ORDINARY_TRUONG NGEA / ត្រឹង ងា


អ្នកស្រី ត្រឹង ងា ឈ្មោះដើម ឡាយ ហ៊ុនគី ជាអ្នកនិពន្ធសៀវភៅ «អរិយធម៌ខ្មែរ» បានទទួលមរណភាពក្នុងជន្មាយុ៨៧ឆ្នាំ នៅថ្ងៃទី២៨ សីហា ឆ្នាំ២០២២ វេលាម៉ោង៧ព្រឹក ដោយរោគាពាធ។


លោកស្រី ត្រឹង ងា បានទទួលសញ្ញាបត្រកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រ និងឯកសណ្ឋានកិត្តិបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជាពីលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៣.០០ នៅគេហដ្ឋានរបស់គាត់  ខណៈគាត់មិនអាចងើបពីគ្រែដើម្បីពាក់ឯកសណ្ឋានបាន។












លោកស្រី ត្រឹង ងា មានឈ្មោះដើមថា ឡាយ ហ៊ុនគី កើតនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៣៩ នៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង (បច្ចុប្បន្នខេត្តបន្ទាយមានជ័យ)។ គិតចាប់ពីឆ្នាំ១៩៥៧ លោកស្រីបានចាប់ផ្ដើមអាជីពជាគ្រូបង្រៀនជាលើកដំបូង នៅឯខេត្តបាត់ដំបង ហើយមួយឆ្នាំក្រោយមក លោកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ត្រឹង ងា ដែលមានស្រុកកំណើតជាអ្នកស្រុកយីងចូវ ខេត្តពលលាវ កម្ពុជាក្រោម។ ក្រោយមក គេបានស្គាល់ និងហៅលោកស្រីថា «អ្នកស្រី ត្រឹង ងា» ព្រោះត្រូវផ្លាស់ឈ្មោះតាមស្វាមីដែលជាទម្លាប់របស់រាជការខ្មែរ ធ្វើរបៀបបារាំងនាសម័យកាលនោះ។ នៅឆ្នាំ១៩៦២ អ្នកស្រីបានបន្តការសិក្សានៅវិទ្យាស្ថានជាតិគរុកោសល្យផ្នែកអប់រំសាស្ត្រាចារ្យ រហូតដល់ឆ្នាំ១៩៦៦ អ្នកស្រី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ និងក្លាយទៅជាគ្រូបង្រៀនផ្នែកវប្បធម៌ និងអរិយធម៌នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ អ្នកស្រីបាននិពន្ធ និងបោះពុម្ពផ្សាយស្នាដៃសៀវភៅដ៏ល្បីមួយក្បាលក្នុងឆ្នាំ១៩៧៤ ឈ្មោះថា «អរិយធម៌ខ្មែរ» ដោយបានប្រើឈ្មោះ «អ្នកស្រី ត្រឹង ងា» ជាអ្នកនិពន្ធលើសៀវភៅ។ មុនថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ អ្នកស្រីជានាយិកាវិទ្យាល័យនារី ភ្នំពេញ។







ក្រោយថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ អ្នកស្រី និងស្វាមី ព្រមទាំងគ្រួសារ ត្រូវខ្មែរក្រហមជម្លៀសទៅភូមិក្បាលដំរីក្រោម ស្រុកកោះធំ ខេត្តកណ្ដាល។ នៅក្នុងរបបខ្មែរក្រហម អ្នកស្រី ឡាយ ហ៊ុនគី និងស្វាមី មិនបានកែឈ្មោះ ឫុលាក់ប្រវត្តិពិតដែលជាសាស្ត្រាចារ្យនៅក្នុងរបបសាធារណរដ្ឋខ្មែរឡើយ។ ក្រោយមក នៅខែវិច្ឆិកា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានឱ្យស្វាមីរបស់អ្នកស្រី គឺលោកត្រឹង ងា ទៅជួយរៀបរៀងទស្សនាវដ្ដីរបស់កម្ពុជាប្រជាធិបតេយ្យ។ លោកត្រឹង ងា ត្រូវខ្មែរក្រហមបញ្ជូនចូលមន្ទីរស២១ (គុកទួលស្លែង) នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៧៥ និងក្រោយមកក៏ត្រូវខ្មែរក្រហមសម្លាប់លោកនៅទីនោះ ។ ខ្មែរក្រហមបានជម្លៀសគ្រួសារអ្នកស្រីចេញពីភូមិជាច្រើនលើកច្រើនសា រហូតទៅដល់ភូមិចកតូច ឃុំចកតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្រោយថ្ងៃរំដោះ ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ អ្នកស្រីបានបន្តរស់នៅក្នុងស្រុកមោងឫស្សី និងស្រុកមង្គលបូរី រកស៊ីលក់ដូរគ្រាន់ចិញ្ចឹមកូនៗ។ នៅឆ្នាំ១៩៨៣ អ្នកស្រី បានបន្តអាជីពក្នុងវិស័យអប់រំ ដោយបានក្លាយជានាយិកាវិទ្យាល័យមង្គលបូរី ខេត្តបាត់ដំបង (បច្ចុប្បន្ន ខេត្តបន្ទាយមានជ័យ )។ នៅឆ្នាំ១៩៩៥ បានចូលនិវត្តន៍ពីជីវភាពក្នុងវិស័យអប់រំ។ នៅឆ្នាំ១៩៩៨ ដល់ ២០០៦ អ្នកស្រីជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តបន្ទាយមានជ័យ។ ក្រោយពីចូលនិវត្តន៌មក អ្នកស្រីបានចំណាយពេលវេលាភាគច្រើនរបស់អ្នកស្រីក្នុងវិស័យព្រះពុទ្ធសាសនា នៅខេត្តបន្ទាយមានជ័យ និងបានប្តូរមករស់នៅជាមួយកូនប្រុសទី៣ នៅរាជធានីភ្នំពេញ នៅឆ្នាំ២០១៩ រហូតមកទល់សព្វថ្ងៃ។

សៀវភៅអរិយធម៌ខ្មែរ ដែលជាស្នាដៃរបស់អ្នកស្រី គឺជាប្រភពឯកសារដ៏ចម្បង និងបានរួមចំណែកយ៉ាងសំខាន់សម្រាប់អ្នកសិក្សាថ្នាក់បញ្ចប់ ក៏ដូចជាអ្នកស្រាវជ្រាវ និងយុវជនជំនាន់ក្រោយក្នុងការសិក្សារៀនសូត្រ ពង្រីកចំណេះដឹង និងបន្តការសិក្សាស្រាវជ្រាវបន្ថែមអំពីវប្បធម៌ និងអរិយធម៌ខ្មែរ។ ដោយយោងលើសមិទ្ធផល និងការចូលរួមចំណែកដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់អ្នកស្រីក្នុងផ្នែកអក្សរសាស្ត្រ និងប្រវត្តិសាស្ត្រខ្មែរ ហើយក៏ដើម្បីជាការតបស្នងចំពោះគុណបំណាច់ធំធេងរបស់អ្នកស្រីក្នុងបុព្វហេតុជាឧត្ដមប្រយោជន៍នៃសង្គមជាតិ ឯក ឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៩ខែតុលាឆ្នាំ២០២០ បានចេញសេចក្ដីសម្រេចលេខ ០៥២ / ២០ ស.ស.រ. ប្រគល់សញ្ញាបត្រកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រ នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនអ្នកស្រី ។









EDC APP