ឆ្នាំ១៩៥៦! យួនខាងត្បួង និងថៃ ចល័តកងទ័ពនៅតាមព្រំដែន, អាមេរិក ថាខ្លួនមិនបានបង្ខំប្រទេសកម្ពុជា ឲ្យនៅក្រោមឆត្រការពាររបស់អង្គការសេអាតូ ទេ
សិក្សាស្រាវជ្រាវដោយ៖ ឈឹម សេរីភួន
ការរិះគន់ និងការប្រកាសជំហរនយោបាយបែបនេះ បានធ្វើឱ្យសហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសមាជិកអង្គការសេអាតូ(SEATO) ពិសេសគឺប្រទេសថៃ និងប្រទេសវៀតណាមខាងត្បូង កាន់តែខឹងសម្បា និងធ្វើសកម្មភាពប្រឆាំងនឹងប្រទេសកម្ពុជា កាន់តែខ្លាំងក្លាថែមទៀត។ ពិសេសក្រោយពីសម្តេចសីហនុ ឡាយព្រះហស្តលេខាលើកិច្ចព្រមព្រៀងទទួលជំនួយពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ក្នុងពេលយាងបំពេញព្រះរាជទស្សនកិច្ច នៅទីក្រុងប៉េកាំង កាលពីខែកុម្ភៈ ឆ្នាំ១៩៥៦ នោះមក រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏បានសម្រេចផ្អាកការផ្តល់ជំនួយយោធាមកឱ្យរាជរដ្ឋាភិបាលកម្ពុជា ជាបណ្តោះអាសន្ន ក្នុងគោលបំណងបង្ហាញនូវការមិនពេញចិត្តរបស់ខ្លួនមកលើកម្ពុជា។ តែទោះបីយ៉ាងនេះក៏ដោយ ក៏នៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៥៦ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំធ្វើពិធីទទួលជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន យ៉ាងអធិកអធមដែរ។
ចាប់ពីពេលនោះមក រាជរដ្ឋាភិបាលថៃ ដឹកនាំដោយសារិត ថាណារ៉ាត់ (Sarit Thanarat) និងរដ្ឋាភិបាលវៀតណាមខាងត្បូង ដឹកនាំដោយ ង៉ូ ឌិញយៀម (Ngo Dinh Diem) ក៏បានចាប់ផ្ដើមធ្វើសកម្មភាពហ៊ុមព័ទ្ធសេដ្ឋកិច្ច ប្រឆាំងនឹងរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយមរបស់សម្ដេចសីហនុ មិនឱ្យងើបរួច។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលវៀតណាមខាងត្បូង បាននាំគ្នាចល័តកងទ័ពនៅតាមបណ្ដោយព្រំដែនភាគខាងលិច ខាងត្បូង និងខាងកើតប្រទេសកម្ពុជា ក្នុងគោលបំណងបង្ករឿងគ្រប់បែបយ៉ាងទៀតផង។
ង៉ូ ឌិញយៀម មេដឹកនាំវៀតណាមខាត្បូង ត្រូវទាហានរដ្ឋប្រហារបាញ់សម្លាប់ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៩៦៣ ក្នុងវ័យ៦២ឆ្នាំ។ ចំណែកសារិត ថាណារ៉ាត់ ស្លាប់នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៦៣ ក្នុងវ័យ៥៥ឆ្នាំ។
ដើម្បីជៀសវាងនូវការចោទប្រកាន់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ជាអ្នកញុះញង់ និងជាអ្នកនៅពីក្រោយខ្នងសកម្មភាពប្រទុសរាយរបស់ប្រទេសថៃ និងប្រទេសវៀតណាមខាងត្បូង រដ្ឋមន្ត្រីការបរទេសអាមេរិក ចន ហ្វូស្ទ័រ ឌុលលេស (John Foster Dulles) បានផ្ញើលិខិតជាផ្លូវការមួយច្បាប់ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៥៦ មកឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា តាមរយៈស្ថានទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក។ លិខិតជាផ្លូវការនោះ មានខ្លឹមសារថា៖ លោករដ្ឋមន្ត្រីខ្ញុំ! មានសេចក្ដីព្រួយបារម្ភជាខ្លាំង ដោយនៅពេលថ្មីៗនេះ មានមជ្ឈដ្ឋានជាច្រើន បានលើកឡើងថា សហរដ្ឋអាមេរិក បានប៉ុនប៉ងបង្ខំប្រទេសកម្ពុជា ឱ្យយល់ព្រមនៅក្រោមឆត្រការពាររបស់អង្គការសេអាតូ(SEATO) ។ តែប្រទេសកម្ពុជា មិនព្រម សហរដ្ឋអាមេរិក ក៏ផ្ដាច់ជំនួយសេដ្ឋកិច្ច និងយោធា ពីកម្ពុជា វិញ។ ទន្ទឹមគ្នានោះ ក៏លេចឮដែរថា សហរដ្ឋអាមេរិក បានបញ្ជាឲ្យប្រទេសវៀតណាមខាងត្បូង និងប្រទេសថៃ ជាសម្ព័ន្ធមិត្តធ្វើវិទ្ធង្សនាសេដ្ឋកិច្ច ដើម្បីកៀបសង្កត់ប្រទេសកម្ពុជា។ ចំណែកនៅទីក្រុងភ្នំពេញ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានថ្វាយដំណឹងជាផ្លូវការ ចំពោះព្រះមហាក្សត្រខ្មែរ ហើយថា សហរដ្ឋអាមេរិក ពុំដែលបានថ្លែងការណ៍ស្ដីពីបញ្ហានយោបាយក្រៅប្រទេសរបស់កម្ពុជា ម្ដងណាដែរ ។ លិខិតជាផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក បានបន្តថា នយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះប្រទេសកម្ពុជា គឺបានធ្វើឡើងតាមរយៈកម្មវិធីផ្ដល់ជំនួយយោធារបស់ខ្លួន តាមសេចក្ដីស្នើសុំជំនួយសេដ្ឋកិច្ចជាផ្លូវការរបស់ប្រទេសកម្ពុជា ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៥៤ និងជំនួយយោធា ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៥៤ ដើម្បីការការពារប្រទេសកម្ពុជា ដោយខ្លួនឯង តទល់នឹងអំពើឈ្លានពានរបស់ពួកកុម្មុយនិស្ដ ឬអំពើវិទ្ធង្សនាណាមួយ លើឯករាជ្យរបស់ខ្លួន។ សហរដ្ឋអាមេរិក គោរពជានិច្ច ប្រសិនបើប្រទេសណាមួយ មានជំនឿលើខ្លួនឯងថា អាចរក្សាឯករាជ្យរបស់ខ្លួន បានល្អប្រសើរ ជាងការអនុវត្តនូវគោលគំនិតនៃការរក្សាសន្តិសុខរួមគ្នានេះ។
គួររម្លឹកដែរថា គាលពាក់កណ្ដាល ខែមិថុនា ឆ្នាំ១៩៥៣ ព្រះមហាក្សត្រនរោត្តម សីហនុ បានយាងទៅទីក្រុងបាងកក ប្រទេសថៃ ក្នុងព្រះរាជបំណងទាក់ទងមន្ត្រីការទូតបណ្ដាប្រទេសនានា និងសារព័ត៌មានបរទេសផ្សេងៗទៀត ដើម្បីឱ្យពួកគេបានយល់ជ្រួតជ្រាបពីបុព្វហេតុ នៃការតស៊ូទាមទារឯករាជ្យជាតិពីបារាំង ព្រះមហាក្សត្រថៃ ភូមិបុល អាប់ឌុលយ៉ាដេត មិនរាជានុញ្ញាតឱ្យព្រះអង្គចូលគាល់ឡើយ។
មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានមកទូលព្រះអង្គថា ប្រទេសថៃ មិនអាចផ្ដល់ការគាំទ្រចំពោះព្រះរាជវត្តមានរបស់ព្រះអង្គបានទេ ព្រោះប្រទេសថៃ មិនចង់ឱ្យមានបញ្ហាខាងនយោបាយ និងបញ្ហាការទូត ជាមួយបារាំង។
ចំណែក នាយករដ្ឋមន្ត្រីថៃ សេនាប្រមុខវិបុល សង្គ្រាម បានសម្តែងនូវឫកពាក្រអឺតក្រទម ដោយផ្ដាំផ្ញើមកព្រះអង្គថា ប្រសិនបើ ព្រះអង្គមានសំណូមពរអ្វីចំពោះគេ ព្រះអង្គអាចយាងទៅជួបរូបគេផ្ទាល់ នៅខុទ្ទកាល័យរបស់គេ ។
លើសពីនេះទៅទៀត រាជរដ្ឋាភិបាលថៃ បានហាមឃាត់ព្រះអង្គមិនឱ្យធ្វើសកម្មភាពនយោបាយអ្វីបន្តិចឡើយ ហើយហាមជួបអ្នកកាសែត ទៀតផង ពិសេស សូម្បីតែគេហដ្ឋានរបស់ឯកអគ្គរាជទូតខ្មែរ ប្រចាំទីក្រុងបាងកក ក៏រាជរដ្ឋាភិបាលថៃ ហាមព្រះអង្គមិនឱ្យគង់នៅ ដែរ។
កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត រាជរដ្ឋាភិបាលថៃ ចាត់ទុកថា ព្រះអង្គគ្រាន់តែជាជននិរទេសម្នាក់ប៉ុណ្ណោះ។
ទោះបីយ៉ាងនេះ ក៏ដោយ ក៏ពេលព្រះអង្គគង់នៅតែក្នុងសណ្ឋាគារ ដោយរាជរដ្ឋាភិបាលថៃ មិនឱ្យចេញទៅណាមកណា ដូចមនុស្សជាប់ឃុំនោះ ព្រះមហាក្សត្រថៃ ភូមិបុល អាប់ឌុលយ៉ាដេត បានឱ្យចុងភៅពិសេស នៅក្នុងព្រះបរមរាជវាំង យកព្រះស្ងោយមកថ្វាយព្រះអង្គ ដែរ។ តែ ព្រះស្ងោយនោះ ឡើងត្រជាក់ល្ហឹម សោយលែងឆ្ងា្ញញ់ទៅហើយ។
មុនពេល យាងចាកចេញពីប្រទេសថៃ វិញ ព្រះអង្គបានសរសេរព្រះរាជសារមួយ ថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រថៃ ភូមិបុល អាប់ឌុលយ៉ាដេត ដែលបានរាជាអនុញ្ញាតឱ្យព្រះអង្គស្នាក់ នៅក្នុងក្រុងបាងកក នោះដែរ តែក្នុងព្រះរាជសារនោះ ព្រះអង្គមិនបានថ្លែងអំណរព្រះគុណ ចំពោះព្រះមហាក្សត្រថៃ ដែលបានឱ្យចុងភៅពិសេស នៅក្នុងព្រះបរមរាជវាំង យកព្រះស្ងោយដែលត្រជាក់ល្ហឹមហើយនោះ មកថ្វាយព្រះអង្គទេ។