KP_SIEM REAP សៀមរាប / រហាត់ទឹក




រហាត់ទឹក​ធ្វើពីឈើ​ដ៏​ធំ​មួយ​ដែលមានប្រវត្តិតាំងពីទសវត្ស៦០ និងជា​អត្តសញ្ញាណ​មួយ​របស់​ខេត្តសៀមរាប មាន​ទីតាំង​ស្ថិតក្នុង​ទីតាំង​បណ្តុះ​កូនឈើ​ប្រាសាទតាកែវ​ក្នុង​ឧទ្យាន​អង្គរ នឹងត្រូវ​រៀបចំ​ពិធី​ក្រុង​ពលី​ជួសជុល​ឡើងវិញ​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខ​។
បច្ចុប្បន្ន រហាត់ទឹក​នេះ​សល់​តែ​រូបរាង ដែលមាន​សភាព​ពុកផុយ​ និង​ខូចខាត​ធ្ងន់ធ្ងរ​មិនអាច​ដំណើរការ​បាន។ ឃើញ​តម្លៃ​ដ៏​មាន​សារសំខាន់ ក្នុងការ​ថែរក្សា​អត្តសញ្ញាណ​របស់ខេត្តសៀម
រាប ក៏ដូចជា​ការ​ផ្តល់នូវ​តួនាទី​ដល់​រហាត់ទឹក​នេះ​ឡើងវិញ អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​ព្រះ​តេជគុណ ព្រះ​សទ្ធម្ម​ប្ប​កាស​នី បណ្ឌិត តាត មហា​ទី ព្រះចៅអធិការ​វត្ត​ព្រះឥន្ទ​កោសា បានទទួល​ជំនួយ​សប្បុរស​ពី​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ នូវ​ទឹកប្រាក់​ចំនួន​៩​ម៉ឺន​ដុល្លារ​អាមេរិក​ដើម្បី​ជួសជុល​រហាត់ទឹក​នេះ​ឡើងវិញ​។
ការជួសជុល​នឹងធ្វើ​ឡើង​តាម​បច្ចេកទេស​ទំនើប ប៉ុន្តែ​រក្សា​នូវ​រចនាបទ​បុរាណ ដែលជា​កេរ​មរតក​ដូនតា និង​រក្សាបាន​ទាំងស្រុង​នូវ​រូបភាព​ដើម​របស់​រហាត់​។ ក្រៅតែពី​ការជួសជុល​រហាត់ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​នឹង​រៀបចំ​ច្រាំង និង​សួនច្បារ​អម​សងខាង​ជណ្តើរ​ដើម្បីបន្ថែម​សោភ័ណភាព​ស្រស់បំព្រង​   អាចឱ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចូល​ទស្សនាបាន​ស្គាល់ និង​បានដឹង​ច្បាស់​ពី​គុណ​តម្លៃ​វប្បធម៌​ជាតិខ្មែរ​។









EDC APP