STAR_KHMER / HE CHUNSIK ហេ ជុនសិ

 


លោកព្រឹទ្ធាចារ្យ ហេ ជុនសិ ជំនួយការដ៏ជិតស្និទ្ធបំផុតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត កាលពីទសវត្ស៧០   និងជាអតីតតន្ត្រីករវីយូឡុងជើងចាស់ បានទទួលមរណភាពហើយ នៅម៉ោង ១២.៤៥ នាទី ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២១ នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ស្តាតអូឡាំពិក ដោយជំងឺប្រចាំកាយផង និងការវាយលុកយ៉ាងសាហាវពីជំងឺកូវីដ១៩ផង។ លោក មានជំងឺលើសឈាម និងកៀបសរសៃចង្កេះរ៉ាំរ៉ៃ​  អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ កាលពីសប្ដាហ៍មុន លោកព្រឹទ្ធាចារ្យទទួលទានអ្វីលែងបាន ក្រុមគ្រួសារក៏បានបញ្ជូនលោកទៅមន្ទីរពេទ្យ ជោរ៉ៃ (ច្បារអំពៅ) តែគេធ្វើរ៉ាពីតេស្ត ឃើញមានវិជ្ជមានកូវីដ-១៩ គេក៏បញ្ជូនមកមណ្ឌលព្យាបាលកូវីដ នៅស្តាតអូឡាំពិក ហើយក្រុមគ្រូពេទ្យនៅទីនោះ ព្យាយាមសង្គ្រោះអាយុជីវិតលោកយ៉ាងយកចិត្តទុកដាក់បំផុត តែអកុសលស្ថានភាពជំងឺរបស់លោក មានអាការៈធ្ងន់ធ្ងរពេកពុំអាចទប់ទល់បាន ក៏ទទួលមរណភាណនៅម៉ោង ១២.៤៥ នាទី ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២១ ។
លោក ហេ ជុនសិ កើតថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៤១ នៅស្រុកសៀមរាប ខេត្តសៀមរាប ក្នុងត្រកូលគ្រួសារកសិករ បានចូលបំរើក្នុងវិស័យសិល្បៈតាំងពីដើមទសវត្ស៦០ ជាតន្រ្តីករដ៏ជំនាញផ្នែកវីយូឡុង និងជាអ្នកនិពន្ធបទភ្លេង ជាអ្នកសម្រួលតន្រ្តី និងជាអ្នកដឹកនាំភ្លេងប្រគំដ៏ពូកែមួយរូបផងដែរ។ ស្នាដៃសំខាន់ៗដែលលោកបានកសាងរួមមាន បទ វាលស្រែមួយរយ , បទ សោភិនីមាសស្នេហ៍, បទ ចន្ទពេញបូរមី, បទ សំរែកស្នេហ៍កម្មលោកិយ៍, បទ តាមកម្មផល, បទ ស្តាយអើយសែនស្តាយ, បទ ជួយបង, បទ បេះដូងកំព្រា, បទ ស្នេហ៍យើង និងបទ ថ្ងៃស្អែកបែកគ្នា ជាដើម។ ទន្ទឹមនឹងនេះ ក្នុងសម័យសាធារណរដ្ឋខ្មែរ លោកក៏បានក្លាយជាជំនួយការផ្ទាល់របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត និងជាអ្នករត់ការថតថាសចម្រៀង សម្រាប់ផលិតកម្មធំៗទៀតផង។
ក្នុងវិស័យសិល្បៈចម្រៀងខ្មែរ លោកព្រឹទ្ធាចារ្យ ហេ ជុនសិ គឺជាសាក្សីរស់ដំសំខាន់ ដែលនៅចងចាំរឿងរ៉ាវជាច្រើនទាំងរឿងរ៉ាវសិល្បៈ និងរឿងរ៉ាវឯកជនរបស់សិល្បករល្បីៗជាច្រើន។ កាលពីឆ្នាំ២០១៦ ក្រុមព្រះសុរិយា បានជួបលោកដោយផ្ទាល់ និងបានកត់ត្រាប្រវត្តិលោកទុក ជាមួយមរតកស្នាដៃរបស់លោក នៅខណៈពេលនោះ លោកបានស្ម័គ្រចិត្តធ្វើជាសាក្សីមួយរូប ក្នុងការបំពេញលក្ខខណ្ឌទទួលកម្មសិទ្ធិបញ្ញា ស្នាដៃចម្រៀងរបស់កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន ចំនួន៤១បទ។





EDC APP