VIET NAM_Phu Quoc កោះត្រល់


 
កោះត្រល់ ជាឈ្មោះកោះដ៏ធំមួយ ដែលមានចំងាយប្រមាណ ជា១៥គីឡូម៉ែត្រ ពីទឹកដីខេត្តកំពត បានក្លាយជា កោះឋានសួគ៌ថ្មីមួយ របស់វៀតណាម ដែលកំពុងទាក់ទាញ ភ្ញៀវទេសចរចម្រុះ ពណ៌ នៅពេលដែលពលរដ្ឋខ្មែរមួយចំនួន នៅតែទន្ទិញរត់មាត់ថា ជាអតីតកោះរបស់កម្ពុជា ហើយពេលខ្លះ ក៏នាំគ្នាគិតថា កោះត្រល់ នៅតែជាកោះត្រល់របស់ខ្មែរ បើទោះបីជាឈ្មោះផ្លូវការ នៅលើផែនទីវៀតណាមថា ជាកោះហ្វូគួក (Phu Quoc) រាប់សិបឆ្នាំ រួចទៅហើយក្តី ។
ដើម្បីទៅដល់កោះ Phu Quoc ពលរដ្ឋខ្មែរមានជម្រើសពីរ៖ ធ្វើដំណើរតាមយន្តហោះពីភ្នំពេញ ទៅកាន់ទីក្រុងហូជីមិញ រួចបន្តហោះទៅកាន់ កោះហ្វូកគួក តែម្តង ឬក៏ធ្វើដំណើរ ដោយរថយន្ត ចេញពីភ្នំពេញទៅកាន់ព្រំដែនព្រែកចាក ក្នុងទឹកដីខេត្តកំពត រួចបន្តដំណើរទៅកាន់កំពង់ផែ ខេត្តហាទៀង របស់វៀតណាម (អតីតខេត្តពាម) ដែលចំណាយពេលសរុបចន្លោះពី៥ ទៅ៦ម៉ោង រួចធ្វើដំណើរបន្តដោយជិះកប៉ាល់ ឬហៅថាទូកលឿន ដែលត្រូវចំណាយពេល ១ម៉ោង១០នាទី ថែមទៀត ក្នុងចំងាយផ្លូវទឹក ៤៥គីឡូម៉ែត្រ ។


កោះត្រល់ ជាកោះដែលធំជាងគេបង្អស់នៅក្នុងប្រទេសវៀតណាម ហើយក៏ជាកោះដែល វៀតណាមគិតថា មានឆ្នេរសមុទ្រសស្អាត រហូតដាក់រហ័សនាមថា “កោះគជ់” ។ តាមរយៈ គម្រោងអភិវឌ្ឍ និងសន្ទុះកសាងនៅពេលបច្ចុប្បន្ន កោះត្រល់អាចនឹងវ៉ាដាច់កោះនៅកម្ពុជា ទាំងអស់ ហើយវៀតណាមអាចនឹងបង្វែរកិច្ចប្រជុំធំៗមួយចំនួនទៅទីនោះនៅប៉ុន្មានឆ្នាំខាងមុខ។ ប៉ុន្តែសម្រាប់ខ្មែរវិញ កោះត្រល់ នៅតែមិនអាចស៊ីដាច់ឆ្នេរនៅតាមកោះជាច្រើនទៀតនៅ ក្នុងទឹកដីប្រទេសកម្ពុជាឡើយ។


រហូតមកដល់ខែមេសា ឆ្នាំ២០១៩ សណ្ឋាគារប្រណិតលំដាប់ផ្កាយប្រាំ មិនតិចជាង៤ទេ បាន សង់រួចទៅហើយ ។ នៅទីនោះក៏មានកន្លែងកំសាន្តសម្រាប់ក្មេង និងមនុស្សចាស់ដែលមាន ឈ្មោះថា Vinpearl Land មានផ្សាររាត្រី មានទឹកត្រីកោះហ្វូគួក គជ់ខ្ចង កាហ្វេឱប (សម្រាប់បុរស ដែលចង់ស្គាល់រស់ជាតិកាហេ្វពិត និងកាហេ្វថែមសាច់)។ ផ្នែកសាសនាវិញ មានវត្តមួយ ដែលគេអះអាងថា ជាវត្តខ្មែរ ត្រូវបានគេដាក់ឈ្មោះថា “ពោធិទីបារាម កោះត្រល់ភូក្វឹក” ហើយមានលោកកម្ពុជាក្រោមបីអង្គ គង់នៅទីនោះ។ យោងតាមការធ្វើជំរឿន នៅឆ្នាំ១៩៨៩ គេរកឃើញពលរដ្ឋខ្មែរក្រោម និងខ្មែរកណ្តាលយើងប្រមាណជា ៣០០គ្រួសារ   ហើយរហូតដល់ ឆ្នាំ២០១៤ ចំនួនបានថយមកត្រឹម២០០គ្រួសារ នៃចំនួនពលរដ្ឋវៀតណាមសរុបប្រហែល ១០ម៉ឺននាក់។


រាប់សិបឆ្នាំមកហើយ ពលរដ្ឋខ្មែរតែងធ្វើការប្រៀបធៀប ផ្ទៃដីកោះមួយនេះ ទៅនឹងទំហំផ្ទៃក្រឡា ទាំងមូល បស់ប្រទេសសឹង្ហបុរី។ កោះត្រល់ មានទំហំ៥៧៤គីឡូម៉ែត្រការ៉េ  និងមានប្រជាពលរដ្ឋ ជិត២០ម៉ឺននាក់ កំពុងរស់នៅបនាច្ចុប្បន្ន។ ដោយឡែកប្រទេសសឹង្ហបុរី មានទំហំ៧២១,៥គីឡូ ម៉ែត្រការ៉េ ហើយមានពលរដ្ឋ ជាង៥លាននាក់។ វៀតណាម បានបង្ហើបពីគម្រោងអភិវឌ្ឍ កោះត្រល់ឲ្យទៅជាសឹង្ហបុរីទី២ ប៉ុន្តែបើតាមការអង្កេតនាពេលបច្ចុប្បន្ននេះ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងលំនៅដ្ឋាន ស្កេសស្កាស ជាប់ដងផ្លូវ អាចធ្វើឱ្យមហិច្ចតារបស់វៀតណាម នៅឆ្ងាយ ឆ្ងាយដាច់កន្ទុយភ្នែកពីសឹង្ហបុរី ។ មានព័ត៌មានក្រៅផ្លូវការ បានបង្ហើបថា ថ្នាក់ដឹកនាំវៀតណាម បានកោះប្រជុំមួយ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ នៅកន្លែងមួយ មិនឆ្ងាយប៉ុន្មានពីកោះត្រល់ ដើម្បីពិនិត្យលទ្ធភាពបង្វែរកោះត្រល់ទៅជាតំបន់ស្វយ័តដែល អនុញ្ញាត​ឱ្យបរទេស ចូលមកវិនិយោគ​   និងអភិវឌ្ឍឱ្យបានលឿនជាទីបំផុត។ 



 
ប្រវត្តិរឿងរ៉ាវពិតជាវែងឆ្ងាយ  ពិបាកនឹងរ៉ាយរ៉ាប់ឲ្យអស់សេចក្តី សង្ខេបឲ្យខ្លី គឺ ដោយសារ តែបារាំងបានសម្រេចបែងចែកដែនទឹករដ្ឋបាល គ្រប់គ្រងរវាងកម្ពុជា និងវៀតណាម នៅឆ្នាំ ១៩៣៩ នោះហើយដែលជាដើមចមនៃការបាត់ទឹកដីកោះត្រល់ឲ្យទៅវៀតណាម។ ពេលនោះ ខ្មែរយើងស្ថិតនៅក្រោមអាណានិគមបារាំងនៅឡើយ។ អ្នកស្នេហាជាតិខ្មែរ ឬវីរៈជនខ្មែរជាច្រើន រូប ដូចជា អាចារ្យហែមចៀវ ពោធិ៍កំបោរ លោក ប៊ុណ្ណ ចន្ទម៉ុល ត្រូវបានបារាំងចាប់  និង យកដាក់ពន្ធនាគារ នៅគុកកោះត្រឡាច ដែលស្ថិតនៅប៉ែកខាងត្បូង ឈាងខាងកើត នៃព្រៃនគរ (ហូជីមិញ) ដោយសារតែការបះបោរប្រឆាំងនឹងបារាំងនៅជំនាន់នោះ។ កោះត្រឡាច យួន​ហៅថា “កូ​ង​ដាវ ​(Côn Đảo) ឬ កូ​ង​ស៊ើ​ង​ (Côn Sơn)” បារាំង​ហៅថា ពូ​លូ​កុង​ដ័​រ (Poulo Condor)។ អ្នកនយោបាយ និងថ្នាក់ដឹកនាំខ្មែរជាច្រើនរូប បានទាញហេតុផលរៀងៗខ្លួន ដើម្បីពន្យល់ថា មូលហេតុអ្វីបានជា កោះត្រល់ របូតទៅវៀតណាម ។ បញ្ហាទឹកដី   និងព្រំដែន មិនខុសពី ចម្រៀងមួយបទដែលតែងមិនចេះចប់នោះទេ វាជារឿងតភាគ វែងជាងរឿង “មួយពាន់មួយ យប់” ដែលជជែកមិនចេះអស់ និងមិនចេះហើយ ។

EDC APP