LEADER_NORODOM ព្រះបាទសម្ដេច ព្រះនរោត្តម​ ​(១៨៥៩-១៩០៤)

ព្រះបាទនរោត្តម  ព្រះចៅក្រុងកម្ពុជា (១៨៦៤-១៩០៤)
ព្រះករុណា ព្រះបាទ​នរោត្តម ពេល​ប្រសូត​មក​មាន​ព្រះនាម​ថា ព្រះអង្គ​ច្រឡឹង លុះ​ពេល​ចម្រើន​ព្រះកេសា មាន​ព្រះនាម​ថា រា​ជា​វត្តី ហៅ អង្គ​វត្តី លុះ​ពេល​សោយរាជ្យ មាន​ព្រះនាម​ថា នរោត្តម ជា​ព្រះ​នាមបញ្ញត្តិ​កាល​ទ្រង់​សាង​ព្រះ​ផ្នួស​នៅ​ស្រុក​សៀម ទើប​ឯកសារ​ខ្លះ​កត់ត្រា​ថា ព្រះនាម នរោត្តម នេះ គឺ​ព្រះ​ចៅ​ក្រុង​សៀម​ជា​អ្នក​ថ្វាយ ។​
ព្រះករុណា ព្រះបាទ នរោត្តម ប្រសូត​នៅ​ថ្ងៃ​សៅរ៍ ១២​កើត ខែ​មាឃ ឆ្នាំ​មមែ សប្តស័ក គ្រិស្ដ​សករាជ ១៨៣១ នា​ខេត្ត​មង្គលបុរី (​សព្វថ្ងៃ​ស្រុក​មង្គលបុរី ខេត្ត​បាត់ដំបង​) ជា​បុត្រ​នៃ​អ្នក​ម្នាង ប៉ែន និងព្រះករុណា អង្គឌួង ។ កាល​ទើប​ប្រសូត ព្រះ​បរម​រាជ​បិតា គឺ​ព្រះបាទ​អង្គឌួង ទ្រង់​សព្វព្រះទ័យ​នឹង​បុត្រា​អង្គ​នេះ​ណាស់​ ហើយ​បាន​ប្រទាន​ព្រះនាម​ថា ព្រះអង្គ​ច្រឡឹង​។ ភាសា​ខ្មែរ ពាក្យ​ថា ច្រឡឹង​មានន័យ​ថា ដែល​មាន​រាង​តូច​ស្អាត​សមឥត​ទាស់ភ្នែក​
បើ​តាម​ឯកសារ មហា​បុរស​ខ្មែរ របស់លោក អេង សុទ្ធ បានឱ្យដឹងថា​ នៅពេល​ព្រះអង្គ​ច្រឡឹង ប្រសូ​តមក អ្នកបម្រើ​បាន​យកសុក​ទៅ​កប់ មិនយូរ​ថ្ងៃ​ប៉ុន្មានក៏​បង្កើត​ជា​ហេតុ​អស្ចារ្យ មាន​ដើម​ពោធិ​មួយ​ដើម​ដុះ​នៅ​កន្លែង​កប់​សុក​នោះ ។ អ្នក​ខេត្ត​មង្គលបុរី នាំ​គ្នា​ហៅថា ពោធិ​ហ្លួង​រហូតមកដល់​សព្វថ្ងៃ ។​
លុះដល់​ខែ​ពិសាខ ឆ្នាំ​មមែ នព្វ​ស័ក ពុទ្ធ​សករាជ ២៣៩១ គ្រិស្ដ​សករាជ ១៨៤៧ ព្រះករុណា អង្គឌួង បាន​រៀបចំ​ចម្រើន​ព្រះកេសា​ព្រះអង្គម្ចាស់ ច្រឡឹង ហើយ​ប្រទាន​នាម​ថា “​រា​ជា​វត្តី​ហើយ​ជួនកាល​ត្រូវ​គេ​ហៅថា “​ព្រះអង្គ​វត្តី​អង្គ​វត្តី​។ ទោះ​ជា​ព្រះ​បុត្រា អនាគត​ក្សត្រ​ខ្មែរ​អង្គ​នេះ មាន​ព្រះនាម​ជា​ផ្លូវការ​ថា រា​ជា​វត្តី ក្តី ក៏​គេ​នៅ​តែ​ហៅ​ព្រះនាម​ថា “​ច្រឡឹង​ដដែល ។
លុះដល់​ថ្ងៃ​១៥​កើត ខែ​ជេស្ឋ ឆ្នាំ​មមែ នព្វស័ក​ដដែល​នោះព្រះករុណា អង្គឌួង បាន​បញ្ជា​បង្គាប់​មន្ត្រី​ខ្ញុំ​រាជការ​ឱ្យ​រៀប​ក្បួន​ដង្ហែ​ ព្រះអង្គម្ចាស់ រា​ជា​វត្តី ទៅ​សាង​ផ្នួស​ជា​សាមណេរ​នៅក្នុង​សំណាក់​ព្រះ​មហាសង្ឃរាជ នូ នា​វត្ត​ក្រាំង​ពន្លៃ ក្រុង​ឧដុង្គ​មានជ័យ ហើយ​ទ្រង់​រាជ​បញ្ញត្តិ​វត្ត​នោះ​ថា រាជ​បព្វជិត​តាំងពី​ពេលនោះ​មក ។ លុះ​ចេញ​ព្រះវស្សា ទើប​ព្រះអង្គ​លា​ចាក​សិក្ខាបទ​មកវិញ ។​
ខែ​អាសាធ ឆ្នាំ​រោង អដ្ឋស័ក ពុទ្ធ​សករាជ ២៤០០ គ្រិស្ដ​សករាជ ១៨៥៦ ព្រះ​ចៅចម​ក្លា​វ ព្រះរាជា​នៃ​ក្រុង​សៀម បាន​ចាត់​មន្ត្រី​រាជការ​ឱ្យ​ដង្ហែ​ព្រះអង្គម្ចាស់ រា​ជា​វត្តី បំពេញ​ឧបសម្បទា​ជា​ភិក្ខុ ក្នុង​វត្ត​បរម​និវេស ស្រុក​សៀម ក្នុង​គណៈធម្មយុត្តិកនិកាយ ។ ​ប្រពៃណី និងវិន័យ​បញ្ញត្តិ ក្នុង​ព្រះពុទ្ធសាសនា បុគ្គល​ណា​ក៏​ដោយ​បន្ទាប់ពី​បាន​ឧបសម្បទា​ជា​ភិក្ខុ​ហើយ ត្រូវមាន​នាម​បញ្ញត្តិ​មួយទៀត​ទីទៃ​ពី​ឈ្មោះ​ដើម​របស់​ខ្លួន ឯការដាក់​នាម​បញ្ញត្តិ​នោះ គឺជា​កាតព្វកិច្ច​របស់​ឧបជ្ឈា​យ៍ (​ភិក្ខុ​ដែលជា​អ្នក​បំបួស​កុលបុត្រ​ឱ្យ​ក្លាយជា​ភិក្ខុ​) ជា​អ្នក​ដាក់​ឱ្យ ហើយ​ជាទូទៅ​ការដាក់​នាម​បញ្ញត្តិ​នោះ​ទៀតសោត​គឺ​ត្រូវ​ជ្រើសរើស​ទៅតាម​ថ្ងៃ ខែ និង ឆ្នាំ​កំណើត​របស់​នវ​ភិក្ខុ​(​ភិក្ខុ​ទើបបាន​បួស​ថ្មី​) នោះ ។ ឧទាហរណ៍​ជាក់ស្តែង ដូចជា​សម្តេច​ព្រះ​មហាសង្ឃរាជ ជួន ណាត បន្ទាប់ពី​បាន​បំពេញ​ឧបសម្បទា ជា​ភិក្ខុ​រួចមក ព្រះ​ឧបជ្ឈាយ៍​បានដាក់​នាម​បញ្ញត្តិ ព្រះអង្គ​ថា ជោត​ញ្ញា​ណោ​។ ចំណែក​ព្រះអង្គម្ចាស់ រា​ជា​វត្តី បន្ទាប់ពី​បាន​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ​មក មាន​នាម​បញ្ញត្តិ​ថា នរោត្តម ភិក្ខុ ។​
អត្ថន័យ​ក្នុង​ភាសាបាលី ពាក្យ​ថា នរោត្តម​មកពី​ពាក្យ​ថា ន​រៈ​=​មនុស្ស , ជន , បុគ្គល​…(​សំដៅ​ដល់​មនុស្ស​ប្រុស​) + ឧត្តម​= ប្រសើរ​, ខ្ពង់ខ្ពស់​, ថ្លៃថ្លា ។ បូក​បញ្ចូល​គ្នា​ទៅ​ពាក្យ​ថា នរោត្តម​ដែល​ជា​ព្រះនាម​បញ្ញត្តិ នៃ​ព្រះ​ភិក្ខុ រា​ជា​វត្តី នេះ ប្រែ​ថា បុគ្គល ឬជន​ដ៏​ប្រសើរ​, បុគ្គល ឬជន​ខ្ពង់ខ្ពស់ , បុគ្គល ឬជន​ថ្លៃថ្លា ។ ព្រះនាម​បញ្ញត្តិ​នេះ ត្រូវបាន​ដាក់​ថ្វាយ​ដោយ​គិត​តាម​ថ្ងៃ ខែ និងឆ្នាំ​ប្រសូត​របស់​ព្រះអង្គម្ចាស់​រា​ជា​វត្តី ភិក្ខុ ដោយ​គិត​តាម​គតិ​ព្រះពុទ្ធសាសនា​ធម្មយុត្តិកនិកាយ ។​
ព្រះករុណា​អង្គឌួង បាន​សោយ​ទិវង្គត នៅ​ថ្ងៃ​៥​កើត ខែ​កត្តិក ឆ្នាំ​មមែ ពុទ្ធ​សករាជ ២៤០៣ ត្រូវ​នឹង​ថ្ងៃទី​១២ ខែវិច្ឆិកា គ្រិស្ដ​សករាជ ១៨៥៩ បន្ទាប់ពី​បាន​សោយរាជ្យ​រយៈពេល ១៩​ឆ្នាំ ។ ក្រុមប្រឹក្សា​សេនាបតី​មន្ត្រី​ជាន់​ខ្ពស់​បាន​ជំនុំ​ពិភាក្សា​គ្នា​ ជ្រើសរើស​ព្រះអង្គម្ចាស់​រា​ជា​វត្តី ដែល​កំពុង​មាន​ឋានៈ​ជា​មហាឧបរាជ​ស្រាប់​ផង​ឱ្យ​ឡើង​សោយរាជ្យ​បន្ត​ពី​ព្រះបិតា តាម​បណ្តាំ​របស់​ព្រះរាជ​សព ។ នៅ​ពេល​ឡើង​សោយរាជ្យ​នោះ ព្រះអង្គម្ចាស់​រា​ជា​វត្តី មហា​ឧបរាជ សព្វព្រះទ័យ​នឹង​ព្រះនាម នរោត្តម ជា​នាម​បញ្ញត្តិ កាល​ព្រះអង្គ​ចូល​បំពេញ​ឧបសម្បទា ។ គេ​ក៏​បាន​ថ្វាយ​ព្រះនាម​ព្រះ​នវ​រាជ្យ (ស្តេច​ថ្មី​) អង្គ​នេះ​ថា សម្តេចព្រះ​នរោត្តម​ព្រហ្ម​បរិរក្ស ហើយ​ក៏​ត្រូវបាន​គេ​ស្គាល់​ព្រះនាម​ខ្លី​មក​ថា ព្រះបាទ “​នរោត្តម​តរៀងមក ។


ឯកសារ​ខ្លះ​អះអាងថា ព្រះនាម នរោត្តម​នេះ ជា​ព្រះនាម​ដែល​ព្រះ​ចៅចម​ក្លាវ នៃប្រទេស​សៀម​ជា​អ្នក​ថ្វាយ ។ ប៉ុន្តែ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា បុគ្គល​ទីទៃ​ពី​ព្រះ​ឧបជ្ឈា​យ៍ ទោះ​បុគ្គល​នោះ​មាន​ឋានៈ​ជា​អ្វី​ក៏ដោយ   ក៏​ពុំ​មាន​កាតព្វកិច្ច​ដាក់​នាម​បញ្ញត្តិ​នេះ​ដល់​ភិក្ខុ​ដែល​ទើប​បាន​បួស​នោះឡើយ ។
ទោះយ៉ាងណា បើ​វិភាគ​ទៅលើ​បរិបទ​សាសនា​ទៅនឹង​សម័យកាល​នោះ យើង​អាច​សន្និដ្ឋាន បាន​ថា ដោយសារ​ព្រះអង្គម្ចាស់​រាជា​វត្តី ជា​មនុស្ស​ក្នុង​រាជវង្ស ហើយ​ត្រូវបាន​ព្រះរាជា​សៀម​ជា​អ្នក​បញ្ជូន​ចូល​បួស​ផង​នោះ  ជាហេតុ​នាំ​ឱ្យ​ឧបជ្ឈាយ៍​មាន​ភាព​ស្ទាក់ស្ទើរ​មិន​ហ៊ាន​អារកាត់​ដាក់​នាម​បញ្ញត្តិ​ដល់​នវ​ភិក្ខុ​រូប​នេះ​តែ​អង្គឯង​ឡើយ ទើប​បន្ទាប់​ពី​បាន​សម្រិត​សម្រាំង​នាម​បញ្ញត្តិ​មក ក៏​បាន​នាំយក​ទៅ​ទូល​សុំ​ការព្រមព្រៀង​សព្វព្រះទ័យ​ពី​ព្រះរាជា​ក្រុង​សៀម គឺ​ព្រះ​ចៅចម​ក្លាវ ផងដែរ ។ ប្រហែល​ជា​ដោយ​ប្រការ​នេះ​ឯង​ហើយ ទើប​បានជា​មាន​ឯកសារ​ខ្លះ​ហ៊ាន​អះអាង​ថា ព្រះនាម នរោត្តម​នេះ គឺជា​នាម​ដែលព្រះ​ចៅ ចម​ក្លាវ នៃ​ក្រុង​សៀម​បាន​ថ្វាយ​ ​ ។

ជា​សរុប​មក​វិញ   ព្រះនាម នរោត្តម​ជា​នាម​នៃ​ព្រះមហាក្សត្រ​ខ្មែរ​អង្គ​នេះ ត្រូវ​បាន​ថ្វាយ​បន្ទាប់

ពី​ព្រះអង្គ​បាន​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ​នៅ​ប្រទេសសៀម។ ឯ​នាម​ដើម​របស់​ព្រះអង្គ​ គឺ ច្រឡឹង​ 
ហើយ​ព្រះនាម​ជា​ផ្លូវការ​គឺ រា​ជា​វត្តី អង្គ​វត្តី​





 
 

EDC APP