ORDINARY_SOA HOEUR-NET YANG / សោ ហឺ-នេត យ៉ង់

 

លោកឧកញ៉ាបំរុងរដ្ឋ សោ ហឺ គឺជាជនជាតិចិន ភៀសខ្លួនពីប្រទេសចិន ក្នុងសម័យប្រទេសចិនមានសង្រ្គាមផ្ទៃក្នុង។ លោកបានមករស់នៅ និងកសាងគ្រួសារមួយ ជាមួយលោកស្រី នេត យ៉ង់ ជាភរិយា។ លោកបានប្រកបរបរជាអ្នករត់រ៉ឺម៉កកង់នៅក្នុងទីរួមខេត្តបាត់ដំបង។ លោកជាមនុស្សម្នាក់ដែលឧស្សាហ៍ និងព្យាយាមអំណត់អត់ធ្មត់ជាមួយនឹងការងារប្រើកម្លាំងមួយនេះ។ ដោយសារការព្យាយាម អំណត់ធ្មត់នេះហើយ ទើបលោកអាចទាកទាញ់ម៉ូយជាច្រើនជិះរ៉ឺម៉ករបស់លោក។ ដល់អំឡុងពេលសង្រ្គាមលោកលើកទីពីរកើតឡើង ខេត្តបាតដំបងត្រូវបានទាហានជប៉ុនកាត់ចូលទឹកដីថៃជាមួយនឹងខេត្តខ្មែរដទៃទៀត។ នាពេលនោះ លោកបានឆ្លៀតឳកាសរកស៊ីរត់ពន្ធក្រណាត់ពីប្រទេសថៃចូលកម្ពុជា។ ដោយសារតែលក់ក្រណាត់នេះហើយ ទើបលោកចំណេញប្រាក់ និងមាសជាច្រើន ដែលជួយធ្វើឲ្យជីវភាពរបស់លោករីកចម្រើន និងធូរធារជាងមុន។ បន្ទាប់ពីបញ្ចប់សង្រ្គាម ទឹកដីខេត្តបាត់ដំបងត្រូវបានបារាំងទាមទារមកកម្ពុជាវិញ។ លោក សោ ហឺ ក៏ប្រកបរបរថ្មីមួយផ្សេងទៀត។ នៅឆ្នាំ១៩៥២ លោកក៏បានចូលរួមជាមួយនឹងសម្តេច សីហនុ ក្នុងការទាមទារឯករាជ្យដល់កម្ពុជានៅខេត្តបាត់ដំបងនេះ។ លោកបានខិតខំគាំទ្រទាំងកម្លាំងកាយ និងសម្ភារស្បៀងដល់អ្នកតស៊ូទាំងឡាយ។ បន្ទាប់ពីកម្ពុជាទទួលឯករាជ្យពេញបរិបូរណ៍ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ លោកក៏បានចាប់ផ្តើមធ្វើកិច្ចការកសាងជាច្រើន ដើម្បីតបស្នងសងគុណដល់អ្នកខេត្តបាត់ដំបង ដែលជាអ្នកមានគុណរបស់លោក។ បើគ្មាន ការគាំទ្រពីអ្នកខេត្តបាត់ដំបងទេ នោះលោកក៏មិនអាចមានជីវភាពធូរធារ និងទ្រព្យសម្បត្តិស្តុកស្តមបានឡើយ។ លោកបានកសាងស្នាដៃមួយចំនួនដូចជា វិទ្យាល័យនេតយ៉ង់ អនុវិទ្យាល័យសោហឺ វត្តកណ្តាល និងស្នាដៃជាច្រើនទៀតក្នុងខេត្តបាត់ដំបង។ លោកត្រូវបានសម្តេច សីហនុ ដែលជាព្រះប្រមុខរដ្ឋ ប្រទានងារជាឧកញ៉ាបំរុងរដ្ឋនៃព្រះរាជណាចក្រកម្ពុជា។





STAR_KHMER / យក្សញ៉ម