LEADER_SON NGOC THANH / សឺង ង៉ុកថាញ់

 


កើត​នៅ​ឆ្នាំ១៩០៥ តែថ្ងៃខែឆ្នាំជាផ្លូវការគឺថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩០៨  ស្លាប់ឆ្នាំ១៩៧៧ នៅក្នុងគុកជីវ៉ា (Chí Hòa) របស់បក្សកុម្មុយនិស្តយួន។ ជាអតីតនាយករដ្ឋមន្រី្តខ្មែរឆ្នាំ១៩៤៥ និង ១៩៧២ ជាអតីតប្រមុខចលនាខ្មែរសេរី និងកងកម្លាំងពិសេសខ្មែរ និងជាអ្នកបានបង្កើតសារព័ត៌មានជាភាសាខ្មែរមុនដំបូងនៅកម្ពុជាឈ្មោះ «នគរវត្ត» នាឆ្នាំ១៩៣៦ ។
ជាបុត្ររបស់លោកអភិបាលខេត្តព្រះត្រពាំង សឺង ណែវ និងលោកស្រី ថាច់ ធី តុប  ជាប្រពន្ធទី២ ដែលបានរៀបមង្គលការក្រោយពីប្រពន្ធទី ១ មានជម្ងឺស្លាប់ 
អាយុបាន១១ ឆ្នាំ លោកអភិបាលខេត្តសឺង ណែវ ជាឪពុកបានស្លាប់​ចោលទុកឲ្យនៅក្រោមការបីបាច់ថែរក្សាពីម្តាយ​។ កាលនៅកុមារ  លោកបានរៀនអក្សរខែ្មរនៅក្នុងវត្តសិលាជលធី ( វត្តគគីរ ) ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង។ ក្រោយមក  លោកយាយ ថាច់ ធីតុប បានបញ្ជូនលោកឲ្យទៅរៀននៅសាលាបឋម​សិក្សាជាន់ដំបូងនៅទីរួមខេត្តព្រះត្រពាំង និងទៅបន្ត​ការសិក្សាថ្នាក់បឋមសិក្សាបំពេញវិជ្ជានៅសាលា ឌូដាឌឺឡាក្រេ នាទីក្រុងភ្នំពេញ ។ ពេលបានបញ្ចប់ថ្នាក់បឋមសិក្សាបំពេញវិជ្ជាហើយ លោកក៏បានទៅបន្តការសិក្សានៅទីក្រុងព្រៃនគរ ។ លុះធំពេញវ័យ លោកបានទៅបន្តការសិក្សានាទីក្រុងប៉ារិស ប្រទេស​បារាំង ផ្នែកនីតិសាស្ត្រ ។ ពេលនោះ លោក សឺង ថាយ ង្វៀង ជាប្អូនប្រុសរបស់លោក ក៏បានទៅបន្តការសិក្សានៅប្រទេស បារាំងជាមួយលោកផងដែរ។
ឆ្នាំ១៩៣៦  សឺង ង៉ុកថាញ់ លោក ប៉ាច ឈឹន និង​លោក សឹម វ៉ា បាន​រួម​គ្នា​បង្កើត​សារព័ត៌មាន​ជាភាសា​ខ្មែរ​លើក​ដំ​បូងនៅ​ស្រុក​ខ្មែរ​ ឈ្មោះ «នគរវត្ត» ដែល​មាន​លោក ប៉ាច ឈឺន ជា​ចាងហ្វាង​នយោបាយ​ បាន​ធ្វើការ​ទាក់​ទងយ៉ាង​ជិត​ស្និទ្ធ​ជាមួយពុទ្ធសាសនបណ្ឌិត្យ និង​ក្រោយ​មក បាន​ទទួលការតែង​តាំង​ជា​បណ្ណាគារក្ស​នៃពុទ្ធសាសនបណ្ឌិត្យ ។
ថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤២   សឺង ង៉ុកថាញ់ បានសម្រេចធ្វើបាតុកម្មទាមទារឲ្យបារាំងដោះលែងព្រះអាចារ្យ ហែម ចៀវ និងលោក នួន ឌួង មកវិញ។ ជាមហាបាតុកម្មលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ដែលមានព្រះសង្ឃចូលរួមជាង ៥០០ អង្គ និងប្រជាពលរដ្ឋជាង៥០០ នាក់។ ការធ្វើបាតុកម្មនេះ ត្រូវបានបារាំង និងពួកបរិវារបង្ក្រាបយ៉ាងចាស់ដៃ ព្រមទាំងបានរកចាប់ព្រះសង្ឃ និងគ្រហស្ថជាក្រុមបាតុករទាំងអស់ ដែលបារាំងចោទថាមេបះបោរយកទៅដាក់គុក រួចនិរទេសទៅកោះត្រឡាច រហូតដល់មានអ្នកបាត់បង់ជីវិត។ ចំណែក សឺង ង៉ុកថាញ់ បន្ទាប់ពីធ្វើបាតុកម្មមិនបានសម្រេច «ឯករាជ្យ បារាំងមិនព្រមប្រគល់ឲ្យ  ព្រះអាចារ្យ ហែម ចៀវ បារាំងក៏មិនព្រមដោះលែង ហើយថែមទាំងបង្ក្រាប់អ្នកតស៊ូដទៃទៀត» លោក​ក៏បានភៀសខ្លួនទៅទីក្រុងបាងកក ប្រទេសសៀម ហើយអាជ្ញាធរជប៉ុន ក៏បានយល់ព្រមផ្តល់សិទ្ធិជ្រកកោននយោបាយនៅប្រទេសជប៉ុន។
បានធ្វើជាទេសរដ្ឋមន្រ្តីទទួលកិច្ចការបរទេស ក្រោយត្រឡប់ចូលស្រុកវិញ  ពេលជប៉ុនបាន​ធ្វើរដ្ឋប្រហារឥណ្ឌូចិននៅថ្ងៃទី ០៩ ខែមិនា ឆ្នាំ ១៩៤៥  និងចាត់ទុកសន្ធិសញ្ញា បារាំង ខ្មែរ លាវ យួន ជាមោឃៈ ដោយបានចាប់ពួកអាជ្ញាធរបារាំងដាក់គុក ព្រមទាំងប្រកាសឯករាជ្យនៅឥណ្ឌូចិន។ 
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៤៥ បណ្ឌិត​ សឺង ង៉ុក ថាញ់ បានឡើងធ្វើជានាយករដ្ឋមន្ត្រី រហូតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៤៥  បារាំងបានចូលមកត្រួតត្រាឥណ្ឌូចិនម្តងទៀត ហើយក៏បានចាប់ខ្លួននាយករដ្ឋមន្ត្រី​ សឺង ង៉ុកថាញ់ ទៅដាក់គុកនៅព្រៃនគរ កូសាំងស៊ីន (កម្ពុជាក្រោម) ។ ក្រោយមក បារាំងក៏បាននិរទេស សឺង ង៉ុកថាញ់ ទៅបង្ខាំងទុក​នៅ Poitiers ប្រទេសបារាំង ។ រយៈពេលដែលនៅប្រទេសនោះ សឺង ង៉ុកថាញ់ បាន​ឆ្លៀតរៀនបន្តរហូតដល់បានប្រឡងជាប់បណ្ឌិតផ្នែកច្បាប់។
នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៥១ សឺង ង៉ុកថាញ់ បានវិលត្រឡប់មកប្រទេសកម្ពុជា ក្រោយពីការនិរទេសខ្លួនទៅនៅប្រទេសបារាំងអស់រយៈពេល ៦ ឆ្នាំ។ ដល់ភ្នំពេញ សឺង ង៉ុកថាញ់ បានបង្កើតកាសែតមួយដែលមានឈ្មោះថា «ខ្មែរក្រោក» ដើម្បីពន្យល់ឲ្យប្រជារាស្ត្រខ្មែរនាពេលនោះបានយល់ថា «ខ្មែរមិនទាន់បានឯករាជ្យពិតប្រាកដទេ» ម្ល៉ោះហើយទើបកាសែតនេះ ត្រូវបានរដ្ឋាភិបាលបិទនៅដំណាច់ខែកុម្ភៈ ឆ្នាំ១៩៥២។
នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ១៩៥២ ដែលជាទិវាខួបលើកទី ៧ នៃពលប្រហាររបស់កងទ័ពជប៉ុន សឺង ង៉ុកថាញ់ បានភៀសខ្លួនចេញពីរាជធានី ដោយបានយកទៅជាមួយវិទ្យុទាក់ទងមួយគ្រឿង និងរត់ទៅជាមួយបក្សពួកមួយចំនួនតូច ដែលនៅក្នុងនោះមានបញ្ញវន្តឆ្វេងនិយមដ៏ល្បីម្នាក់គឺលោក អៀ ស៊ីចូវ។ ក្នុងរយៈពេលមួយខែ សឺង ង៉ុកថាញ់ បានចាត់តាំងបញ្ជាការដ្ឋាននៅតាមព្រំដែនថៃ នៅក្នុងតំបន់ភាគខាងជើងនៃខេត្តសៀមរាប ដោយចូលកម្លាំងជាមួយ «ខ្មែរឥស្សរៈ» មួយក្រុម ដឹក​នាំដោយលោក កៅ តក់ ដើម្បីប្រឆាំងអាណានិគមនិយមបារាំង ។
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៥៤ សន្និសីទ​ក្រុងហ្សឺណែវបានប្រកាសប្រគល់ឯករាជ្យដល់ប្រទេសឥណ្ឌូចិន ដែលមានកម្ពុជា លាវ និងយួន។ ពេលនោះ ប្រទេសយួនត្រូវចែកជាពីរដាច់ដោយឡែកពីគ្នា គឺខាងជើងចាប់ពីខ្សែស្របទី ១៧ ទៅទិសខាងជើង ត្រូវឋិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតយួន (Việt Nam Dân Chủ Cộng Hòa) ដែលមាន ហូ ជីម៉ិញ ជាមេដឹកនាំ ឯភាគខាងត្បូងចាប់ពីខ្សែស្របទី ១៧ ទៅទិសខាងត្បូងដែលមានដែនដីចម្ប៉ា​ និងដែនដីកម្ពុជាក្រោម(កូសាំងស៊ីន) ត្រូវបានឋិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលសាធារណរដ្ឋយួន (Việt Nam Cộng Hòa) ដែលមាន ង៉ូ ដិញ យៀម (Ngô Đình Diệm) ជាប្រធានាធិបតី។
ក្រោយមកកងទ័ព«ចលនាខ្មែរឥស្សរៈ» បានដាក់អាវុធចុះចូលរួមរស់ក្នុងសង្គមជាតិវិញ។ សឺង ង៉ុកថាញ់ ពេលនោះបម្រុងនឹងចូលរួបរួមក្នុងមហាសង្គមជាតិដែរ តែសម្តេច នរោត្តម សីហនុ បានជំទាស់។ សឺង ង៉ុកថាញ់បានត្រឡប់ទៅកម្ពុជាក្រោមវិញនាខែមីនា ឆ្នាំ១៩៥៧ ហើយបានបង្កើតចលនាមួយហៅថា « ចលនាខ្មែរសេរី » នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៥៨ ក្នុងគោល បំណង « តស៊ូដើម្បីសេរីភាពខ្មែរក្រោម »  នៅភូមិធំ សង្កាត់ឡុក និញ(Lộc Ninh) ខេត្ត នាគគរី(Bình Long) កម្ពុជាក្រោម ដោយមានសមាជិកចូលរួមទាំងព្រះសង្ឃ និងគ្រហស្ថប្រមាណជា ១៤០នាក់។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ទីក្រុងភ្នំពេញ លោកសេនាប្រមុខ លន់ នល់ ទម្លាក់សម្ដេច សីហនុពីតំណែងប្រមុខរដ្ឋខ្មែរ ក្រោមមូលហេតុស្តេច សីហនុ គាំទ្រវៀតកុង និងចិនប៉េកាំង ដោយឲ្យយួនកម្មុយនិស្តយកទឹកដីប្រទេសកម្ពុជាធ្វើជាទីតាំងសមរភូមិប្រយុទ្ធ ជាមួយយួនខាងត្បូង និងអាមេរិកកាំង។
ក្រោយពីទម្លាក់សម្តេច នរោត្តម សីហនុ ចេញពីតំណែងប្រទេសកម្ពុជាបានប្តូរឈ្មោះទៅជាសាធារណរដ្ឋខ្មែរ​ ហើយរបបថ្មីមួយនេះ ត្រូវបានតាំងនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
ថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧២   សឺង ង៉ុកថាញ់ បានឡើងធ្វើជានាយករដ្ឋមន្ត្រីម្តងទៀតនៅ​ក្នុងរបបសាធារណរដ្ឋខ្មែរនៃប្រទេសកម្ពុជា។ សមាសភាពរដ្ឋាភិបាលនាពេល​នោះ រួមមាន រដ្ឋមន្ត្រីទី ១ មួយរូប ទេសរដ្ឋមន្ត្រី ៥ រូប​  រដ្ឋមន្ត្រី ១១  ហើយរូបលោកផ្ទាល់ត្រូវបានបំពេញតួ​នាទីជារដ្ឋមន្ត្រីទី ១ ផង  និងរដ្ឋមន្ត្រីក្រសួងការបរទេសផង។
ថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៧២ សឺង ង៉ុកថាញ់ បានសុំលាចេញពីតំណែងនៃរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ហើយបានវិលត្រឡប់ទៅរស់នៅកម្ពុជាក្រោមវិញ។
ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥  យួនកុម្មុយនិស្ត​ខាងជើងបានទទួលជ័យជំនះលើរបប​យួនសេរី​(ភាគខាងត្បូង)   ពួកគេបានចូលធ្វើអាណានិគមលើជនជាតិដើមខ្មែរក្រោមជំនួសយួនសេរីវិញ ហើយបានចាប់ខ្លួន សឺង ង៉ុកថាញ់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៧៥   ចោទពីទោសធ្វើនាយករដ្ឋមន្ត្រីនៅកម្ពុជា 
ថ្ងៃទី០៨ ខែកក្ដដា ឆ្នាំ១៩៧៧  ក្រសួងមហាផ្ទៃបក្សកុម្មុយនិស្តយួនចេញលិខិតជូនដំណឹងមួយច្បាប់ដល់ក្រុមគ្រួសារ សឺង ង៉ុកថាញ់ ថា សឺង ង៉ុកថាញ់ បានស្លាប់នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ១៩៧៧ វេលាម៉ោង ១១ និង៤០ នាទី ក្នុងគុកជីវ៉ា ( Trại Cải Tạo Chí Hòa ) ក្នុងជន្មាយុ ៦៩ ឆ្នាំ។
មានបងប្អូន រួមផ្ទៃ៖                                                                                                      លោក សឺង ថាយ ស៊ុន (បងប្រុស)
     លោក សឺង ថាយ ហ្វៀន (បងប្រុស)
     អ្នកស្រី សឺង ធី ចាវ (បងស្រី)
     អ្នកស្រី សឺង ធី សឹម (បងស្រី)
    បណ្ឌិត សឺង ង៉ុក ថាញ់ (រូបលោក)
    លោក សឺង ថាយ ង្វៀង (ប្អូនប្រុស)
    អ្នកស្រី សឺង ធី ថែម (ប្អូនស្រី)   កើតឆ្នាំ ១៩១១
មានបងប្អូនរួមឱពុកម្តាយទីទៃ ៣ នាក់ ទៀត ដែលត្រូវជាកូនរបស់ប្រពន្ធទី ១ នៃលោកអភិបាលខេត្ត សឺង ណែវ ។ 
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៣៨ សឺង ង៉ុក ថាញ់ បានរៀបអាពាហ៍ពិពាហ៍នឹងលោកស្រី ឡាំ ធី អ៊ុក ជាកូនស្រីទី ១០ របស់មហាសេដ្ឋី ឡាំ ទន់ (១៨៦៣ - ១៩៣៩) និងលោកយាយ ត្រឹង ធី ស៊ុក  នៅភូមិបាស្រែ (ក្បែរស្រះគូ)  ខេត្តព្រះត្រពាំង ។
សឺង ង៉ុក ថាញ់ និងលោកស្រី ឡាំ ធី​អ៊ុក មានបុត្រប្រុសស្រីចំនួន ៤ នាក់ គឺ៖
         សឺង ហ្វា យ៉ិន (ស្រី)
         សឺង សេរីវុធ (ប្រុស)
         សឺង ទី ឡាយ (ប្រុស)
         សឺង ង៉ុក ម៉ាយ (ស្រី)



EDC APP