កាលពីកុមារភាព លោក ទៀ សីហា បានសិក្សានៅសាលាបឋមសិក្សាចតុមុខ ក្នុងខណ្ឌដូនពេញ
រាជធានីភ្នំពេញ ។ លុះចូលដល់វ័យជំទង់
និងត្រូវចូលរៀនកម្រិតមធ្យម សិក្សា លោក ទៀ សីហា
ត្រូវបានឪពុកម្តាយបញ្ជូនឲ្យទៅសិក្សានៅសាលា Lycée Passy
Saint-Honoré ប្រទេសបារាំង
រហូតប្រឡងចូលមហាវិទ្យាល័យនៅទីនោះ ។ ក្នុងរយៈពេល ១០ឆ្នាំ នៃការស្នាក់នៅ
ដើម្បីបន្តការសិក្សានៅក្នុងប្រទេសបារាំង លោក ទៀ សីហា
បាន បញ្ចប់បរិញ្ញាប័ត្រផ្នែកពាណិជ្ជកម្មពីមហាវិទ្យាល័យ Passy
Saint-Honoré នាទីក្រុងប៉ារីស ប្រទេសបារាំង នៅឆ្នាំ២០០១ ។
នៅក្នុងដំណាក់កាលនោះ លោក ទៀ សីហា
បានចូលសិក្សារយៈពេលពេញមួយឆ្នាំនៅសាលាទាហាន ឈ្មោះ École Spéciale
Militaire de Saint-Cyr ដែលជារាជបណ្ឌិតសភាយោធារបស់ប្រទេសបារាំង ។
ក្រោយពេលបញ្ចប់ការសិក្សា លោក ទៀ សីហា
បានវិលត្រឡប់មកកាន់មាតុភូមិវិញនាឆ្នាំ២០០១
រួចចូលបម្រើការជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
ក្នុងពេលបំពេញការងារជាមន្ត្រីយោធានេះ
លោកបានឆ្លៀតពេលបង្កើនសមត្ថភាពផ្នែកគ្រប់គ្រងនៅរាជបណ្ឌិតសភា រដ្ឋបាលជាន់ខ្ពស់នាឆ្នាំ ២០០៧-២០០៨ ។
នៅឆ្នាំ២០១០-២០១៣ ស្របពេលវិវាទដីធ្លីកំពុងតែកើតឡើង
រាជរដ្ឋាភិបាលបានបង្កើតក្រុមនិស្សិតស្ម័គ្រចិត្តវាស់វែងដីធ្លីនៅទូទាំងប្រទេស
ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាពល រដ្ឋ ។ លោកក៏ត្រូវបានចាត់តាំងជាប្រធានក្រុមយុវជនស្ម័គ្រចិត្តខេត្តសៀមរាប
ដែលនៅក្នុងដំណាក់កាលនោះ
លោកត្រូវបានតែងតាំងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សៀមរាបផងដែរ
។
លោក ទៀ សីហា ជានាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០១៩៨៦៤
ទទួលបានការដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ត្រី
ដោយព្រះរាជក្រឹត្យចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១១
និងទទួលបានការដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ទោ
ដោយព្រះរាជក្រឹត្យចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤ ។
លោក ទៀ សីហា ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ។
ក្រៅពី បំពេញការងារជានាយទាហានជាន់ខ្ពស់ នៃកងយោពលខេមរភូមិន្ទ
និងការងារផ្នែកសង្គមនៅតាមបណ្ដាមូលដ្ឋាននានាជាមួយក្រុមយុវជនរបស់សហភាពសហព័ន្ធយុវជនកម្ពុជា លោក ទៀ សីហា
តែងតែអមដំណើរក្នុងការបំពេញបេសកកម្មនៅក្រៅប្រទេសរបស់សម្ដេច ពិជ័យសេនា ទៀ
បាញ់ ។
លោក ទៀ សីហា ទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីមហាសន្និបាតនៅថ្ងៃទី ២៦
ខែវិច្ឆិកា ឆ្នាំ២០១៨ ជាសមាជិកអចិន្ត្រៃយ៍នៃសហភាពសហព័ន្ធយុវជនកម្ពុជា ។
លោកជំទាវ ទាង អេង ទៀ សីហា ភរិយាឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប