LEADER_KIM JONG UN & Health (2020.04.23)


នៅ​ថ្ងៃទី​២១ ខែមេសា សារព័ត៌មាន​ធំៗ​ជាច្រើន​បាន​ផ្សាយ​ពី​សុខភាព​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដែល​ត្រូវបាន​រាយការណ៍​ថា ជួប​បញ្ហា​ធ្ងន់ធ្ងរ​ក្រោយ​ការវះកាត់​បេះដូង​។ វេ​ប​សាយ Daily NK ដែល​តាមដាន​ស្ថានការណ៍​កូរ៉េខាងជើង ជា​អ្នក​ចេញផ្សាយ​មុនគេ ហើយ​ក្រោយមក​ទូរទស្សន៍​អាមេរិក CNN ក៏​ស្រង់​សម្ដី​មន្ត្រី​ចារកម្ម​អាមេរិក​ថា វ៉ាស៊ីនតោន​កំពុង​តាមដាន​ព័ត៌មាន​នេះដែរ ប៉ុន្តែ​កូរ៉េខាងត្បូង​អះអាងថា មិនមាន​បញ្ហា​អ្វី​លើ​លោក គីម ឡើយ​។ ក្នុងករណី​លោក គីម ធ្លាក់ខ្លួន​មិនអាច​ដឹកនាំ​កូរ៉េខាងជើង​មែន​នោះ តើន​រណា​នឹង​ស្នង​តំណែង​បន្ត​?
សុខភាព​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ជា​អាថ៌កំបាំង​មួយ​សម្ងាត់​បំផុត​នៅ​កូរ៉េខាងជើង​។ ការគ្រប់គ្រង​យ៉ាង​តឹងរ៉ឺង​លើ​លំហូរ​ព័ត៌មាន​នៅ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ ធ្វើ​ឲ្យ​គេ​ពិបាក​នឹង​ទទួលបាន​ព័ត៌មាន​ពិត​ពី​បញ្ហាសំខាន់​ណាមួយ​ណាស់ កុំថាឡើយ​ដល់​រឿងរ៉ាវ​ទាក់ទង​នឹង​មេដឹកនាំ​កំពូល​ទៅទៀត​នោះ​។ ព័ត៌មាន​ផ្លូវការ​ទាំងអស់ គឺ​ត្រូវ​រង់ចាំ​ការផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋ​កូរ៉េខាងជើង KCTV ឬ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA ជាដើម​។​
១. លោក គីម ជុង​អ៊ុន ពិត​ជាមាន​បញ្ហា​សុខភាព​មែន  
​ទោះ​ការផ្សាយ​របស់​ទូរទស្សន៍ CNN ធ្វើ​ឲ្យ​រញ្ជួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ក្ដី គេ​ក៏​នៅ​តែ​មិនទាន់​ច្បាស់​ពី​សុខភាព​លោក គីម ដដែល​។ សូម្បីតែ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​មន្ត្រី​របស់លោក​ត្រូវបាន CNN ស្រង់​សម្ដី​តែ​មិន​បញ្ចេញ​ឈ្មោះ ក៏​និយាយថា លោក​មិនដឹង​អ្វី​ទាំង​អស់ពី​បញ្ហា​ផ្ទាល់ខ្លួន​លោក គីម ។
ប៉ុន្តែ​អ្វីដែល​គេ​ដឹង​នោះ គឺ​លោក គីម ពិត​ជាមាន​បញ្ហា​សុខភាព​មែន​។ មេដឹកនាំ​កូរ៉េខាងជើង ត្រូវបាន​គេ​ដឹងថា ជា​មនុស្ស​ជក់បារី​ខ្លាំង ផឹកស្រា និង​មាន​ជំងឺ​ទឹកនោមផ្អែម​ផង​។ ពេល​ទូរទស្សន៍​រដ្ឋ​កូរ៉េខាងជើង​ផ្សាយ​សកម្មភាព​លោក គីម ជួប​មន្ត្រី ឬ​ចុះ​មូលដ្ឋាន គេ​តែង​ឃើញ​លោក​ជក់បារី​យ៉ាង​ញឹកញាប់​។ កន្លែង​ដែល​លោក​អង្គុយ តែងមាន​ចាន​គោះ​បារី​ជានិច្ច​។ កាលពី​ឆ្នាំ​២០១៤ លោក គីម ធ្លាប់​បាត់​មុខ​ជាង​៥០​ថ្ងៃ ហើយ​ក្រោយមក គេ​ក៏​ឃើញ​លោក​កាន់​ឈើច្រត់​ដើរ​ផងដែរ​។   
២. នរណា​ស្នង​តំណែង បើ​លោក គីម មាន​បញ្ហា​ឥឡូវ​មែន​?
​ព័ត៌មាន​នៃ​បញ្ហា​សុខភាព​របស់លោក គីម ជុង​អ៊ុន ពេលនេះ បាន​រំលេច​ភាពមិន​ច្បាស់​នៃ​ការបន្ត​តំណែង​នៅ​កូរ៉េខាងជើង ព្រោះ​ក្នុង​រយៈពេល​នៃ​ការ​កាន់តំណែង​មិនទាន់បាន​មួយ​ទសវត្សរ៍​ផង​នោះ លោក​ទំនង​មិនទាន់​គិតគូរ​ដល់​រឿង​បន្តវេន​អ្វី​ឡើយ​។ ក្នុងករណី លោក គីម មាន​បញ្ហា​សុខភាព​ខ្លាំង​មែន​នោះ សាច់ញាតិ​ត្រកូល គីម ផ្សេងទៀត ទំនងជា​ដឹកនាំ​កូរ៉េខាងជើង​បន្តបាន ដោយមាន​ជំនួយ​ពី​មន្ត្រីជាន់ខ្ពស់​របស់​បក្ស និង​រដ្ឋ​។
 អ្នកស្រី គីម យ៉ូ​ចុង ប្អូនស្រី​បង្កើត​លោក គីម ជុង​អ៊ុន ត្រូវបាន​មើលឃើញថា ជា​បេក្ខភាព​ម្នាក់​មកពី​ត្រកូល គីម ។ អ្នកស្រី​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ជួរ​បក្ស​ពលករ​កូរ៉េ និង​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ​បក្ស​ផងដែរ​។ អ្នកស្រី ត្រូវបាន​មើលឃើញថា ជាម​នុស្ស​ជំនិត​របស់​បងប្រុស​ខ្លួន ហើយ​តែង​ធ្វើដំណើរ​ជាមួយគ្នា​។ ជំនួប​ជាមួយ​ប្រធានាធិបតី​អាមេរិក ចិន និង​កូរ៉េខាងត្បូង សុទ្ធ​តែមាន​វត្តមាន​អ្នកស្រី​។ ប៉ុន្តែ​គេ​មិនដឹងថា មន្ត្រីជាន់ខ្ពស់​ដទៃ ឈរ​ខាង​អ្នកស្រី​ឬ​យ៉ាង​ណាឡើយ​។​
​លោក គីម ជុង​អ៊ុន នៅមាន​បងប្រុស​បង្កើត​ម្នាក់ទៀត​ឈ្មោះ គីម ចុង​ឈុ​ល ។ ប៉ុន្តែ​លោក គីម ចុង​ឈុ​ល មិនដែល​ចេញមុខ​លើ​ឆាកនយោបាយ​ឡើយ ហើយ​គេ​ក៏មាន​ឥទ្ធិពល​អ្វី​ដូច​ប្អូនស្រី​ដែរ​។ អតីត​អ្នកការទូត​កូរ៉េខាងជើង ថេ យ៉ុង​ហូ ដែល​កំពុង​រស់នៅ​កូរ៉េខាងត្បូង និយាយថា លោក គីម ចុង​ឈុ​ល ជា​មនុស្ស​ស្រឡាញ់​ហ្គី​តា ហើយ​មិន​ខ្វល់ខ្វាយ​នឹង​នយោបាយ​អ្វី​ទេ​។ យ៉ាងណាមិញ ជា​សាច់ញាតិ​ត្រកូល គីម ភេទ​ប្រុស លោក គីម ចុង​ឈុ​ល ទំនង​អាចមាន​ការគាំទ្រ​ច្រើន​។​
 ក្រៅពី​បងប្អូន​បង្កើត លោក គីម ក៏មាន​កូនប្រុស​ស្រី​ផងដែរ​។ បើតាម​ភ្នាក់ងារ​ចារកម្ម​កូរ៉េខាងត្បូង លោក គីម ដែលមាន​វ័យ​ខ្ទង់​៣៦ឆ្នាំ មានកូន​បីនាក់​ជាមួយ​ភរិយា រី សុល​ជូ ។ កូនប្រុស​របស់លោក អាចមាន​អាយុ​១០​ឆ្នាំ​។ បើ​លោក គីម ចង់​ឲ្យ​កូន​ខ្លួន​បន្ត​តំណែង​នោះ លោក​ត្រូវបាន​ជំនួយ​ពី​ប្អូនស្រី​ដែល​ប្រលូក​ក្នុង​នយោបាយ​បានយូរ និង​មន្ត្រី​ជំនិត​ក្នុងការ​តម្រង់ទិស ឬ​ដឹកនាំ​កូរ៉េខាងជើង​សិន ទម្រាំ​កូនប្រុស​ធំ​ល្មម​។​
​លោក ឆេ យ៉ុង​ហេ មនុស្ស​មានអំណាច​ទី​ពីរ​បន្ទាប់ពី​លោក គីម និង​អតីត​នាយករដ្ឋមន្ត្រី ប៉ាក់ ពុង​ជូ ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ​កូរ៉េខាងជើង​ដែល​អាចជួយ​ឃ្លាំមើល​កិច្ចការ​ប្រទេសជាតិ បើ​អ្នក​បន្ត​តំណែង​មិនទាន់​អាចដឹកនាំ​ប្រទេស​បាន​។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង មកទល់នឹងថ្ងៃព្រហស្បតិ៍នេះ នៅតែបន្តរក្សាភាពស្ងប់ស្ងាត់ ជុំវិញពាក្យចចាមអារ៉ាមដែលថាលោក គីម ជុងអ៊ុន កំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ក្រោយទទួលការវះកាត់បេះដូង ខណៈមានការសន្និដ្ឋានកាន់តែច្រើនឡើងថា អ្នកនាង គីម យូ ជុង (Kim Yo-jong) អាច នឹងឡើងកាន់អំណាចបន្ត បើសិនជាមានបញ្ហាអ្វីកើតឡើងលើលោក គីម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Chosun Ilbo នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។
សារព័ត៌មាន Daily NK មានមូលដ្ឋាននៅកូរ៉េខាងត្បូង បានរាយការណ៍នៅក្នុងសប្ដាហ៍នេះថា លោក គីម ជុងអ៊ុន កំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ក្រោយ ទទួលការវះកាត់បេះដូង។ ប៉ុន្តែ រដ្ឋាភិបាលទីក្រុងសេអ៊ូល បានទាត់ចោលសេចក្ដីរាយការណ៍នេះ ជាមួយការបញ្ជាក់ថាលោក គីម កំពុងស្ថិតនៅក្នុងទីក្រុង Wonsan ស្របពេលឧត្ដមសេនីយ៍ជាន់ខ្ពស់អាមេរិក លោក John Hyten ក៏បានអះអាងដែរថាមេដឹកនំាកូរ៉េខាងជើងរូបនេះ នៅតែបន្តដឹកនាំ និងគ្រប់គ្រង កងកម្លាំងយោធា និងកងកម្លាំងនុយក្លេអ៊ែរ។

ដោយឡែក ទូរទស្សន៍អាមេរិក Fox News ដោយផ្អែកលើប្រភពពីចារកម្មអាមេរិកដែលខ្លួនទទួលបាន ឱ្យដឹងថារដ្ឋាភិបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានត្រៀមផែនការរួចស្រេច ដើម្បីដោះស្រាយបញ្ហានានា នៅក្នុងករណីលោក គីម ជុងអ៊ុន ទទួលមរណភាព។ ចំណែកឯ សារព័ត៌មានជប៉ុន Yomiuri Shimbun បានលើកឡើងចំៗតែម្ដងថា អ្នកនាង គីម យូ ជុង (Kim Yo-jong) ជាប្អូនស្រីលោក គីម បានត្រៀមខ្លួនជាស្រេច ដើម្បីស្នងតំណែង ដឹកនាំកូរ៉េខាងជើង នៅក្នុងករណីបន្ទាន់ណាមួយកើតឡើង។





គួរជម្រាបថា ព័ត៌មានចេញផ្សាយមុនគេពីស្ថានភាពសុខភាព លោក គីម ជុងអ៊ុន ដោយសារព័ត៌មាន Daily NK ត្រូវបានមជ្ឈដ្ឋានខ្លះសន្មត់ថា ជាមូលហេតុ ដែលលោក គីម អវត្តមានក្នុងថ្ងៃខួបកំណើតលើទី១០៨ នៃជីតា គឺលោក គីម អ៊ីលស៊ុង កាលពីថ្ងៃទី១៥ ខែមេសា។ តែនេះមិនមែនជាលើកទីមួយឡើយ ដែល លោក គីម បាត់មុខជាសាធារណៈបែបនេះ ពោលគឺលោកធ្លាប់ត្រូវបានគេរាយការណ៍ថាមានបញ្ហាសុខភាព ជាពិសេសគឺដោយសារលោកចូលចិត្តជក់បារី

EDC APP