ពហុកីឡដ្ឋានជាតិអូឡាំពិក គឺជាពហុកីឡដ្ឋានរដ្ឋ មានទីតាំងនៅក្នុងសង្កាត់លេខ ៥ ចំកណ្ដាលទីក្រុងភ្នំពេញ លើទីវាលប្រណាំងសេះ មានផ្ទៃដីទំហំ ៤៤,៧០ហិតា ដែលកាលនោះគេហៅថា វាលវង់ប្រណាំងសេះ។ ពហុកីឡដ្ឋានជាតិអូឡាំពិកគូរប្លង់ និងដឹកនាំការកសាងដោយលោក វណ្ណ មូលីវណ្ណ (ស្ថាបត្យករខ្មែរដ៏ល្បីមួយរូប) ក្នុងឆ្នាំ ១៩៦១ ក្រោមការផ្ដួចផ្ដើមរបស់សម្ដេចព្រះនរោត្តម សីហនុ ។
ក្រសួងសាធារណការខ្មែរ និងសហគ្រាសសាងសង់របស់បារាំងមួយដែលមានឈ្មោះថា ឡាសូ ស្សេតេហ្វ្រង់សែស ដង់ត្រឺព្រីសដឺដ្រាហ្គាស ជាអ្នកធានាលើការសាងសង់សំណង់ដ៏ធំនេះ ។ ការចាប់ផ្ដើមដំបូង គឹចាក់ដីបំពេញទីលាន និងទំនប់នៃពហុកីឡដ្ឋាន ដែលចាប់ផ្ដើមពីថ្ងៃទី២៥ ឧសភា ១៩៦២ ដល់ចុងខែមីនា ឆ្នាំ ១៩៦៣ ។ ការសាងសង់ដែលចាប់ផ្ដើមពីខែធ្នូ ឆ្នាំ១៩៦២ នោះបានបញ្ចប់នៅខែមេសា ឆ្នាំ១៩៦៤ ។ សំណង់នេះប្រើប្រាស់កម្មករចំនួន ៨០០ នាក់ និងក្ដាប់ការងារដោយជនជាតិបារាំងផ្ទាល់ ។ ដែកដែលប្រើប្រាស់ក្នុងការសាងសង់នេះ អស់ចំនួន ៣.០០០ តោន ស៊ីម៉ង់ចំនួន ១៤.០០០ តោន បេតុងទាំងអស់ ៤០.០០០ ម៉ែត្រត្រីគុណ ។ការសាងសង់ គឺចំណាយថវិការដ្ឋសុទ្ធសាធ ក្នុងចំនួន ៣៥០ លានរៀល ។ ថវិកានេះមិនគ្រប់គ្រាន់ឡើយ ហេតុនេះសម្តេចព្រះនរោត្តម សីហនុ ផ្ដើមគំនិតបង្កើតមូលនិធិមួយ ដើម្បីរកថវិកាតាមរយៈប្រជាពលរដ្ឋ ។ ប្រជាពលរដ្ឋណាជួយថវិកាចំនួន ២៨០ រៀល ព្រះអង្គប្រទានមេដាយឲ្យមួយ មានឈ្មោះថា មេដាយទ្រទ្រង់ការកសាងពហុកីឡដ្ឋានជាតិ ។ ប្រាក់ដែលទទួលបាន ពីការប្រទានមេដាយនោះមិនដឹងថាមានចំនួនប៉ុន្មានទេ គ្រាន់តែដឹងថា ការសាងសង់សរុបអស់ទឹកប្រាក់ចំនួន ៧៧៨ លានរៀល ត្រូវនឹង ៤០ លានហ្វ្រង់ លុយបារាំង ។
ពហុកីឡដ្ឋានជាតិនេះ មាន៖
១. វិមានកីឡា ដែលជាកន្លែងសម្រាប់ទស្សនា បាល់ទះ បាល់បោះ ប្រដាល់ និងវិញ្ញាសារ ប្រភេទកីឡា Indoor មានកន្លែងអង្គុយទស្សនាសម្រាប់មនុស្សចំនួន៨.០០០ នាក់ ។
២. ទីលានបាល់ទាត់ខ្នាតអន្តរជាតិ ដែលមានផ្លូវសម្រាប់រត់អត្តពលកម្មខ្នាតអន្តរជាតិ មាន កន្លែងអង្គុយទស្សនាការប្រកួតសម្រាប់មនុស្សចំនួន ៦០.០០០ នាក់ ក្នុងនោះ ៥.០០០ កន្លែងសម្រាប់វេទិកាក្នុងម្លប់ ។
៣. អាងហែលទឹក លោតទឹក នៅផ្នែកខាងកើត ដែលកាលនោះស្ថិតក្នុងខ្នាតអន្តរជាតិ តែ ពេលនេះហួសសម័យបន្តិចទៅហើយ មានកន្លែងអង្គុយទស្សនាសម្រាប់មនុស្សចំនួន ៤.០០០ នាក់ ដែលមានទាំងវេទិកាកិត្តិយសមួយផង ។
៤. ទីធ្លាវាយកូនបាល់ (Tennis) ចំនួន ២ អមសងខាងអាងហែលទឹក ដែលទីធ្លាម្ខាងៗ មានទីលានចំនួន ៤ សរុប ៨ មានកន្លែងអង្គុយទស្សនាសម្រាប់មនុស្សចំនួន៤០០នាក់។
ពហុកីឡដ្ឋាននេះមានលទ្ឋភាពទទួលទស្សនិកជនបានប្រមាណ៥ម៉ឺននាក់ (ចំណុះអតិបរមា ៧មុឺននាក់) ។
ការស្ថាបនាពហុកីឡដ្ឋានជាតិ គឺដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ បច្ចុប្បន្នបានប្ដូរឈ្មោះជាកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម (SEA Games) នៅឆ្នាំ ១៩៦៣ ប៉ុន្តែព្រឹត្តិការណ៍នេះត្រូវបានលុបចោលទៅវិញដោយសារបញ្ហានយោបាយនៅកម្ពុជា។ ពិធីសម្ពោធបានធ្វើឡើងនៅថ្ងៃទី ១២ ធ្នូ ១៩៦៤ ដំណាលគ្នានឹងបុរីកីឡាដែរ។ ពហុកីឡដ្ឋាននេះបានទទួលប្រារព្ឋការប្រកួតកីឡាហ្គានេហ្វូ ចាប់ពីថ្ងៃទី២៥ វិច្ឆិកា ដល់ថ្ងៃទី៦ធ្នូ ១៩៦៦ ដោយឲ្យឈ្មោះព្រឹត្តិការណ៍នោះថា កីឡាហ្គានេហ្វូលើកទី១។ ពហុកីឡដ្ឋានជាតិត្រូវបានប្រើប្រាស់ជាកន្លែងទទួលស្វាគមន៍ប្រមុខរដ្ឋនៃប្រទេសជាមិត្តមួយចំនួន ជាកន្លែងប្រារព្ឋពិធីផ្សេងៗរបស់រដ្ឋ និងជាកន្លែងហ្វឹកហ្វឺនក្រុមកីឡាករជម្រើសជាតិកម្ពុជា។
ពហុកីឡដ្ឋានបានរួមចំណែកតូចមួយក្នុងការប្រកួតជម្រុះរវាងកូរ៉េខាងជើងនឹងអូស្ត្រាលី ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោកឆ្នាំ ១៩៦៦ (1966 FIFA World Cup) ។ នៅពេលនោះ ទំនាក់ទំនងអន្តរជាតិរបស់កូរ៉េខាងជើងជាមួយប្រទេសភាគច្រើនមិនសូវល្អឡើយ ហើយជួបការលំបាកយ៉ាងខ្លាំងក្នុងការរកកន្លែងប្រកួតឲ្យបានសមស្រប។ ពេលនោះ ប្រមុខរដ្ឋសម្ដេចនរោត្តម សីហនុ ដែលជាមិត្តជាមួយមេដឹកនាំកូរ៉េខាងជើងគីម អ៊ីលស៊ុង បានស្នើថា ការប្រកួតនេះអាចធ្វើនៅភ្នំពេញបាន។ ការប្រកួតនេះប្រព្រឹត្តទៅ២ថ្ងៃ គឺនៅថ្ងៃទី ២១ វិច្ឆិកា ១៩៦៥ ដែលលទ្ឋផលអូស្ត្រាលីឈ្នះ៦ទល់១ និងនៅថ្ងៃទី ២៤ វិច្ឆិកា ១៩៦៥ ដែលកូរ៉េខាងជើងឈ្នះ៣ទល់១ ហើយបានទាក់ទាញទស្សនិកជនប្រមាណ៤ម៉ឺននាក់។
នៅសម័យខ្មែរក្រហម ពហុកីឡដ្ឋានជាតិ បានក្លាយជាគុកសម្រាប់មន្ត្រីរដ្ឋបាលនៅសម័យលន់ នល់។
ក្រោយមក ពហុកីឡដ្ឋានបានស្ថិតនៅក្នុងសភាពទ្រុឌទ្រោមរាប់ទសវត្សរ៍រហូតដល់ឆ្នាំ២០០០។ ពហុកីឡដ្ឋានត្រូវបានអភិវឌ្ឍជួសជុលឡើងវិញដោយក្រុមហ៊ុន Yuanta Group របស់តៃវ៉ាន់។ ក្រុមហ៊ុនបានជួសជុលពហុកីឡដ្ឋាន តែបន្តសាងសង់ផ្ទះល្វែង និងស្តង់លក់ទំនិញនៅជុំវិញ នាំឲ្យទទួលការរិះគន់យ៉ាងខ្លាំងពីសាធារណជនទូទៅ។
នៅខែវិច្ឆិកា និងធ្នូ ឆ្នាំ២០០៧ អង្គការកីឡាបាល់ទះជនពិការពិភពលោក(World ParaVolley) បានប្រារព្ធការប្រកួតពានរង្វាន់ពិភពលោករបស់ខ្លួននៅពហុកីឡដ្ឋាននេះ។ នេះជាលើកទីមួយហើយដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំ ក្នុងរយៈពេលជាង៤០ឆ្នាំចុងក្រោយនេះ។
ចាប់ពីឆ្នាំ២០០៧ ពហុកីឡដ្ឋានជាតិបានក្លាយជាទីចាប់អារម្មណ៍របស់ប្រជាពលរដ្ឋក្រុងភ្នំពេញ ដែលតែងតែមកហាត់ប្រាណ ក៏ដូចជាមកលេងកីឡាបាល់ទាត់ និងសកម្មភាពកីឡាផ្សេងៗទៀតជារៀងរាល់ថ្ងៃ។