សត្វកេងកង គឺជាប្រភេទសត្វដែលស្មោះស្ម័គ្រជាមួយគូវាណាស់ ។ នៅរដូវបន្តពូជ សត្វឈ្មោលតែងតែហើរស្វែងរកប្រហោងឈើ រួចនាំសត្វញីទៅមើល កាលណាសត្វញីពេញចិត្តហើយ ក៏នាំគ្នាកាច់សំបុក្រនៅទីនោះ ដោយចុះរុន្ធឈើបិទប្រហោងទុកតែមួយប្រឡោះតូចដើម្បីផ្តល់ចំណី និងកាពារមិនឲ្យសត្វដទៃចូលបាន ។ សំបុកនោះត្រូវបិទរហូតដល់កូនវាញាស់ ហើយអាចហើរបានក្នុងរយៈពេល ១២០ ថ្ងៃ ដោយអំឡុងពេលនោះ កេងកងឈ្មោលនៅចាំសំបុក្រដើម្បីកាពារកូន ។ ចំណែកសត្វញីត្រូវហើរចេញពីសំបុក្រ ដើម្បីទៅរកចំណីមកបញ្ចុកកូន និងសត្វឈ្មោល នៅសល់ប៉ុន្មាន ទើបស៊ីខ្លួនឯង។
សត្វនេះស្មោះស្ម័គ្រជាមួយគូស្នេហ៍វាណាស់ ព្រោះបើដៃគូស្លាប់ ដៃគូម្ខាងទៀតនឹងស្លាប់តាមដោយតាមរូបភាពបង្អត់ចំណី ឬហោះទៅលើ ទំលាក់ខ្លួនមកដើម្បីស្លាប់តាមគ្នា ។
សត្វកេងកងក៏ត្រូវបានអ្នកនិពន្ធសម័យមុន កវី ម៉ា ឡៅពី លើកមកសរសេរតែងក្នុងចម្រៀង ដែលមានចំណងជើងថា “ កេងកងអភ័ព្វ ” ច្រៀង ដោយរាជនីសម្លេងមាស អ្នកស្រី រស់ សេរីសុទ្ធា និងនិពន្ធបទភ្លេងដោយអធិរាជសម្លេងមាស លោក ស៊ីន ស៊ីសាមុត ។
សត្វកេងកងដែលជាសត្វកម្រ បាននាំគ្នាទាំងហ្វូង ហើរមកចុះចតនៅលើដំបូលអគារ និងក៏ដូចក្នុងទីធ្លា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ។