សៀមរាប ឆ្នាំ២០១០
ព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប
រាត្រីនៃក្រុងសៀមរាប
បឹងពារាំង ព័ទ្ធទៅដោយព្រៃរាំងទឹក បប៊ួយ អញ្ចាញ កំផ្នេង ត្អួ និងពពួកព្រៃរនាមជាច្រើនប្រភេទ ហើយមានចម្ងាយពីប្រជុំជនក្រុងប្រមាណ១៣គីឡូម៉ែត ស្ថិតក្នុងសង្កាត់ជ្រៀវ ខាងត្បូងក្រុងសៀមរាប មានវិសាលភាពលើផ្ទៃដីប្រមាណ២៥០ហិកតា ពាសពេញទៅដល់ទឹកបឹង ដៃបឹង កោះតូចធំ ព្រៃរនាម ស្រែស្រូវ មច្ឆាជាតិ និងពពួកសត្វស្លាបទឹកជាងរយប្រភេទដូចជា ទុង រនាល ក្រសារ ត្រដក់ ក្អែកទឹក ស្មោញ កុក ចង្កៀលខ្យង ក្រៀល ជើងទៀន ត្លុមជាដើម។
នៅកណ្ដាលបឹង ឬផ្នែកផ្សេងៗខ្លះនៃទឹកបឹង មានវារីរុក្ខជាតិ ដូចជា កំប្លោក ត្រកួន កំពីងពួយ ព្រលិត រំចង់ ភ្លៅកង្កែប ដុះពពាក់ពពូនជាជម្រកដ៏គាប់ប្រសើរសម្រាប់ពពួកត្រី ក្ដាម ខ្យង កង្កែប អណ្ដើក និងមច្ឆាជាតិដទៃទៀត ឱ្យរស់នៅក្រោមភាពត្រជាក់ត្រជុំក្នុងទឹក មិនភ័យខ្លាចត្រូវកម្ដៅថ្ងៃ និងគេចផុតពីពពួកមំសាសីនានាផងដែរ។