MOUNTAIN_ការឡើងភ្នំ Everest របស់នារីខ្មែរ

កញ្ញា ហ៊ាន សុជាតា អាយុ ២៨ឆ្នាំ ធ្វើការ​នៅ​ស្ថានទូត​អូស្ត្រាលី និង​កញ្ញា ម៉ៅ ច័ន្ទដាលី អាយុ ២៧​ឆ្នាំ ធ្វើការ​នៅ​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ បាន​បង្កើត​កំណត់ត្រា​ថ្មី​មួយ​សម្រាប់​ប្រទេស​កម្ពុជា ដោយ​បាន​ឡើង​ដល់ចំណុច Everest Base Camp ដែល​មាន​កម្ពស់ ៥៣៦៤​ម៉ែត្រ នៅថ្ងៃ​ទី​១៧ ខែ​ឧសភា​ ឆ្នាំ២០១៩នេះ បន្ទាប់​ពី​ដើរ​ចំនួន​៦​ ទៅ​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ នៅលើ​ចម្ងាយ​ផ្លូវ​ប្រមាណ​ជា​ ១២៨​គីឡូម៉ែត្រ។ 
 

 
ការព្យាយាម​លើក​ដំបូង​របស់​ជន​ជាតិ​ខ្មែរ​ ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​២០១២ ដែល​ពេល​នោះ​ប្អូន​ប្រុស​ឈ្មោះ លឹម ពិសិដ្ឋ អាយុ​២៧ឆ្នាំ បាន​ស្លាប់​នៅ​ពេល​ឡើង​ជាមួយ​នឹង​គោលបំណង​ទៅ​ដោត​ទង់ជាតិ​កម្ពុជា នៅ​លើ​កំពូល​ភ្នំ​នេះ។ 
សុជាតា និង ដាលី បាន​ចំណាយ​ពេល​ដើរ​ចំនួន​៧​ថ្ងៃ ជាមួយ​មគ្គុទ្ទេសក៍​​ជនជាតិ​នេប៉ាល់​១រូប ដោយ​ត្រូវ​ពុះពារ​ជំនះ​អាកាសធាតុ​ដ៏​លំបាក​បំផុត រួមមាន កម្រិត​ទាប​នៃ​បរិមាណ​អុកស៊ីសែន ដែល​ទាមទារ​ឲ្យ​មាន​ការស៊ូ​ទ្រាំ​ខ្លាំង​បំផុត។ 
សុជាតា គឺ​ជាអ្នក​ឡើង​ភ្នំ​ដ៏​មាន​បទពិសោធន៍​កន្លង​មក។ សុជាតា បាន​ឡើង​ភ្នំ Fansipan នៅ​វៀតណាម ដែល​មាន​កម្ពស់​ ៣១៤៣​ម៉ែត្រ កាលពី​ឆ្នាំ​​២០១៧ ដែល​វា​គឺ​ជា​ភ្នំ​ខ្ពស់​បំផុត​នៅ​ឥណ្ឌូចិន។ កាល​ពី​ឆ្នាំ​២០១៨ សុជាតា ក៏​បាន​ឡើង​ភ្នំ​ឱរ៉ាល់​ដែល​ជា​ភ្នំ​ខ្ពស់​បំផុត​នៅ​កម្ពុជា មាន​កម្ពស់ ១៨១៣​ម៉ែត្រ។
 

EDC APP