FLOWER_ផ្កាបំពង់ក្រឡោម


ផ្កាបំពង់ក្រឡោម  ខ្លះហៅថា «ផ្កាបំពង់ស្រមោច» ខ្លះទៀតហៅថា «ផ្កាបំពង់លុក» ឬ«ផ្កាក្រឡូមពារ» ជាដើម ខណៈភាសាបច្ចេកទេសហៅថា «Nepenthes»។ ផ្កាបំពង់ក្រឡោមជា ប្រភេទរុក្ខជាតិម៉្យាងមានរាងដូចបំពង់ ហើយផ្ទុកសារធាតុម្យ៉ាងដែលអាចទាក់ទាញសត្វល្អិតឱ្យធ្លាក់ចូលទៅក្នុងបំពង់របស់វា ហើយក៏លង់ទឹកក្នុងបំពង់នោះរហូតដល់អស់សង្ខារ។ នៅពេលសត្វល្អិតងាប់ហើយនោះ សរីរាង្គពិសេសរបស់ផ្កាក៏ចាប់ផ្ដើមបំបែករំលាយសាកសពសត្វល្អិតទៅជាសារធាតុចិញ្ចឹម ធ្វើឱ្យរុក្ខជាតិកំណាចប្រភេទនេះលូតលាស់បានល្អតទៅទៀត។

នៅលើពិភពលោក ផ្កាបំពង់ក្រឡោមនេះមានដល់ទៅ ១២៩ ប្រភេទ ក្នុងនោះមានប្រាំប្រភេទបាន  និងកំពុងដុះលូតលាស់នៅប្រទេសកម្ពុជា ៖

ទី១៖ Nepenthes bokorensis ជាប្រភេទដែលមានវត្តមាននៅតំបន់ភ្នំពពកវិល វាលស្រែ៥០០ វាលស្រែ១០០ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»។

ទី២៖ Nepenthes holdenii មានដុះនៅតាមតំបន់ភ្នំនៃភាគនិរតីប្រទេសកម្ពុជា ដូចជានៅតាមតំបន់ជួរភ្នំក្រវាញជាដើម។

ទី៣៖ Nepenthes kampotiana Lecomte មានដុះនៅក្នុងខេត្តកំពត ដែនជម្រកសត្វព្រៃភ្នំសំកុស និងនៅតាមតំបន់ជួរភ្នំក្រវាញ។ បើតាមការប្រៀបធៀបសណ្ឋានផ្កាបំពង់ក្រឡោមដែលដុះនៅតំបន់ភ្នំខ្នងក្រពើ ខ្នងវិហារ និងខ្នងផ្សារនោះ គឺចូលទៅក្នុងប្រភេទទី៣។

ទី៤៖ Nepenthes mirabilis (Loureiro) Druce មានដុះនៅខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ។

ទី៥៖ Nepenthes smilesii Hemsley មាននៅដុះខេត្តកំពត និងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» នៃខេត្តកំពង់ស្ពឺ។














EDC APP