LEADER_NORODOM SIHANOUK / បញ្ហាព្រំដែនខ្មែរ-ថៃ​ (សារិត ថាណារ៉ាត)

 




ឆ្នាំ១៩៥៨! សម្ដេចសីហនុ ជួបសន្ទនាជាមួយព្រះមហាក្សត្រថៃ ភូមិវិបុល អាប់ឌុលយ៉ាដេត តែភាគីថៃ បានដាក់ពង្រាយកងទ័ពជាច្រើននៅតាមបណ្ដោយព្រំដែន ដើម្បីគំរាមមកលើប្រទេសកម្ពុជា។
នៅក្នុងឆ្នាំ១៩៥៦ សឺង ង៉ុកថាញ់ រត់គេចខ្លួនចូលក្នុងទឹកដីថៃ បានបង្កើតចលនាតស៊ូខ្មែរសេរី ដែលមានការជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងពីសំណាក់ពួកសេ.អ៊ី.អា របស់អាមេរិក និងមានទីតាំងនៅលើទឹកដីថៃ ផងដែរនោះ ប្រទេសទាំងពីរក៏ចាប់ផ្ដើមមានភាពតានតឹងជាមួយគ្នាចាប់ពីពេលនោះមក។ នៅដើមខែមេសា ឆ្នាំ១៩៥៧ កងទ័ពថៃ បានចូលរុករានទន្ទ្រានកាន់កាប់ប្រាសាទព្រះវិហារខ្មែរ ជាថ្មីម្ដងទៀត។
ប៉ុន្តែ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៥៧នោះដែរ សេនាប្រមុខសារិត ថាណារ៉ាត បានធ្វើរដ្ឋប្រហារទម្លាក់សេនាប្រមុខភិបុល សង្គ្រាម ចេញពីតំណែងនាយករដ្ឋមន្ត្រី ហើយសេនាប្រមុខភិបុល សង្គ្រាម នេះ ក៏បានភៀសខ្លួនមកសុំ សម្ដេចសីហនុ ជ្រកកោននៅក្នុងប្រទេសកម្ពុជា។
សម្ដេចសីហនុ ក៏ទទួលស្វាគមន៍យ៉ាងយកចិត្តទុកដាក់បំផុតចំពោះសេនាប្រមុខភិបុល សង្គ្រាម ដោយឱ្យស្នាក់នៅក្នុងភូមិគ្រឹះមួយរបស់ព្រះអង្គ និងឱ្យក្រុមព្រះរាជវង្សានុវង្សជួយទំនុកបំរុងគាត់គ្រប់បែបយ៉ាង។
ក្រោយពីស្នាក់នៅបណ្ដោះអាសន្នក្នុងទីក្រុងភ្នំពេញ អស់រយៈពេលជិត៣ខែមក អតីតនាយករដ្ឋមន្ត្រីថៃ រូបនេះ ក៏បានសុំលាសម្ដេចសីហនុ ចាកចេញទៅរស់នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី០៣ ខែធ្នូ ក្នុងឆ្នាំដដែលនោះបាត់ទៅ។
ដោយសារតែសម្ដេចសីហនុ ជួយយកអាសាសេនាប្រមុខភិបុល សង្គ្រាម នេះហើយ ទើបធ្វើឱ្យរាជរដ្ឋាភិបាលយោធារបស់សេនាប្រមុខសារិត ថាណារ៉ាត ដែលកើតចេញពីរដ្ឋប្រហារនោះ ចេះតែបង្កជម្លោះជាមួយប្រទេសកម្ពុជា ពិសេសគឺបានរំលោភបំពានមកប្រាសាទព្រះវិហារនេះតែម្ដង។
ប៉ុន្តែទោះបីយ៉ាងនេះក្ដី ក៏នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៥៨ សម្ដេចសីហនុ ក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មួយក្រុមទៅទីក្រុងបាងកក ក្នុងរយៈពេលខ្លី ដើម្បីជួបសន្ទនាជាមួយព្រះមហាក្សត្រថៃ ភូមិវិបុល អាប់ឌុលយ៉ាដេត និងមេដឹកនាំកំពូលថៃផ្សេងៗទៀត។
ក្រោយមកព្រះអង្គចាត់ឱ្យមានគណៈប្រតិភូមួយ ដោយមានសឺន សាន ជាប្រធាន ទ្រឿង កាង និងសារិន ឆាក ជាអនុប្រធាន ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធជាច្រើនទៀត(ស្ថាប័នភូមិសាស្រ្ត, ប៉ូលិស, គយ ,អយស្ម័យាន) ជាសមាជិក ទៅចរចាជាមួយភាគីថៃ ដែលដឹកនាំដោយព្រះអង្គម្ចាស់វ៉ាន់វ៉ៃ ថាយ៉ាន និងហ្លួង វិចិត្រ ព្រមទាំងនាយទាហានជាន់ខ្ពស់ថៃ ជាច្រើនរូបទៀត ដើម្បីធ្វើការសម្របសម្រួលគ្នាពីបញ្ហាជម្លោះប្រាសាទព្រះវិហារ នេះបន្តទៀតដែរ ប៉ុន្តែ មិនអាចធ្វើការសម្របសម្រួលគ្នាបានទេ ព្រោះភាគីថៃ មិនទទួលស្គាល់ឯកសារផ្សេងៗដែលទាក់ទងនឹងផែនទីដែលជាឧបសម្ព័ន្ធក្នុងកិច្ចព្រមព្រៀងបារាំង-សៀម ឆ្នាំ១៩០៧។
ទោះបីកិច្ចចរចានោះមិនទទួលបានលទ្ធផលអ្វីបន្តិចក៏ដោយ ក៏នៅពេលបែកគ្នា ភាគីទាំងពីរនៅតែញញឹមរាក់ទាក់ ដាក់គ្នាទៅវិញទៅមកដូចធម្មតា។
ប៉ុន្តែ មួយថ្ងៃក្រោយមក មេដឹកនាំថៃ បានរៀបចំឱ្យមានបាតុកម្មធំមួយប្រឆាំងនឹងស្ថានទូតរបស់កម្ពុជា នៅក្នុងក្រុងបាងកក រួចហើយបន្តទៅធ្វើនៅមុខស្ថានទូតអាមេរិក ទៀត។
លុះមកដល់ខែកញ្ញាឆ្នាំ១៩៥៨ ភាគីកម្ពុជា និងថៃ ក៏ចាប់ផ្ដើមជេរប្រមាថគ្នាទៅវិញទៅមកតាមរយៈទំព័រសារព័ត៌មាន និងរលកធាតុអាកាសវិទ្យុរៀងៗខ្លួន ដែលអាចចាត់ទុកថា ជាសង្គ្រាមពាក្យសម្តីមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅ។
ពួកអ្នកការទូតបស្ចិមប្រទេស ក៏បានធ្វើការកត់ត្រាទុករាល់ពាក្យសំដី និងឃ្លាឃ្លោងដែលភាគីទាំង២ ជេរប្រមាថគ្នានោះ ចងក្រងជាឯកសារក្នុងសៀវភៅស ផងដែរ។
បន្ទាប់មក ភាគីថៃ បានដាក់ពង្រាយកងទ័ពជាច្រើននៅតាមបណ្ដោយព្រំដែន ដើម្បីគំរាមមកលើប្រទេសកម្ពុជា។
ជាការឆ្លើយតបនឹងការគំរាមកំហែងនេះ ភាគីកម្ពុជា ក៏បានដាក់ពាក្យបណ្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបានប្រកាសផ្ដាច់ទំនាក់ទំនងការទូតជាមួយប្រទេសថៃ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៥៨។
ពេលនោះ ដាក ហាំមាំហ្សូល អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានចាត់ឱ្យតំណាងម្នាក់ ឈ្មោះបេក ហ្វ្រីអ៊ីស ទៅធ្វើការស្រាវជ្រាវពីបញ្ហាជម្លោះនៅប្រាសាទព្រះវិហារ នោះផ្ទាល់តែម្ដង និងបានជួយធ្វើការសម្របសម្រួលផ្សះផ្សាឱ្យមានការជានាគ្នាឡើងដែរ ហើយភាគីកម្ពុជា និងថៃ បានយល់ព្រមផ្សារទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញ នៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៥៩។
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៥៩ ថាណាក់ ខម៉ាន់ ជារដ្ឋមន្ត្រីការបរទេសថៃ បានធ្វើដំណើរមកទីក្រុងភ្នំពេញ ដើម្បីចុះហត្ថលេខាជាមួយសឺន សាន រដ្ឋមន្ត្រីការបរទេសកម្ពុជា លើសេចក្ដីប្រកាសរួមមួយស្ដីពីការគោរពបូរណភាពទឹកដី និងមិនជ្រៀតជ្រែកដល់កិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។
តែដោយសារភាគីថៃ គ្មានឆន្ទៈពិតប្រាកដក្នុងការដកកងទ័ពចេញពីប្រាសាទព្រះវិហារនោះ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៥៩ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេឱ្យជួយដោះស្រាយ ហើយពីរថ្ងៃក្រោយមក ភាគីទាំងពីរ ក៏ចាប់ផ្ដើមជេរប្រមាថគ្នាជាថ្មីម្ដងទៀត។
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៦០ សេនាប្រមុខសារិត ថាណារ៉ាត នាយករដ្ឋមន្ត្រីថៃ បានថ្លែងសុន្ទរកថាមួយ ដោយបានប្រើពាក្យជេរប្រម៉ាថធ្ងន់ៗមកសម្ដេចសីហនុ ដែល ធ្វើឱ្យភាគីកម្ពុជា បង្ខំចិត្តកាត់ផ្ដាច់ចំណងការទូតជាមួយប្រទេសថៃ ជាថ្មីម្ដងទៀត។
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ នៅក្រុងឡាអេ បានសម្រេចថា ប្រាសាទព្រះវិហារជារបស់កម្ពុជា និងឱ្យកងទ័ព ប៉ូលិស និងឆ្មាំថៃទាំងអស់ ត្រូវដកចេញពីប្រាសាទនេះ។
ដោយសារតែការទាមទារប្រាសាទព្រះវិហារ ឱ្យមកជាសម្បត្តិវប្បធម៌ជាតិវិញ ដោយជោគជ័យដូចការបន់ស្រន់នោះ សម្តេចសីហនុ បានកោរព្រះកេសាថ្វាយដល់ព្រះពុទ្ធជាម្ចាស់ ដោយក្តីជឿជាក់បំផុត ហើយប្រជារាស្ត្រខ្មែរទាំងមូលក៏ចិត្តសប្បាយរីករាយរកអ្វីប្រៀបផ្ទឹមពុំបានដែរ។ ប៉ុន្តែសម្រាប់មេដឹកនាំថៃ គឺជារឿងអាម៉ាស់បំផុតនោះ បានរៀបចំឱ្យមានបាតុកម្មដ៏ធំមួយ ប្រឆាំងនឹងសាលក្រមតុលាការក្រុងឡាអេ និងបានបញ្ជាឱ្យកងទ័ពខ្លួនធ្វើសកម្មភាពអុកឡុកបង្ករឿងនៅក្នុងតំបន់ព្រះសាទព្រះវិហារ និងតាមតំបន់ឆ្នេរសមុទ្រក្នុងខេត្តកោះកុង ផងដែរ។ ប៉ុន្តែ ដោយសារខ្លាចញញើតមានការតបតពីភាគីកម្ពុជា វិញនោះ ថៃបានស្នើសុំទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ ឱ្យមានការស៊ើបអង្កេតមួយស្តីពីបញ្ហាព្រំដែនប្រទេសទាំងពីរ។
ក្នុងខែតុលា ឆ្នាំ១៩៦២ អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានប្រគល់ភារកិច្ចជូនអ្នកការទូតជាជនជាតិស៊ុយអែដម្នាក់ឈ្មោះនីល ហ្គួសស៊ីង (Nils Gussing)ឱ្យមកពិនិត្យស្ថានការណ៍ជម្លោះជាក់ស្តែង ទាំងនៅខាងថៃ និងនៅខាងកម្ពុជា។
អ្នកការទូតអន្តរជាតិរូបនេះ បានធ្វើការវាយតម្លៃពីជម្លោះនោះថា ភាគីទាំងពីរពុំមានចេតនាពង្រីកការប៉ះទង្គិចគ្នាបន្តិចបន្តួចនោះ ឱ្យទៅជាសង្គ្រាមបង្ហូរឈាមគ្នាអ្វីធំដុំទេ ហើយគាត់បានសំណូមពរឱ្យភាគីទាំងពីរ កុំធ្វើសកម្មភាពអ្វីឱ្យលើសពីនេះទៀត។
នៅថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៦៣ សម្តេចសីហនុ បានយាងទៅធ្វើព្រះរាជបូជនីយេសដ៏ធំមួយនៅប្រាសាទព្រះវិហារ ដែលជាសម្បត្តិវប្បធម៌ខ្មែរដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាននោះ។
នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៦៣ សេនាប្រមុខសារិត ថាណារ៉ាត នាយករដ្ឋមន្ត្រីថៃ ទទួលមរណភាពដោយសារជំងឺដាច់សរសៃខួរក្បាល ក្នុងអាយុ៥៥ឆ្នាំ។
ដំណឹងមរណភាពនេះ គឺជាទុក្ខដ៏ក្រៀមក្រំមួយនៅទីក្រុងបាងកក ប្រាកដមែន តែសម្រាប់នៅក្រុងភ្នំពេញ ជាដំណឹងសប្បាយរីករាយ និងការចំអកទៅវិញ។
ជាមួយគ្នានេះប្រជារាស្រ្តខ្មែរបានជះកំហឹងទៅលើឧត្តមសេនីយ៍ប្រាផាត ចារុសាធៀន ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថាណាក់ ខម៉ាន់ ជារដ្ឋមន្ត្រីការបរទេសថៃ ដោយសារតែការរំលោភបំពានមកលើអធិបតេយ្យភាពកម្ពុជា នោះ ថែមទៀតផង។
ក្រោយពី សារិត ថាណារ៉ាត ស្លាប់ទៅ ថ្នមទិកា ចន បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ បន្តទៀត។
តាំងពី ខែមករា ឆ្នាំ១៩៦៤ មកម៉្លេះ សម្តេចសីហនុ បានស្នើសុំឱ្យមេដឹកនាំថៃ ចុះហត្ថលេខាលើកតិកាសញ្ញាលើកិច្ចព្រមព្រៀងស្ដីពីការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក និងទទួលស្គាល់ពីខ្សែបន្ទាត់ព្រំដែនរបស់ប្រទេសទាំងពីរ តាមផែនទីដែលជាកិច្ចព្រមព្រៀងបារាំង-សៀម កាលពី ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧។ ប៉ុន្តែមេដឹកនាំថៃ មិនដែលឆ្លើយតបម្ដងណាទេ គឺមានតែការរំលោភបំពានតាមបណ្ដោយព្រំដែនថែមទៀតប៉ុណ្ណោះ។
នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ១៩៦៦ អគ្គសេនាធិការដ្ឋានកងទ័ពកម្ពុជា បានប្រកាសថា កងទ័ពថៃ ជាច្រើនបានចូលមករំលោភបំពានដណ្តើមកាន់កាប់ប្រាសាទព្រះវិហារ ជាថ្មីម្តងទៀត ហើយបានសម្លាប់ឆ្មាំការពារប្រាសាទរបស់កម្ពុជា ចំនួន៥នាក់។
ប៉ុន្តែ៣ថ្ងៃក្រោយមក អគ្គសេនាធិការដ្ឋានកងទ័ពកម្ពុជា ក៏បានប្រកាសថា កងទ័ពកម្ពុជា បានវាយដណ្តើមប្រាសាទព្រះវិហារ មកវិញហើយ។ ប៉ុន្តែភាគីថៃ បដិសេធថា ការវាយប្រហារគ្នានៅតំបន់ប្រាសាទព្រះវិហារនោះ គឺជារឿងជម្លោះដែលកើតឡើងពីការដោះដូរទំនិញខុសច្បាប់ទៅវិញ ហើយភាគីថៃ ក៏បានស្នើទៅអគ្គលេខាធិការអង្គការសហប្រជាជាតិឱ្យបញ្ជូនអ្នកសង្កេតការណ៍មកធ្វើការពិនិត្យស្រាវជ្រាវបញ្ហានេះ។ ឯភាគីកម្ពុជា ក៏យល់ព្រមតាមការស្នើសុំរបស់ភាគីថៃ នេះដែរ។
នៅក្នុងខែសីហា ឆ្នាំ១៩៦៦ អគ្គលេខាធិការអង្គការសហប្រជាជាតិ អ៊ូ ថាន់ បានតែងតាំងអ្នកការទូតជាជនជាតិស៊ុយអែដម្នាក់ទៀត ឈ្មោះហឺរបេត ដឺ រីបប៊ិញ(Herbert De Ribbing)ជាតំណាង ឱ្យមកជួយធ្វើការសម្របសម្រួលបញ្ហាជម្លោះព្រំដែនរបស់ប្រទេសទាំងពីរ។
តែដោយសារមេដឹកនាំប្រទេសទាំងពីរ ប្រកែកយកត្រូវតែរៀងៗខ្លួន ធ្វើឱ្យពួកមន្រ្តីអង្គការអន្តរជាតិទាំងអស់ដែលបានចូលរួមដោះស្រាយ និងតាមដានហេតុការណ៍ជម្លោះនេះ នាំគ្នាគ្រវីក្បាលហួសចិត្តគ្រប់ៗគ្នា។
សម្តេចសីហនុ បានប្រកាសប្រាប់សាធារណមតិអន្តរជាតិថា ការចាប់ផ្តើមផ្សារទំនាក់ទំនងការទូតរបស់ប្រទេសកម្ពុជា ជាមួយប្រទេសថៃ ឡើងវិញ គឺត្រូវតែធ្វើតាមរយៈការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយឈរលើគោលការណ៍គោរពព្រំដែនរួមគ្នា។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសថៃ ថាណាត់ ខម៉ាន់ មិនចង់ឱ្យមានសេចក្តីថ្លែងការណ៍រួម តាមការចង់បានរបស់សម្តេចសីហនុ ហើយគាត់ក៏មិនធ្វើការសម្របសម្រួលណាមួយពីបញ្ហាខ្សែបន្ទាត់ព្រំដែននោះដែរ។
ដោយសារតែខឹងសម្បារពីបញ្ហានេះ សម្ដេចសីហនុ បានចំអកដោយហៅរដ្ឋមន្ត្រីការបរទេសថៃ ដែលមានឈ្មោះណាត់ ខម៉ាន់ នោះថាជា ថាណាត់ ខមាន់ និងហៅនាយករដ្ឋមន្ត្រីថៃ ថ្នមកាទិ ចន នោះថាជា ថ្នមកាទិច កាទី ទៅវិញ។