សត្វតំណាងប្រទេសសមាជិកអាស៊ានទាំង ១០

 


១/ ប្រទេសកម្ពុជា

គោព្រៃ (Kouprey) គឺជាសត្វតំណាងជាតិរបស់ប្រទេសកម្ពុជា ព្រោះវាគឺជាមរតកធម្មជាតិដ៏សំខាន់មួយរបស់ប្រទេស។ នៅឆ្នាំ១៩៦៤ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» បានចេញព្រះរាជប្រកាសជាផ្លូវការថា សត្វតំណាងជាតិនៃប្រទេសកម្ពុជា គឺសត្វគោព្រៃ និងបានចេញច្បាប់ហាមប្រាមមិនឱ្យមានការបរបាញ់ថែមទៀតផង។ គោព្រៃ គឺជាប្រភេទសត្វកម្រមួយប្រភេទដែលស្ទើរតែផុតពូជទៅហើយនៅតំបន់ឥណ្ឌូចិន។ គេជឿថាពួកវាអាចនៅមានសេសសល់ក្នុងព្រៃនៃប្រទេសកម្ពុជា ដូចជា ខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ។



២/ ប្រទេសថៃ

សត្វតំណាងប្រទេសថៃ គឺ គជសារអាស៊ី (Asian Elephant)។ តាំងពីសម័យបុរាណមក សត្វមង្គលប្រភេទនេះបានផ្សារភ្ជាប់យ៉ាងសំខាន់ជាមួយប្រជាជនសៀម ទាំងនៅក្នុងសមរភូមិសង្គ្រាម ការប្រារព្ធពិធីនានា ក៏ដូចជានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ នៅតំបន់ឥណ្ឌូចិនបច្ចុប្បន្ន មានតែប្រទេសថៃទេដែលនៅសេសសល់ដំរីអាស៊ីច្រើនជាងគេ ដោយរដ្ឋាភិបាលថៃក៏បានបង្កើតមណ្ឌលអភិរក្សសត្វដំរីដ៏ធំក្នុងប្រទេសផងដែរ។ 

៣/  ប្រទេសហ្វីលីពីន
សត្វតំណាងប្រទេសហ្វីលីពីន គឺ ក្របីស្រុក (Water Buffalo)។បានជាប្រទេសដែនកោះមួយនេះចាត់ទុកក្របីជាតំណាងជាតិរបស់ខ្លួននោះ ដោយសារប្រជាជនហ្វីលីពីនភាគច្រើនធ្វើកសិកម្មបានផលចិញ្ចឹមជីវិត ក៏ព្រោះតែមានសត្វក្របីនេះជាកម្លាំងអូសទាញយ៉ាងសំខាន់។អ្នកស្រុកហ្វីលីពីនហៅសត្វក្របីថា «ខារ៉ាបាវ» ដូចដែលឃើញនៅលើកំប៉ុងភេសជ្ជៈ Carabao។ 


៤/  ប្រទេសម៉ាឡេស៊ី
សត្វតំណាងប្រទេសម៉ាឡេស៊ី គឺ ខ្លាដំបងពូជម៉ាឡេ (Malayan Tiger)។ បានជាប្រជាជនម៉ាឡេស៊ីចាត់ទុកខ្លាដំបងម៉ាឡេជាសត្វតំណាងជាតិរបស់ខ្លួន ក៏ព្រោះតែសត្វខ្លាប្រភេទនេះ គឺជាមរតកធម្មជាតិតែមួយគត់នៅក្នុងប្រទេសខ្លួន ពោលគឺមានរស់នៅតែនៅឧបទ្វីបម៉ាឡេប៉ុណ្ណោះ។តាមការស្រាវជ្រាវ បុព្វបុរសរបស់ខ្លាដំបងម៉ាឡេ គឺពូជខ្លាដំបងឥណ្ឌូចិន ប៉ុន្តែដោយសារមជ្ឈដ្ឋានរស់នៅរបស់ពួកវានៅឆ្ងាយពីគ្នា ទើបធ្វើឱ្យពួកវាចេញលក្ខណៈខុសគ្នាខ្លះៗ ដោយពូជខ្លាដំបងម៉ាឡេមានមាឌតូចជាងខ្លាដំបងឥណ្ឌូចិនបន្តិច។ នៅក្នុងត្រាប្រទេសរបស់រាជរដ្ឋាភិបាលម៉ាឡេស៊ី ក៏មានរូបខ្លាដំបងពូជម៉ាឡេចំនួនពីរនៅសងខាងផងដែរ។


៥/ ប្រទេសសិង្ហបុរី
សត្វតំណាងប្រទេសសិង្ហបុរី គឺ សត្វតោ (Lion)។ សត្វតោនេះបើតាមភាសាបាលីសំស្ក្រឹតហៅថា សិង្ហ ឬសិង្ហៈ ឬសីហៈ ដូច្នេះហើយទើបខ្មែរយើងហៅប្រទេសដែនកោះមួយនេះថា ប្រទេសសិង្ហបុរី  ដោយប្រែថា ទីក្រុងតោ ឬទីក្រុងសិង្ហ។ប្រវត្តិសាស្ត្របានបញ្ជាក់ថា នៅអំលុងចុងសតវត្សទី១៣ ព្រះអង្គម្ចាស់ ស័ងនីឡាឧត្តមា (Sang Nila Utama) បានរត់ភៀសព្រះកាយពីអាណាចក្រប៉ាឡេមបាំង ដែលបច្ចុប្បន្ននៅលើទឹកដីប្រទេសឥណ្ឌូនេស៊ី ឆ្លងសមុទ្រទៅដល់កោះតូចមួយ ហើយក៏បានទតឃើញសត្វម្យ៉ាងដូចជាសត្វតោ។  ក្រោយមក ព្រះអង្គក៏បានបង្កើតអាណាចក្រថ្មីមួយដោយប្រសិទ្ធនាថា អាណាចក្រសិង្ហបុរៈ(Singapura) ដែលគេស្គាល់ថា ថេម៉ាសិក(Temasek)។ ដោយសារតែ សត្វតោមានប្រវត្តិទាក់ទងនឹងឈ្មោះប្រទេសរបស់ខ្លួនដូច្នេះហើយ ទើបបានជារដ្ឋាភិបាលសិង្ហបុរីសម្រេចជ្រើសយកសត្វតោជាសត្វតំណាងប្រទេសរបស់ខ្លួន ដូចមានរូបចម្លាក់សីហមច្ឆា ឬ Merlion ជាភាពជាក់ស្ដែងស្រាប់។

៦/ ប្រទេសឥណ្ឌូនេស៊ី
សត្វតំណាងប្រទេសឥណ្ឌូនេស៊ី គឺ ល្មួនយក្សខូម៉ូដូ ឬនាគខូម៉ូដូ(Komodo Dragon) ខណៈអ្នកស្រុកឥណ្ឌូនេស៊ីហៅសត្វនេះថា អូរ៉ា (Ora)។ ឧរង្គសត្វប្រភេទនេះមានតែនៅប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះ ភាគច្រើនពួកវារស់នៅលើកោះខូម៉ូដូ (Komodo) កោះរីនកា (Rinca) កោះហ្វ្ល័រ៉េស (Flores) និងកោះហ្គីលីម៉ូតាំង (Gili Motang)។ នាគខូម៉ូដូនេះគឺជាមរតកធម្មជាតិដ៏សំខាន់មួយរបស់ប្រទេសឥណ្ឌូនេស៊ី ខណៈពួកវាត្រូវបានចាត់ទុកថាជាពូជល្មូនដែលមានមាឌធំជាងគេនៅលើពិភពលោក ដោយនៅពេលធំពេញវ័យវាមានប្រវែង ៣ ម៉ែត្រចាប់ពីក្បាលដល់ចុងកន្ទុយ។

៧/ ប្រទេសព្រុយណេ
ត្វតំណាងប្រទេសព្រុយណេ គឺ ស្វាច្រមុះវែង (Proboscis Monkey)។ ស្វាច្រមុះវែងប្រភេទនេះក៏ជាមរតកធម្មជាតិរបស់ប្រទេសព្រុយណេផងដែរ ដោយពួកវាកំពុងរស់នៅលើកោះប័រនេអូរ(Borneo) ដែលជាកោះធំមួយ មានប្រទេសបីតាំងនៅ គឺប្រទេសព្រុយណេ ប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី។ ប្រជាជននៅលើកោះប័រនេអូហៅឈ្មោះស្វានេះតាមភាសាម៉ាឡេថា អូរ៉ាំង បេឡានដា (Orang Belanda) ដែលមានន័យថា «ជនជាតិហូឡង់» ពីព្រោះសត្វស្វាប្រភេទនេះមានមាឌធាត់ ច្រមុះធំវែង ពោះកំប៉ោង ដូចទៅនឹងជនជាតិហូឡង់ដែលធ្លាប់មកធ្វើពាណិជ្ជកម្ម និងដាក់អាណានិគមនៅលើកោះនេះ។


៨/ ប្រទេសវៀតណាម

សត្វតំណាងប្រទេសវៀតណាម គឺ សត្វក្របី ដូចទៅនឹងសត្វតំណាងប្រទេសហ្វីលីពីនដែរ។ ក្រៅពីសត្វក្របី ប្រជាជនវៀតណាមក៏ចាត់ទុកសត្វនាគ និងខ្លាដំបង ជាសត្វតំណាងប្រទេសរបស់ខ្លួនដែរ ពីព្រោះនាគ និងខ្លា គឺមានទំនាក់ទំនងយ៉ាងស៊ីជម្រៅទៅនឹងវប្បធម៌ ជំនឿ ប្រពៃណីរបស់ជនជាតិមួយនេះ។



៩/  ប្រទេសមីយ៉ាន់ម៉ា

សត្វតំណាងប្រទេសមីយ៉ាន់ម៉ា គឺខ្លាដំបងពូជឥណ្ឌូចិន (Indo-chinese Tiger)។ ដោយសារប្រទេសមីយ៉ាន់ម៉ានៅសេសសល់ព្រៃឈើជាច្រើន ទើបធ្វើឱ្យសត្វព្រៃនានា   ពិសេសគឺសត្វខ្លាដំបងពូជឥណ្ឌូចិននេះនៅមានសេសសល់ច្រើន ខណៈពួកវាជាប្រភេទសត្វកម្រមួយនៅលើពិភពលោក។ ប្រជាជន និងរដ្ឋាភិបាលមីយ៉ាន់ម៉ាមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការថែរក្សាអភិរក្សព្រៃឈើក្នុងប្រទេសរបស់ខ្លួន។ រដ្ឋាភិបាលសហព័ន្ធមួយនេះ ក៏បានបង្កើតឧទ្យានអភិរក្សសត្វខ្លាដំបងឥណ្ឌូចិនដ៏ធំមួយនៅជ្រលងភ្នំហ៊ូគួង (Hukawng) ស្ថិតក្នុងរដ្ឋកាឈិន (Kachin) ភាគខាងជើងប្រទេស។



១០/ ប្រទេសឡាវ 

សត្វតំណាងប្រទេសឡាវ គឺ ដំរីអាស៊ីដូចទៅនឹងសត្វតំណាងប្រទេសថៃដែរ ប៉ុន្តែមិនមែនដោយសារបច្ចុប្បន្នប្រទេសឡាវមានដំរីច្រើននោះទេ។ តាំងពីដើមរៀងមក ដំរី គឺជាជំនួយការដ៏សំខាន់ក្នុងសង្គ្រាមការពារទឹកដី។ នៅសម័យអាណាចក្រឡានសាង (សៀមហៅថា ឡានឆាង) ព្រះមហាក្សត្រលាវបានប្រសិទ្ធីរូបដំរីឰរាវ័ណ នៅក្នុងទង់ព្រះនគរ និងទង់ចម្បាំង ខណៈឈ្មោះអាណាចក្រឡានសាង ឬឡានឆាងនេះ គឺមានន័យជាខេមរភាសាថា ដំរីមួយលាន ដែលបុរាណខ្មែរយើងតែងហៅថា «អាណាចក្រដំរីមួយលាន»។




EDC APP