KP_KAMPONG SPEU កំពង់ស្ពឺ​ / គម្រោង​វិនិយោគ​មជ្ឈមណ្ឌល​សួន​កម្សាន្ត


គម្រោង​វិនិយោគ​អភិវឌ្ឍនៅលើ​ផ្ទៃដី​ទំហំ ២០៥​ហិកតា នៅ​ស្រុក ភ្នំស្រួច និង​ស្រុក សំរោង​ទង ក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ គឺជា​ការវិនិយោគ​ដ៏​ធំ​មាន​រួម​ទុន​ចម្រុះ​ជាតិ​សាសន៍​មកពី ៣​ប្រទេស ដូចជា​ប្រទេស​ចិន ស្វី​ស និង​សិង្ហ​បុរី ក្រោម​ឈ្មោះ​ក្រុមហ៊ុន JOE GRAND ECOINVESTMENT (​ចូ​ហ្គ្រេ​ន អេកូអ៊ិន​វេស​ម៉ិ​ន ឯ​.​ក​)​។​
​រដ្ឋបាលខេត្ត​កំពង់ស្ពឺ កំពុង​ព​ន្លឿ​ន​ឲ្យ​ក្រុមហ៊ុន​រៀបចំ​ផែនការមេ​ឲ្យ​បានច្បាស់លាស់ តាម​ការវាយតម្លៃ និង​ពិនិត្យ​ឯកភាពលើ​គម្រោង​វិនិយោគ​សាងសង់មជ្ឈមណ្ឌល​សួន​កម្សាន្ត​លំដាប់​ពិភពលោក និង​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ី​នេះ ដែលមាន​តម្លៃ​ទុន​ប្រមាណ ៥០០​លាន​ដុល្លា ដោយ​រំពឹងថា នឹង​បញ្ចប់​រួចរាល់​ក្នុង​ខែមិថុនា ដើម្បី​បញ្ជូនបន្ត​ទៅកាន់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ធ្វើការ​អនុម័ត​ជា​ផ្លូវការ​។​
​គម្រោង​វិនិយោគ​តំបន់​ទេសចរណ៍​សួន​ទឹក​ដ៏​ធំ​ពុំ​ធ្លាប់​មាននៅ​កម្ពុជា​នេះ នឹងមាន​ដូចជា ម​ជ្ឈ មណ្ឌល​កម្សាន្ត​សួន​ទឹក សួន​កសិកម្ម​ទេសចរ​ណ៍ សួន​កុមារ សួនសត្វ ផ្ទះ​លំហែ រមណីយដ្ឋាន និង​សណ្ឋាគារ ជាដើម​។​
ដំណាក់កាល​ដំបូង ក្រុមហ៊ុន​នឹង​ចំណាយ​ទឹកប្រាក់​ចំនួន ២០០​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍនៅលើ​ផ្ទៃដី​ទំហំ​ជាង ១០០​ហិកតា ដែល​គម្រោង​នឹង​បញ្ចប់​នៅ​ដំណាលគ្នា​ជាមួយ​គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ នៅ​ចុងឆ្នាំ ២០២២​ខាងមុខនេះ​។​
បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ មាន​តំបន់​ទេសចរណ៍​ទាក់ទាញ​បែប​ប្រវត្តិសាស្ត្រ ធម្មជាតិ អេកូ​ទេសចរណ៍ និង​កែច្នៃ មានដូចជា វត្ត​វាំង​ចាស់ ឬ​ទីក្រុង​ឧដុង្គ​ រមណីយដ្ឋាន​អំពែ​ភ្នំ ឧទ្យាន​ជាតិ​គិរី​រម្យ​  វី​គិរី​រម្យ​ផា​ញ​រី​សត (A2A ថោ​ន​)  ទឹកធ្លាក់​ចំបក់​  ទឹកធ្លាក់ ៧​ជាន់ ឬ​ទឹកធ្លាក់​ជ្រាវ​ទេ​ទឹក​ពុះ ជាដើម​។


EDC APP