតស ៣ជួរនៅក្រោមក។ ជើងមានទំហំធំជាងម្រាមដៃមនុស្សពេញវ័យបន្តិច និងមានជើងក្រោយវែងជាងជើងមុខ។ ផ្នែកខាងក្រោមនៃដងខ្លួនមានពណ៌ស ឬព្រលែត។

ក្តាន់ញ៉ែង ឬផ្ចងតូចជាសត្វរាត្រីចរ ធ្វើសកម្មភាពច្រើននៅចន្លោះពីម៉ោង៥-៨ព្រឹក និងចន្លោះពីម៉ោង ៥-៧ល្ងាច។ ក្តាន់ញ៉ែងតូចជាសត្វចូលចិត្តរស់នៅតែឯង លើកលែងតែក្នុងរដូវបន្តពូជ ទើបវារស់នៅជាគូ។ សត្វនេះមានសមត្ថភាពខ្ពស់ក្នុងការបង្កើតកូន ក្រោយពីបានពពោះរយៈពេល ១៥០-១៧០ថ្ងៃ បង្កើតកូនបានមួយ ជួនកាលអាចភ្លោះតែមានដោយកម្រ។ ជម្រកដ៏ល្អប្រសើរនៃសត្វនេះ គឺចូលចិត្តរស់នៅតាមរន្ធឈើ ក្រហែងថ្ម វាអាចរស់នៅតាមព្រៃឈើញឹក ចង្អៀត ឬព្រៃឫស្សីដែលត្រជាក់ហើយងងឹត។ 

ចំណីអាហាររបស់វា គឺពន្លករុក្ខជាតិ ត្រួយស្លឹកឈើ ផ្កា ផ្លែឈើ និងទំពាំងឫស្សី។ ជាធម្មតា សត្វនេះធ្វើចលនាលោតត្រឹកៗ ផ្លោះយ៉ាងរហ័សនៅពេលមានអាសន្ន តែក្រោយពីរត់បានបន្តិច តែងតែឈប់ញឹកញាប់ ហើយពិនិត្យមើលស្ថានភាពជុំវិញខ្លួន។ ក្នុងការទាក់ទងគ្នា ក្តាន់ញ៉ែងតូចតែងគោះជើងក្រោយលើដី ឬអង្គត់ឈើយ៉ាងរហ័សជាសញ្ញាសម្គាល់។ 

ក្តាន់ញ៉ែងតូចជាចំណីរបស់សត្វត្រកូលខ្លា មានដូចជា ខ្លាពពក ខ្លាលឿងមាស ខ្លាភ្ញីថ្មកែវ ជាដើម។









EDC APP