លោក ព្រាប សុវត្ថិ កើតថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៥ នៅខេត្តបាត់ដំបង ក្នុងរបបប៉ុលពត ។ ឪពុកឈ្មោះ ព្រាប សុវុទ្ធ (ត្រូវខ្មែរក្រហមសម្លាប់ក្នុងឆ្នាំ១៩៧៧)។ ម្តាយឈ្មោះ ផូ សំណាង ជាមន្ត្រីរាជការ។ ប្រពន្ធឈ្មោះ ឡុង ស្រីមុំ រៀបការនៅក្នុងឆ្នាំ១៩៩៧ នាទីក្រុងភ្នំពេញ។ មានកូនប្រុស៣នាក់ កូនទី១ឈ្មោះ សុវត្ថិ មុន្នីវណ្ណ កូនទី២ឈ្មោះ សុវត្ថិ មុន្និនាគ កូនទី៣ឈ្មោះ សុវត្ថិ មុន្និសិរីវុទ្ធ។
ក្រោយពេលចេញពីរបបប៉ុលពត កុមារ ព្រាប សុវត្ថិ រស់នៅជាមួយម្តាយមេម៉ាយ ធ្វើការជាកសិករនៅស្រុកកោះធំ ហើយក្រោយមករស់នៅក្នុងមណ្ឌលកុមារកំព្រា។ នៅឆ្នាំ១៩៨២ ព្រាបសុវត្ថិ និងម្ដាយបានផ្លាស់មកភ្នំពេញ។ ឆ្នាំ១៩៩៣ បានបញ្ចប់វិទ្យាល័យ ហើយបានបន្តការសិក្សាបរិញ្ញាបត្រច្បាប់ និងសេដ្ឋកិច្ចនៅសាកលវិទ្យាល័យសេដ្ឋកិច្ច។ ឆ្នាំ១៩៩៤ បានចូលបំរើកងទ័ពនៅអង្គភាព ការិយាល័យនយោបាយ។ ចំណុចចាប់ផ្តើមនៃជីវិតសិល្បៈរបស់លោក គឺច្រៀងក្នុងអង្គភាព។ បទដំបូង ដែលធ្វើឲ្យមានការចាប់អារម្មណ៍ គឺបទ « អូនមិនមែនសង្សារបង » ដែលច្រៀងរួមគ្នាជាមួយ កញ្ញា ទូច ស៊ុននិច ជាមួយបទផ្សេងទៀតចំនួនប្រហែល១០បទ។
បន្ទាប់ពីប្រជាប្រិយភាពនៃបទចម្រៀងដំបូងនេះ អ្នកទាំងពីរបានចូលរួមក្នុងផលិតកម្មធំបំផុតមួយនៅកម្ពុជា ផលិតកម្ម «ហង្សមាស» ក្នុងឆ្នាំ១៩៩៧។ ក្នុងរយៈពេល២៣ឆ្នាំ លោកបានបង្កើតស្នាដៃជាច្រើននៅក្នុងផលិតកម្មយក្សមួយនេះ ហើយប៉ុន្មានឆ្នាំមុននេះលោកបាននាំកូនប្រុសទាំងបីមកជ្រកក្រោមទ្រនំហង្សមាសផងដែរ ដោយពួកគេបានច្រៀងចម្រៀងជាច្រើនអាល់ប៊ុម។
ផេកហ្វេសប៊ុក Galaxy Navatra នៅថ្ងៃទី២០ខែសីហាឆ្នាំ២០២០នេះ បានប្រកាសព័ត៌មានថា ផលិតកម្ម Galaxy Navatra សូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចូលមករួមរស់ក្នុងគ្រួសារតែមួយនៃគ្រួសារ Galaxy Navatra។
តារាចម្រៀង Ton ChanSeyma តន់ ចន្ទសីម៉ា ក៏បានប្រកាសផងដែរថា នាងសូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចូលមករួមរស់ក្នុងគ្រួសារតែមួយ នៃគ្រួសារ Galaxy Navatra។
លោក យឹម តាស្រង់ នាយកចាត់ការទូទៅផលិតកម្ម Galaxy Navatra បានថ្លែងថា លោក ព្រាប សុវត្ថិ បានសម្រេចចិត្តចូលមកផលិតកម្ម Galaxy Navatra ក្នុងកុងត្រារយៈពេល៥ឆ្នាំ។