លន់ ណុន កើតនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៣០ នៅតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ឪពុកឈ្មោះ លន់ ហ៊ិន ម្តាយឈ្មោះ នួន
ហើយគាត់ជាកូនទី៧ក្នុងគ្រួសារដែលមានបងប្អូន១០នាក់ ។ លោកលន់ ណុន មានកូនម្នាក់ឈ្មោះ
លន់ ខេមរា ជាមួយប្រពន្ធបារាំង ដែលក្រោយមកប្រពន្ធនេះបានយកទៅឲ្យលោកលន់ នល់ចិញ្ចឹម។
ជាប្អូនប្រុសបង្កើតរបស់ឧត្តមសេនីយ៍ លន់ នល់
ជាមនុស្សដ៏សំខាន់ម្នាក់ក្នុងការរៀបចំចាត់ចែងឲ្យមានរដ្ឋប្រហារនៅប្រទេសកម្ពុជានាថ្ងៃទី១៨
ខែមីនា ឆ្នាំ១៩៧០ ដើម្បីទម្លាក់សម្តេចនរោត្តមសីហនុ ពីតំណែងព្រះប្រមុខរដ្ឋ ។ លន់ ណុន
ត្រូវបានគេជឿថាជាមនុស្សខ្ចីដៃព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ធ្វើឲ្យរដ្ឋប្រហារមួយនៅប្រទេសកម្ពុជាប្រកបដោយជោគជ័យ
។ លន់ ណុន បានធ្វើការជាច្រើន គឺអាចនិយាយថា ធ្វើច្រើនជាង លន់ នល់
ដែលជាបងប្រុសរបស់គាត់
និងជាមនុស្សម្នាក់ចេញមុខទទួលខុសត្រូវក្នុងការធ្វើរដ្ឋប្រហារទម្លាក់សម្តេច
សីហនុ ទៅទៀត ។ លោក លីវ សេង មានកំណើតជាខ្មែរកម្ពុជាក្រោម និងជាអតីតសមាជិក CIA ម្នាក់បានកត់សម្គាល់ថា
“ លន់ នល់ ជាមនុស្សចិត្តមិនសូវលះប៉ុន្មានទេ ប៉ុន្តែ លន់ ណុន វិញ
ទោះជាមិនសូវចេញមុខក្តី ប៉ុន្តែគាត់ជាមនុស្សដៃដល់ និងចិត្តមុត
ហើយប្រាថ្នាចង់ស្នងតំណែងបងប្រុសរបស់គាត់ទៀតផង “ ។
កាលរៀននៅវិទ្យាល័យស៊ីសុវត្ថិ លន់ ណុន
សា ឡុតស ម៉ី ម៉ន
បានរៀបជាក្រុមមួយហៅមុំចង្ក្រាន(les trios)
។គេរៀនគួរពេលល្ងាចជាមួយគ្នានិងទៅវ៉ាកងជាមួយគ្នា។រឿងហេតុនេះហើយ បានជាថ្ងៃ១៧ មេសា ៧៥
មានក្រុមរបស់ លន់ ណុន មួយក្រុមឈ្មោះ MONATIO ទង់ជ័យខ្វែង
ដែលមានឈ្មោះ ហែម កេតតារា (កូនមន្ត្រីធំហែម កេតសាណា)ទៅកាន់មន្ទីរឃោសនាការមុនគេ
ហើយប្រកាសថាជាមេបញ្ជាការកងកម្លាំងខ្មែរក្រហម។
លន់ ណុនបានទៅរៀន
école militaire ស្រុកបារាំង រយៈពេល ជាង
2ឆ្នាំ ផ្នែកស៊ើបអង្កេត ក្នុងសាលាឯកជនមួយ។ ពេលត្រឡប់មកប្រទេសវិញ
គាត់បានចូលបម្រើការងារក្នុងអង្គភាពប៉ូលិសជាតិ ។បន្ទាប់មក លន់ ណុន ឆ្លងកាត់សាលាយោធាខ្មែរនៅភ្នំពេញ
គឺសាលានាយទាហានសកម្មជំនាន់ទី១៣។ ក្រោយបញ្ចប់ការសិក្សាភ្លាម
គាត់បានទទួលឋានន្តរសក្ដិជាអនុសេនីយ៍ទោ(ស័ក្តិ២)
ខណៈដែលមិត្តរួមជំនាន់គាត់ទាំងអស់ទទួលបានឋានន្តរសក្តិត្រឹមតែនាយចំណង់ប៉ុណ្ណោះ។ នាយចំណង់
(Aspirant) 6ខែក្រោយជាស្វ័យប្រវត្តិឡើងអនុសេនីយត្រី
2ឆ្នាំក្រោយដោយគ្មានទោសទណ្ឌ ជាស្វ័យប្រវត្តិឡើងឋានៈអនុសេនីយទោ។ បន្ទាប់មកគាត់បានប្តូរទៅធ្វើការនៅក្នុងផ្នែកកងរាជអាវុធហត្ថ
ក្លាយជានាយកងរាជអាវុធហត្ថ រហូតដល់រដ្ឋប្រហារឆ្នាំ១៩៧០។
តាំងពីឆ្នាំ១៩៦៨
មក គាត់បានប្រមែប្រមូលនិស្សិតបញ្ញវន្ត ដែលមានគំនិតប្រឆាំងនឹងរបបរាជានិយម
មកធ្វើជាកម្លាំងរបស់គាត់។ គាត់បានបើកអង្គប្រជុំសម្ងាត់តូចៗ
ដែលមានគ្នា៤-១០នាក់ប៉ុណ្ណោះ
នៅក្នុងផ្ទះសម្រាប់លំហែកាយចុងសបា្តហ៍របស់គាត់នៅភូមិបារគូ ស្រុកកណ្ដាលស្ទឹង
ខេត្តកណ្ដាល ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។
រាល់ពេលប្រជុំសម្ងាត់នោះម្តងៗ
គាត់ និងអ្នកចូលរួម បានលើកយកបញ្ហាប្រទេសជាតិ មកធ្វើការពិភាក្សាគ្នា
និងបានលើកឡើងពីគំនិតស្នេហាជាតិស្នេហាទឹកដី, ពីបញ្ហាវៀតកុង-វៀតណាមខាងជើង,
ពីការប្រើអំណាចផ្តាច់ការ និងពីអំពើពុករលួយរបស់សម្ដេចសីហនុ
ដោយគាត់យល់ថា មានអ្នកម្នាងម៉ូនិក ជាអ្នកទាញខ្សែញាក់ផងដែរ។
លន់
ណុន មានមិត្តភក្តិជិតស្និទ្ឋមួយចំនួន ដូចជា៖ វរសេនីយ៍ត្រី ឈឹម ឈួន, លឿង វ៉ែន និងថោង លឹមហួង ជាដើម។ ជាមួយគ្នានោះ គាត់បានឱ្យសហការី
ជិតស្និទ្ធគាត់ម្នាក់ ឈ្មោះហូត ហៀម ទៅទាក់ទងនិស្សិតបញ្ញវន្តមួយចំនួន
ដើម្បីឱ្យចូលរួមក្នុងក្រុមរបស់គាត់ដែរ ក្នុងនោះ រួមមាន ម៉ាន់ តេងសុង, វ៉ាន់ ឌីកាអុន និង រស់ ចន្ត្រាបុត្រ ជាដើម។ បញ្ញវន្តទាំងនេះ
ក៏ធ្លាប់បានទៅចូលរួមប្រជុំនៅផ្ទះលំហែកាយរបស់លន់ ណុន ដែលនៅភូមិបារគូ នោះដែរ។
ប្រភពព័ត៌មានមួយ
ក៏បានបង្ហើបឲ្យដឹងថា មុនរដ្ឋប្រហារថ្ងៃទី១៨ ខែមីន លន់ ណុន
បានចាត់តាំងមន្ត្រីកងរាជអាវុធហត្ថ ដែលនៅក្រោមបញ្ជាគាត់២
នាក់ជាអ្នករត់ការចុះឡើងពីក្រុងភ្នំពេញ ទៅខេត្តស្វាយរៀង
ដើម្បីលួចទាក់ទងគ្នាជាសម្ងាត់ជាមួយចលនាតស៊ូខ្មែរសេរី របស់សឺង ង៉ុកថាញ់
ដែលស្ថិតនៅក្នុងទឹកដីវៀតណាមខាងត្បូង ។
ដោយសារអំណាចបុណ្យសក្តិ
ឋានៈរបស់បងប្រុសគាត់ លន់ នល់ ជាឧត្ដមសេនីយ៍ឯក
ជារដ្ឋមន្ត្រីការពារប្រទេស ជានាយករដ្ឋមន្រ្តីកាលពីឆ្នាំ១៩៦៧
ជាដើមនោះ ជាឱកាសដែលធ្វើឲ្យ លន់ ណុន ទោះបីគាត់មានបុណ្យសក្តិមិនធំដុំអ្វីប៉ុន្មានក៏ពិតមែន
តែគាត់បានក្លាយទៅជាមនុស្សដ៏មានឥទ្ធិពលម្នាក់
មានទឹកមាត់ប្រៃជាងឋានៈរបស់គាត់ ។
គាត់រស់នៅក្រោមការគាំពារពីបងប្រុសរបស់គាត់ជានិច្ច សូម្បីការិយា ល័យធ្វើការ
និងលំនៅរបស់គាត់ គឺនៅក្នុងភូមិគ្រឹះតែមួយជាមួយបងប្រុសរបស់គាត់
ក្បែរទំនប់ពេទ្យរុស្ស៊ី ។ ដោយហេតុនេះ គាត់ទទួលបាននូវការចូលពឹងពាក់ពីមនុស្សជាច្រើន
និងញឹកញាប់ឥតដាច់ ។ ប្រការនេះជាឱកាសឲ្យគាត់ប្រមូលផ្តុំពួកបញ្ញាវន្តដែលប្រឆាំងរបបរាជាធិបតេយ្យ
បង្កើតបានជាក្រុមតស៊ូនយោបាយតូចៗតាំងពីពេលនោះមក ។ រហូតដល់ឆ្នាំ១៩៦៨
ក្រុមតស៊ូនយោបាយតូចៗនេះ បានកើតមានកាន់តែច្រើនឡើងៗ និងសកម្មឡើងៗ ។
គាត់បានប្រើប្រាស់គេហដ្ឋាននៅជនបទរបស់គាត់មួយទៀត
ដែលស្ថិតនៅក្បែរវត្តក្រពើហា ប្របមាត់ស្ទឹងកន្ទួត ភូមិបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ចម្ងាយប្រមាណជា២០គីឡូម៉ែត្រពីភ្នំពេញ
សម្រាប់ប្រជុំសម្ងាត់ផ្សេងៗ ។ រាល់ពេលប្រជុំសម្ងាត់នោះម្តងៗ គាត់ និងអ្នកចូលរួម
បានលើកយកបញ្ហាប្រទេសជាតិ មកធ្វើការពិភាក្សាគ្នា និងបានលើកឡើងពីគំនិតស្នេហាជាតិ ស្នេហាទឹកដី
ពីបញ្ហាវៀតកុង-វៀតណាមខាងជើង ពីការប្រើអំណាចផ្តាច់ការ
និងពីអំពើពុករលួយរបស់សម្ដេចសីហនុ ដោយគាត់យល់ថា មានអ្នកម្នាងម៉ូនិក
ជាអ្នកទាញខ្សែញាក់ផងដែរ។ លន់ ណុន មានមិត្តភក្តិជិតស្និទ្ឋមួយចំនួន ដូចជា វរសេនីយ៍ត្រី ឈឹម ឈួន លឿង
វ៉ែន និងថោង លឹមហួង ជាដើម។ ជាមួយគ្នានោះ
គាត់បានឱ្យសហការីជិតស្និទ្ធគាត់ម្នាក់ឈ្មោះហូត ហៀមទៅទាក់ទងនិស្សិតបញ្ញវន្ត មួយចំនួន
ដើម្បីឲ្យចូលរួមក្នុងក្រុមរបស់គាត់ដែរ ក្នុងនោះរួមមាន ម៉ាន់ តេងសុង វ៉ាន់ ឌីកាអុន និងរស់ ចន្ត្រាបុត្រ ជាដើម។ បញ្ញវន្តទាំងនេះ
ក៏ធ្លាប់បានទៅចូលរួមប្រជុំនៅផ្ទះលំហែកាយរបស់លន់ ណុនដែលនៅក្បែរ វត្តក្រពើហា
នៅភូមិបារគូ នោះដែរ។
លោក
លីវ សេង បាននិយាយថា « លន់ ណុន បានរក្សាទំនាក់ទំនងសម្ងាត់ជាមួយចលនាខ្មែរសេរី
។ សឺង ង៉ុកថាញ់
ជាប្រមុខនៃចលនានេះដែលកំពុងនិរទេសខ្លួននៅភាគខាងត្បូងវៀតណាម
បានឆ្លងមកកាន់ប្រទេសកម្ពុជាជាសម្ងាត់ ដើម្បីពិគ្រោះគ្នាជាមួយគាត់នៅ
គេហដ្ឋានរបស់គាត់នៅវត្តហាដែរ » ។លីវ សេង
បានបន្ថែមទៀតថា “ លន់ ណុន មានមនុស្ស២រូបដែលជាទីទុកចិត្តរបស់គាត់គឺ
ពលបាលត្រី គា ឃីន និង កុល ឡុងសេង ជាអ្នករងរ៉ាប់ទំនាក់ទំនងផ្សេងៗជាមួយសឺង
ង៉ុកថាញ់ និង ធ្វើដំណើរបំពេញបេសកកម្មជាទៀងទាត់ទៅកាន់ខេត្តស្វាយរៀង
ដែលជាប់ព្រំដែនវៀតណាមខាងត្បូង “ ។
លោកលន់
ណុន មានមហិច្ឆតាធ្វើគតសម្ដេច សីហនុ បើមានគម្រោងនេះមែន នោះលោកលន់ ណុនប្រៀបដូចកូនខ្លាមិនទាន់ដុះក្រចក នៅបៅដោះមេខ្លានៅឡើយ
អាយុក្មេងជាង ជានាយទាហានជំនាន់ក្រោយ ដែលត្រូវឆ្លងកាត់លោកឧត្តមសេនីយ៍ឌួង សំអុល
លោកឧត្តមសេនីយ៍មេបញ្ជាការញឹក ជូឡុង លោកអ៊ុំ ម៉ាណូរិន បងរបស់អ្នកម្នាងម៉ូនិក
ជាមុនសិន។
សម័យសង្គមរាស្ត្រនិយម
គាត់ជាអ្នកឧបត្ថម្ភកាសែតក្នុងស្រុកមួយចំនួនទាំងផ្នែកការពារ ផ្នែកថវិកា និងសម្ភារៈ ។ ផ្នែកខាងសារព័ត៌មាន
គាត់បានពឹងពាក់កាសែតប្រចាំថ្ងៃក្នុងស្រុកជាភាសាខ្មែរចំនួន២ គឺកាសែតប្រយោជន៍ខ្មែរ ដែលមាន លឿង វ៉ែន ជាចាងហ្វាង និងកាសែត សុវណ្ណភូមិ ដែលមាន ឃូន ថៃ ជានិពន្ធនាយក ។
ក្រោយពេលលន់
នល់ បានឡើងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលស្រោចស្រង់ជាតិ ពីខែសីហា ឆ្នាំ១៩៦៩ មក សម្តេចសីហនុ និង ព្រះអង្គម្ចាស់ សិរិមតៈ
ជាញឹកញាប់មានការប្រឈមមុខដាក់គ្នា ។លោក លឿង វ៉ែន បានចាប់ផ្ដើមព្យាយាមសរសេរអត្ថបទរិះគន់របបសង្គមរាស្ត្រនិយមរបស់សម្តេចព្រះប្រមុខរដ្ឋជាបន្តបន្ទាប់
ចុះផ្សាយតាមកាសែត ប្រយោជន៍ខ្មែររបស់គាត់ ខណៈកាសែតនគរធំរបស់ សុទ្ធ ប៉ូលីន ជាមិត្តរបស់ លន់ ណុន ក៏បានចាប់ផ្ដើមសរសេរដៀមដាមខ្លះៗទៅលើសម្ដេចសីហនុដូចគ្នានេះដែរ
។ ប្រការនេះត្រូវបានគេមើលឃើញគ្រប់គ្នា និងគិតថា សិរិមតៈ និង លន់ ណុន
មានការព្រមព្រៀងគ្នាដើម្បីគាបព្រះប្រមុខរដ្ឋ សីហនុ ។
ការសរសេររិះគន់វាយប្រហាររបស់កាសែតប្រយោជន៍ខ្មែរ
ធ្វើឲ្យសម្ដេចសីហនុ ពិរោធយ៉ាងខ្លាំង ហើយនៅក្នុងឱកាសសមាជជាតិ នៅចុងខែធ្នូ ឆ្នាំ១៩៦៩
ដែលជាសមាជជាតិចុងក្រោយរបស់សង្គមរាស្ត្រនិយម ព្រះអង្គឲ្យលឿង វ៉ែន
ចូលមកឆ្លើយបំភ្លឺនៅចំពោះព្រះភក្ត្រសម្តេចព្រះប្រមុខរដ្ឋក្នុងអង្គសមាជទាំងមូល
និងបង្ហាញព័ស្តុតាងជាក់ស្តែងនូវរាល់អ្វីៗ ដែលទាក់ទងនឹងការចោទប្រកាន់រិះគន់ព្រះអង្គនៅក្នុងអត្ថបទកាសែតនោះ។ ក្រោយពីសមាជជាតិត្រូវបញ្ចប់ លឿង វ៉ែន
ក៏ត្រូវគេចាប់យកទៅសួរចម្លើយ និងដាក់ពន្ធនាគារ ហើយកាសែតប្រយោជន៍ខ្មែរ ក៏ត្រូវបិទលែងឲ្យចេញផ្សាយបន្តទៀតដែរ។
ពេលនោះ លន់ ណុន ក៏បានទាក់ទងឲ្យកាសែតផ្សេងៗទៀតសរសេរអត្ថបទប្រឆាំងតវ៉ាចំពោះការចាប់ខ្លួនលឿង
វ៉ែន យកទៅដាក់ពន្ធនាគារ ក៏ដូចជាតវ៉ាចំពោះសេរីភាពសារព័ត៌មាន ផងដែរ។
បន្ទាប់មកមានដំណឹងតាម
ហូត ហៀម ប្រាប់ រស់ ចន្ត្រាបុត្រ និងបញ្ញវន្តផ្សេងៗ
ទៀតដែលគាត់បានភ្ជាប់ទំនាក់ទំនងជាមួយគ្នាថា វរៈសេនីយ៍ឯក អ៊ុំ ម៉ាណូរិន្ទ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទទួលបន្ទុកការពារលើផ្ទៃប្រទេស និងសូស្តែន
ហ្វែរណង់ដេស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកសន្តិសុខជាតិ បានចេញបញ្ជាឲ្យចាប់ខ្លួនបញ្ញាវន្ត
សាស្ត្រាចារ្យ
គ្រូបង្រៀន មន្ត្រីរាជការ
និងយោធាចំនួន៥០០នាក់ ដែលក្នុងនោះភាគច្រើនជាមនុស្សរបស់ លន់ ណុន
មានជាអាទិ៍ ថោង លឹមហួង ជាដើម ។ ក្រោយពីប្រាប់ដំណឹងនេះ ហួត ហៀម
បានប្រគល់កាំភ្លើងខ្លីឲ្យរស់ ចន្រ្តាបុត្រ និងមិត្តភក្តិផ្សេងទៀតម្នាក់មួយដើម
ដើម្បីទុកការពារខ្លួនទៀតផង។
ពេលនោះ
ថោង លីមហួង បានគេចពីការតាមរករបស់សមត្ថកិច្ចប៉ូលិស
ទៅសំងំលាក់ខ្លួននៅខាងជើងបឹងបាយ៉ាប ជាយក្រុងភ្នំពេញ។ ឯលន់ ណុន
ដែលធ្លាប់តែជាមនុស្សផ្តល់នូវការគាំពារគ្រប់យ៉ាងនោះ
ពេលនេះគាត់ក៏បានគេចខ្លួនផងដែរ
ដោយការប្រើរូបភាពសុំបញ្ជាធ្វើបេសកកម្មមួយដែលគាត់ជាអ្នកចុះហត្ថលេខាដោយខ្លួនឯង
ដែលការពិត គឺជាការរត់ទៅលាក់ខ្លួននៅកំពង់ស្ពឺ តែប៉ុណ្ណោះ ។
ខែកុម្ភៈ
ឆ្នាំ១៩៧០ លន់ ណុន បានផ្ញើលិខិតទៅឲ្យមនុស្សរបស់គាត់ដោយបានចោទសួរពួកគេនូវសំនួរ
ដែលគាត់បានដឹងចម្លើយរួចទៅហើយនោះថាតើពួកគេត្រូវការ “ សាធារណរដ្ឋ
ឬរាជាធិបតេយ្យ “ ។
សាស្រ្តារ្យ
រស់ ចន្ត្រាបុត្រ បានបញ្ជាក់ថា ពេលនោះគាត់មិនដឹងគោលបំណងពិតប្រាកដរបស់លន់ ណុន
ចង់បានអ្វី ហើយក៏មិនដឹងថា រដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០
កើតឡើងដោយនរណាពិតប្រាកដដែរ។ រហូតដល់ខែមិថុនាឆ្នាំ១៩៧៤
គឺក្រោយពេលធ្វើរដ្ឋប្រហារនោះ៤ឆ្នាំ ពេលលន់ ណុន ទៅប្រទេសបារាំងរស់នៅជាលក្ខណៈនិរទេសខ្លួន
ក្នុងឱកាសដើរកម្សាន្តតែ២នាក់នៅឧទ្យានប៊ូឡូញ (Boulogne) លន់ ណុន
បានបង្ហើបពីអាថ៌កំបាំងនៃការធ្វើរដ្ឋប្រហារនោះប្រាប់គាត់ថា រហូតពាក់ កណ្ដាលអធ្រាត្រ
ថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០ លន់ នល់ និងទ្រង់ស៊ីសុវត្ថិ សិរិមតៈ
មិនទាន់ឯកភាពគ្នាថាត្រូវធ្វើយ៉ាងម៉េចទេ។
លន់ ណុន បានស្នើសុំឲ្យទ្រង់ធ្វើការសម្រេចចិត្តផ្តួលរំលំសម្តេចសីហនុ
ប៉ុន្តែព្រះអង្គម្ចាស់សិរិមតៈ មិនហ៊ានសម្រេចទេ ដោយរង់ចាំលន់ នល់
ជាអ្នកចាប់ផ្ដើមមុន។ ឯលន់ នល់ ក៏រង់ចាំមើលទ្រង់សិរិមតៈ ចាប់ផ្តើមមុនដែរ។
ប្រហែលម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែមីនា លន់ ណុន បានចូលទៅជួបលន់ នល់ នៅគេហដ្ឋាន ក្បែរផ្សារដើមថ្កូវ
ដោយមាន ហង្ស ធុនហាក់ ឆន សុខុម និងគង់ អ៊ន អមដំណើរជាមួយផង។ ពេលនោះ លន់ នល់
កំពុងដេកលង់លក់ក្នុងអង្រឹង គ្មាននរណាហ៊ានចូលទៅដាស់គាត់ទេ។ រហូតដល់ភ្លឺស្រាងៗ លន់
ណុន ក៏សម្រេចចិត្តចូលទៅដាស់ ដោយហៅថា “លោកបងៗ! ព្រះអង្គម្ចាស់សិរិមតៈ
បានយល់ព្រមទម្លាក់សម្តេច សីហនុ ហើយ ទ្រង់រង់ចាំតែការសម្រេចចិត្តពីលោកបងតែប៉ុណ្ណោះ“។
លោកសេនាប្រមុខ លន់ នល់ ដែលទើបតែភ្ញាក់ពីដំណេកដោយសារប្អូនប្រុសរបស់គាត់ដាស់
បន្ទាប់ពីពួកគេបានឈររង់ចាំយ៉ាងយូរមកនោះ នៅទ្រឹងបន្តិច ក៏ប្រាប់លន់ ណុន ថា “អើ! បើ មតៈ
(សិរិមតៈ) ព្រមព្រៀងធ្វើហើយ យើងមានតែសម្រេចធ្វើអញ្ចឹងទាំងអស់គា្នទៅ“។ តាមពិតព្រះអង្គម្ចាស់សិរិមតៈ
មិនទាន់បានផ្តល់ការយល់ព្រមនៅឡើយ។ ភ្លាមៗនោះលន់ ណុន ដោយមានទាហានមួយក្រុមអមការពារផង
បានធ្វើដំណើរតាមរថយន្តយ៉ាងប្រញាប់ប្រញាល់ ឆ្ពោះទៅកាន់ភូមិគ្រឹះរបស់ទ្រង់សិរិមតៈ។
ពេលឃើញលន់ ណុន និងក្រុមទាហានចូលទៅដល់ ទ្រង់សិរិមតៈក៏មានការភិតភ័យដែរ។ លន់ ណុន
ទូលថា “បងប្រុសគាត់ គឺលន់ នល់ បានសម្រេចចិត្តចាត់ការទម្លាក់សម្ដេចសីហនុហើយ“
ដែលតាមពិតទៅ លោកសេនាប្រមុខ លន់ នល់ បានចាញ់បោកគាត់ ( លន់ ណុន ) តែប៉ុណ្ណោះ។
ពេលនោះទ្រង់សិរិមតៈ ក៏បានយល់ព្រមឲ្យលន់ ណុន
ចាប់ផ្ដើមអនុវត្តផែនការទម្លាក់សម្ដេចសីហនុតែម្តង។ ទីបញ្ជាការសម្រាប់ការអនុវត្តផែនការទម្លាក់សម្ដេចសីហនុ
នៅថ្ងៃទី១៨ ខែមីនានោះ គឺនៅក្នុងផ្ទះរបស់ឧត្តមសេនីយ៍ឯកលន់ នល់ ដែលនៅជាប់ទំនប់ទឹក
ក្បែរផ្សារដើមថ្កូវ នោះតែម្ដង។តាមពិត លន់ ណុន បានប្រើល្បិចភូតកុហកលន់ នល់
ជាបងរបស់គាត់ផង និងភូតកុហកព្រះអង្គម្ចាស់ សិរិមតៈផងដែរ។ រស់ ចន្ត្រាបុត្រ
ក៏បានសួរលន់ ណុន ថា ឧបមា នៅពេលនោះ លន់ នល់ បដិសេធ មិនឲ្យទម្លាក់សម្ដេចសីហនុ
តើគិតយ៉ាងណា? លន់ ណុន បានឆ្លើយភ្លាមថា
គាត់មានផែនការទុកជាមុនរួចស្រេចហើយ បើបងរបស់គាត់មិនយល់ព្រម គាត់នឹងចាប់បងរបស់គាត់ទុកមួយរយៈសិន ដើម្បីអនុវត្តផែនការនេះឲ្យបានសម្រេច។
តាំងពីរសៀលថ្ងៃ១៧មីនា១៩៧០
ដល់១៩មីនា១៩៧០ លន់ ណុលបាន ពង្រាយទ័ពព័ទ្ធចំការមន ព្រលានយន្តហោះពោធិ៍ចិនតុង
ក្រសួងឃោសនាការ ទីស្តីការគណៈរដ្ខមន្ត្រី ដេអិន ឯនៅរដ្ឋសភាមានទាហានប៉ារ៉ា៣០០នាក់ រដ្ឋក្រោះ៣គ្រឿង ហើយតំណាងរាស្រ្តដែលពេញចិត្តសម្តេចត្រូវក្រុមសិរិមតៈ
វាយដុំចាប់យកទៅដាក់គុក ។
ដោយហេតុនេះ ស្អែកឡើង គឺថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០
រដ្ឋសភា និងក្រុមប្រឹក្សាព្រះរាជាណាចក្រ បានសម្រេចបោះឆ្នោតជាឯកឆន្ទ ដកហូតសម្តេច
សីហនុ ពីតំណែងជាព្រះប្រមុខរដ្ឋ នៅម៉ោង ១៣ និង ៣០នាទី “ ។ ឧត្តមសេនីយ៍ឯកលន់ នល់
ជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ មានឥទ្ធិពលទៅលើពលទាហាន
និងនាយទាហានយ៉ាងណាក៏ដោយ ក៏គាត់បានបញ្ជាឲ្យវរសេនីយ៍ឯកសេង ស៊ុនថៃ
រៀបចំកងកម្លាំងពិសេសមួយ
ដើម្បីត្រៀមលក្ខណៈទប់ទល់បង្ក្រាបការងើបបះបោរប្រឆាំងពីសំណាក់ក្រុមទាហានណាមួយផ្សេងទៀត
ដែលមិនសប្បាយចិត្តនឹងការទម្លាក់សម្ដេចសីហនុ នេះផងដែរ។
គួរបញ្ជាក់ដែរថា
តាំងពីសម័យអាណានិគមនិយមបារាំងមក សិស្សនាយទាហានខ្មែរជំនាន់ទី១ រួមមាន ស្រី សាម៉ន អ៊ុយ សយ ហ៊ុល ឃុន (កូនរបស់ស័ក្ដិ៣ ប៊ូ ហ៊ុល
ដែលគេតែងតែឃើញដើរអមការពារសម្ដេចសីហនុ ជាប់ជានិច្ច) ផេង ផាន់អ៊ី ឋាប្បនា
ងិន ឆាយ ឡាយ
ហ៊ូ ទ្រូត សក់ ស៊ុតសាខន និងប៉ុក សំអាន ... ។ ចំណែកនាយទាហានខ្មែរជំនាន់ទី២ រួមមាន សេង
ស៊ុនថៃ ពៅ លឹមវ៉ា
ក្រូច សំរេច សុស្តែន
ហ្វ៊ែរណង់ដេស និងអ៊ុំ ម៉ាណូរិន …ជាដើម។ រហូតមកដល់ឆ្នាំ១៩៧០
អតីតសិស្សនាយទាហានខ្មែរជំនាន់ទី១ និងទី២ខ្លះ បានឡើងឋានន្តរសក្តិជាវរសេនីយ៍ត្រី ជាវរសេនីយ៍ទោ វរសេនីយ៍ឯក និងខ្លះទៀត
បានឡើងឋានន្តរសក្តិដល់ឧត្តមសេនីយ៍ ។
ប្រភពព័ត៌មានមួយបានអះអាងថា
ពេលនោះក្រុមនាយទាហានជាន់ខ្ពស់ ដូចជា វរសេនីយ៍ហ៊ុល ឃុន វរសេនីយ៍ផេង ផាន់អ៊ី និងវរសេនីយ៍ក្រូច សំរេច
មិនសប្បាយចិត្តនឹងការទម្លាក់សម្តេច សីហនុ នោះឡើយ ហើយក្រូច សំរេច
ក៏មានបំណងចង់យកកាំភ្លើងធំបាញ់ផ្លោងទៅលើផ្ទះលន់ នល់ ទៀតផង។
ប៉ុន្តែ
បាន៣ថ្ងៃក្រោយមក វរសេនីយ៍ហ៊ុល ឃុន នេះ មិនដឹងជាចាញ់ឧបាយកលរបស់ លន់ ណុន យ៉ាងដូចម្តច
ក៏បានរួមគ្នាជាមួយមន្ត្រីកងរាជអាវុធហត្ថដៃឆៅ៤នាក់ ជាកូនចៅជំនិតរបស់លន់ ណុន
ដែលពេលនោះ មានឋានន្តរសក្ដិត្រឹមតែវរសេនីយ៍ត្រីទៅធ្វើឃាតវរសេនីយ៍ឯកសេង ស៊ុនថៃ
ទៅវិញ។
ប្រភពព័ត៌មាននោះបានអះអាងថា
នៅយប់ថ្ងៃទី២១ ខែមីនា ហ៊ុល ឃុន
និងមន្ត្រីកងរាជអាវុធហត្ថដៃឆៅទាំង៤នាក់នោះបាននាំគ្នាជិះរថយន្តទៅបាញ់សម្លាប់មិត្តភក្តិរបស់វរសេនីយ៍ឯកសេង
ស៊ុនថៃ ម្នាក់ឈ្មោះប៊ូ កាបូ នៅនឹងផ្ទះរបស់ជនរងគ្រោះ
ដែលនៅតាមបណ្ដោយមហាវិថីកម្ពុជាក្រោមនោះតែម្តង។ លុះបាញ់សម្លាប់រួចហើយ
ពួកគេក៏បានលើកសាក សពមកដាក់ក្នុងឃ្លុបខាងក្រោយរថយន្តជនរងគ្រោះ
ហើយចេញដំណើរសំដៅទៅរកវរសេនីយ៍ឯកសេង ស៊ុនថៃ ដែលកំពុងនៅផ្ទះលន់ នល់ ជាទីបញ្ជាការ
នៃប្រតិបត្តិការធ្វើរដ្ឋប្រហារនោះ ។
ពេលចូលទៅដល់
មន្ត្រីកងរាជអាវុធហត្ថដៃឆៅម្នាក់ក្នុងចំណោមទាំង៤នាក់នោះ
ក៏បានចុះទៅគំនាប់វរសេនីយ៍ឯកសេង ស៊ុនថៃ រួចនិយាយថាលោកកាបូឲ្យពួកខ្ញុំមកទទួលតេជគុណទៅជួប
សូមអញ្ជើញតេជគុណ ឡើងរថយន្ត។ ដោយសារ ប៊ូ កាបូ ជាមិត្តភក្ដិជិតស្និទ្ធបំផុត
តែងតែដើរផឹកស៊ីជាមួយគ្នាស្ទើររាល់ថ្ងៃ ពេលឃើញរថយន្តរបស់ឈ្មោះប៊ូ កាបូ
មកទទួលដូច្នេះ វរសេនីយ៍ឯកសេង ស៊ុនថៃ ពុំមានអ្វីគួរឲ្យសង្ស័យបន្តិចឡើយ
គាត់បានចូលទៅក្នុងរថយន្តនោះ ក្នុងបំណងទៅជួបមិត្តភក្តិផឹកស៊ីជាមួយគ្នា
ដើម្បីធូរអារម្មណ៍បន្តិច ។ពេលទៅដល់ពាក់កណ្ដាលផ្លូវ
ក៏ត្រូវពួកកងរាជអាវុធហត្ថជាដៃជើងរបស់លន់ ណុន ទាំង៤នាក់នាំគ្នាក្រៀក រឹតក
សម្លាប់ចោលនៅលើរថយន្តនោះតែម្តង។ រួចហើយ បើករថយន្តដឹកសាកសពយកទៅដាក់ក្នុងផ្ទះថ្មដែលគេទុកចោលមួយ
នៅតាមបណ្ដោយមហាវិថីកម្ពុជាក្រោម ទល់មុខផ្ទះរបស់ជនរងគ្រោះឈ្មោះប៊ូ កាបូ។
ផ្ទះដែលគេទុកចោលនោះ ជាកម្មសិទ្ធិរបស់ឈ្មោះសេង ស៊ុនថេង ជាបងបង្កើតរបស់វរសេនីយ៍ឯកសេង
ស៊ុនថៃ ដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍កាល៣ឆ្នាំមុន ហើយសេង ស៊ុនថៃ
ជាអ្នកកាន់កាប់ថែរក្សាផ្ទះនេះ និងឧស្សាហ៍ជុំគ្នាផឹកស៊ីជាមួយមិត្តភក្តិឈ្មោះប៊ូ
កាបូ នៅក្នុងផ្ទះនេះផងដែរ។
ប្រភពដដែលបានអះអាងថា ពេលចូលទៅដល់ខាងក្នុង
មន្ត្រីកងរាជអាវុធហត្ថដៃឆៅទាំង៤នាក់ បានយកសាកសពវរសេនីយ៍ឯកសេង ស៊ុនថៃ និងប៊ូ កាបូ
ទៅដាក់ក្នុងបន្ទប់មួយជុំគ្នា ហើយបានរៀបចំដាក់ដបស្រា កែវស្រា សាច់ក្លែម និងបបរ
ដាក់ចាននៅពេញលើតុមួយ រួចវរសេនីយ៍ ហ៊ុល ឃុន
បានយកកាំភ្លើងខ្លីទៅបាញ់ផ្អឹបត្រង់ថ្ពាល់ខាងស្តាំរបស់សាក សពវរសេនីយ៍ឯកសេង ស៊ុនថៃ
មួយគ្រាប់ ធ្លាយចេញទៅចំហៀងខាងក្រោយក្បាល រួចហើយក៏យកកាំភ្លើងខ្លីនោះ
មកដាក់នៅលើដៃសពរបស់ប៊ូ កាបូ។ ក្រោយពីមានការភ្ញាក់ផ្អើលពីរឿងឃាតកម្មនេះ
ពួកគេនាំគ្នាប្រតិដ្ឋហេតុការណ៍នោះថា វរសេនីយ៍ឯកសេង ស៊ុនថៃ និងប៊ូ កាបូ
ជាមិត្តភក្តិជិតស្និទ្ធនឹងគ្នា បានផឹកស៊ីស្រវឹង ហើយឈ្លោះប្រកែកគ្នា
រហូតដល់ទាញកាំភ្លើងខ្លីបាញ់សម្លាប់គ្នាទៅវិញទៅមក។ ប្រភពដដែលបានរម្លឹកថា កាល សឺង ង៉ុកថាញ់ រត់ចូលព្រៃ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ១៩៥២
បង្កើតចលនាតស៊ូប្រឆាំងបារាំង នៅភ្នំដងរែក អនុសេនីយ៍ទោ ដួងច័ន្ទ សាវ៉ាត
ក៏បាននាំពលទាហាន និងកាំភ្លើងជាច្រើនរត់ចោលជួរកងទ័ពបារាំង ទៅចូលរួមតស៊ូជាមួយសឺង
ង៉ុកថាញ់ ។ ពេលនោះសេង ស៊ុនថៃ ក៏បាននាំកូនទាហានមួយចំនួនរត់ទៅចូលរួមតស៊ូជាមួយសឺង
ង៉ុកថាញ់ ដែរ។ តែត្រូវពួកទាហានបារាំងតាមទៅទាន់នៅត្រង់ភ្នំត្បែងមានជ័យ ចាប់យកត្រឡប់មកវិញ
ហើយបារាំងក៏បានដកតំណែងជាមេបញ្ជាការតាំងពីពេលនោះមក។ មជ្ឈដ្ឋានមួយចំនួនបានសន្និដ្ឋានថា មូលហេតុដែលលន់ ណុន បញ្ជាឲ្យគេសម្លាប់វរសេនីយ៍ឯកសេង
ស៊ុនថៃ នេះ គឺដោយសារមិនទុកចិត្តសេង ស៊ុនថៃ ព្រោះខ្លាចទៅថ្ងៃក្រោយ សេង ស៊ុនថៃ
ទៅចូលរួមជាមួយសឺង ង៉ុកថាញ់ ជាមេចលនាតស៊ូខ្មែរសេរី
ដែលមានសហរដ្ឋអាមេរិកគាំទ្រជាយូរឆ្នាំមកហើយនោះ កម្ចាត់លន់ នល់ ចេញពីអំណាចវិញ។
យប់ថ្ងៃទី១៨
មីនា ១៩៧០ នាយករដ្ឋមន្ត្រី លន់ នល់ បានប្រកាសបង្កើតរបបសាធារណៈរដ្ឋមួយនៅកម្ពុជា
នាពេលដ៏ខ្លីខាងមុខ ។ ការប្រកាសបែបនេះ បណ្ឌិត រស់ ចន្ត្រាបុត្រ បានអះអាងថា
ធ្វើឡើងតាមការស្នើសុំរបស់វរសេនីយ៍ត្រី លន់ ណុន ។ ប៉ុន្តែ បន្ទាប់ពីគេរាយការណ៍ថ្វាយអំពីសេក្តីប្រកាសនោះ
ព្រះអង្គម្ចាស់ សិរិមតៈ បានជំទាស់ ហើយបានស្នើឲ្យលើកសេចក្តីប្រកាសនោះ
ទៅធ្វើនៅថ្ងៃក្រោយ ។ នៅពេលឃើញថា
ដំណើរនៃការបង្កើតរបបសាធារណៈរដ្ឋមួយនៅកម្ពុជាត្រូវបានរាំងខ្ទប់ដោយព្រះអង្គម្ចាស់សិរិមតៈ
ដែលចង់បន្តប្រទេសកម្ពុជា ឲ្យនៅជាប្រទេសរាធិបតេយ្យតទៅទៀតនោះ ទើបថ្ងៃទី១១ ខែមេសា
ឆ្នាំ១៩៧០ លន់ ណុន បានបញ្ជាឲ្យថាច់ ជា (ដើមកំណើតខ្មែរកម្ពុជាក្រោម )
រៀបចំធ្វើបាតុកម្មដ៏ធំមួយ ឈ្មោះថា “ ដំណើរឆ្ពោះទៅរកភាពស្របគ្នា ខាងផ្លូវចិត្តគំនិត
“ នៅក្នុងពហុកីឡាដ្ឋានអូឡាំពិក ក្រុងភ្នំពេញ។ បាតុកម្មនេះ ធ្វើឡើងដើម្បីសំណូមពរឲ្យសេនាប្រមុខ
លន់ នល់ បង្កើតរបបសាធារណៈរដ្ឋមួយនៅកម្ពុជា។ បន្ទាប់ពីការជួបជុំគ្នានៃហ្វូង
បាតុករនេះទៅ លន់ ណុន បានសន្យាយ៉ាងឱឡារិកថា
របបសាធារណរដ្ឋមួយនឹងត្រូវបានបង្កើតឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះ។
ប៉ុន្តែព្រះអង្គម្ចាស់ សិរិមតៈ និងមនុស្សរបស់ព្រះអង្គនៅតែមិនព្រម ហើយព្រះអង្គម្ចាស់លេចធ្លោជាងគេនៃស្រឡាយ
ស៊ីសុវត្ថិ អង្គនេះលើកហេតុផលថា ពេលវេលាពុំទាន់មកដល់ឡើយ ហើយថាប្រការនេះនឹងធ្វើឲ្យខូចខាតដល់រូបភាពនៃរបបថ្មីនេះ
នៅលើឆាកអន្តរជាតិ និងធ្វើឲ្យចុះខ្សោយរបបនេះនៅក្នុងសម័យប្រជុំអង្គការសហប្រជាជាតិឆាប់ៗខាងមុខ។
វាហាក់ដូចជាថា មនុស្សរបស់លោក លន់ ណុន បានជោគជ័យច្រើនណាស់ទៅហើយ នៅពេលដែល លន់ នល់
ប្រកាសតាមវិទ្យុនាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៧០ថា របបសាធារណរដ្ឋនៅកម្ពុជា
នឹងត្រូវបានបង្កើតឡើងនៅរយៈពេល២ខែខាងមុខ។
តពីនោះមក
ឆ្លងកាត់ការផ្លាស់ប្តូររដ្ឋាភិបាលដ៏គ្មានប្រសិទ្ធជាច្រើនលើក
និងសង្គ្រាមស៊ីវិលដ៏ក្រពុលមុខ ប្រទេសកម្ពុជាបានធ្លាក់ក្នុងរបបខ្មែរក្រហម
ឬរបបកម្ពុជាប្រជាធិបតេយ្យដ៏សែនប្រល័យ ។
ពីឆ្នាំ១៩៧០
ដល់ឆ្នាំ១៩៧៥ លោក លន់ ណុន បានខំរៀបចំបណ្តាញ បង្កើតមិត្តភក្តិ
តែជួបប្រទះតែទំនាស់ពីមជ្ឈដ្ឋានយោធា ក៏ដូចជាស៊ីវិលដែរ ។ បងរបស់គាត់ក៏មិនសូវទុកចិត្តលើគាត់ដែរ ។ លោក លន់ ណុន បានចូលមកក្របខ័ណ្ឌយោធាវិញ បានឋានៈឧត្តមសេនីយត្រី
ដែលអនុញ្ញាតឲ្យគាត់កាន់ជាមេបញ្ជាការទ័ពមួយរយៈ (១៩៧០-៧១)
នៅខេត្តកំពង់ស្ពឺ ប្រឆាំងទៅទ័ពយួនកុម្មុយនិស្ត និងខ្មែរក្រហម ។ អ្នកការទូតអាមេរិកនៅភ្នំពេញ ក៏មិនចូលចិត្ត ទុកចិត្ត
រាប់អានលោកដែរ ។ លោក លន់ ណុន
បានសេពគប់រកបង្អែកធ្វើទំនាក់ទំនងជាមួយទូតរុស្សី ។ ដោយធ្វើការមិនចុះសម្រុងនឹងគេឯង
ទូតអាមេរិកបានបង្ខំគាត់ឲ្យភៀសខ្លួនទៅអាមេរិក ឆ្នាំ១៩៧២ ក្រោមស្លាក «បេសកកម្មផ្លូវការ» ក្នុងរយៈពេល ១ឆ្នាំ ។ នៅភ្នំពេញ ស្ថានភាពយោធា-នយោបាយ
បានចុះដល់កម្រិតមួយដែលអនុញ្ញាតឲ្យមានអ្នកស្រោចស្រង់ ។ លោក លន់ ណុន ក៏បានវិលត្រឡប់ចូលស្រុកវិញ
មតិមហាជនក៏មិនជំទាស់ដែរ តែគេសង្ស័យលើរូបគាត់ ជាមួយពួកទាហានមួយក្រុម
និងធ្វើការបះបោរ ឬរដ្ឋប្រហារ ជាមិនខាន ។
នៅថ្ងៃទី២៧ មីនា ១៩៧៥ លោក លន់ ណុន បានលាឈប់ពីយោធាមកជាស៊ីវិល ។ ការវិលមកជីវភាពស៊ីវិលនេះ បានទទួលការយល់ព្រមពី លោក លន់ នល់
ដែលនឹងចាកចេញពីភ្នំពេញ ថ្ងៃទី១ មេសា ១៩៧៥ ទៅហាវ៉ៃ ។ ពេលនេះ លោក លន់ ណុន ក៏មានលទ្ធភាពចាកចេញពីភ្នំពេញដែរ
តែគាត់សាកល្បងសំណាង «ចុងក្រោយ» ។
នៅព្រឹកថ្ងៃទី១៧
មេសា ១៩៧៥ អ្នកភ្នំពេញ
ក៏ដូចជាអ្នកសង្កេតការណ៍លបានឃើញមនុស្សមួយក្រុមប្រមាណ ២០០នាក់
ប្រដាប់អាវុធ ស្លៀកពាក់ខ្មៅ ត្រួតត្រាភ្នំពេញមួយពព្រិចភ្នែក ។ អ្នកទាំងនេះ បញ្ជាដោយមេក្រុមម្នាក់ឈ្មោះ ហែម កេតតារា ជាកូនលោក
ហែម កេតសាណា អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (១៧/១០/១៩៧២-៧/១២/១៩៧៣)
មានទូរបញ្ជាពី លន់ ណុន ទំនងជាមានការយល់ព្រមពីទូតរុស្សីផង ។ ក្រុមនេះ បានត្រូវទាហាន ប៉ុល ពត
ខ្មែរក្រហមពិតប្រាកដចាប់សម្លាប់ចោលនៅពេលថ្ងៃរសៀល ។ វាសនាលោក លន់ ណុន ក៏ដូចនោះដែរ បន្ទាប់ពីបានសុំចុះចូល ខ្មែរក្រហមបានសម្លាប់យ៉ាងឃោរឃៅបំផុត
នៅថ្ងៃ១៧ មេសា ១៩៧៥ ។



