ORDINARY_CHHUM KATHATHAN / ឈុំ កថាថន (ឈុំ អភ័យវង្ស)

 

ខេត្តបាត់ដំបង សៀមបានប្រែឈ្មោះជាខេត្តព្រះដំបង ពេលនៅក្រោមការគ្រប់គ្រងរបស់សៀមអស់ជាច្រើនឆ្នាំ បានស្ថិតក្រោមការគ្រប់គ្រងរបស់ត្រកូល «អភ័យវង្ស»  ដល់ទៅ៦ជំនាន់ រៀងតគ្នាជាលំដាប់រហូតមក ចាប់ពីឆ្នាំ១៧៩៥ ដល់ឆ្នាំ១៩០៧ គឺរយៈពេលយូរជាងអាណានិគមនិយមបារាំងគ្រប់គ្រងប្រទេសកម្ពុជាដែលមានរយៈកាលត្រឹម ៩០ឆ្នាំ។ ខេត្តបាត់ដំបងនៅខណៈនោះ ត្រូវដាក់ស្ថិតក្នុងមណ្ឌលបូព៌ារបស់រាជាអាណាចក្រសៀមជាដរាបរៀងមក រហូតដល់បារាំងទាម ទារយកពីសៀមវិញតាមរយៈសន្ធិសញ្ញាថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧។ ត្រកូល «អភ័យវង្ស» ដើមនាមត្រកូល អភ័យវង្ស គឺឧកញ៉ា យមរាជ បែន ជាពូជពង្សត្រកូលខ្មែរមួយដែលបានចុះចូលជាមួយសៀម ឬដែលអ្នកមួយចំនួនបានចាត់ទុកថាជាត្រកូលក្បត់ជាតិខ្មែរ។ គ្រួសារអភ័យវង្សរស់ នៅក្នុងបរិវេណកំពែងដ៏ស្កឹមស្កៃ ។ កំពែងនេះហាក់ដូចជាស្ថានសួគ៌សម្រាប់គ្រួសារស្ដេចត្រាញមួយនេះអញ្ចឹង។ កាលពីក្នុងសម័យបុរាណ ជនជាតិសៀមបានយកពាក្យខ្មែរថា កំពែង នេះទៅប្រើថា «កាំពែង» ដោយសៀមអានថា «កាំផែង» ព្រោះអក្សរ “ព” សៀមមានខ្យល់ជា “ផ” ខ្មែរ លុះដល់សម័យតមក ខ្មែរខ្លះយកសំដីនេះមកប្រើថា «កំផែង» ឃ្លាតក្លាយពីសំដីសៀម ដែលថាតាមសំដីខ្មែរពុំច្បាស់នោះក៏មាន។ កំពែងនេះធ្វើពីឥដ្ឋបូកបាយអ មានរាងចតុកោណកែង មានបណ្តោយ ១៨សិន (៧២០ម៉ែត្រ) ទទឹង ១២សិន (៤៨០ម៉ែត្រ) កម្ពស់ ៥ហត្ថ កម្រាស់ ២ហត្ថមួយចំអាម។ មានព្រំ ខាងជើងទល់នឹងចន្លោះផ្លូវប្រៃសណីយ៍ និងរោងចក្រអគ្គីសនី ខាងកើតទល់នឹងផ្លូវលេខ១ ខាងត្បូងទល់រោងអារឈើ ហូតុង ហាន់ រីឯខាងលិចស្របតាមខាងក្រោយវត្តកំផែង ។ មានខ្លោងទ្វារ៦ គឺខាងកើតមានពីរ ខាងលិចមានពីរ ខាងជើង និងខាងត្បូងមានខ្លោងទ្វារតែមួយៗទេ ។ មានប៉ម៦ ធ្វើញោចចេញមកក្រៅបន្តិច ប៉មនីមួយៗដាក់កាំភ្លើងធំ ប៉មកណ្តាលប៉ែកខាងកើតគេដោតទង់ជាតិយ៉ាងខ្ពស់ពណ៌ក្រហមមានរូបដំរីសដែលជាទង់ជាតិ សៀមនាសម័យនោះនៅចំកណ្តាល ។  បើគេមើលពីខាងក្រៅ កំពែងនេះជាជញ្ជាំងខ្ពស់ចោត តែនៅខាងក្នុងគេពូនដីឱ្យមានរាងទេរផ្ទប់នឹងជញ្ជាំង ដើម្បីឱ្យទាហានការពារបន្ទាយងាយនឹងឡើងមកទប់ទល់ជាមួយសត្រូវដែលនៅក្រៅកំពែង នៅលើដីទេរនេះគេដាំសុទ្ធតែដើមចម្ប៉ាក្រហម។   



ឧកញ៉ា យមរាជ  បែន  បានកាន់អំណាចជាស្ដេចត្រាញ់ដំបូង បានស្លាប់នៅឆ្នាំ១៨០៩
ចៅហ្វាទឡ្ហៈ ប៉ែន ជាកូនក៏ឡើង​បន្តការ​ងារ​នេះទៀត  បានកាល៧ឆ្នាំក៏ស្លាប់បាត់ទៅ មានដូនតានៅស្រុកកំណើត ខេត្កំពត។ 
បន្ទាប់មក រស់ ជាកូនរបស់ ប៉ែន ក៏ឡើង​បន្តទៀត​រហូត​ដល់ឆ្នាំ១៨៣៥។ 
លុះអស់ពីឈ្មោះ រស់ ទៅ កូនរបស់ រស់ ឈ្មោះ នង ក៏ឡើងបន្តទៀត គេមិនដឹងថា នង ស្លាប់នៅឆ្នាំណានោះទេ។ 
ក្រោយមកកូនរបស់ នង ឈ្មោះ យារ ហៅ ញ៉ុញ បានគ្រប់គ្រងខេត្តបាត់ដំបង រហូតដល់ឆ្នាំ ១៨៩៤។ 
កូនរបស់ យារ ឈ្មោះ ឈុំ ក៏បានឡើងបន្តតំណែងពីឪពុក​ខ្លួន ដោយសម្លាប់​បងថ្លៃរបស់ខ្លួនជាជាតិសៀម ព្រោះឮថា ព្រះចៅសៀមចង់លើកនាយ​បងថ្លៃនោះ​ឲ្យឡើង​គ្រង​ខេត្តបន្តពីឪពុករបស់ខ្លួន ។ ឈុំ អភ័យវង្ស នេះ គេចាត់ទុកជាមនុស្សសាហាវឃោរឃៅ ប្រហាក់​ប្រហែលទៅនឹងជីតាជំនាន់ទី១ បែន របស់​ខ្លួន​ដូច្នោះដែរ។ ឈុំ អភ័យវង្ស បានគ្រប់​គ្រងខេត្តបាត់ដំបងពីឆ្នាំ១៨៩៥ រហូតដល់ឆ្នាំ១៩០៧។ នៅពេលដែល​បារាំងយកខេត្តនេះមកវិញ ឈុំ ក៏រើផ្ទះសម្បែងទាំង​ប៉ុន្មាននៅបាត់ដំបង​ ហើយ​ដឹកទ្រព្យ​សម្បត្តិ ប្រពន្ធ និងកូន​ចៅប្រហែលជា ១០០ រទេះគោទៅរស់ នៅឯបស្ចឹមបុរី ។ បារាំងបានយល់ព្រមផ្តល់លុយឲ្យឈុំ អភ័យវង្សចាប់​ពីឆ្នាំ១៩០៧ រហូតដល់គាត់ស្លាប់ ក្នុង១ឆ្នាំ ១សែនបាត ដែលជាថ្នូរនឹងការចាកចេញរបស់គាត់។  ឈុំ អភ័យវង្ស បានស្លាប់​អំឡុងឆ្នាំ១៩២២។ 



កូនរបស់ គទាធរ ឈុំ អភ័យវង្ស (ព្រះពញាអភ័យភូបេស្ត៍ ឈុំ អភ័យវង្ស) និងលោកស្រី រ៉ត (មិនច្បាស់នាមត្រកូល នៅខេត្តបាត់ដំបង) ម្នាក់ឈ្មោះ ខួង (គួង/ខួង អភ័យវង្ស) (Khuang Aphaiwong) កើតថ្ងៃទី ១៧ ខែឧសភា ឆ្នាំ១៩០២ នៅខេត្តបាត់ដំបង មានដើមកំណើតខ្មែរសុទ្ធ (ម្តាយ-ឪពុកខ្មែរ)​ បានសិក្សានៅសាលា Debsirin បន្ទាប់មកបានចូលរៀននៅមហា​វិទ្យាល័យ Assumption នៃទីក្រុងបាងកក ចុងក្រោយលោកបានសិក្សានៅមហាវិទ្យាល័យស្រាវជ្រាវ Ecole Centrale de Lyon ក្នុងប្រទេសបារាំង។ ក្រោយមកបានធ្វើការនៅក្រសួងទូរលេខប្រទេសថៃ ចុងក្រោយលោកបានក្លាយជានាយកប្រតិបត្តិក្រសួងមួយនេះ។
វរៈសេនីត្រី ហ្លួងកូវិត ខួង អភ័យវង្ស​  ជាអ្នកបង្កើត​គណបក្សនយោបាយដំបូងបំផុតរបស់ប្រទេសសៀម​ គឺគណបក្សប្រជាធិបតេយ្យ​ ក្រោយពីរាមាទី ៧ បានប្រទានអំណាចរបស់ព្រះអង្គ មកឲ្យរាស្ត្រ ដោយបានផ្លាស់ប្តូរពីរបៀបគ្រប់គ្រងបែបរាជានិយម «សម្បូរណ​ញ្ញាសិទ្ធិរាជ (Abso- lute Monarchy)» មកជា «ប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ» នៅថ្ងៃទី ១០ ធ្នូ គ.ស ១៩៣២។ បានឡើងធ្វើជានាយករដ្ឋមន្រ្តីថៃជំនាន់ទី៤ ជានាយករដ្ឋមន្ត្រីសៀមដល់ទៅ៣លើក  (លើកទី១ ក្នុងឆ្នាំ១៩៤៤-១៩៤៥ លើកទី២ ក្នុងខែមករា ដល់ខែឧសភា ឆ្នាំ១៩៤៦  និងលើកទី៣ ក្នុងខែវិច្ឆិកា ឆ្នាំ១៩៤៧ រហូតដល់ខែមេសា ឆ្នាំ១៩៤៨)បានរៀបការជាមួយនារីម្នាក់ឈ្មោះ Lekha Kunadilok (កូនស្រីរបស់លោក William Alfred Goone-Tilleke ដែលជាមេធាវី) ហើយប្រពន្ធរបស់លោកត្រូវបានតែងតាំងជាសមាជិកសភានៅឆ្នាំ១៩៤៩ ដោយធ្វើឱ្យលោកស្រីក្លាយជាស្រ្តីអ្នកនយោបាយជនជាតិថៃដំបូងគេបំផុតក្នុងប្រវត្តិសាស្រ្តប្រទេសថៃ។
ខួង អភ័យវង្ស​ ជាបុគ្គលដំបូងដែលបាននាំមកនូវការបដិរូប និងការស្ថាបនាសេដ្ឋកិច្ចជាតិ ដោយបង្កើតក្រសួងគមនាគមន៍ និងក្រសួងប្រៃសណីយ៍ដំបូងគេ ។ បានស្លាប់នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ១៩៦៨ ដោយជន្មាយុ ៦៥ឆ្នាំ



បងប្រុសរួមឪពុកគឺ លឿម អភ័យវង្ស (ខ្មែរសុទ្ធ មាតាជាខ្មែរ អ្នកស្រុកបាត់ដំបង ជីដូនមួយជាមួយ គទាធរ ឈុំ) បានទទួលងារស្នងពីឪពុក ជា «ព្រះពញាអភ័យភូបេស្ត» ក្រោយពីកូនច្បងបានរៀបអភិសេកជាមួយម្ខាស់ក្សត្រីរបស់ «រាមាទី ៦ សម្តេចព្រះមង្កុតក្លាវចៅយូហួ»។


តាំងពីរជ្ជកាលទី១រហូតដល់ចុងរជ្ជកាលទី៥ ការតវង្សត្រកូលដោយផ្សំផ្គុំរវាងត្រកូលសៀមជាមួយខ្មែរ ធ្វើឲ្យមិនអាចបែងចែកអំពីជាតិរបស់អ្នករួមត្រកូលអភ័យវង្សនេះបានច្បាស់លាស់ឡើយ។ គ្រាមួយនៅពេលមានការបោះឆ្នោត ខួង អភ័យវង្ស ត្រូវបានបក្សម្ខាងទៀត​ចោទប្រកាន់​ថាខ្លួនមាន​បុព្វបុរសមិនមែនជនជាតិសៀម ចម្លើយតបចំពោះការចោទប្រកាន់នេះ ខួង អភ័យវង្ស បានអះអាងក្នុងឆ្នាំ១៩៦៣ ពីកំណើតត្រកូលនេះឲ្យអ្នកស្ដាប់ពិចារណា និងកាត់សេចក្ដីដោយខ្លួនឯង ដោយសារខ្លួនឯងមិនអាចសម្រេចបាន។