LEADER_លោក រ៉ូឌ្រីកូ ឌូតឺតេ



លោក រ៉ូឌ្រីកូ ឌូតឺតេ គឺ​ជា​ប្រធានាធិបតី​ទី១៦ របស់​ប្រទេស​ហ្វីលីពីន ដែល​កំពុង​កាន់​អំណាច​សព្វ​ថ្ងៃ ហើយ​មាន​ឈ្មោះ​ល្បី​រន្ទឺ​ទូទាំង​ពិភពលោក ព្រោះ​សម្ដី​ត្រង់​ៗ និង​កាយ​វិការ​គ្មាន​ញញើត​របស់​លោក ទោះ​បី​ជួប​មេដឹកនាំ​ធំ​ប៉ុណ្ណា ឬ​មាន​កម្មវិធី​អ្វី​ក៏​ដោយ គឺ​លោក​ធ្វើ​ខ្លួន​សាមញ្ញ​ជា​និច្ច។ ជាក់​ស្ដែង មាន​រូប​ភាព​មួយ​សន្លឹក ដែល​ល្បី​ល្បាញ និង​បង្ហោះ​ត​គ្នា​ជា​ច្រើន​ដង ដែល​រូប​នោះ​បង្ហាញ​ពី​លោក ឌូតឺតេ យក​ជើង​ដាក់​លើ​តុ មុខ​កាមេរ៉ា​អ្នក​កាសែត​ជា​ច្រើន​រូប។ ទោះ​បែប​នេះ​ក្ដី ក្រោយ​លោក​និយាយ​មួយ​ឃ្លា ទើប​គ្រប់​គ្នា​ប្ដូរ​ចិត្ត​ទៅ​ជា​គោរព​វិញ។
 



តាម​ពិត​រូប​ភាព​មួយ​សន្លឹក​នេះ បាន​ថត​តាំង​ពី​ពេល​លោក​នៅ​កាន់​តំណែង​ជា​អភិបាល​ក្រុង​ដាវ៉ៅ ក្នុង​ឱកាស​សន្និសីទ​កាសែត​មួយ ដែល​មាន​កាមេរ៉ា​ជា​ច្រើន​កំពុង​ចាប់​យក​រូប​ភាព និង​សួរ​សំនួរ ទាក់​ទង​នឹង​អំពើ​ពុក​រលួយ ស្រាប់​តែ​​លោក រ៉ូឌ្រីកូ ឌូតឺតេ លើក​ជើង​ឡើង​ដាក់​លើ​តុ ព្រម​ទាំង​និយាយ​ថា «ស្បែក​​ជើង​ខ្ញុំ​ពាក់​នេះ​ថោក​ទេ ហើយ​ខ្ញុំ​មិន​ពាក់​ទាំង​ស្រោម​ជើង​ទៀត»។ ប្រធានា ធិបតី​ហ្វីលីពីន បង្ហាញ​បែប​នេះ ព្រោះ​ចង់​បញ្ជាក់​ថា ការ​រស់នៅ​បែប​សាមញ្ញ​របស់​មន្ត្រី ជា​វិធី​បំបាត់​អំពើ​ពុក​រលួយ​ក្នុង​រង្វង់​រដ្ឋាភិបាល។

លោក ឌូតឺតេ បាន​អះ​អាង​ថា លោក​មិន​ដែល​ពាក់​ព័ន្ធ​អំពើ​ពុក​រលួយ​ណា​មួយ​ទេ ចាប់​តាំង​ពី​បម្រើ​ការងារ​រាជការ​ជាង២០​ឆ្នាំ តាំង​ពី​ធ្វើ​ជា ព្រះរាជអាជ្ញា ចៅហ្វាយ​រង​ក្រុង ចៅហ្វាយក្រុង សមាជិក​សភា។ ក្នុង​តំណែង​ទាំង​នេះ ច្បាស់​ណាស់​ថា​ជា​កន្លែង​ស្រួល​រក​លុយ ប្រព្រឹត្តិ​អំពើ​ពុក​រលួយ យក​លុយ​ក្រោម​តុ ធ្វើ​ស​ទៅ​ជា​ខ្មៅ តែ​លោក ឌូតឺតេ បាន​និយាយ​ថា សច្ចា​ដាច់​ខាត មិន​យក​លុយ​ខ្មៅ​មក​ដាក់​ខ្លួន​ឡើយ។ លោក​ថែម​ទាំង​រំលឹក​ទៀត​ថា ធ្លាប់​មាន​​គេ​សូក​លោក ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ទទួល។



លោក ឌូតឺតេ បាន​និយាយ​ថា ប្រសិន​បើ​លោក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ លោក​ប្រាកដ​ជា​រស់​នៅ​ក្នុង​ផ្ទះ​ដ៏​ស្កឹមស្កៃ នៃ​តំបន់​ក្រុង។ ប៉ុន្តែ​ដោយសារ​លោក​តែង​បដិសេធ មិន​ទទួល​យក​លុយ​កង្វក់​ទាំង​នោះ ទើប​ធ្វើ​ឲ្យ​លោក​មាន​ផ្ទះ​តែ​មួយ។ បុរស​វ័យ ៧២​ឆ្នាំ​រូប​នេះ​បាន​និយាយ​​ពេល​កំពុង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ថា៖ឪពុក​ខ្ញុំ​ជា​ចៅហ្វាយ​ក្រុង Davao… ខ្ញុំ​ក្លាយ​ជា​អភិបាល​ក្រុង Davao ក៏​ដោយសារ​ឈ្មោះ​របស់​គាត់ខ្ញុំ​នឹង​មិន​បំផ្លាញ​ឈ្មោះ​នេះ​ទេ

លោក ឌូតឺតេ បាន​និយាយ​ទៀត​ថា ត្រឹម​តំណែង​ជា​អភិបាល​ក្រុង លោក​អាច​រក​ប្រាក់​មក​ផ្គត់ផ្គង់​ជីវិត​ច្រើន​ជាង​ភាព​សាមញ្ញ​ធម្មតា​នេះ​ទៅ ​ទៀត។ ប្រាក់​ខែ បូក​ទាំង​លុយ​ផ្សេង​ទៀត ជា​ចៅហ្វាយ​ក្រុង វា​លើស​ពី​គ្រាន់​ហើយ។ លោក ឌូតឺតេ និយាយ។ ពេល​នោះ លោក​ថែម​ទាំង​និយាយ​ទៀត​ថា បើ​លោក​បាន​ធ្វើ​ប្រធានាធិបតី គឺ​គ្មាន​ថ្ងៃ​ជាប់​គុក ដោយសារ​ពុក​រលួយ​ចាយ​លុយ​រដ្ឋ​នោះ​ទេ។

គួរ​បញ្ជាក់​ថា ជីវិត​ដ៏​សាមញ្ញ ព្រម​ទាំង​សម្ដី​ដ៏​មុត​ស្រួច បាន​នាំ​ឲ្យ​លោក រ៉ូឌ្រីកូ ឌូតឺតេ មាន​ប្រជា ប្រិយភាព​ជាប់​ជា​ប្រធានាធិបតី​ទី១៦ របស់​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​២០១៦។ ក្រោយ​ឡើង​កាន់​តំណែង​ភ្លាម លោក ឌូតឺតេ ចាប់​ផ្ដើម​ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​ជា​ច្រើន ជា​ពិសេស ​សង្គ្រាម​ជាមួយ​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​យ៉ាង​កក្រើក រហូត​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​នាក់ មាន​ទាំង​អភិបាល​ក្រុង​ផង។ សកម្មភាព​នេះ ក៏​បាន​ធ្វើ​ឲ្យ​ពិភពលោក​ព្រួយ​បារម្ភ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ផង​ដែរ ព្រោះ​តែ​ការ​សម្លាប់​គ្មាន​ប្រណី ប៉ុន្តែ​ប្រជាជន​ហ្វីលីពីន​ជា​ច្រើន​បាន​សាទរ​ចំពោះ​ចំណាត់​ការ​ខាង​លើ។



លោក ឌូតឺតេ ថែម​ទាំង​ធ្លាប់​និយាយ​ទៀត​ថា ប្រសិន​បើ​កូន​ប្រុស​របស់​លោក មាន​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន លោក​នឹង​បញ្ជា​ឲ្យ​គេ​បាញ់​សម្លាប់​កូន​នោះ​ភ្លាម ដោយ​មិន​យល់​ថា​ជា​សាច់​ញាតិ​ឡើយ។ ថ្មីៗ​នេះ ស្រាប់​តែ​មាន​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​លោក ឌូតឺតេ លើ​ចំណាត់​ការ​គ្រឿង​ញៀន ដោយ​ចោទ​ថា​លោក​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ សម្លាប់​មនុស្ស​ប្រមាណ​ជិត ៤​ពាន់​នាក់ ក្នុង​សង្គ្រាម​គ្រឿង​ញៀន។
ឆ្លើយ​តប​នឹង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC លោក ឌូតឺតេ បាន​បញ្ជាក់​ថា ឲ្យ ICC ស៊ើប​តាម​ចិត្ត​ចុះ ហើយ​បើ​ឃើញ​កំហុស មិន​ចាំ​បាច់​ចាប់​លោក​ដាក់​ពន្ធនាគារ​ទេ ព្រោះ​លោក​នឹង​បដិសេធ​ទាំង​អស់​រាល់​ការ​ប្រកាន់ គឺ​មាន​តែ​បាញ់​សម្លាប់​លោក​ចោល​តែ​ម្ដង។ លោក​បញ្ជាក់​បែប​នេះ ដោយសារ​អះអាង​ថា មិន​ដែល​បញ្ជា​ឲ្យ​ប៉ូលិស​បាញ់​សម្លាប់​ជន​សង្ស័យ​ទេ គឺ​ដោយសារ​ជន​សង្ស័យ​ទាំង​នោះ​ត​ដៃ ទើប​បណ្ដាល​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​ជា​រឿយៗ។



​លោក រ៉ូឌ្រីកូ ឌូតឺតេ គឺ​ជា​មេធាវី​ និង​ជា​អ្នកនយោបាយ​ហ្វីលីពីន​ដែល​ជា​ប់​ប្រធានាធិបតី​ទី១៦ របស់​ប្រទេស​ហ្វីលីពីន។ ដោយ​ឡើង​កាន់​តំណែង​នៅ​អាយុ ៧១ឆ្នាំ លោក ឌូតឺតេ គឺជា​មនុស្ស​ចាស់​ជាងគេ​ក្នុង​ពេល​ទទួល​តំណែង​ប្រធានាធិបតី​ហ្វីលីពីន​។ កំណត់ត្រា​​ចាស់​កាលពីមុន​គឺ​លោក Sergio Osmeña ដែល​ឡើង​កាន់​តំណែង​​នៅ​អាយុ ៦៥ ឆ្នាំ​។ ​​លោក ឌូតឺតេ បាន​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​មហា​វិទ្យា​ល័យ​​ហ្វីលីពីន ដែល​បញ្ចប់​ការសិក្សា​នៅ​ឆ្នាំ១៩៦៨ មុនពេល​លោក​បាន​ទទួល​សញ្ញា​ប័​ត្រពី​មហា​វិទ្យា​ល័​យ San Beda ក្នុង​ឆ្នាំ ១៩៧២ ។ បន្ទាប់មក​លោក​ធ្វើការ​ជា​មេធាវី ​និង​ជា​ព្រះរាជអាជ្ញា​សម្រាប់​ទីក្រុង​ដា​វ៉ៅ​ រហូត​ក្លាយ​ជា​អភិបាល​ក្រុង​បន្ត​ពី​ឪពុក​របស់​លោក និង​បន្ត​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ហ្វីលីពីន​ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃ​ ទី៩ ខែ​ឧសភា ឆ្នាំ​២០១៦៕

EDC APP