LAKE_TUNLE SAB LAKE បឹងទន្លេសាប

បឹង​ទន្លេសាប​ជាបឹងធំ​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍ ជា​បឹង​ដែល​ផ្តល់​ទិន្នផល​ត្រី​ច្រើន​ជាង​គេ​លើ​ពិភពលោក ជា​ជម្រក​សត្វ​ស្លាប​ទឹក​ធំជាងគេ​នៅក្នុង​តំបន់ ជា​កន្លែង​ដែល​អាច​ប្រមូល​ផល​សត្វ​ពស់​ច្រើនជាងគេ​លើ​ពិភពលោក (៥​លាន​ក្បាល​ក្នុង ១ ឆ្នាំ​) ហើយ​បាតុភូត​ដែល​មាន​តែ​មួយ​នៅ​លើ​ពិភពលោក​គឺ​នៅពេល​រដូវវស្សា ទន្លេសាប​ស្រូបយក​ទឹក​ពី​ជំនន់​ទន្លេមេគង្គ ហើយ​នៅ​រដូវ​ទឹក​សម្រក គឺ​ទន្លេសាប​បញ្ចេញ​ទឹក​ពី​អាង​របស់ខ្លួន​មក​ទន្លេមេគង្គ​វិញ​។ នេះ​បើ​តាម​ការផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម facebook របស់​លោក​នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី 21 ខែ​ឧសភា​ឆ្នាំ 2019​។​ 

លោក​ នេត ភ​ក្ត្រា បាន​លើកឡើង​ថា​ ​ បឹងទន្លេសាប​ជា​បឹង​ធំ​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍​។ ប្រជាជន​កម្ពុជា​ហៅ​បឹង​ទន្លេសាប ជា​កូន​សមុទ្រ​ទឹកសាប​ដោយសារ​វិសាលភាព​ដ៏​ធំ​របស់​បឹង​នេះ​។ បឹង​ទន្លេសាប ជា​អាង​ស្តុក​ទឹកធម្មជាតិ និង​ជា​ជម្រក​មច្ឆាជាតិ​ដ៏​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា​។ នៅ​រដូវប្រាំង​  បឹង​មាន​ទំហំ​តូច ប្រហែល ២.៧០០ គ​.​ម​២ និង​មាន​ជម្រៅ​ជាង​១​ម៉ែត្រ​ប៉ុណ្ណោះ​។ នៅ​រដូវវស្សា​វិញ ទឹក​ទន្លេមេគង្គ​ច្រាល​ឡើង​តាម​ទន្លេសាប ចូលមក បឹង​ទន្លេសាប ធ្វើឱ្យ​បឹង​នេះ​មាន​ទំហំ​ដល់​ទៅ​ជាង ១៦.០០០ គ​.​ម​២ និង​ជម្រៅ​ដល់​ទៅ ៩​ម៉ែត្រ​។ បឹង​ទន្លេសាប ពង្រីក​វិសាលភាព​របស់ខ្លួន​នៅ​រដូវវស្សា ដោយ​ពង្វាត​ផ្ទៃ​ទឹក​ចូល​ទៅ​តាម​តំបន់​ព្រៃរនាម ដែល​នៅ​ជុំវិញ បង្ក​លក្ខខណ្ឌ​អនុគ្រោះ​ដល់​ការពង​កូន​របស់​មច្ឆា​ជាតិ​។ កត្តា​នេះ​ហើយ​ដែល​ធ្វើឱ្យ​បឹង​ទន្លេសាប ក្លាយ​ជា​ប្រភព​ត្រី​ទឹកសាប​ធំ​ជាង​គេ​នៅលើ​ពិភព លោក​។ បឹង​ទន្លេសាប ផ្គត់ផ្គង់​ជីវភាព​ប្រជាជន​កម្ពុជា​  ដោយផ្តល់​ត្រី​ទឹកសាប ៧៥%​នៃ​ផលិតផល​ត្រី​ទឹកសាប​សរុប​ក្នុងប្រទេស​។ 
ចរន្តទឹក​ដែល​ហូរ​បញ្ច្រាស់​គ្នា​ចូល​ និង​ចេញពី​បឹង​ទន្លេសាប ជា​លក្ខខណ្ឌ​ការពារ​ទឹក​ជំនន់​នៅ​រដូវវស្សា និងការខ្វះខាត​ទឹក​នៅ​រដូវប្រាំង​។ នៅ​រដូវវស្សា បឹង​ទន្លេសាប​ផ្តល់​៥០%​នៃ​ទឹក​ដែល​ហូរ​ទៅ​ស្រោចស្រប់​តំបន់​ដីសណ្តរ​ទន្លេមេគង្គ​។​​ 
ដៃ​បឹង​ទន្លេសាប​មាន​​​ ៖
- ដៃ​បឹង​ទន្លេសាប​ខាងឆ្វេង​មាន​ ៖ 
      ១.ស្ទឹង​ស្រែង មាន​ប្រភព​ពី​ភ្នំ​ដងរែក 
     ២.ស្ទឹង​សៀមរាប មាន​ប្រភព​មក​ពី​ភ្នំ​គូលែន​ 
     ៣.ស្ទឹង​រលួស 
     ៤.ស្ទឹង​ជីក្រែង 
     ៥.ស្ទឹង​ស្ទោង 
     ៦.ស្ទឹងសែន ដែល​មាន​ប្រវែង ៤៥០​គ​.​ម​។
 - ដៃ​បឹង​ទន្លេសាប​ខាងស្ដាំមាន​ ៖
     ១.ស្ទឹង​សេរី​សោភ័ណ្
     ២.ស្ទឹង​មង្គល​បូរី
     ៣.ស្ទឹង​សង្កែ​ 
     ៤.ស្ទឹង​មោង ​(​ស្ទឹង​ដូនតី​)
     ៥.ស្ទឹង​ស្វាយដូនកែវ
     ៦.​ស្ទឹង​ពោធិ៍សាត់​ 
     ៧.ស្ទឹង​បូរិ​បូណ៍ ៕​   (ដោយ​​   បញ្ញា​ស័ក្តិ​ )





















EDC APP