LEADER_មហាក្សត្រ ៣ អង្គ ដែលខ្លាំងពូកែលើសគេ ដោយបានពង្រីកចក្រភពម៉ុងហ្គោល


១. ព្រះចៅអធិរាជសង់សីខាន់ (Genghis Khan)


កំពូលស្ដេចឈ្លានពានអង្គនេះបានសោយរាជ្យចាប់ពីគ្រិស្ដសករាជ ១២០៦-១២២៧។ ព្រះអង្គជាអធិរាជដំបូងគេបង្អស់នៃចក្រភពម៉ុងហ្គោល ដែលត្រូវបានគេចារឹកទុកក្នុងប្រវត្តិសាស្ត្រពិភពលោកថាជា «ស្ដេចដ៏ខ្លាំងពូកែខាងសឹកសង្គ្រាម»។ បន្ទាប់ពីបង្រួបបង្រួមកុលសម្ពន្ធទាំងឡាយនៅលើទឹកដីម៉ុងហ្គោលរួចហើយនោះ ព្រះអង្គបានលើកទ័ពចូលវាយនគរជីង (Jin dynasty) ដែលនៅភាពខាងជើងប្រទេសចិន រួចហើយបន្តវាយយកនគរស៉ីស៊ា ឬស៊ាខាងលិច (Western Xia) និងបានបន្តច្បាំងជាមួយនគរសុង (Song dynasty) នៅភាគខាងត្បូង ប៉ុន្តែកាន់កាប់បានតែខេត្ត ក្រុង ស្រុកមួយចំនួនប៉ុណ្ណោះ ហើយត្រូវដកទ័ពថយទៅវិញ។

នៅទិសខាងលិច ស្ដេចចក្រពត្តិអង្គនេះបានច្បាំងយកនគរជាច្រើននៅតំបន់អាស៊ីកណ្ដាល មជ្ឈិមបូព៌ា រុស្ស៉ី និងអឺរ៉ុបភាគខាងកើត។ ក្រោយពីទទួលបានជ័យជម្នះនៅទិសខាងលិចហើយនោះ នៅគ្រិស្ដសករាជ ១២២២ ព្រះចៅសង់ស៊ឺខាន់ ក៏បានបញ្ជាឱ្យកងទ័ពត្រលប់មកវាយនគរសុងសាជាថ្មី។

នៅរយៈកាលចុងក្រោយនោះ ព្រះចៅសង់ស៊ឺខាន់ បានព្យាយាមវាយលុកទៅកាន់តំបន់ភាគខាងត្បូងនៃប្រទេសចិន ប៉ុន្តែដោយនៅភូមិភាគខាងត្បូងនោះ អាកាសធាតុកាន់តែក្តៅទៅៗ ធ្វើឱ្យកងទ័ពម៉ុងហ្គោលដែលធ្លាប់តែស៊ាំជាមួយអាកាសធាតុត្រជាក់ ប្រែក្លាយទៅជាល្ហិតល្ហៃអស់កម្លាំងជាខ្លាំង។ ចំណែកព្រះចៅសង់ស៊ឺខាន់ក៏ធ្លាក់ព្រះកាយប្រឈួនជាទម្ងន់ រហូតដល់អស់ព្រះជន្មនៅគ្រិស្ដសករាជ ១២២៧។

២.ព្រះចៅអធិរាជអហ្គីដៃខាន់ (Ögedei Khan)


ព្រះចៅអហ្គីដៃខាន់ គឺជាព្រះរាជបុត្រទីបីរបស់ព្រះចៅសង់ស៊ឺខាន់ ហើយក៏ជាអធិរាជទីពីរនៃចក្រភពម៉ុងហ្គោលផងដែរ។ កាលនៅជាព្រះអង្គម្ចាស់ អហ្គីដៃ  បានជួយព្រះបិតាច្បាំងយក នគរលាំង (Liao dynasty) នគរជីង និងនគរជាច្រើននៅតំបន់អាស៊ីកណ្ដាល។ ម្យ៉ាងវិញទៀត ព្រះអង្គក៏មានស្នាព្រះហស្ដធ្វើសង្គ្រាមច្បាំងយកទីក្រុងនានានៅក្នុងចក្រភពពែក្ស (Persian empire) ផងដែរ។

ព្រះចៅអធិរាជអហ្គីដៃខាន់ បានឡើងសោយរាជ្យចាប់ពីគ្រិស្ដសករាជ ១២២៩-១២៤១។ ក្នុងរជ្ជកាលរបស់ព្រះអង្គ កងទ័ពម៉ុងហ្គោលបានបន្តចូលវាយបង្ក្រាបចលនាតស៊ូរបស់ជនជាតិចិនបានសម្រេចជាច្រើនលើក ហើយក៏បានវាយយកនគរតាលី (Dali dynasty) នៅតំបន់ណានចាវ (Nanzhoa) ចក្រភពទីបេ (Tibetan empire) នគរកូរ្យ៉ូ (Goryeo kingdom) នៅប្រទេសកូរ៉េ និងនគរមួយចំនួនទៀតនៅតំបន់អាស៊ីកណ្ដាល អឺរ៉ុបខាងកើត និងអឺរ៉ុបកណ្ដាល ឥណ្ឌា ដែលព្រះបិតាព្រះអង្គមិនទាន់វាយយកបាន។

មូលហេតុដែលព្រះអង្គម្ចាស់ ចូជី (Jochi) ដែលជាព្រះរៀមច្បងរបស់ព្រះចៅអហ្គីដៃខាន់ មិនបានឡើយសោយរាជ្យនោះ ក៏ព្រោះព្រះអង្គម្ចាស់ចូជីមានរឿងឈ្លោះប្រកែកគ្នាជាមួយរាជវង្សានុវង្ស។ ម្យ៉ាងទៀត ដោយព្រះអង្គម្ចាស់ចូជីមានវ័យចំណាស់ផងនោះ ក៏រឹតតែមិនអាចឱ្យព្រះចៅសង់ស៊ឺខាន់ផ្ទេររាជសម្បត្តិទៅឱ្យបុត្រាច្បងបានឡើយ ដូច្នេះហើយទើបព្រះចៅអធិរាជសម្រេចព្រះទ័យផ្ទេររាជ្យបល្ល័ង្កឱ្យទៅព្រះអង្គម្ចាស់អហ្គីដៃ ដែលជាព្រះរាជបុត្រដ៏អង់អាច និងឈ្លាសវៃលេចធ្លោជាងគេ។ ព្រះចៅអហ្គីដៃខាន់ បានសោយទិវង្គតនៅគ្រិស្ដសករាជ ១២៤១ ក្នុងពេលព្រះអង្គគង់នៅទីក្រុងការ៉ាកូរុម (Karakorum) ដែលកាលណោះនៅជារាជធានីរបស់ចក្រភពម៉ុងហ្គោល។

៣.ព្រះចៅអធិរាជគូប៊ីឡៃខាន់ (Kublai Khan)

ព្រះអង្គជាអធិរាជទីប្រាំនៃចក្រភពម៉ុងហ្គោល ដែលបានសោយរាជ្យចាប់ពីគ្រិស្ដសករាជ ១២៦០-១២៩៤។ អធិរាជម៉ុងហ្គោលអង្គនេះហើយ ដែលជាបិតាស្ថាបនិកនៃរាជវង្សយ័ន (Yaun dynasty) ដោយបានគ្រប់គ្រងប្រទេសចិន និងទឹកដីដ៏ធំល្វឹងល្វើយជាច្រើនទៀត។ ក្នុងនាមជាព្រះមហាក្សត្រនៃរាជវង្សយ័នរបស់ចិន អធិរាជគូប៊ីឡៃខាន់ មានព្រះបរមនាមពិសេសមួយទៀតថា អធិរាជស៊ីជូ (Emperor Shizu of Yuan)។ ទីក្រុងប៉េកាំង គឺជារាជធានីធំរបស់ព្រះអង្គ ក៏ដូចជាព្រះមហាក្សត្រនៃរាជវង្សយ័នក្រោយៗមកទៀតដែរ។ ព្រះអង្គត្រូវជាព្រះរាជនត្តា (ចៅ) របស់ព្រះចៅសង់ស៊ឺខាន់ ខណៈព្រះបិតារបស់ទ្រង់មានព្រះនាមថា តូលាវ (Tolui) ដែលជាបុត្រទីពីររបស់ព្រះចៅអធិរាជសង់ស៊ឺខាន់។

ទឹកដីដែលព្រះចៅគូប៊ីឡៃខាន់គ្រប់គ្រង គឺលាតសន្ធឹងចាប់ពីមហាសមុទ្រប៉ាស៊ីហ្វិករហូតដល់សមុទ្រខ្មៅ (Black sea) ពោលគឺចាប់ពីតំបន់ស៊ីបេរី កូរ៉េ ចិន ម៉ុងហ្គោលី ទីបេ ស៊ីនជាំង ដាយវៀត (វៀតណាម) ចាម្ប៉ា បាហ្កាន (ភូមា) ម៉ាចាប៉ាហីត (ឥណ្ឌូណេស៊ី) ម៉ាឡាកា (ម៉ាឡេស៊ី) ពែក្ស មជ្ឈិមបូព៌ា រហូតដល់អឺរ៉ុបខាងកើត និងអឺរ៉ុបកណ្ដាល។ នៅគ្រិស្ដសករាជ ១២៨៣ ម៉ុងហ្គោលបានវាយយកនគរចាម្ប៉ា ហើយនៅឆ្នាំបន្ទាប់ក៏បានវាយដល់ចក្រភពខ្មែរ (ព្រះបាទជ័យវរ្ម័នទី៨) ដោយបានបង្ខំឱ្យរាជធានីក្រុងយសោធរបុរៈ (ក្រុងអង្គរ) នាំសួយសារអាករបញ្ជូនទៅរាជវាំងក្រុងប៉េកាំងរៀងរាល់ឆ្នាំ។

ក្រៅពីព្រះមហាក្សត្រខ្លាំងពូកែទាំងបីអង្គខាងលើ ចក្រភពម៉ុងហ្គោលក៏មានមេទ័ពដ៏ខ្លាំងពូកែជាច្រើនទៀត ដូចជា បាទូខាន់ (Batu Khan) ដែលក្រោយមកបានក្លាយជាស្ដេចត្រាញ់ត្រួតត្រានៅប្រទេសរុស្ស៉ី អ៊ុយក្រែន អឺរ៉ុបកណ្ដាល តួកគី និងអាស៊ីកណ្ដាល

EDC APP