LEADER_LONG BORET / ឡុង បូរ៉េត

 


កើត​ថ្ងៃទី០៣ ខែមករា ឆ្នាំ១៩៣៣ នៅ​ឃុំច្បារ​អំពៅ ស្រុក​កៀន​ស្វាយ​ ខេត្រ​កណ្តាល​ ជាកូន​របស់​លោក​ ឡុង មាស និង​នាង​ នាង​ អៀង​ពុធ។                                                          បាន​ចូល​រៀន​នៅ​វិទ្យាល័យ​ដ៏​មាន​កិត្យានុភាព​នៅ​ប្រទេស​កម្ពុជា     គឺ​ វិទ្យាល័យ​ស៊ីសុវត្ថិ​ ពី​ឆ្នាំ​ ១៩៤៦ ដល់​ឆ្នាំ​១៩៥២   ហើយ​បាន​បន្តទៅ​រៀន​នៅ​ប្រទេសបារាំង​ ពី​ឆ្នាំ​១៩៥៣ ដល់​ឆ្នាំ​ ១៩៥៥។ ក្រោយ​ពេល​ត្រឡប់​មក​វិញ បាន​ចូល​បម្រើ​ការងារ​នៅ​រតនាគារជាតិ។                 ឆ្នាំ​១៩៥៨   បាន​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​ប្រចាំ​ខេត្រ​ស្ទឹង​ត្រែង ហើយ​ក៏​ជា​អ្នក​តំណាង​រាស្រ្ត​ក្មេង​ជាង​គេ​នៅ​ជំនាន់​នោះ​ដែរ   បន្ទាប់មកបានទទួលតំណែងជា​អនុ​រដ្ឋ​លេខាធិការ​ផ្នែក​សកម្ម ភាព​ពលកម្ម​  និង​សង្គម។                                                                         ឆ្នាំ១៩៦២   បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្រ្ត​សាជា​ថ្មី​ នៅ​អំឡុង​ពេល​នោះ​ដែរ គាត់​ត្រូវ​បាន​គេ​ស្គាល់​ក្នុង​នាម​ជា​អ្នក​និពន្ធ​​ សៀវភៅ​ប្រលោមលោក​ស្នេហា​មួយ​ចំនួន​ ដែល​ភាគ​​ច្រើន​បាន​ចេញ​ផ្សាយ​តាម​កាសែត។ គាត់​ត្រូវ​បាន​ផ្តល់​តំណែង​ជា​រដ្ឋលេខា​ធិការ​ក្រសួង​​សេដ្ឋកិច្ច​ ប៉ុន្តែ​គាត់​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ចុះ​ចេញ​ពី​តំណែង​វិញ​នៅ​ឆ្នាំ​១៩៦៣ ដោយ​សារ​តែ​គាត់​បាន​ប្រឆាំង​ជា​ចំហចំពោះ​ការសម្រេច​ព្រះទ័យ​របស់​ព្រះ​ប្រមុខរដ្ឋ​ នរោត្តម​ សីហនុ ដែល​ចង់ធ្វើ​ជាតូបនីយកម្ម​លើ​ធនាគារ និង​ជំនូញ​បរទេស។​ គាត់​នៅ​តែ​រក្សា​កៅ​អី​តំណាង​រាស្ត្រ​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​១៩៦៦។ គាត់​បាន​កាន់​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ពី​ឆ្នាំ១៩៧១ ដល់១៩៧២ និង​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ពី​ឆ្នាំ១៩៧២ ដល់​ឆ្នាំ១៩៧៣។                                               នៅ​ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ១៩៧៣   បាន​បន្ត​តំណែង​ពី​លោក អ៊ីន តាំ ​ជា​នាយករដ្ឋមន្រ្តី​នៃ​សាធារណរដ្ឋខ្មែររហូតដល់​ថ្ងៃ១៧ ខែមេសា​ ​ឆ្នាំ​១៩៧៥ ។                                                នៅ​ថ្ងៃ​ទី០២ ខែមេសា ​ឆ្នាំ១៩៧៤ គាត់​បាន​ក្លាយ​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​ទាំង​៤​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​មួយ​ ដែល​រូម​មាន​ប្រធានាធិបតី លន់ នល់  ទ្រង់​ ស៊ីសុវត្ថិ សិរីមតៈ និង​ឧត្តមសេនីយ៍ សូស្ថេន ហ្វឺរណាន់ដេស។                                                                 នៅ​ថ្ងៃទី ០៨ ខែមេសា ឆ្នាំ១៩៧៥      គាត់​បាន​ព្យាយាម​​​ចរចា ដើម្បីសន្តិភាព​​ជា​មួយ​តំណាង​​​ពួក​ខ្មែរ​ក្រហម នៅ​ក្រុង​បាងកក  តែមិន​បាន​សម្រេច                                                ឡុង បូរ៉េត​ ​បដិសេធ​មិន​ព្រម​​ឲ្យ​គេ​​ជម្លៀស​គាត់​​ចេញ​ឡើយ​ នៅ​តែ​ទៅ​ធ្វើ​ការរហូតដល់​ថ្ងៃ​ខ្មែរ​ក្រហម​វាយ​បែក​ក្រុង​ភ្នំពេញ (១៧មេសា១៩៧៥)      ចុងក្រោយព្យាយាម​ឡើង​​ឧទ្ធម្ភាចក្រ​​ជា​មួយ​ប្រពន្ធ​ និង​កូន ប៉ុន្តែ​ពួក​យោធា​ខ្មែរបាន​បាញ់​ស្រោច​យ៉ាង​សាហាវ​លើ​ឧទ្ធម្ភាចក្រ។        ឡុង បូរ៉េត​ ​ ជិះឡានស៊ីត្រូពណ៌​ខ្មៅ​​ដែល​បើក​ដោយ​ប្រពន្ធ​របស់​គាត់មក​ឈប់នៅ​ក្រៅ​ស្ថានទូត​បារាំង ហើយបានប្រគល់ខ្លួនឲ្យ​ពួក​ខ្មែរ​ក្រហមដោយដើរ​ជា​ជួរ​ជា​មួយ​អ្នក​ទោស​ជា​ច្រើនទៀត។ កុយ ធួន មេ​បញ្ជារការ​រង​ទ័ព​ស្រួច​របស់​ខ្មែរ​ក្រហម បានរៀបចំ «គណកម្មការ​កំចាត់​ខ្មាំង» នៅ​សណ្ឋាគារ​មនោរម្យ មានភារកិច្ច​ដំបូង​គឺ​ ប្រហារ​ជិវិត​​មេដឹកនាំ​កំពូល​​របស់​រដ្ឋាភិបាល។ វិទ្យុ​​ខ្មែរ​ក្រហម​ បាន​រាយការណ៍​នៅ​ពេល​ក្រោយ​មក​ថា ឡុង ​ បូរ៉េត​ ត្រូវ​បាន​ប្រហារ​ជិវិត​នៅ​​ក្នុងបុរីកីឡា (​Cercle Sportif) នៅក្រុង​ភ្នំពេញដោយ​កាត់​ក្បាល ប៉ុន្តែ​របាយការណ៍​ផ្សេង​ទៀត​បាន​បញ្ជាក់​ថា គាត់​ និង​ទ្រង់​ ស៊ីសុវត្ថិ សិរីមតៈ ត្រូវ​បាន​ប្រហារ​ជិវិត​ដោយ​ក្រុម​បាញ់​​​កាំភ្លើង។​         ឡុង បូរ៉េត​ មានកូនបី   ស្រីពីរ  ប្រុសមួយ​ (ធី)  សព្វថ្ងៃរស់នៅអាមេរិក។                                                                                                               


EDC APP