LEADER_លោក Naftali Bennett នាយករដ្ឋមន្ត្រីអ៊ីស្រាអែល (13.06.2021)

 

លោក ណាហ្វថាលី ប៊ែនណេត (Naftali Bennett) កាលពីថ្ងៃអាទិត្យ ទី១៣ ខែមិថុនាកន្លងទៅនេះបានស្បថឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ប្រទេសអ៉ីស្រាអែលហើយ ដោយបិទបញ្ចប់សម័យកាលដឹកនាំរបស់លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ អស់រយៈពេល ១២ឆ្នាំមកនេះ។

ការស្បថចូលកាន់តំណែងធ្វើឡើង ក្រោយរដ្ឋាភិបាលចម្រុះរបស់លោក Naftali Bennett ដែលមានគណបក្សប្រឆាំងចំនួន៨ ចូលរួមទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត ផ្ដល់សេចក្ដីទុកចិត្តពីសភា ក្នុងសំឡេងគាំទ្រ ៦០ ទល់នឹង៥៩សំឡេងជំទាស់។ លោក Bennett បានក្លាយជានាយករដ្ឋមន្ត្រី ខណៈគណបក្សស្ដាំនិយម Yamina របស់លោក ទទួលបានតែ ៧អាសនៈប៉ុណ្ណោះនៅក្នុងសភាជាតិ ហើយនេះបានធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីដំបូងគេបំផុតក្នុងប្រវត្តិសាស្ត្រអ៉ីស្រាអែល ដែលមានអាសនៈតិចបែបនេះ បើធៀបទៅនឹងគណបក្ស Likud របស់លោក Netanyahu ទទួលបានរហូតដល់ ៣០អាសនៈឯណោះ។

តែទោះជាបែបនេះក្ដី លោក Netanyahu បានបរាជ័យបង្កើតរដ្ឋាភិបាលចម្រុះដែលតម្រូវឱ្យមានសំឡេងគាំទ្រភាគច្រើន៥០ បូក១ ពីសមាជិកសភាសរុបទាំង១២០នាក់ បើទោះជាគណបក្សរបស់លោកទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតសកលទាំង៤លើក ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះក៏ដោយ។ បើតាមការព្រមព្រៀងគ្នាបង្កើត រដ្ឋាភិបាលចម្រុះ លោក Naftali Bennett មានអាយុ ៤៩ឆ្នាំ នឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីប្ដូរវេនមុន រាប់ចាប់ពីថ្ងៃស្បថចូលកាន់តំណែងរហូតដល់ខែសីហា ឆ្នាំ២០២៣។ ក្រោយមកទៀត លោក Yair Lapid ជាមេដឹកនាំគណបក្សកណ្ដាលនិយម Yesh Atid ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តពីលោក Bennett រហូតដល់ ខែវិច្ឆិកា ឆ្នាំ២០២៥។

1.អ្នកជាតិនិយមជ្រុលក្នុងរដ្ឋាភិបាលចម្រុះកណ្ដាលនិយម                                          លោក Naftali Bennett គឺជាអ្នកនយោបាយជាតិនិយមជ្រុលម្នាក់របស់អ៉ីស្រាអែល ដែលប្រឆាំងជំទាស់នឹងឯករាជ្យភាព និងការបង្កើតរដ្ឋប៉ាឡេស្ទីន ហើយគាំទ្រយ៉ាងមុតមាំ ចំពោះការច្បាមយកដី ឬសាងសង់ផ្ទះឱ្យជនជាតិជ្វីហ្វរស់នៅក្នុងតំបន់ West Bank និងទីក្រុង ហ្សេរុយសាឡឹមខាងកើត។ គោលជំហរបែបនេះត្រូវបានប្រជាជនប៉ាឡេស្ទីន និងបណ្ដាប្រទេសភាគច្រើនចាត់ទុកថាជាឧបសគ្គរារាំងដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព។

លោក Bennett ក៏៏ជាអ្នករិះគន់លោក Netanyahu ឥតសំច្ចៃមាត់ម្នាក់ផងដែរ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីរូបនេះយល់ព្រមបន្ធូរបន្ថយគម្រោងសាងសង់លំនៅឋានអាណានិគម លើទឹកដីប៉ាឡេស្ទីន ដោយសារតែរងសម្ពាធពីអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ដែលធ្លាប់បានព្យាយាម និងបរាជ័យស្ដារឡើងវិញនូវកិច្ចព្រមព្រៀងសន្តិភាព រវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន នៅអាណត្តិដំបូងរបស់លោក។ លោក Bennett បានកាន់តំណែងជាប្រធានក្រុមប្រឹក្សាអាណានិគមជនក្នុងតំបន់ West Bank ឬមានឈ្មោះថា Yesha មួយរយៈពេលខ្លី មុននឹងលោកក្លាយជាសមាជិកសភានៅឆ្នាំ២០១៣ ហើយក្រោយមកទៀតទើបលោកចូលបម្រើការក្រោមស្ថាប័នក្រសួងជាច្រើននៃអតីតរដ្ឋាភិបាល របស់លោក Netanyahu មានដូចក្រសួងអប់រំ និងក្រសួងការពារជាតិជាដើម។

2.ពីមនុស្សជំនិតក្លាយជាគូប្រជែងនយោបាយរបស់លោក Netanyahu                    ក្រោយបម្រើការងារជាកុម្ម៉ង់ដូពិសេសអ៉ីស្រាអែល Sayeret Matkal លោក Naftali Bennett បានចូលរៀនក្នុងសាលាច្បាប់នៅឯសាកលវិទ្យាល័យ Hebrew University ហើយក្នុងឆ្នាំ១៩៩៩ លោកបានក្លាយជានាយកប្រតិបត្តិ (CEO) និងជាសហស្ថាបនិក្រុមហ៊ុន software មួយមានឈ្មោះថា Cyota ដែលលោកបានលក់ក្នុងឆ្នាំ២០០៥ ឱ្យក្រុមហ៊ុន RSA Security មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិកជាមួយតម្លៃ ១៤៥លានដុល្លារ។

លោក Bennett មានទស្សនៈវិស័យដូចគ្នាទៅនឹងលោក Netanyahu នោះគឺចូលចិត្ត ឬគំាទ្រប្រើប្រាស់កម្លាំងបាយ ដើម្បីដោះស្រាយជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ប៉ុន្តែ ទំនាក់ទំនងទាំង២ បានប្រេះឆានឹងគ្នានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក Bennett ធ្លាប់បម្រើការជានាយខុទ្ទកាល័យលោក Netanyahu ចំនួន២ឆ្នាំ តែអ្នកទាំង២ បានចែកផ្លូវគ្នា បន្ទាប់ពីផ្ទុះរឿងអាស្រូវនៅលើបណ្ដាប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែលថាប្រពន្ធលោក Netanyahu គឺលោកស្រី Sara មានឥទ្ធិពល ឬអាចបញ្ជាក្រុមមនុស្សជំនិត នៅក្បែរខ្លួនស្វាមីរបស់លោកស្រី។

លោក Bennett បានបង្កើតគណបក្សនយោបាមួយឈ្មោះ Yamina ក្នុងឆ្នាំ២០១៨ ហើយនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីខែមីនាកន្លងទៅ លោកបានសន្យាតាមកញ្ចក់ទូរទស្សន៍ថាលោកនឹងមិនអនុញ្ញាតឱ្យអ្នកនយោបាយកណ្ដាលនិយម និងជាគូប្រជែងដ៏ធំរបស់លោក Netanyahu គឺលោក Yair Lapid ក្លាយជានាយករដ្ឋមន្ត្រី អ៉ីស្រាអែលនោះទេ។ ក៏ប៉ុន្តែ នៅពេលលោក Netanyahu បរាជ័យក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ លោក Bennett ស្រាប់តែយល់ព្រមជាមួយលោក Yair Lapid បង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ និងចែកអំណាចគ្នាកាន់តំណែងជានាយករដ្ឋមន្ត្រីម្នាក់ ពីរឆ្នាំ។ ក្រុមអ្នកគាំទ្រលោក Netanyahu បានហៅលោក Bennett ថាជាមនុស្សក្បត់ និងជាអ្នកលួចបន្លំសន្លឹកឆ្នោត តែលោក Bennett បានការពារការសម្រេចចិត្តរបស់លោកដោយថាអ្វីដែលលោកធ្វើគឺដើម្បីបុព្វហេតុបង្រួបបង្រួមជាតិ និងចៀសវាងការរៀបចំការបោះឆ្នោតជាលើកទី៥។

3.តើលោក Yair Lapid ជានរណា?                                                                     មានអាយុ ៥៧ឆ្នាំ លោក Yair Lapid គឺជាអតីតអ្នកសារព័ត៌មាន និងពិធីករទូរទស្សន៍ដ៏ល្បីឈ្មោះម្នាក់នៅក្នុងប្រទេសអ៊ីស្រាអែល។ លោក Lapid ដែលធ្លាប់បានលើកឡើងពីគំនិតគំាទ្រដំណោះស្រាយរដ្ឋពីររវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបានប្រឡូកចូលក្នុងឆាកនយោបាយដំបូង តាមរយៈការបង្កើតគណបក្ស Yesh Atid ក្នុងឆ្នាំ២០១២។ លោក Lapid បានសហការជាមួយមេដឹកនាំគណបក្ស Blue and White គឺលោក Benny Gantz មុននឹងការបោះឆ្នោតសកលនៅខែមេសា ឆ្នាំ២០១៩ ដើម្បីផ្ដួលលោក Netanyahu។

អ្នកទាំង២ បន្តរួមដៃគ្នារហូតដល់ក្រោយការបោះឆ្នោតសកលជាលើកទី៣ កាលពីខែមីនា ឆ្នាំ២០២០ ទើបលោក Lapid ប្រកាសចែកផ្លូវគ្នា នៅពេលដែលលោក Gantz ជ្រើសរើសបង្កើតរដ្ឋាភិបាលចម្រុះជាមួយលោក Netanyahu៕









EDC APP