LEADER_ព្រះបាទសម្ដេច ព្រះអង្គដួង​ (១៨៤០-១៨៥៩) - ប្រវត្តិ


រាមាធិបតីទី៤ ឬ អង្គឌួង (អង់គ្លេស: Reamea Thipadei IV) or (Ang Duong) (ប្រ.ស|គ.ស ១៧៩៦-១៨៦០) រជ្ជកាលគ្រងរាជ (គ.ស ១៨៤១-១៨៥៩) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២៣៨៩ ត្រូវនិង គ.សករាជ ១៨៤៥ ត្រូវនិង មហាសករាជ ១៧៦៨ ទ្រង់មានព្រះនាមហៅថា ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះហរិរក្សរាមាឥស្សរាធិបតីអង្គឌួង ទ្រង់ជាបុត្រាពៅ នៃព្រះរាមាធិបតី អង្គអេង ហើយទ្រង់ឡើងសោយរាជដោយមានការជ្រោមជ្រែងគាំទ្រពីសំណាក់ពួកសៀមផងដែរ ។
ព្រះបាទអង្គឌួង ប្រសូត្រនៅឆ្នាំ១៧៩៦។ ព្រះអង្គជាបុត្រពៅរបស់ស្ដេចអង្គអេង (១៧៩៤-១៧៩៧) ហើយបានភៀសព្រះអង្គទៅគង់នៅប្រទេសថៃជាង១ទសវត្ស។ ព្រះអង្គឌួង ត្រលប់មកស្រុកខ្មែរវិញនៅឆ្នាំ១៨៤១ ដែលយើងអាចទុកថាព្រះអង្គសោយរាជ្យសម្បត្តិចាប់តាំងពីពេលនោះមកពិតមែន តែម្ចាស់ក្សត្រីអង្គម៉ី មិនទាន់ចូលទីវង្គត់នៅឡើយ។ ​ដោយសទ្ធិសញ្ញារវាង សៀម និង យួន នៅខែធ្នូ ១៨៤៥ បានស្រុះស្រួលប្រគល់រាជបល្ល័ង្កខ្មែរមក ព្រះអង្គឌួងវិញ។
ប្រវត្តិ ព្រះបាទអង្គដួង
រជ្ជកាលព្រះអង្គដួង (១៨៤០ - ១៨៥៩)ព្រះបាទអង្គឌួងទ្រង់ប្រសូតនៅថ្ងៃទី៩ ខែអាសាធឆ្នាំរោង អដ្ឋស័កព.ស ២៣៤០ ត្រូវនឹងគ.ស១៧៩១ នៅក្រុងឩដុង្គ ។ជាបុត្រពៅរបស់ព្រះអង្គអេង និងមាតានាម អ្នកម្នាងរស់ ។មានព្រះរាម៤អង្គគឺៈ អង្គចន្ទ អង្គភឹម អង្គស្ងួន អង្គអ៊ឹម ។
- ព្រះអង្គចូលទីវង្គតនៅថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំវក ទោស័កព.ស២៤០៤ ត្រូវនឹងថ្ងៃទី១៦ ខែតុល គ.ស១៨៦០ នៅវេលាម៉ោង៤និង១៥នាទី ដោយរោគ មនោបាតក្នុងព្រះជន្មាយុ ៦៥វស្សា ។
- ព្រះបាទអង្គឌួងមានរាជបុត្រ៣ព្រះអង្គ គឺ
​​​​​       ១- ព្រះនរោត្តម
      ២- ព្រះស៊ីវត្ថា និង
      ៣- ព្រះស៊ីសុវត្ថិ 
- ឆ្នាំ១៨៤០ ព្រះអង្គឌួងបានគ្រងរាជ្យនៅវាំងស្បែកស្រុកពញាឮ លុះដល់ឆ្នាំ១៨៤៧ ទើបទ្រង់ បានត្រូវ អភិសេកឲ្យឡើងសោយរាជ្យជាព្រះមហាក្សត្រនៅឧដុង្គ ។ ក្នុងនាមជាព្រះរាជាដែលគិតដល់ អាយុ ជីវិតជាតិ ព្រះអង្គមានព្រះទ័យសោកស្ដាយជាខ្លាំងនៅពេលទ្រង់ជ្រាបថា មានទឹកដីខ្មែរជាច្រើនបាត់ បង់ទៅសៀម និង យួន ។ ប៉ុន្តែដោយប្រទេសខ្មែរស្ថិតនៅក្នុងស្ថានភាព សេដ្ឋកិច្ចទន់ខ្សោយ និងខ្ទេច ខ្ទាំដោយសង្គ្រាម ផ្ទៃក្នុងទើបព្រះអង្គមិនអាចរកកម្លាំងដើម្បីដណ្ដើមទឹកដីទាំង នោះមកវិញ ។ម្យ៉ាងទៀតដើម្បី រំដោះប្រទេសឲ្យរួចផុតពីការបែងចែក របស់យួននិងសៀមមានតែមធ្យោបាយមួយគឺពឹង មហាអំណាចអឺរ៉ុបណាមួយដើម្បីបង្ក្រាបសត្រូវទាំងពីរឲ្យចេញផុតពីទឹកដីខ្មែរ ។
- នៅឆ្នាំ១៨៥៤ព្រះអង្គបានចាត់ទូតខ្មែរម្នាក់អោយទៅទាក់ទងជាមួយទូតបារាំងដែលតាំង នៅសិង្ហបុរី ក្នុងគោលបំណងអោយបារាំងជួយការពារខ្មែរ ប៉ុន្តែគំរោងការនេះបានត្រូវបរាជយ័ ដោយរឿងនេះលេចឭដល់ស្តេចសៀម ហើយស្តេចសៀមក៏បានគំរាមព្រះបាទអង្គឌួងថា បើព្រះអង្គហ៊ានចុះសន្ឋិសញ្ញាចងសម្ពន្ឋ័ភាពជាមួយបារាំងសៀមនិងលើកទព័ចូលមកកំទិច ខ្មែរជាមិនខាន ។ ឃើញបែបនេះ ព្រះបាទអង្គឌួងក៏មិនហ៊ានអោយលោកដឺមុងទីញ៉ី ( De Montingny)ដែលជាតំណាងរបស់បារាំងចូលគាល់ឡើយ ។ ឃើញដូច្នេះបារាំងក៏ផ្អាកការចុះ សន្ឋិសញ្ញាសម្ពន្ឋ័ភាពបារាំងខ្មែរ នេះទៅ ។
- នៅក្នុងរជ្ជកាលព្រះបាទអង្គឌួងព្រះអង្គបានចាត់អោយមានការបោះពុម្ពប្រាក់ថ្មី ឈ្មោះប្រាក់ បាតដែលមាន បួនប្រភេទ។ប្រាក់បាតមានរូបម្ខាងហង្សនិងម្ខាងទៀតមានរូបប្រាសាទអង្គរ។នៅឆ្នាំ១៨៥០ ព្រះអង្គឌួងបានបញ្ជាឲ្យពួកមន្ត្រីកែនប្រជាជន ដើម្បីលើកទំនប់មួយសម្រាប់ ការពាររាជធានីឧដុង្គពីខាងកើត។ ព្រះអង្គបានកសាងផ្លូវមួយទៀតតភ្ជាប់ពីក្រុងឧដុង្គទៅកំពង់លួងមានប្រវែង៦៤០០ម៉ែត។ នៅលើចិញ្ចើមផ្លូវមានកសាងសាលាសំណាក់ជាច្រើនសម្រាប់ ឲ្យ ប្រជាជនដែលធ្វើដំណើរឆ្លងកាត់ឈប់សម្រាកនៅពេលហត់ នឿយ។ដើម្បីសម្រួលដល់ប្រជាជននៅម្ដុំពោធិ៍ចិនតុងក្នុងការដឹកជញ្ជូនទំនិញមកលើកនៅកំពង់ផែក្រុងភ្នំពេញ ព្រះអង្គក៏បានបញ្ជាឲ្យគេកសាងផ្លូវមួយទៀត។ ប្រទេសខ្មែរក្នុងសម័យអង្គរមាន ផ្លូវខ្វាត់ខ្វែង ប៉ុន្តែដោយសារចម្បាំងទើបផ្លូវអស់ទាំងនោះ​​ត្រូវគេបោះបង់ចោលមិនបាន ថែរក្សា។ ចាប់ពីឆ្នាំ១៨៤៧ពួកយួន
 បានគាបសង្កត់មកលើ សេដ្ឋកិច្ចតាមផ្លូវទន្លេមេគង្គដោយយកពន្ធដារលើទំនិញឆ្លងកាត់ទើបព្រះអង្គបានសម្រេច ព្រះទ័យសាងកំពង់ផែមួយនៅខេត្តកំពតដើម្បីរំដោះសេដ្ឋកិច្ចប្រទេសជាតិឲ្យផុតពីការហ៊ុមព័ទ្ធរបស់សត្រូវ។ជាមួយគ្នានេះដែរព្រះអង្គក៏បានកសាងផ្លូវមួយខ្សែភ្ជាប់ពីឧដុង្គទៅកំពង់ផែកំពតដើម្បីសម្រួលទំនាក់ទំនងជាមួយកំពង់ផែនិងសម្រាប់ប្រជារាស្ត្រខ្មែរធ្វើដំណើរទៅមក ។
- នៅឆ្នាំ១៨៥៣ ព្រះអង្គទ្រង់បានចាត់រាជប្រតិភូមួយក្រុមដែលដឹកនាំដោយឧកញ៉ាយមរាជម៉ុក និងឧកញ៉ាចក្រីមាស ដើម្បីនិមន្តព្រះសង្ឃខ្មែរមួយអង្គព្រះនាមព្រះមហាប៉ាន ដែលគង់ នៅសៀមមកពង្រឹងព្រះពុទ្ធសាសនា ។ ប្រតិភូនេះបានត្រូវព្រះចៅសៀមឆោមក្លាវ(រាមាទី៤)ទទួលរាក់ទាក់ព្រោះយល់ ថាជាឱកាសមួយសម្រាប់ផ្សព្វផ្សាយវប្បធម៌សៀម ។គឺចាប់ពីពេលនោះហើយដែលព្រះពុទ្ធសាសនា តាមបែប ធម្មយុត្តិនិកាយ(ហីនយាន) ត្រូវបាននាំយកពីសៀមចូលមកប្រទេសកម្ពុជារហូតមកទល់សព្វថ្ងៃ ។      


ព្រះអង្គឌួង បានទទួលពិធីរាជាភិសេក នៅឧត្តុង នាថ្ងៃ៧ ខែមិនា ១៨៤៨ ក្នុងជន្មាយុ៥២ព្រះវស្សា ហើយទ្រង់ព្រះនាមភិធេយ្យ “ព្រះបាទ សម្ដេចព្រះ ហរិរក្ស រាមាឥស្សរាធិបតី ព្រះស្រីសុរិយោពណ៍ បរមសុរេន្ទ្រា មហាចក្រពត្រាធិរាជ បរមរាជ”។ បន្ទាប់ពីឡើងសោយរាជ្យភ្លាម ព្រះអង្គចាប់ផ្ដើមកសាងប្រទេសឡើងវិញ ដោយថវិកាពីឃ្លាំងរាជវាំងបង្កើតស្ថាប័នផ្នែកសង្គមកិច្ច ពោលគឺប្រជារាស្ត្រក្រីក្រ​និង ព្រះសង្ឃ អាចមកទទួលអាហារស្រស់ស្រូប និង​ឆាន់ប្រចាំថ្ងៃ។ ព្រះអង្គបានបន្ថយពន្ធដារនានា​ហើយសុវត្ថិភាពក៏បានកើតឡើងវិញក្នុងប្រទេសដោយព្រះអង្គបានបង្កើតរចនាសម្ព័ន្ធនានាសម្រាប់បង្ក្រាបចោរកម្ម និង​ បទឧក្រិដ្ឋផ្សេងៗ។ នៅឆ្នាំ១៨៤៨ ព្រះអង្គឌួង បានបង្កើតតុលាការ​ សាលាឧទ្ទរណ៍ ហើយព្រះអង្គផ្ទាល់​ជាអធិបតីលើតុលាការទាំង២នេះ។ ចាប់ពីឆ្នាំ១៨៥២ បានចាប់ផ្ដើមសើរើជាទូទៅ នូវមាត្រាច្បាប់នានា ដោយព្រះអង្គបានចូលរួមជាយ៉ាងសកម្ម។
 ព្រះបាទអង្គឌួង ទ្រង់មានមហេសី ១អង្គ ស្នំឯក១អង្គ ស្នំឯករង ៣អង្គ និង មានអ្នកម្នាងចំនួន ៣០០ អង្គ ដែលអ្នកម្នាងទាំងអស់នោះត្រូវបាននាំចូលមកថ្វាយចំពោះព្រះមហាក្សត្រ ដោយក្រុមគ្រួសាររបស់ពួកគេដែលមានមុខតំណែងជាមន្ត្រីផ្សេងៗ ។ព្រះអង្គដួង៖ 1840-1860
ចុងសម័យឧដុង្គ

សៀម និង អាណ្ណាមស្រុះស្រួលគ្នា ត្រួតត្រាខ្មែរ ស្រាប់តែបារាំងមកដណ្តើម
ព្រះអង្គដួង បានទទួលការស្វាគមន៍ អបអរសាទរ ពីសំណាក់ប្រជារាស្ត្រដែលមានការខឹងសម្បារចំពោះពួកអាណ្ណាមដែល កែប្រែស្រុកខ្មែរអោយទៅជាទម្រង់អាណ្ណាម ។
ព្រះអង្គដួង (១៨៤០ – ១៨៦០)
ទ្រង់ជាបុត្រពៅរបស់ព្រះអង្គអេង ។ ការបែកបាក់រាជវង្ស , សង្គ្រាមខ្មែរគ្នាឯង និង ការឈ្លានពានពីបរទេសជិតខាង បានធ្វើអោយប្រទេសខ្មែរវិនាសហិនហោច ។
នៅឆ្នាំ ១៨៤១ ទ័ពអាណ្ណាម បានធ្វើការវាយបកមកលើទ័ពខ្មែរ-សៀម របស់ បឌិនតេជោ ធ្វើអោយមានការប្រយុទ្ធស៊ីសាច់ហុតឈាមនៅជើងកញ្ចុំ។ បឌិនតេជោ បានអោយគេសង់របាំងការពារនៅទន្លេធំ, នៅដៃទន្លេចូវដុក និង ដៃទន្លេតូចៗ ដប់កន្លែងទៀតសម្រាប់ទប់បង្អាក់ដំណើររុលមករបស់ទ័ពអាណ្ណាម ។ទ័ពទាំងសងខាង បានបោះទីតាំងនៅលើទឹកដីដែលខ្លួនដណ្តើមបាន ហើយលួចចេញវាយគ្នាម្តងម្កាល ជួននៅពេលយប់ ដែលបង្កជាការហិនហោចយ៉ាងខ្លាំង។ ទ័ពសៀម និង ទ័ពអាណ្ណាមច្បាំងគ្នាលើទឹកដីខ្មែរ ហេតុនេះពួកគេមិនប្រញាប់ប្រញាល់ក្នុងការដណ្តើមយកជ័យជម្នះលើគ្នាភ្លាមៗទេ ។ គេគិតតែដណ្តើមយកទឹកដីមួយចំនួនដាក់ចូលទៅក្នុងទឹកដីរបស់ខ្លួន បែងចែកដីខ្មែរចែកគ្នា ធ្វើយ៉ាងណាកាន់កាប់ទឹកដីអោយបានច្រើនតាមតែអាចធ្វើទៅបាន។គោលដៅតែមួយរបស់ពួកគេគឺធ្វើយ៉ាងណា កាន់កាប់ ចតុមុខ អោយបានព្រោះទីនោះជាចំនុចយុទ្ធសាស្ត្រ និង ជាបេះដូងនៃប្រទេស។ ពួកអាណ្ណាមបានបង្ខំសភាពការណ៍ដោយចាប់វាយពីបន្ទាយ ពាមមានជ័យ(បាណាម) រួចវាយឡើងតាមទន្លេតូចមក បន្ទាយដែក ខាងកើតច្បារអំពៅសព្វថ្ងៃនេះ។ព្រះអង្គដួង និង បឌិនតេជោ បានដកថយទៅឧដុង្គ រៀបចំកំពែងការពារ ដោយអស់សង្ឃឹមថានឹងអាចឈ្នះបានទៀតហើយ ។ ស្រាប់តែព្ញដំណឹងមកថា ទ័ពខ្មែរដែលរត់រប៉ាត់រប៉ាយ ក្រោមការដឹកនាំរបស់ពួកអ្នកស្រុក បានសម្លាប់ទ័ពអាណ្ណាមមួយកងធំនៅជិតលង្វែក ព្រមទាំងដេញតាមសម្លាប់ពួកនេះយ៉ាងរង្គាល។ នៅទីណាដែលគេប្រទះឃើញកងទ័ព អាណ្ណាមដែលរត់បែកខ្ញែក ប្រជាជនប្រមូលគ្នាដេញតាមសម្លាប់គ្មានប្រណី។ក្នុងរយៈពេលនៃការគ្រប់គ្រងរបស់ពួកអាណ្ណាម៧ឆ្នាំចុងក្រោយ ១៨៤១ – ៤៧ ពួកគេបានសង់បន្ទាយរឹងមាំ, ប៉មលើសពី ៥០កន្លែង ។ ព្រះអង្គដួង និង បឌិនតេជោ ដោយមើលឃើញថាគ្មានអ្វីនឹងបន្តសង្គ្រាមបន្តទៀត ក៏ស្នើសុំចរចាជាមួយមេទ័ពអាណ្ណាម ប៉ុន្តែមេទ័ពអាណ្ណាមពុំទទួលតាមសំណើរ ហើយលើកទ័ពសំដៅទៅឧដុង្គ។ ទ័ពខ្មែរនិងសៀមបានទប់ទល់យ៉ាងស្វិតស្វាញ រហូតបំបែកពួកអាណ្ណាមបាន ។ មេទ័ពអាណ្ណាមអស់លទ្ធភាព ទើបសុំចរចាវិញ ។កិច្ចប្រជុំបានប្រព្រឹត្តិនៅ ខែធ្នូ ១៨៤៥ ដោយមានការចូលរួមពី បឌិនតេជោ និង ឧត្តមសេនីយ៍អាណ្ណាម នៅសមរភូមិ ពោធិ៍បីដើម។ គេបានព្រមព្រៀងគ្នាថា នឹងលើកព្រះអង្គដួង អោយសោយរាជ្យ បន្ទាប់ពីបានទទួលការព្រមព្រៀងពីរដ្ឋាភិបាលសៀម និង អាណ្ណាម ។ អាណ្ណាមនឹងបញ្ជូនញាតិវង្សខ្មែរ ដែលឃាត់ទុកនៅអាណ្ណាមអោយវិលត្រឡប់មកវិញ ជាថ្នូរនិងឈ្លើយសឹកអាណ្ណាម និង នាយទាហាន កូនទាហានដែលខ្មែរចាប់បាន។ប៉ុន្មានសប្តាហ៍ក្រោយមក សន្ធិសញ្ញានេះត្រូវបានរាជរដ្ឋាភិបាល សៀម និង អាណ្ណាម អោយសច្ចាប័ន ហើយការប្តូរឈ្លើយសឹកគ្នា បានធ្វើឡើងនៅ ខែមិថុនា ១៨៤៦ គឺ សៀមរុះរើបន្ទាយយួន រីឯយួនរុះរើបន្ទាយសៀម។អាណ្ណាមបានបង្វិលព្រះខ័នរាជ្យមកថ្វាយព្រះអង្គដួង, ជំនូនសម្រាប់ការសោយរាជ្យ គឺ ត្រារាងបួនជ្រុងធ្វើអំពីមាស និង ប្រទានឋានៈ ថាកាវមេនក្វួកវឿង(ព្រះរាជាកម្ពុជា) រីឯសៀមបានបញ្ជូនគ្រឿងឥស្សរិយយស សម្រាប់រាជបល្ល័ង្គកម្ពុជាដែលគេយកទៅបាងកកកាលពីមុនមកវិញ និង សុំអោយព្រះអង្គដួងអនុម័តយល់ព្រមតាមសន្ធិសញ្ញាសម្ងាត់មួយ ដែលនាំមកដោយចៅហ្វាយខេត្តកំពង់ស្វាយ គឺប្រគល់ទឹកដីម្លូព្រៃ ទន្លេរពៅ និង ទឹកដីឯទៀតដែលគេបានយកតាំងពី ៣០ឆ្នាំមុននោះផង។ ព្រះអង្គដួងមានបន្ទូលថា យើងមិនយល់ព្រមប្រគល់ដីសូម្បីតែបន្តិចអោយទៅពួកសៀមទេ ក៏ប៉ុន្តែដោយពួកគេខ្លាំងជាង អោយគេរក្សាទុកដីដែលគេបានយកជាយូរហើយនោះ មួយរយៈទៀតសិនចុះ ។ពិធីអភិសេកព្រះអង្គដួង ធ្វើឡើងនៅចុងឆ្នាំ ១៨៤៧ ដោយមានការចូលរួមពីតំនាងយួន អុងខាំម៉ាង និង តំនាងពីរនាក់របស់សៀមគឺ ពញាពេជពិជ័យ និងបារគូម្នាក់ទៀត។ ទ្រង់ត្រូវបានគេថ្វាយព្រះនាមសម្រាប់រាជ្យថា ព្រះហរិរក្សរាមាឥស្សាធិបតី ក្នុងព្រះជន្ម ៥២វស្សា។ចាប់តាំងពីមានយុទ្ធសន្តិភាពរវាងសៀម និង អាណ្ណាម ១៨៤៥ ទឹកដីកម្ពុជាក្រោមឬទឹកដីដែលបារំាំងហៅថា កូសាំងស៊ីន នោះ កើតមានការរត់ចោលដីស្រែ ចម្ការ របស់ប្រជាជនខ្មែរ ដែលខ្លួនធ្លាប់រស់នៅប្រកបរបរចិញ្ចឹមជីវិត ព្រោះតែ ពួកយួនចេះតែបង្ករឿង មិនអោយខ្មែររស់បានស្រួល។ចំនែកអាជ្ញាធរ នៅទីទាំងនោះសុទ្ធតែជាដៃជើងរបស់យួន ដែលពួកគេមិនបានផ្តល់ភាពយុត្តិធម៌ដល់ជនជាតិខ្មែរសោះឡើយ ជាហេតុធ្វើអោយខ្មែរនាំគ្នាចាកចេញ មកជ្រកកោនលើទឹកដីកម្ពុជាភាគខាងលើវិញ។ ពួកអាណ្ណាម បាននាំគ្នាចូលមករស់នៅជំនួស ហើយក៏ប្តូរឈ្មោះភូមិ ស្រុក ដែលខ្មែររត់ចោល ជាថ្មីតាមភាសាអាណ្ណាមដូចជា៖
1. ព្រៃនគរទៅជា ទៅជា យ៉ាឌិញ
2. កំពង់ស្រកាត្រី – បៀនវ៉ា
3. បារិយា – បារាជ
4. ផ្សារដែក – អានយ៉ាង រួចប្តូរទៅជា សាដែក
5. ពោធិលើ – បាក់លីវ
6. ទឹកខ្មៅ កាម៉ៅ
7. បាយឆៅ បាយសាវ
8. ពាមបាជ័យ មីថាង
9. ស្រុកតាំ្រង សុកត្រាង
10. ពាមមេសែន ដូងណាយង៉ាយ
11. ក្រមួនស រ៉ាច់យ៉ា
12. ព្រែកឬស្សី កាន់ថឺ
13. អូរមរ អូម៉ូន នៅក្នុងខេត្ត កាន់ថឺ
14. កំពូលមាស ប៊ិញធុយ
15. មាត់ជ្រូក ចូវដុក
16. ភ្នំស្វាយ នូយសាម
17. បារាជ ឡុងស្វៀង
18. ភ្នំបាធី នូយបាធី
19. មួញខាំ ហាទៀង
20. ព្រះត្រពាំង ត្រាវិញ
21. កំពង់ឬស្សី ប៊ិញត្រែ
22. លង់ហោ វិញឡុង
23. មេសរ មី-ថ
24. កោះកុង ហ្គូកុង
25. កំពង់គោ ទ្រឿងអាញ់ ក្រោយមកទៅជា តាន់អាន
26. បានលិច បេនឡុក
27. រោងដំរី តៃនិញ, ភ្នំរោងដំរីឬភ្នំជើងមេដែង ទៅជា នូយតៃនិញ
28. កោះត្រឡាច ពូលូកុងឌ័រ
29. កោះត្រល់ ហ្វូកុក
30. ភ្នំយួក នូយកាវុយ
31. ពាមជើងកញ្ជើ កាន់យើ
32. ឈើទាលមួយដើម ធូដូម៉ូត
33. បន្ទាយជីឬស្សី ហុងង្វៀង
34. កំពង់កោះក្របី បេនង៉ែ(សាយហ្គន)
35. ផ្សារធំ ចឺឡឹង
36. កង្វារដាក់ពាង បៀនវ៉ា
37. ដូងណាយ តុងថាញ់ ក្រោយមកជា ដុងណាយ
38. កនកាវ បាថាក់ (ស្រុកមួយនៅត្រើយមេគង្គខាងលិច)
  • នៅឆ្នាំ ១៨៤៨ កំហឹងអាណ្ណាមបានស្តែងឡើងបន្ទាប់ពី ព្រះអង្គដួង បញ្ជូនបុត្រារបស់ទ្រង់គឺ អង្គវត្តី អោយទៅក្រុងបាងកក ។ ពួកអាណ្ណាមបានបង្កការលំបាកចំពោះទូកខ្មែរដែលឡើងចុះតាមទន្លេ ចេញ-ចូលកម្ពុជាគឺត្រូវឆ្លងកាត់គយ និង ការពិនិត្យច្រើនអន្លើពីមន្ត្រីអាណ្ណាម រួមទាំងការលំបាកនានាដែលបង្កឡើងដោយពាណិជ្ជករអាណ្ណាមផងដែរ ។ នេះជាការបញ្ជាក់អោយឃើញថា ស្តេចអាណ្ណាមចង់បិទច្រកចេញ-ចូលរបស់ខ្មែរមិនអោយចេញទៅសមុទ្ររួច គឺអោយខ្មែរនៅឯកោពីពិភពលោក ។
  • ព្រះអង្គដួង បាន រៀបចំប្រទេសអោយមានសន្តិភាពឡើងវិញ ដោយធ្វើកំណែទម្រង់រូបិយវត្ថុ កសាងទំនប់ ផ្លូវ ពង្រីកព្រះពុទ្ធសាសនា តាក់តែងច្បាប់ថ្មី….
    ស្នាព្រះហស្ថរបស់ព្រះអង្គដួង មានដូចជា៖

    • ផ្នែកអក្សរសាស្ត្រៈ និពន្ធរឿងចំប៉ាថោង កាកី ច្បាប់ស្រី… បង្កើតក្រុមនិពន្ធអក្សរ សាស្ត្រនៅឆ្នាំ ១៨៥០
    • សង់កំពង់ផែនៅកំពត ១៨៤៧ ផ្លូវមួយខ្សែពីឧដុង្គទៅកំពត ប្រវែង ១៤០គ.ម ដើម្បីបើកមុខកម្ពុជាឆ្ពោះទៅរកសមុទ្រ ព្រោះច្រកចេញតាមទន្លេមេគង្គ និង ទន្លេបាសាក់ ដែលកាត់ទឹកដីកម្ពុជាក្រោម ពួកយួនបង្កការលំបាកជាខ្លាំង។
    • មិនបង្កើតពន្ធថ្មី មិនតម្លើងពន្ធចាស់ តែមានការយកពន្ធលើមុខរបរអាភៀន ដាក់ទោសចំពោះអ្នកប្រព្រឹត្តអាភៀន និងអ្នកផឹកស្រា ហើយនៅឆ្នាំ ១៨៤៧ ទ្រង់បង្កើតតុលាការ…
    • វិស័យនយោបាយៈ ទ្រង់មិនទុកចិត្តសៀម ក៏មិនទុកចិត្តយួនដែរ ព្រោះពួកនេះតែងតែ
      • ចង់ត្រួតត្រា និង ចង់លេបយកទឹកដីខ្មែរជានិច្ច ។
    • ទ្រង់មានការខ្លាចរអាពួកសៀម ព្រោះព្រះអង្គមិនអាចតែងតាំងមន្ត្រីណាម្នាក់ដោយគ្មានការអនុញ្ញាតពីស្តេចសៀមបានទេ ។ ជាក់ស្តែងណាស់នៅឆ្នាំ ១៨៤៨ ព្រះអង្គបានបញ្ជូនឧកញ៉ាចក្រី និង ឧកញ៉ាក្រឡាហោម ទៅស្រុកសៀម ដើម្បីសុំការឯកភាពអោយតែងតាំងជា ចៅហ្វ៊ាទឡ្ហៈ និង ជាសម្តេចពញា ប៉ុន្តែស្តេចសៀមបែរ ជាតែងតាំងមន្ត្រីពីររូបមកពីបាត់ដំបង អោយទទួលតួនាទីនេះជំនួសវិញ។
    • ដើម្បីគេចចេញពីអំនាចសៀម និង យួន ទ្រង់មានព្រះតម្រិះថា មិនត្រូវគិតពីរឿង ដណ្តើមយកអ្វីដែលបាត់បង់ទៅហើយមកវិញទេ ប៉ុន្តែពេលនេះ កាលៈទេសៈនេះ យើងត្រូវការអ្វីដែលនៅសល់អោយបានជាមុនសិន ។ ទ្រង់មានការបារម្ភណាស់ចំពោះអនាគត ដោយទ្រង់ពិភាល់ថា សន្តិភាពរវាងសៀម-អាណ្ណាម គ្រាន់តែជាការសម្រាកដើម្បីរកឱកាសផ្តួលគ្នា នឹងបានលេបយកទឹកដីខ្មែរតែម្នាក់ឯងប៉ុណ្ណោះ។ បើមានសង្គ្រាមជាថ្មីការបែងចែកទឹកដីខ្មែរដោយ សៀម និង អាណ្ណាម ពិតជាមិនអាចជៀសរួច។ ពួក+សៀមនឹងយកទឹកដី ពោធិសាត់, កំពង់ស្វាយ, ឧដុង្គ, សម្បូរ, ក្រចេះ, ត្បូងឃ្មុំ រីឯ អាណ្ណាមវិញនឹងយកអាណាខេត្តភាគខាងកើតដូចជា បាភ្នំ,ទ្រាំង និង ចតុមុខ ផង។
    • ក្នុងព្រះរាជតម្រិះរបស់ទ្រង់ គឺមានតែរកកម្លាំងមហាអំនាចបរទេសណាមួយដែលខ្លាំងជាងសត្រូវសងខាងពីរនេះគឺ ត្រូវតែពឹងមហាអំនាច អឺរ៉ុបណាមួយ បារាំង ឬ អង់គ្លេស ។ ដោយហេតុថា ទ្រង់មានបព្វជិតបារាំងម្នាក់ដែលជិតស្និតនិងទ្រង់ឈ្មោះ មីស ទើបទ្រង់មានព្រះរាជបំណងទាក់ទងសុំការចងមេត្រីភាពជាមួយបារាំង។
    • ថ្ងៃទី១៤ ខែមិថុនាឆ្នាំ១៨៥៣ដោយមានអេវែកមីស ជាអ្នកជួយបកប្រែ សម្ដេចអង្គឌួងបាន ផ្ញើសារលិខិតមួយច្បាប់ពីរាជវាំងឧត្តុង្គ ទៅថ្វាយព្រះចៅអធិរាជណាប៉ូលេអុងទី៣តាម រយៈមន្ត្រីកុងស៊ុលបារាំងនៅសិង្ហបុរីគឺលោក ហ្រ្វេដេរិក ហ្គោទីយ៉េ(Frederic Gautier)។
      ព្រះរាជសារដ៏វែងបានៈ

      • ធានាយ៉ាងកក់ក្ដៅចំពោះស្ថានភាពនៃពួកបេសកបព្វជិតនៅកម្ពុជា ។
      • ត្អូញត្អែរអំពីឧបសគ្គដែលពួកសៀម និង វៀតណាម រារាំងចំពោះពាណិជ្ជកម្មរវាងកម្ពុជា
        និងអឺរ៉ុប ។
      • ដំណាលយ៉ាងពិស្ដារ អំពីកាលៈទេសៈដែលព្រះអង្គ ឡើងគ្រងរាជ្យដោយគូស បញ្ជាក់ថា ពួកអាណ្ណាមបានកាន់កាប់ទឹកដីអស់ជាងពាក់កណ្ដាលនៃប្រទេសកម្ពុជា ។
        មន្ត្រីខ្មែរពីរនាក់គឺ កុយដឺម៉ុងតេរ៉ូ (Koy de Monterro) និង ប៉ែន (Pen) បានធ្វើដំណើរទៅសិង្ហបុរី ដោយនាំទៅជាមួយនូវវត្ថុអនុស្សាវរីយ៍ខាងក្រោមនេះសម្រាប់ថ្វាយចំពោះព្រះចៅអធិរាជបារាំង ៖
        – ភ្លុកដំរីធំ ៤
        – កុយរមាស២
        – ជ័ររង្គទំងន់៥ហាប គឺ៣០០គីឡូក្រាម
        – ស្ករសទំងន់៣០០គីឡូក្រាម
        – ម្រេចចំនួន៣០០គីឡូក្រាម ។
      • បារាំងបានបញ្ជូនតំនាងមកគឺ សាលដឺម៉ុងទីញី (Charles de Montigny) មកឥណ្ឌូចិននៅឆ្នាំ ១៨៥៥ ។ សាលដឺម៉ុងទីញី មកដល់សិង្ហបុរី នៅថ្ងៃទី១៦ខែឧសភាឆ្នាំ១៨៥៦ នឹងមកដល់ក្រុងបាងកកនៅដើមខែកក្កដា។ ការចរចាជាមួយសៀម បានអូសបន្លាយយ៉ាងយូរ រហូតដល់ ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ១៨៥៦ ទើបមានការចុះហត្ថលេខា លើសន្ធិសញ្ញាមិត្តភាពនិងពាណិជ្ជកម្មជាមួយ សៀម ។
      • ភាពខ្វះការប៉ិនប្រសប់ និង ការធ្វេសប្រហែសរបស់ សាលដឺម៉ុងទីញី គាត់បានធ្លោយមាត់អោយព្រះចៅ បង្គត របស់សៀម ដឹងពីបំណងរបស់គាត់ ដែលចង់មកជួបព្រះរាជាកម្ពុជា។ ដោយខ្លាចបាត់បង់សិទ្ធិត្រួតត្រាលើប្រទេសកម្ពុជានោះ សៀមបានរិះរកមធ្យោបាយធ្វើយ៉ាងណាឲ្យ លោកដឺម៉ុងទីញី ស្នាក់នៅរយៈពេលយូរឯក្រុងបាងកក ហើយឆ្លៀតពេលនោះបញ្ជូនមន្ត្រីរបស់គេមក កាន់រាជវាំងឧដ្តុង្គដើម្បីស្ដីបន្ទោសសម្ដេចអង្គឌួង ។
      • មេដឹកនាំសៀមបានទាក់ទាញទឹកចិត្ត លោកដឺម៉ុងទីញី ដោយរៀបចំបដិសណ្ឋារកិច្ចយ៉ាងគគ្រឹកគគ្រេង ព្រោះគេមានគោលបំណងពីរយ៉ាងសំខាន់គឺៈ
        • ទី១-សៀមចង់ឲ្យប្រទេសខ្មែរស្ថិតនៅចំណុះប្រទេសសៀមតទៅទៀត ។
        • ទី២-សៀមចង់ប្រើប្រាស់ប្រទេសបារាំង ធ្វើជាកំពែងការពារទល់និងវៀតណាមផង និងធ្វើជាកូនជញ្ជីងសម្រាប់ឲ្យមានតុល្យភាពជាមួយអង់គ្លេសដែលបានចូលដល់ភូមាហើយ ។
      • នៅចុង ខែកញ្ញាឆ្នាំ១៨៥៦ អ្នកការទូតបារាំងបានជិះនាវាឆ្ពោះមកកាន់ប្រទេសកម្ពុជា ហើយចេញដំណើរពីតំបន់ បាក់ណាម(Paknam) គាត់មកសំចតនៅចន្ទបុរី ពីថ្ងៃទី២៩កញ្ញាដល់ថ្ងៃទី០១តុលា ដើម្បីផ្ទុកអុសសម្រាប់ដុតលើនាវាម៉ារសូ (Marceau) ។ លោកសាលដឺម៉ុងទីញី
      • មកដល់ដែនសមុទ្រកំពត នៅថ្ងៃ៥តុលាឆ្នាំ១៨៥៦ ។
      • អេវ៉ែក មីស បានទួល ថ្វាយសម្ដេចអង្គដួងអំពីគម្រោងធ្វើដំណើរនៃអ្នកការទូតបារាំងមកកាន់ប្រទេសកម្ពុជាតាំងពីពេលមុនគាត់មកដល់ទីក្រុងបាងកកមកម្ល៉េះ ។ ដោយមានជំនួយពី បព្វជិត មីស និង អែសត្រែស (Hestrest) សម្ដេចអង្គដួងបានត្រាស់បង្គាប់ឲ្យរៀបចំកន្លែងស្នាក់នៅយ៉ាងសមរម្យនៅកំពង់ផែកំពត សម្រាប់ ម៉ុងទីញី ព្រមទាំង រៀបចំសំអាតផ្លូវលំ ពីរាជវាំងឧត្តុង្គទៅកាន់ខេត្តកំពតផងដែរ ។ ទោះបីមានការជំទាស់ពីពួកមន្ត្រីរបស់ព្រះអង្គក៏ដោយ ក៏ព្រះអង្គបានសម្រេចព្រះទ័យថានឹងយាងទៅជួបអ្នកការទូតបារាំងនៅខេត្ត។
      • គាត់បានមកដល់ខេត្តកំពតរបស់ខ្មែរនៅខែ កញ្ញា ១៨៥៦ ។ សៀមដឹងគោលបំណងរបស់ សាលដឺម៉ុងទីញី ចង់ទាក់ទងខ្មែរ ក៏គម្រាមព្រះអង្គដួង មិនអោយទាក់ទងបារាំង ។ ហេតុនេះ បំណងរបស់ព្រះអង្គដួង ចង់បានការការពារពីបារាំងមិនបានសម្រេចទេ ។ ដឺម៉ុងទីញី ក៏ធ្វើដំណើរហួសទៅកូសាំងស៊ីន ដោយពុំបានធ្វើសន្ធិសញ្ញាណាមួយជាមួយ ព្រះអង្គដួង ឡើយ ។ នៅថ្ងៃ ១៩ តុលា ឆ្នាំ ១៨៦០ ព្រះអង្គដួងចូលទីវង្គត។




កម្ពុជាក្រោមគំនាបសៀម
ព្រះអង្គឌួងដែលបានឡើងសោយរាជផ្លូវការណ៍នៅកម្ពុជាក្នុងឆ្នាំ ១៨៤៥ ព្រះអង្គបាននាំយកស្ថាបត្យកម្ម ទំនៀមទម្លាប់សៀម ចូលមកក្នុងព្រះបរមរាជវាំងឧដុង្គ ហើយភាសាសៀមត្រូវបានក្រសួងព្រះបរមរាជវាំងលើកជាភាសាថ្នាក់ខ្ពស់ផងដែរ ដើម្បីឱ្យមន្ត្រីខាងសៀមឃើញថាកម្ពុជាគឺស្ថិតនៅជាចំណុះនគរសៀម ព្រះអង្គឌួងការដែលសោយរាជនៅកម្ពុជាទ្រង់ស្ទើរតែមិនអាចនិយាយភាសាខ្មែរបាននោះទេ ។គ.សករាជ ១៨៤៧ មន្ត្រីទ័ពសៀមនាម ព្យាបឌិន (Pya Bodin) បានដកកងកម្លាំងរបស់ខ្លួន ដែលស្ថិតនៅក្នុងក្រុងឧដុង្គដែលមានចំនួនជាង ៦,០០០ (៦ពាន់នាក់) ឱ្យត្រឡប់ទៅកាន់ប្រទេសសៀមវិញ ក្រោយពេលកម្ពុជាយល់ព្រមថ្វាយនូវសួយសាអាករទៅកាន់នគរសៀម ។ក្រោយការចាកចេញរបស់មន្ត្រីទ័ពកំពូលរបស់សៀម ព្រះអង្គឌួងបានរៀនភាសាខ្មែរឡើងវិញផងដែរ ទោះជាមន្ត្រីទ័ពសៀមចាកចេញក៏ពិតមែនប៉ុន្តែក៏នៅមានមន្ត្រីសៀម និង ពួកចារកិច្ចសៀមជាច្រើនទៀតនៅចាំផ្ដល់នូវពត៌មានផ្សេងៗទៅកាន់ស្ដេចសៀម ហើយក៏មានមន្ត្រីខ្មែរមួយចំនួនរណបសៀមដើម្បីផលប្រយោជន៍ផងដែរ ។
ដើម្បីបម្រើឱ្យការដោះដូរទំនិញ ព្រះអង្គឌួង បានសម្រេចបោះនូវរូបបិយវត្ថុរបស់ជាតិ ដែលមានទម្រង់ជាប្រាក់កាស ដែលមានរូបសត្វហង្ស និង ម្ខាងទៀតជារូប ប្រាសាទ ដែលរូបបិយវត្ថុនេះត្រូវដាក់ឱ្យចរាចរណ៍នៅអំឡុងខែសីហា ឆ្នាំ ១៨៤៧ រូបិយវត្ថុនោះត្រូវបានហៅថា ប្រាក់ណែន ។ព្រះអង្គបានឱ្យបោះប្រាក់រូបហង្ស នៅឆ្នាំ១៨៤៨ ហើយនិងបានកែប្រែរាជកិច្ចជាទូទៅ។
 ព្រះអង្គចាប់ផ្ដើមឱ្យសង់កំពែង និង ផ្លូវគមនាគមន៍ ហើយរវាងឆ្នាំ១៨៥០ ព្រះអង្គបញ្ជាឱ្យមន្ត្រីកេណ្ឌប្រជាជន ឱ្យធ្វើកំពែងដី ដើម្បីការពារប៉ែកខាងកើតរាជធានី ហើយបានយកថវិកាពីឃ្លាំងរាជវាំងឱ្យកសាងផ្លូវថ្នល់ ដើម្បីឱ្យរាស្ត្រធ្វើស្រែ ចំការដឹកជញ្ជូនភោគផលទៅដល់កំពង់ផែភ្នំពេញ។
ព្រះអង្គបានកែទម្រង់ពុទ្ធសាសនាដោយបញ្ជូនគណប្រតិភូ មានមន្ត្រីសេនាបតីខ្មែរ២រូប ទៅគាលើស្ដេចសៀម​នៅថ្ងៃអង្គារ ១២ មេសា ១៨៥៣ ដើម្បីសូមឱ្យស្ដេចសៀមបញ្ជូនមកកម្ពុជាវិញនូវព្រះសង្គមួយអង្គដែលមានចំណេះដឹងខ្ពង់ខ្ពស់ខាងព្រះពុទ្ធសាសនា ព្រនាម ព្រះមហាប៉ាន ព្រមទាំសូមឱ្យយកទាំងគម្ពីព្រះត្រៃបិដកមកផង។ បានសេចក្ដីថាពុទ្ធសាសនា គណៈធម្មយុត្តិកនិកាយ ចូលមកម្ពុជាចាប់ពីពេលនោះមក។
ជនជាតិបានរាំងម្នាក់ឈ្មោះ ហង់រី មូហូត (Henria Mouhot) បានជួបស្ដេចអង្គឌួងរវាងឆ្នាំ ១៨៥៨ ហើយបានសេរសេរពីរូបសម្បត្តព្រះអង្គថា៖ ព្រះអង្គប្រមាណ៦០ព្រះវស្សា មានព្រះកាយ ទាប ធាត់ក្រអាញ ព្រះកេសាខ្លី។ ទឹកព្រះភ័ក្របង្ហាញប្រាជ្ញាវៀងវៃ និង មានសមានចិត្តល្អ។
ព្រះអង្គឌួង បានកសាងរាជាណាចក្រឡើងវិញ ទាំងផ្នែកវប្បធម៌ ទាំងផ្នែកសេដ្ឋកិច្ច។ ព្រះអង្គបានរើបម្រាស់ចេញពីការត្រួតពិនិត្យ សៀម និង យួន ហើយងាកមករកបញ្ចឹមប្រទេសវិញ។ ព្រះអង្គបានចូលទីវង្គត់នៅឆ្នាំ១៨៦០។ ព្រះអង្គមានបុត្រពីរអង្គបានឡើងគ្រងរាជ្យបន្តបន្ទាប់ស្នងព្រះអង្គ។ ព្រះបាទអង្គឌួង ជារាជឱរសសិលធម៌ និង ជាពុទ្ធសាសនិកជនយ៉ាងខ្លាំងខ្លា។ តាមការស្រាវជ្រាវដែលមានមកហើយ ស្នាព្រះហស្ដព្រះអង្គមាន រឿង កាកី​និពន្ធនៅឆ្នាំ១៨១៥ ច្បាប់ស្រី នៅឆ្នាម១៨៣៧។
រឿងកាកី
ចំពោះរឿងកាកី អ្នកសិក្សាអក្សរសិល្បិ៍ខ្មែរបានឱ្យតម្លៃយ៉ាងខ្ពស់ ជាពិសេសក្នុងសិល្បវិជ្ជា នៃការនិពន្ធកំណាព្យ។ កាកី ជាពាក្យបាលី មានន័យកា ក្អែកញី ហើយកាកីនេះទៀតផង ជាពាក្យសំគាល់តួអង្គឯកស្រីក្នុងរឿង ហើយនឹង ជាចំណងជើងនៃរឿងទៀតផង។ រឿងកាកី ជនានុជនខ្មែរយើងស្គាល់សឹងតែរាល់រូប។ រឿងកាកីនេះទៀតសោត ក្រសួងសិក្សាធិការជាតិ បានបញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់ទី១ ទំនើប ចាប់តាំងពីស្រុកខ្មែរយើងបានរួចពីនឹមអាណានិគមបារាំងមក។ ពាក្យកាកី ក្នុងផ្នត់គំនិងខ្មែរយើង មានន័យជាអត្ថាបដិរូប សំគាល់ស្រីមានរូបល្អឆើតឆាយ តែចិត្តចើត រេដូចចុងស្រល់ ក្បត់ប្ដី ឬ សង្សារជានិរន្តរិ៍។ យើងសង្កេតឃើញសេចក្ដីប្រៀបធៀប ស្រីរូបល្អក្បត់ចិត្តប្ដីនេះ ទៅនឹងនាងកាកី ក្នុងចម្រៀងទំនើប ក្នុងប្រលោមលោក និង ក្នុងសំដីប្រជាជនទូទៅ។ ទាំងនេះបានសេចក្ដីថា រឿងកាកី មិនមែនស្គាល់តែនៅក្នុងមជ្ឈដ្ឋាន បញ្ញាវន្ត សិស្ស និស្សិត ឬ វណ្ណៈអ្នកដឹកនាំនោះទេ ពោលគឺរៀងនេះបានជ្រួតជ្រាបគ្រប់ស្រទាប់វណ្ណៈប្រជារាសស្ត្រ។ ដូចនេះរឿងកាកីមានប្រជាប្រិយភាព ជាទំហំជាតិទាំងឡាយ។
ការរើខ្លួនពីឥទ្ធិពលសៀម
ព្រះបាទអង្គឌួងអំឡុងពេលទ្រង់គង់នៅក្រុងធន់បុរី (បាងកក) ទ្រង់បានមើលឃើញពីការរីកចំរើនរបស់នគរសៀម ដោយការការដោះដូរទំនិញតាមរយៈទូកសំពៅក្នុងការដឹកជញ្ជូនតាមផ្លូវទឹក ហើយទ្រង់បានមើលឃើញពីសក្ដានុពលសេដ្ឋកិច្ចនៃកំពង់ផែក្រុងធន់បុរីផងដែរ ដែលពោពេញទៅដោយទំនិញរបស់ពួកបរទេសលោកខាងលិច ដូចនេះហើយក្នុងឆ្នាំ ១៨៤៩ ព្រះអង្គឌួង ទ្រង់បានសំរេចសាងសង់ផ្លូវចំនួនពីរ ដែលចាប់ត្រួសត្រាយសាងសង់ ពីក្រុងឧដុង្គ ទៅ ខេត្តកំពត និង ចេញពីតំបន់ ភ្នំពេញ ទៅច្រកសមុទ្រ កំពង់សោម ផងដែរ ដើម្បីសំរេចបានការតភ្ជាប់ផ្លូវលំហូរសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ។ ការធ្វើផ្លូវលំហូរសេដ្ឋកិច្ចនេះត្រូវបានដឹងដល់ពួកមន្ត្រីចារកិច្ចនគរសៀម ដូចនេះពួកចារកិច្ចសៀមបានបញ្ចូនរបាយការណ៍អំពីរឿងនេះ ទៅកាន់ស្ដេចសៀម រាមាទី៣ ដូចនេះហើយស្ដេចសៀមបានបញ្ជូន មន្ត្រីទ័ព ព្យាបដិន ឱ្យត្រឡប់មកកម្ពុជាម្ដងទៀតដើម្បីឃ្លាំមើលអំពីរឿងនេះ ។ ព្រះបាទអង្គឌួង ក្រោយពេលដឹងថាសៀមបញ្ជូនមន្ត្រីអង្កេតការរឿងនេះ នោះប្រាកដណាស់សៀមនិងជំទាស់ ដើម្បីកុំឱ្យកម្ពុជាមានឱ្យកាសធ្វើពាណិជ្ជកម្មនិង ពួកលោកខាងលិច ដូចនេះហើយ ព្រះបាទអង្គឌួង បានបិតបាំងអំពីរឿងនេះ ចំណែកឯភាគីសៀមនៅតែបន្តតាមដាន និង សង្ស័យអំពីបញ្ហានេះ ។ រយៈពេលអស់ជាច្រើនខែ ដែលកម្ពុជាមិនមានសកម្មភាពសាងសង់ផ្លូវលំហូរសេដ្ឋកិច្ចទាល់តែសោះ មន្ត្រីទ័ពសៀម ព្យាបដិន បានត្រឡប់ទៅវិញ ប៉ុន្តែពួកគេបានសុំយកបុត្ររបស់ព្រះអង្គឌួងមួយចំនួនយកទៅសិក្សានៅឯធន់បុរី ដែលមើលទៅឃើញថាពួកសៀមយកចិត្តទុកដាក់ និងធ្វើល្អជាមួយកម្ពុជាណាស់ ប៉ុន្តែធាតុពិត បុត្ររបស់ព្រះអង្គឌួងត្រូវជាប់ជាចំណាត់ខ្មាំងបន្តទៀត ដើម្បីកុំឱ្យកម្ពុជាមានការងាករេចេញពីសៀម ក្រោយពេលមន្ត្រីទ័ពសៀមចាកចេញពីកម្ពុជា ព្រះបាទអង្គឌួង បានមានព្រះតម្រិះឃើញថា បើបណ្ដោយឱ្យមន្ត្រីចារកិច្ចសៀមធ្វើព្យុះភ្លៀងក្នុងកិច្ចការនយោបាយនគរកម្ពុជាទៀតមិនកើតទេ ដូចនេះ ព្រះអង្គឌួង បានបង្កើតលេះនិងការចោទប្ដឹងតាមរយៈអ្នកម្នាងសៀមរបស់ព្រះអង្គ ដើម្បីរឹបអូសអំណាចមន្ត្រីសៀមក្នុងជួរមន្ត្រីរាជការកម្ពុជា ក្រោយពេលព្រះអង្គឌួងរឹបអូសដកដំណែងមន្ត្រីសៀម ក្នុងជួរមន្ត្រីរាជការកម្ពុជារួចហើយ ព្រះអង្គឌួងបានសាងសង់ផ្លូវលំហូរសេដ្ឋកិច្ចក្នុងឆ្នាំ ១៨៥០ ដើម្បីរើខ្លួនចេញពីឥទ្ធិពលសៀម ។
ការធ្វើពាណិជ្ជកម្មជាមួយពួកអុឺរ៉ុប
ការរងគំនាបសេដ្ឋកិច្ចពីប្រទេសជិតខាង តាមរយៈការបាត់បង់កំពង់ផែសំខាន់ៗ ២ របស់កម្ពុជា គឺកំពង់ផែអូកែវ (Óc Eo) ដែលស្ថិតនៅ ខេត្តពាម (Hà Tiên) ដែលជាអតីតទឹកដីរបស់កម្ពុជា ដែលបាត់បង់ទៅអណ្ណាមក្នុងឆ្នាំ ១៧៥៨ ក្នុងរាជព្រះនរាយ៍រាជា អង្គតន់ទី២ បន្ទាប់ពីអណ្ណាមចូលច្បាំងដណ្ដើមយកពី ក្រុមគ្រួសារម៉ក់កូវ (Mac Cuu Family) ដែលចូលកាន់កាប់ខេត្តពាម របស់កម្ពុជាពីឆ្នាំ ១៧០៥ រហូតដល់ ១៧៥៨ ដែលមានរយៈពេល ៥៣ឆ្នាំ ។ កំពង់ផែសំខាន់មួយទៀតរបស់កម្ពុជា គឺកំពង់ផែក្រុងព្រៃនគរ ដែលបាត់បង់ទៅអណ្ណាម ក្នុងឆ្នាំ ១៦៩៨ ក្នុងរាជ ព្រះជ័យជេស្ឋាទី៣ នៃ រជ្ជកាលទី៣ ការបាត់បង់នេះដោយសារតែ ចៅហ្វាយខេត្តកម្ពុជា នាម "អមនរិន្ទ" បានក្បត់ និង ព្រះរាជាកម្ពុជា ហើយ បានកាត់យកក្រុងព្រៃនគរមួយកំណាត់ទៀតទៅភ្ជាប់ និង តំបន់យ៉ាដិញរបស់អណ្ណាម ដូចនេះហើយព្រះចៅអណ្ណាម ក៏ផ្លាសប្ដូរឈ្មោះ យ៉ាឌិញ ឱ្យទៅជា ក្រុងសាយហ្គន (Saigon) ក្នុងឆ្នាំ ១៦៩៨ នៃគ.សករាជ ។ ក្រោយពេលព្រះអង្គឌួង ធ្វើផ្លូវលំហូរសេដ្ឋកិច្ចពីក្រុងឧដុង្គ ទៅខេត្តកំពត និង ពីភ្នំពេញ ទៅច្រកសមុទ្រកំពង់សោមរួចមក ការមកដល់នៅសំពៅឈ្មួញពួកអុឺរ៉ុប ដែលធ្វើដំណើរតាមដងទន្លេមេគង្គក្រោម បានមកដល់ក្រុងឧដុង្គ ដែលមានការទួលរាក់ទាក់ពីព្រះមហាក្សត្រកម្ពុជា ក្រុមឈ្មួញសំពៅ ដែលមានកាប់ពីទែនក្រុម ជាជនជាតិស្កុតលែន បានត្អូញត្អែរពីការលំបាករបស់ពួកគេ តាមរយៈការបកប្រែពីនាវិករបស់ពួកគេ ដែលជាជនជាតិសៀម ។ ក្រុមឈ្មួញសំពៅ បានត្អូញត្អែរ អំពីកង្វះខាតរបស់កម្ពុជា ក្នុងការគាំពារពួកគេ ពីការប៉ុនប៉នប្លន់ទំនិញតាមរយៈក្រុមចោរសមុទ្រ បន្ថែមលើបញ្ហាផ្សេងៗទៀត ដែលកម្ពុជាមានកង្វះខាតលំនៅដ្ឋានល្អៗសម្រាប់ក្រុមឈ្មួញផ្សេងៗទៀត ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ។ ព្រះអង្គឌួង ទ្រង់សណ្ដាប់ពាក្យត្អូញត្អែរ របស់ក្រុមឈ្មួញសំពៅ ដោយការយកចិត្តទុកដាក់ ហើយទ្រង់បានដាក់បញ្ជារ ឱ្យមន្ត្រីក្រោមឱវាទ លើកកម្ពស់ ការធ្វើពាណិជ្ជម្មកម្ម ជាមួយពួកអុឺរ៉ុប ផងដែរ ។
បំរាមការជក់អាភៀន
ទោះបីជាកម្ពុជាបាត់បង់កំពង់ផែសំខាន់ៗ ចំនួ២ ក៏ពិតមែន ប៉ុន្តែកម្ពុជា នៅមានកំពង់ផែសំខាន់មួយទៀតនៅដែនដីកម្ពុជាក្រោមនោះ គឺកំពង់ផែ ខេត្តព្រែកឬស្សី (Can Tho) ដែលមានក្រុមទូកដឹកទំនិញ ចិន-យួន ជាច្រើនប្រកប របររកសុីជួញដូរនៅទីនេះ ក្នុងនោះមានទំនិញមួយប្រភេទ ដែលមានការនាំចូលច្រើនតាមរយៈសំពៅរបស់ពួកអុឺរ៉ុប សៀម និង សិង្ហបុរី នោះគឺទំនិញថ្នាំជក់ប្រភេទហេរ៉ូអុីន ដែលពួកគេយកមកច្នៃជាអាភៀន រយៈពេលត្រឹមតែ ២ឆ្នាំ ប៉ុនណោះការនាំចូលអាភៀនមានចំនួនច្រើនលើសលប់ដែលគិតចាប់ពីឆ្នាំ ១៨៥០ ដល់ឆ្នាំ ១៨៥២ ការនាំចូលអាភៀនទាំងនេះបានធ្វើឱ្យប្រជាជនក្នុងតំបន់ ទាំងប្រជាជនខ្មែរ និង ប្រជាជនបរទេស ចាប់ផ្ដើមជក់ញៀនពាសពេញតំបន់ដែលធ្វើឱ្យតំបន់កំពង់ផែព្រែកឬស្សីទាំងមូល មិនអាចគ្រប់គ្រងបានក្នុងដែនអាជ្ញាធរកម្ពុជា ដែលមានន័យថារដ្ឋបាលកណ្ដាលកម្ពុជា មិនអាចគ្រប់គ្រងពួកគេបាន ។ ព្រះបាទអង្គឌួង ដោយមើលឃើញពីផលលំបាក និង ផលប៉ះពាល់ពីការជក់អាភៀន របស់ប្រជាជនរបស់ព្រះអង្គ ទ្រង់បានដាក់ចេញនូវសេចក្ដីបំរាម ហាមប្រជាជននៃកម្ពុជាទាំងអស់ ទិញនិងប្រើប្រាសអាភៀន ដោយអ្នកណាមួយបំពានបំរាមនេះ ត្រូវវាយហ្នឹងរំព័តខ្សែរតី ហើយត្រូវយកទៅឃុំឃាំងដើម្បីផ្ដាច់អាភៀន ។ រយៈពេលត្រឹមតែ ១ឆ្នាំ ប៉ុនណោះ ពីកិច្ចខិតខំប្រឹងប្រែង របស់ព្រះបាទអង្គឌួង ក្នុងការទប់ស្កាត់ការប្រើប្រាសអាភៀននៅកម្ពុជា បានទាំងស្រុងក្នុងឆ្នាំ ១៨៥៣ ។
ការចាប់ផ្ដើមទំនាក់ទំនងកម្ពុជា-បារាំង
បុព្វហេតុដែលកងកម្លាំងបារាំងមកដល់ឧបទ្វីបឥណ្ឌូចិន គឺនៅពេលដែលស្ដេចអណ្ណាមចុងក្រោយ ព្រះនាមធីវទ្រី (Thieu Tri) ត្រូវបានមន្ត្រីទ័ពយួនធ្វើឃាតក្នុងរាជដំណាក់ ស្ដេចអណ្ណាមថ្មី ព្រះនាម "ធុយដុក" (Tự Đức) ដែលជាជនជាតិយួនភាគខាងជើង បានឡើងមកគ្រប់គ្រងនគរអណ្ណាមហើយគោលនយោបាយ ស្ដេចធុយដុក គឺកំទេចរាល់ការជ្រៀតចូលណាមួយពីឥទ្ធិពលបរទេសមកក្នុងសង្គមអណ្ណាម ដូចនេះ បុព្វជិត អ្នកផ្សព្វផ្សាយសាសនាកាតុលិក ដែលជាជនជាតិបារាំងត្រូវបានកាប់សម្លាប់ជាបន្តបន្ទាប់ ដែលការកាប់សម្លាប់នេះត្រូវបានប្រព្រឹត្តឡើងក្នុងឆ្នាំ ១៨៥៥ ដែលនេះជាព្រឹត្តិការណ៍ នៃការប្រឆាំងឥទ្ធិពលសាសនាកាតុលិកដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអណ្ណាម (Anti-Catholicism persecution) ហើយនេះក៏ជាមូលហេតុដ៏ចម្បងដែលអធិរាជបារាំងងៀកមកចាប់អារម្មណ៍លើបញ្ហានេះ ។
ការមកដល់របស់បារាំងនៅកម្ពុជា ១៨៥៦
ក្រោយពេលមានការសម្លាប់រង្គាលនូវបុព្វជិតអ្នកកាន់គ្រឹះសាសនា នៅអណ្ណាម អធិរាជបារាំង ណាប៉ូឡេអុងទី៣ (Napoleon III) បានបញ្ជូនបេសកទូតបារាំងលោក ឆាឡេស ឌី ម៉ុងទីញី (Charles de Montigny) ឱ្យមកអង្កេតមើលពីបញ្ហានេះ លោកម៉ុងទីញី បានធ្វើដំណើរចេញពីដែនកោះ សិង្ហបុរី ហើយមកដល់កម្ពុជានៅអំឡុងខែកញ្ញា ឆ្នាំ១៨៥៦ លោកបានចូលកប៉ាល់មកសំចតនៅក្នុង ខេត្តកំពត ។ ការមកដល់យ៉ាងកម្ររបស់បេសកទូតបារាំងរូបនេះបានធ្វើឱ្យព្រះអង្គឌួង មានចិត្តខ្វាយខ្វល់ជាខ្លាំង ព្រោះទ្រង់មានបំណងចង់ចងសម្ព័នមិត្តជាមួយនិងបារាំងផងដែរ ដូចនេះហើយ ព្រះអង្គឌួងបានសរសេរសារលិខិតមួយច្បាប់ ដាក់ជូនអធិរាជបារាំងណាប៉ូឡេអុងទី៣ តាមរយៈការបកប្រែនៃបុព្វជិតបារាំងគឺលោក "ហ្សង់គ្ល័រឌីមុីស" (Jean-Claude Miche) ប៉ុន្តែលោក ឌីម៉ុងទីញី មិនបានយកសេចក្ដីព្រៀងច្បាប់នេះដាក់ជូនអធិរាជបារាំងនោះទេ ដែលធ្វើឱ្យបេសកកម្មនេះត្រូវបរាជ័យ ហើយកម្ពុជាបាត់បង់ឱ្យកាសចងសម្ព័នមិត្តជាមួយនិងបារាំងក្នុងការយកបារាំងធ្វើជាខ្នងបង្អែកផងដែរ ។
ការបះបោររបស់ចាម ១៨៥៨
ព្រះអង្គឌួងភៀសព្រះកាយទៅសៀមអំឡុងពេល ពួកចាមបះបោរ គ.សករាជ ១៨៥៨
ក្រោយពេលស្ដេចអណ្ណាមសម្លាប់រង្គាលអ្នកបុព្វជិតគ្រឹស្តសាសនា អធិរាជបារាំងបានបញ្ជារឱ្យលោក ឧត្តមសេនីយ៍ អ៊ែកនេស ឌូដាត ដឺឡាក្រេ (Ernest Doudart de Lagrée) ឱ្យដកកងកម្លាំងរបស់ខ្លួនដែលកំពុងធ្វើសង្គ្រាមអាភៀននៅឯប្រទេសចិនភាគខាត្បូង លើកមកច្បាំងនិងអណ្ណាមផងដែរ ។ កងនាវាចម្បាំងចំនួន ១៣គ្រឿង របស់បារាំង និង កងកម្លាំងរបស់អេស្ប៉ាញ បានវាយចូលកាន់កាប់កំពង់ផែតួរ៉ាណ (Tourane) (បច្ចុប្បន្ន: ទីក្រុងដាណាង) (Danang city) ក្នុងឆ្នាំ ១៨៥៨ នៃគ.សករាជ ។[១០] ក្នុងអំឡុងខែកញ្ញា គ.សករាជ ១៨៥៨ ជនជាតិចាម បានប្រមូលផ្ដុំគ្នាបះបោរ និង ព្រះរាជាកម្ពុជា ដោយពួកគេបានវាយចូលកាន់កាប់ ខេត្តត្បូងឃ្មុំ , ខេត្តកំពង់ចាម, ស្រុកសំបូរ ខេត្តក្រចេះ, រកាពោ និង ប្រាំភូមិ ហើយជនជាតិចាមទាំងនោះមានបំណងចង់វាយចូលកាន់កាប់រាជធានីឧដុង្គផងដែរ ដូចនេះហើយដើម្បីសុវត្ថិភាពព្រះរាជាក្រុមមន្ត្រីបានជម្លៀស ព្រះអង្គឌួង ភៀសព្រះកាយទៅកាន់ប្រទេសសៀម ។ មន្ត្រីទ័ពកម្ពុជាបានដឹកនាំកម្លាំងប្រមាណជា ២០,០០០ (២មុឺននាក់) ទៅបង្ក្រាបការបះបោររបស់ពួកចាមទាំងអស់នេះរហូតទទួលបានជោគជ័យ ក្រុមមន្ត្រីទ័ពកម្ពុជាបានថ្វាយសារលិខិតទៅព្រះអង្គឌួង ដើម្បីឱ្យទ្រង់សម្រេចព្រះទ័យ តើគួរសម្លាប់ជនជាតិចាមទាំងអស់នៅកម្ពុជា ឬ ទុកជីវិតឱ្យពួកគេ ? ដោយសេចក្ដីសណ្ដោសប្រណី ព្រះអង្គឌួង ចេញបញ្ជារឱ្យប្រហារជីវិតតែអ្នកដឹកនាំបះបោរប៉ុនណោះ ដោយរក្សាជីវិតជនជាតិចាមឱ្យរស់នៅកម្ពុជាបន្ត ហើយជនជាតិចាមត្រូវចាត់តំណាងម្នាក់ មកថ្វាយសារតាំងដល់ព្រះមហាក្សត្រក្នុងព្រះរាជវាំងជារៀងរាល់ឆ្នាំ ដើម្បីសម្ដែងការគោរពស្មោះស្ម័គចំពោះក្សត្រកម្ពុជា ។
បារាំង​ចូលកាន់កាប់​ក្រុង​សៃហ្គន ១៨៥៩
គ.សករាជ ១៨៥៩ កងនាវាចម្បាំងរបស់បារាំង ចំនួន ៤៥០គ្រឿង ជាមួយនិងកងទ័ពបារាំង ចំនួន ២០,០០០ (២មុឺននាក់) បានមកដល់អណ្ណាមភាគខាងត្បូង និង បានវាយចូលទីក្រុងសៃហ្គន នៅថ្ងៃទី២ ខែកុម្ភៈ ហើយកងទ័ពអណ្ណាមចំនួន ៥០,០០០ (៥មុឺននាក់) បានចូលច្បាំងនិងកងទ័ពបារាំង ដើម្បីការពារទីក្រុង ចំណែកឯភាគីកម្ពុជា បានបញ្ជូនកងទ័ពប្រមាណជា ១០,០០០ (១មុឺននាក់) ចូលទៅជួយបារាំង ដើម្បីដណ្ដើមយកទីក្រុងសៃហ្គន សង្គ្រាមបានអូសបន្លាយអស់ ២សប្ដាហ៍ នៅទីបំផុតបារាំងបានចូលកាន់កាប់ទីក្រុងសៃហ្គនទាំងស្រុង នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៨៥៩ កងទ័ពអណ្ណាម ៥មុឺននាក់ ត្រូវបានសម្លាប់ចោលទាំងស្រុង ។ ក្រោយពេលកម្ពុជាចូលទៅជួយបារាំងយកឈ្នះទៅលើអណ្ណាម បារាំងបានសន្យានិងកម្ពុជា និង ធ្វើអន្តរាគមន៍ដើម្បីឱ្យភាគីសៀម ដោះលែងព្រះអង្គឌួង និង ញាតិវង្សរបស់ព្រះអង្គឱ្យត្រឡប់មកកម្ពុជាវិញ អំឡុងពេលដែល ព្រះអង្គឌួង ភៀសព្រះកាយទៅសៀមនាពេលដែលពួកចាមធ្វើការបះបោរ សៀមបានបង្ខាំងព្រះមហាក្សត្រកម្ពុជាមិនឱ្យត្រឡប់មកវិញនោះទេ ។
សង្គ្រាមរវាងបារាំង-អេស្ប៉ាញ ទល់និង សៀម ១៨៥៩
បុព្វហេតុដែលមានសង្គ្រាមរវាងបារាំង-អេស្ប៉ាញ ទល់និង សៀម កើតឡើងគឺនៅពេលដែលមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងប្រទេសចក្រពត្តិពីរនោះគឺបារាំងនិង អង់គ្លេស ។ ដែលនៅឆ្នាំ ១៨៥៥ ស្តេចសៀម រាមាទី៤ ដែលមានព្រះនាមហៅក្រៅថា មងឃុត (Mongkut) និង បេសកជនអង់គ្លេស និង ជាអភិបាលក្រុងហុងកុង លោក ចន ប៊ូរីង "Sir John Bowring" បានចុះហត្ថលេខាលើសន្ធិសញ្ញាពាណិជ្ជកម្មជាមួយគ្នា ។ ឯកសារនេះ ដែលបើកឱ្យសៀមយ៉ាងមានប្រសិទ្ធភាពចំពោះលទ្ធភាពនៃសកម្មភាពពាណិជ្ជកម្មរបស់អង់គ្លេស និង ការមិនយកពន្ធលើពាណិជ្ជកម្មធ្ងន់ៗរបស់អង់គ្លេសផងដែរ ប្រហែលជាអ្វីដែលសំខាន់បំផុតនោះគឺថា ការទទួលយកសន្ធិសញ្ញានេះបានទទួលស្គាល់យ៉ាងច្បាស់នូវអំណាចរបស់អង់គ្លេសនៅក្នុងតំបន់ ។ ក្រោយបារាំងយកឈ្នះសង្គ្រាមជាមួយអណ្ណាម បារាំងបានចូលទៅដាក់ពាណិជ្ជនៅទឹកដីភាគកើតប្រទេសសៀមផងដែរ ប៉ុន្តែភាគីអង់គ្លេសមិនពេញចិត្តនោះទេដោយបង្ខំឱ្យសៀមបណ្ដេញបារាំងចេញ សៀមបានរឹបអូសទំនេញបារាំងនៅ ខេត្តចន្ទបុរី (Chanthaburi) ដែលធ្វើឱ្យបារាំងមិនសប្បាយចិត្តនោះទេក៏បើកការវាយប្រហារទៅលើសៀមនៅអំឡុងខែកញ្ញា ឆ្នាំ1859 ហើយសម្ព័នមិត្តបារាំងគឺ អេសស្ប៉ាញ បានចូលច្បាំងនិងសៀមផងដែរ អំឡុងពេលប៉ះទង្គិចគ្នារវាងសៀម និង បារាំង ភាគីអង់គ្លេស បានចូលទៅសម្របសម្រួលហើយធ្វើការចរចារជាមួយបារាំង ដោយបារាំងបានបង្ខំឱ្យសៀមដោះលែងព្រះមហាក្សត្រកម្ពុជា និង ក្រុមគ្រួសារញាតិវង្សរបស់ព្រះអង្គឌួង ឱ្យត្រឡប់មកកម្ពុជាវិញ តាមការសន្យារវាងបារាំងនិងកម្ពុជា អំឡុងពេលដែលកម្ពុជាចូលទៅជួយបារាំងធ្វើសង្គ្រាមទល់និងអណ្ណាម ។