STAR_KHMER / SIN SISAMUT ស៊ីន ស៊ីសាមុត



លោក ស៊ីន ស៊ីសាមុត (ឬ ស៊ិន ស៊ីសាមុត) (១៩៣២-១៩៧៦)​គឺ​ជា​អ្នក​និពន្ធ​បទ​ចម្រៀង និង​ជា​អ្នក​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ល្បាញ​​នា​អំឡុង​ទសវត្សរ៍​ឆ្នាំ ៥០ ដល់ ៧០ ។ លោក​មាន​រហស្សនាម​ថា ជា អធិរាជ​សំឡេង​មាស ។ លោក​ ស៊ីន ស៊ីសាមុត ទទួល​មរណភាព​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី ១៨ ខែ​ឧសភា ឆ្នាំ ១៩៧៦ ។ ភាព​ល្បី​ល្បាញ​របស់​លោក ស៊ីន ស៊ីសាមុត បាន​ពី​ទឹក​ដម​សំឡេង​ដ៏​ក្រអួន​ក្រអៅ ពីរោះ រណ្ដំ​ចិត្ត គួប​ផ្សំ ​និង​បទ​ចម្រៀង​មនោសញ្ចេតនា​គ្រប់​រសជាតិ លន្លង់​លន្លោច  សប្បាយ  កម្សត់​ខ្លោច​ផ្សា ។ល។ ដែល​ជា​ស្នា​ដៃ​និពន្ធ​ផ្ទាល់​របស់​លោក   និង​អ្នក​និពន្ធ​ដទៃ​ក្នុង​ជំនាន់​លោក ។                                                                 លោក ស៊ីន ស៊ីសាមុត ចាប់​កំណើត​នៅ​ថ្ងៃ ២៣ សីហា ១៩៣២ នៅ​ខេត្តស្ទឹងត្រែង ។ លោក​ជា​កូន​ប្រុស​ពៅ​នៃ​បង​ប្អូន៤នាក់​ (ប្រុស ២ ស្រី ២) របស់​លោក ស៊ីន លាង និង​អ្នក​ស្រី ស៊ីន ប៊ុនលឿ ដែល​ជា​កូន​កាត់​​ឡាវ-ចិន ។ លោក​ឪពុក​របស់​លោក ជាឆ្មាំយាម​ពន្ឋនាគារ​នៅ​ខេត្តបាត់ដំបង និង​ជា​ទាហានបដិវដ្តន៍​ប្រឆាំង​អាណានិគម​បារាំង ។ លោក​ឪពុក​របស់​លោកបាន​លា​ចាក​លោក​ដោយ​ជំងឺ  ហើយ​ម្តាយ​របស់​លោកក៏​​រៀប​ការ​​ម្តង​ទៀត ដែល​អាពាហ៍ពិពាហ៍​ក្រោយ​នេះ​បន្សល់​ទុក​កូន ២ នាក់​​ទៀត ។

លោក ស៊ីន ស៊ីសាមុត បាន​ចូល​រៀន​នៅ​សាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែង  ពេល​អាយុ៥ឆ្នាំ ។ លោក​ជា​ក្មេង​ល្អ  និងទទួល​​បាន​ការ​ស្រឡាញ់​ចូល​ចិត្ត​ពី​គ្រូ​  និង​មិត្ត​រួម​ថ្នាក់ ។ លោក​មាន​និស្ស័យ​ជាមួយ​សិល្បៈតាំង​ពី​អាយុ ៦ ឬ ៧ ឆ្នាំ ដោយ​​ចូល​ចិត្ត​កូត​ទ្រ ដេញ​ម៉ង់ដូលីន និង​ចាប៉ី ។ ជា​ញឹក​ញាប់   លោក​ត្រូវ​បាន​សាលា​សុំ​ឲ្យ​លេង​ម៉ង់ដូលីន​ក្នុង​ពិធី​បុណ្យ​ផ្សេងៗនៅ​សាលា ។ កាល​ពី​កុមារ លោក​ជា​ក្មេង​សុភាព ស្រគត់​ស្រគំ ចិត្ត​ល្អ និង​ចេះ​អាណិត​អាសូរ​អ្នក​ដទៃ ។ គេ​និយាយ​ថា លោក​និយាយ​ទៅ​កាន់​មនុស្ស​គ្រប់​គ្នា​ដោយ​សំដី​ទន់​ភ្លន់​ និង​ផ្អែម​ល្ហែម ។ លោក​តែង​ទៅលេង​​វត្ត​នៅ​ក្បែរ​ផ្ទះ​ជា​ញឹក​ញាប់​និង​បាន​និយាយ​លេង​ជាមួយ​ព្រះសង្ឃ​​នា​ពេល​ទំនេរ ។ លោក​មាន​និស្ស័យ​នឹង​ព្រះពុទ្ធឋសាសនា ដោយ​លោក​បាន​សុំ​រៀន​ភាសាបាលីពី​ភិក្ខុ​មួយ​អង្គ ។ លោក​ចូល​ចិត្ត​អាន​សៀវភៅ ទាត់បាល់ និង​បង្ហោះ​ខ្លែង ។ ចំពោះ​ការ​បរិភោគ ចូល​ចិត្ត​តែ​ម្ហូប​គោក មាន​សាច់ មិន​ចូល​ចិត្ត​បន្លែ​ ។ ពងទាចៀន​ជា​ម្ហូប ដែល​លោក​ចូល​ចិត្ត​ជា​ប្រចាំ ។             លោក​បញ្ចប់​ការ​សិក្សា​ចំណេះ​ទូទៅនៅ​ឆ្នាំ១៩៥១ ហើយ​ក៏​បាន​បន្ត​ការ​សិក្សា​នៅ​សាលាវេជ្ជសាស្ត្រ​​នៅ​ភ្នំពេញ​ដោយ​ស្នាក់​នៅ​ជាមួយឪពុកមារបស់​​លោក ។ ទោះ​ជា​មមា​ញឹក​នឹង​កិច្ចការ​​រៀន​សូត្រ​នៅ​​សាលា​វេជ្ជសាស្ត្រ​យ៉ាង​ណា​ក៏​ដោយ លោក​នៅ​អាច​ឆ្លៀតពេលទំនេរដើម្បី​រៀន​ច្រៀង និង​និពន្ធ​បទភ្លេង​​ដែរ ។ ក្នុង​អំលុង​ពេល​នោះ លោក​កម្រ​ចេញ​ទៅ​ដើរ​លេង​ខាង​ក្រៅ​ណាស់ ដោយ​សារ​ប្រាក់​ឧបត្ថម្ភពី​មាតាបិតា លោកគ្រប់​គ្រាន់​ល្មម​ សម្រាប់​ចាយ​វាយ​ក្នុង​ការ​សិក្សា​ប៉ុណ្ណោះ ។ ហេតុ​នេះ លោក​តែង​ចំណាយ​ពេល​ទំនេរ​របស់​លោក ដើម្បី​សិក្សា​បទ​ភ្លេង ​និង​ហាត់​ច្រៀង ។ ដោយ​មាន​ការ​គាំ​ទ្រ​ពី​មិត្ត​ភក្ដិ ដូច​កាល​ពី​នៅ​បឋមសិក្សា​​ដែរ លោក​ចាប់​ផ្តើម​ល្បី​នៅ​សាលា​របស់​​លោក​ថា ជា​អ្នក​មាន​ទេពកោសល្យ​ខាងតន្ត្រី​ និងចម្រៀង   ហើយ​លោក​ត្រូវ​បាន​គេ​សុំ​ឲ្យ​ច្រៀង​នៅ​រាល់​កម្មវិធី​របស់​​សាលា ។ នៅ​ឆ្នាំ​ដដែល​នោះ លោក​បាន​បង្កើត​ក្រុម​តន្ត្រី​មួយ​ឈ្មោះ​ថា ព្រះច័ន្ទរស្មី ដែល​មាន​សមាជិក ៩នាក់ ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ក្រុម​​តន្ត្រី​របស់​លោកទទួល​បាន​ការ​គាំ​ទ្រ​ពេញ​និយម​ពី​សំណាក់ ប្រជាពលរដ្ឋ​​ក្រុង​ភ្នំ​ពេញ ។ ដោយ​មាន​ភាព​ល្បី​ល្បាញ​នេះ នៅ​ដើម​ឆ្នាំ ១៩៥៣ ក្រុម​តន្ត្រី​របស់​លោក ត្រូវ​បាន​វិទ្យុ​ជាតិ​អញ្ជើញ​ឲ្យ​ចូល​ប្រគំរួម​ជាមួយ​ក្រុម​តន្ត្រី​វិទ្យុជាតិ ឈ្មោះរាជសីហ៍ ។ ពេល​កិត្តិសព្ទ​របស់​លោក​ចាប់​ផ្ដើម​ល្បី​ពាស​ពេញ​ភ្នំ​ពេញ លោក​ក្លាយ​ជា​អ្នក​ចម្រៀង​​ពាក់​កណ្ដាល​អាជីព ដោយ​ជា​រឿយ ៗ លោក​តែង​​ចេញ​ច្រៀង​តាម​វិទ្យុ ​​និង​ពិធី​មង្គលការ​ផ្សេងៗ ។ ជា​អកុសល មាតា​បិតា​របស់​លោក មិនសប្បាយ​ចិត្ត​នឹង​ឮ​លោក​ច្រៀង​​តាម​វិទ្យុ​ទេ ។ មាតា​បិតា​របស់​លោកចង់​ឲ្យ​លោក​​ក្លាយ​ជា​វេជ្ជបណ្ឌិត និង​បារម្ភ​ថា ចម្រៀង​នឹង​រំខាន​ដល់ការ​សិក្សា​របស់​លោក ។ ប៉ុន្តែ​ វាសនា​បាន​ចារ​ថា លោក ស៊ីន ស៊ីសាមុត ត្រូវ​តែ​ក្លាយ​ជា​អ្នកចម្រៀង ទោះ​ជា​មាន​ការ​ជំទាស់​ពី​គ្រួសារយ៉ាង​ណា​ក៏​ដោយ ។                                                 ពេល​ដែល​កម្ពុជា​បាន​ទទួល​ឯករាជ្យ​បរិបូរពី​បារាំង​នៅ​ឆ្នាំ១៩៥៣ លោក​ចាប់​ផ្តើម អាជីព​ជា​សិល្បករ​របស់​លោក ដោយ​ក្លាយ​ជា​អ្នក​ចម្រៀង​ប្រចាំ​ឲ្យស្ថានីយ៍វិទ្យុ​ជាតិ ។លោក​បន្ត​ការ​សិក្សា​​វេជ្ជសាស្ត្រ​រហូត​ដល់​ចប់ និង​ចូល​បម្រើ​ការ​ងារ​នៅ មន្ទីរពេទ្យ ព្រះកេតុមាលា ។ លោក ស៊ីន ស៊ីសាមុត​ និពន្ធ​បទ​ភ្លេង​ដោយ​ប្រើ​ម៉ង់ដូលីន ។ បទ​ចម្រៀង​របស់​លោក​ ជា​ទូទៅមាន​លក្ខណៈ​មនោសញ្ចេតនា លន្លង់​លន្លោច ​ឆ្លុះ​បញ្ចាំង​អំពី​ស្នេហា​ សុភមង្គល ឈឺ​ចាប់ និង​ស្រមើស្រមៃ ។ទេពកោសល្យ​សិល្បៈរបស់​លោក​បាន​ដោយ​ការ​ព្យាយាម​ដុស​ខាត់​ពី​កំណើត​របស់លោក ។ គេ​និយាយ​ថា លោក​បាន​ប្រើ​ប្រាស់​វចនានុក្រម​ដល់​ទៅ ៣ ដោយ​គ្រាន់​តែ​ចង់​ដឹងថា​ តើ​ពាក្យ​​មួយ​សរសេរ​ត្រឹម​ត្រូវ​ឬ​អត់ ក្នុង​ភាសាខ្មែរ សំស្ក្រឹត និងបាលី ។                                         ចម្រៀង​ភាគ​ច្រើន​របស់​លោក ​ផ្អែក​លើ​ជីវិត​ពិត​ និង​អារម្មណ៍​របស់​អ្នក​ស្ដាប់ ។ មិត្ត​អ្នក​ស្ដាប់តែង​តែ​យក​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​គេ មាន​​ទាំង​ស្នេហា​ និង​ការ​បាត់​បង់ សប្បាយ និង​ឈឺ​ចាប់ សម្រាប់​ឲ្យ​លោក ស៊ីន ស៊ីសាមុត និពន្ធ​ចម្រៀង ដោយ​ផ្អែក​លើ​រឿង​ពិត​នោះ ។ ហេតុ​នេះ អត្ថន័យ​ក្នុង​ចម្រៀង​របស់​លោក ភាគ​ច្រើន​ជា​រឿង​ពិត​របស់​មិត្ត​អ្នក​ស្ដាប់​របស់​លោក ។ ពេល​ដែល​លោក​ច្រៀង គ្រប់​ពាក្យ​គ្រប់​ម៉ាត់​គឺ​ច្បាស់ៗមួយៗ ។ លោក​តែង​ប្រយ័ត្ន​ក្នុង​ការ​បញ្ចេញ​សំឡេង​ឲ្យ​ត្រឹម​ត្រូវ​​តាម​ការ​សរសេរ ដោយ​មិន​ប្រើ​សំនៀង​ក្នុង​ភាសា​និយាយ​ទេ ។ សំនៀង​ដ៏​ក្រអួន​មាន​ទឹក​ដម   ហើយ​អាច​បត់​បែន​កាច់​កុង​តាម​តែ​លោក​ចង់​បាន  មិន​ភ្លាត់​មិនភ្លាវ    ​ហើយ​ខ្យល់​សំនៀង​ដាក់​ត្រូវ​តាម​អត្ថន័យ​បទ​នីមួយៗប្លែកៗគ្នា​ទៀត​ផង ។ ចំណុច​លេច​ធ្លោ​មួយ​ទៀត​នៃ​សំនៀង​របស់​លោក គឺ ណែន ពីរោះ ច្បាស់ គ្មាន​បន្លំ គ្មាន​លួច​បំភាន់អ្នក​ស្តាប់​មួយ​ពាក្យ ឬ​មួយ​ឃ្លា​ណា​ឡើយ ។ សូរ​សព្ទ​សំនៀង ដែល​លោក​បន្លឺ​ពេញ​ចំ​ជា​ពាក្យ​ខ្មែរ​ត្រូវ​តាម​អក្ខរាវិរុទ្ធ ហើយ​អ៊ឺន​សំឡេង​ទៀត​សោត​ទោះ​​ជា​ដាក់​ទាប​​ ឬ​លើក​ខ្ពស់ ក៏​លោក​រក្សា​បាន​នូវ​កម្រិត​សំឡេង​ដដែល​ហាក់​គ្មាន​​ប្រឹង​បង្ខំ​បន្តិច​ណាឡើយ ។                                                                                                   ដោយ​សារ​សំឡេង​ទន់​ត្រជាក់​ ណែន​ក្រអួន​របស់​លោក ស៊ីន ស៊ីសាមុត កាន់​តែ​ពីរោះ   ​ឈ្មោះ​របស់​លោកបាន​កាន់​តែ​លេច​ត្រដែត​ក្នុង​ចំណោម​មហាជន ទើប​នៅ​ដើម​ទសវត្សរ៍ ៥០ លោក​បាន​ត្រូវ​ម្ចាស់​ក្សត្រី កុសុមៈនារីរ័ត្ន សព្វ​ព្រះ​រាជ​ហឫទ័យ​អនុញ្ញាត​​ឲ្យលោក​ចូល​ក្នុង​វង់ភ្លេងព្រះរាជទ្រព្យ ដែលក្នុង​នោះមាន​លោក សុះ-ម៉ាត់ ដែរ ដើម្បី​សម្តែង​ក្នុង​ពិធី​គារវកិច្ច ក៏​ដូច​ជា​​លៀង​សាយភោជន៍​ផ្សេងៗ ។លោក​ស្ថិត​នៅ​ក្នុង​វង់​ភ្លេង​នេះ​រហូត​ដល់​ឆ្នាំ ១៩៧០ ។ ក្រៅ​ពី​ចម្រៀង​សម័យ   លោក​ក៏​ច្រៀង​ចម្រៀង​បុរាណ  និង​ប្រពៃណី​ដែរ  ដូច​ជា បទសកវាទិ៍  បទមហោរី  អាយ៉ៃ  ចាប៉ី  យីកេ  និង បាសាក់​ផង​ដែរ ។



នៅ​ពាក់​កណ្ដាល​ទសវត្សរ៍​ឆ្នាំ ៥០    បទ​វីយ៉ូឡុង​ស្នេហា ដែល​និពន្ធ​ដោយ​តន្រ្តីករ​វីយ៉ូ ឡុង ហាស់ សាឡន បាន​ជំរុញ​កិត្តិសព្ទ​លោក ស៊ីន ស៊ីសាមុត ឲ្យ​កាន់​តែ​ល្បី​រន្ទឺ ។ បទ​ចម្រៀង​ល្បីៗរបស់​លោក ស៊ីន ស៊ីសាមុត នៅ​សម័យ​នោះមាន    បទ​ ស្រី​ស្រស់​ក្មេង    បទ អនុស្សាវរីយ៍​ភ្នំ​ក្រវាញ   បទ ចុង​ស្រល់   បទ ថ្ងៃ​ដប់​ពីរ​ធ្នូ   បទ កាកី   បទ កង្រី   បទ ថ្ងៃ​មួយ​កក្កដា   បទ សម្រស់​ឆ្នេរ​កែប បទ ស្ទឹង​ពោធិ៍សាត់   និងបទ ព្រែក​ឯង​អស់​សង្ឃឹម ជាដើម ។
នៅឆ្នាំ១៩៦០- ១៩៦១ លោកស៊ីន ស៊ីសាមុតមានឱកាសបានទៅបង្ហាញបទចម្រៀងនៅក្រៅប្រទេសដូចជាប្រទេសចិន បារំាង និងសហភាពសូវៀត។
ក្នុងឆ្នាំ១៩៦២-១៩៦៣ ស៊ីន ស៊ីសាមុតមានឱកាសទៅបំពេញបេសកកម្មផ្នែកសិល្បះនៅប្រទេសសឹង្ហបុរី   ប្រទេសឥណ្ឌូនេស៊ី   ប្រទេសឥណ្ឌា។
នៅឆ្នាំ១៩៦៣ លោកស៊ីន ស៊ីសាមុតថតចម្រៀងឲ្យផលិតកម្មវត្តភ្នំ ។ បទចម្រៀងមួយចំនួនដែលពិរោះៗជាបទ STEREO បានទៅថតនៅទីក្រុង ហុងកុង។ បទ ចំប៉ាបាត់ដំបង បានឆក់យកបេះដូងអ្នកស្តាប់នៅទូទាំងប្រទេស ។ នៅក្នុងបទ សម្ភាសន៍មួយរៀបចំឡើងនៅ ឆ្នាំ ១៩៧១ ដោយទូរទស្សន៍សាធារណរដ្ឋ   អ្នកសម្ភាសន៍លោកបានរំលឹកឡើងថា បទ ចំប៉ាបាត់ដំបងនេះ ជាបទដំបូងគេបង្អស់ ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ ដើម្បីអបអរសាទរពិធីសម្ភោធ​ស្ថានីយ៍ទូរទស្សន៍ ​នៅឆ្នាំ ១៩៦៥ ។
កិត្តិសព្ទរបស់លោកឡើងដល់កំពូលនៅពាក់កណ្តាលទសវត្សរ៍៦០ ។ លោកបាន ចូលរួមថត​បទ ចម្រៀងថ្វាយព្រះបាទ នរោត្តម សីហនុ ដូចជា បទ រាត្រីដែល បានជួបភ័ក្រ   និងបទ ភ្នំពេញ។ នៅចុងទសវត្សរ៍ ៦០ និងដើមទសវត្សរ៍ ៧០ លោកចាប់ផ្តើមថតបទចម្រៀងដាក់ក្នុងភាពយន្តពេញនិយមមួយចំនួននាសម័យនោះ មាន រឿងអនអើយស្រីអន   រឿងទិព្វសូដាច័ន្ទ    និងរឿងថាវរីមាសបង ។ ក្នុងរឿង ពៅឈូកស ដឹកនាំថត​ដោយលោក ទា លឹមកាំង សំដែងដោយ លោក ជា យុទ្ធថន និងអ្នកស្រី ឌី សាវ៉េត  បទនាវាជីវិត របស់លោក ស៊ីន ស៊ីសាមុត បានធ្វើឲ្យផ្ទៃរឿង កាន់​តែកម្សត់។ បទ នាវាជីវិត បន្ទរឡើងនៅក្នុងឈុតសង្វាត (សំដែងដោយ លោក ជា យុទ្ធថន) ចេញទូកចាកចោលនាងពៅឈូកស ​(សំដែងដោយអ្នកស្រី ឌី សាវ៉េត)​ឲ្យនៅកណ្តោចកណ្តែង។
នៅក្នុងជីវិតសិល្បៈរបស់លោក លោកធ្លាប់ថតបទចម្រៀងឆ្លងឆ្លើយជាមួយអ្នក ចម្រៀងស្រីជាច្រើន មាន​ដូចជា អ្នកស្រី ម៉ៅ សារ៉េត   អ្នកស្រី កែវ សិដ្ឋា   អ្នកស្រី ឈុន វណ្ណា    អ្នកស្រី ហួយ មាស   អ្នកស្រី រស់ សេរីសុទ្ធា   និងអ្នកស្រី ប៉ែន រ៉ន ។ អ្នកស្រី ម៉ៅ សារ៉េត ជាអ្នកចម្រៀងស្រីដែលមានឈ្មោះល្បីទូទាំង​ប្រទេសដំបូងគេ ចាប់ពីកម្ពុជាបានឯករាជ្យ ។ បទចម្រៀងល្បីរបស់អ្នកស្រី  គឺបទសំបុត្រក្រោមខ្នើយ និងបទឲ្យអូនអស់ចិត្ត ។ អ្នកស្រី ប៉ែន រ៉ន ចាប់ផ្តើមថតចម្រៀងជាមួយលោក ស៊ីន ស៊ីសាមុត នៅឆ្នាំ ១៩៦៦ ។ អ្នកស្រី រស់ សេរីសុទ្ធា ចាប់អាជីពសិល្បករនៅឆ្នាំ ១៩៦៧ ជាមួយនឹងបទ ស្ទឹងខៀវ ។ សំឡេងស្រួយស្រេះរបស់អ្នកស្រីសក្តិសមឥត ខ្ចោះជាមួយសំឡេងធ្ងន់​ក្រអួនរបស់លោក ស៊ីន ស៊ីសាមុត ។
ប្រជាប្រិយភាពរបស់លោក ស៊ីន ស៊ីសាមុត បានធ្វើឲ្យលោកមិនអាចនិពន្ឋបទភ្លេង ទាន់​តម្រូវការអ្នកគាំទ្រលោក ។ ហេតុនេះ  លោកក៏ចាប់ផ្តើមយកបទរបស់កវី ផ្សេងទៀតមកច្រៀង ។ ដំបូង លោកច្រៀងបទនិពន្ធរបស់លោក ពៅ ស៊ីផូ     លោក ស្វាយ សំអឿ     លោក ម៉ា ឡៅពី    លោក មែរ ប៊ុន (មិត្តស្និទស្នាលរបស់លោក) និងលោក ហាស់ សាឡន ។ ពីឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៧៥ ភាគច្រើន លោក​ច្រៀង​បទនិពន្ធដោយលោក វ៉ោយ ហូរ ។ ទោះជាលោកច្រៀងបទដែលនិពន្ធ ដោយ​អ្នក ដទៃ បទចម្រៀងរបស់លោកនៅតែមានប្រជាប្រិយភាព ។ ព្រមជាមួយបទចម្រៀង ផ្ទាល់ខ្លួន   លោកក៏បានយកទំនុកភ្លេង​បរទេសមកច្រៀង​ជាខ្មែរដែរ ។ ដូចជា បទ ឆ្នាំមុន និងបទ ស្នេហ៍ឆ្លងវេហា ដែលយកពីថៃ  បទ បងនៅតែចាំ  តាមលំនាំបទ The House of the Rising Sun  បទ ខ្ញុំស្រលាញ់ស្រីតូច លំនាំបទ Black Magic Woman ។ ក្រៅពីនោះ  លោកតែងបទដោយខ្លួនឯង ដែលមានរឿងខ្លះជារឿងផ្ទាល់របស់លោក មានបទខ្លះជារបស់មិត្តភក្តិ មកដំណាលប្រាប់លោកឱ្យលោកតែងឱ្យគេ ។ ហេតុនេះ ហើយ  ទើបរៀងរាល់ថៃ្ង តាំងពីព្រឹកព្រលឹមគឺមានមនុស្សអង្គុយចាំលោកនៅមុខផ្ទះ រួចជាស្រេចដើម្បីសុំឱ្យលោកជួយតែងបទពីជីវិត ឬពីការឈឺចាប់ណាមួយរបស់គេ។ ចំពោះសំណូមពរនេះ លោកតែងដោះស្រាយឱ្យជាហូរហែដែរ ទើបបទរបស់លោក  ភាគច្រើនវាខ្លីមួយបទមែន តែវាបានឆ្លុះបញ្ចាំងឱ្យឃើញពីវិបត្តិមួយយ៉ាងធំ ពីព្រឹត្តិ ការណ៍ធំណាមួយ  ឬពីដំណើរជីវិតរបស់មនុស្សម្នាក់តាំងពីដើមរហូតដល់ចប់ ហើយពោរពេញដោយមនោសញ្ចោតនា​យ៉ាងជ្រាលជ្រៅទៀតផង។
ក្រោយមកទៀត    លោក ស៊ីន ស៊ីសាមុត ​ថតអាល់ប៊ុមឲ្យផលិតកម្មច័ន្ទឆាយា និង ផលិតកម្ម ហេងសេង ។ លោកក៏សរសេរចម្រៀងឲ្យផលិតកម្មភាពយន្តផ្សេងៗ ផងដែរ ។ រហូតមកទល់ឆ្នាំ១៩៧២ លោកបានលក់ចម្រៀងជាង១ពាន់បទ​ឲ្យផលិត កម្មនានា ។ រហូតដល់ការដួលរលំសាធារណរដ្ឋខ្មែរនៅឆ្នាំ ១៩៧៥   លោកបានថត ចម្រៀងប្រហែល១ពាន់បទទៀត។

បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី ១៨ មីនា ១៩៧០     លោកស៊ីន ស៊ីសាមុត​ បានចាកចោល វង់ភ្លេងព្រះរាជទ្រព្យទៅការិយាល័យទី ៥នៃអគ្គសេនាធិការកងទ័ពជាតិសាធាណរដ្ឋ ខ្មែរ ។ លោកបានធ្វើការនៅការិយាល័យទី ៥រយៈពេល ១ឆ្នាំ   រួចក៏ចូលក្នុងក្រុម តន្ត្រីក្រសួង​  ក្នុងឋានៈជាអនុសេនីយ៍ទោ។ នៅមុនពេលខ្មែរក្រហមកាន់កាប់   លោក បានឡើងឋានៈដល់អនុសេនីយ៍ឯក ។ នៅសម័យលន់នល់   លោកចាប់ផ្តើម ច្រៀង ចម្រៀងឃោសនាឲ្យសាធារណរដ្ឋខ្មែរ ក្នុងកម្មវិធីទូរទស្សន៍នាឆ្នាំ ១៩៧១ ។ លោកច្រៀងបទគាំទ្ររបបសាធារណរដ្ឋ ក្នុងសម្លៀកបំពាក់​យោធា ដោយ​ពាក់​មួកកន្តិប បិតបាំង​ថ្ងាស​​​ឆកបន្តិចរបស់លោក ។
លោក ស៊ីន ស៊ីសាមុត មិនដែលមានទំនាក់ទំនងស្នេហាឲ្យបានច្បាស់លាស់ជាមួយ អ្នកណាទេ ។ ដោយសារតែលោកមានមហិច្ឆតាខ្ពស់​ និងបូជាខ្លួនសម្រាប់ចម្រៀង ហេតុនេះលោកមិនមានពេល សម្រាប់មានស្នេហាផ្អែមល្អែមទេ ។ ទំនាក់ទំនងរបស់ លោកជាមួយស្រីៗ   ទំនងគ្រាន់តែត្រឹមជាមិត្តជាជាងស្នេហា ។
លោក ស៊ីន ស៊ីសាមុត ​រៀបអាពាហ៍ពិពាហ៍ ២ដង ។ បន្ទាប់ពីបញ្ចប់ការសិក្សាពី សាលាវេជ្ជសាស្ត្រ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ខាវ ថងញ៉ត ដែលជា បងប្អូនជីជូនមួយជាមួយលោក តាមការចាត់ចែងរបស់មេបា ។ ពួកលោកមានបុត្រា បុត្រី​​ ៤​នាក់  មានដូចជា ស៊ីន យុទ្ធនា   ស៊ីន ច័ន្ទឆាយា   ស៊ីន វ៉ាន់ថា  ស៊ីន ប្រាសាទសង្វា ។ បន្ទាប់ពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់  និងកូនប្រុសម្នាក់ ទេដែលរស់រានមានជីវិត ។ ជីវិតគ្រួសាររបស់លោកចាប់មានភាពរកាំរកូសដោយ សារ​សម្ពាធពីអាជីព និងកេរ្តិ៍ឈ្មោះរបស់លោក ។ ភរិយារបស់លោកបានចាកចោល លោកទៅបួសជាដូនជី  ពេលលោកស្រីមានអាយុ ៣០ឆ្នាំ ។




ទោះបីជាលោក ស៊ីន ស៊ីសាមុត​ មានទេពកោសល្យ​ និងធ្វើការខ្លាំងផ្នែកចម្រៀង និងតន្ត្រីក៏ដោយ ក៏ប្រាក់ចំណូលរបស់លោកមានកម្រិតមធ្យម បើប្រៀបធៀបនឹង អ្នកល្បីៗផ្សេងទៀត ។ ទោះជាលោកជាអ្នកចម្រៀងមានប្រជាប្រិយបំផុតនៅសម័យ នោះក៏ដោយ ក៏លោកមិនអាចក្លាយជាអ្នកមានមហាសាលម្នាក់ដែរ ។ លោកមាន ជីវភាពមធ្យមដោយសារប្រាក់ចំណូលបានមកតែពីទេពកោសល្យនិងការងារចម្រៀង និងតន្ត្រីរបស់លោកសុទ្ធសាធ  គ្មានចំណូលអ្វីមកពីក្រៅទៀតទេ ។ លុយកាក់របស់ លោកត្រូវបានស្វះស្វែងរកដោយសេចក្តីព្យាយាម និងសន្សំសំចៃ រហូតដល់លោក សង់បានវីឡាធុនមធ្យមមួយនៅទួលទំពូងដែលមានឈ្មោះថា វីឡា សូក្រាត ។ ប៉ុន្តែ ប្រាក់ចំណូលរបស់លោក៏អាចឲ្យលោកដូររថយន្តវ៉ុលវ៉ាហ្គិន (Volkswagen) ពណ៌ខៀវ ផ្ទៃមេឃយករថយន្តមែរសឺដែស (Mercedes 220D) ពណ៌ខៀវបាន ។
ជាទូទៅ   ជីវិតរបស់លោកគឺសាមញ្ញណាស់ ដោយចំណាយពេលភាគច្រើនសម្រាប់ ធ្វើការងារ ។ ដោយសារតែប្រាក់ចំណូលបានពីសិល្បៈរបស់លោក​មានកម្រិតមធ្យម លោកបានហាមប្រាមកូនៗរបស់លោកមិនឲ្យចាប់អាជីពជាសិល្បករចម្រៀង តន្ត្រី ទេ ។ លោកបានពន្យល់លោក ស៊ីន ច័ន្ទឆាយ៉ា ដែលជាកូនប្រុសរបស់លោកថា អាជីពជាអ្នកចម្រៀងគ្មានតម្លៃទេ ។ ទោះជាកូនៗរបស់លោកបង្ហាញទេពកោសល្យ ផ្នែកចម្រៀងក៏ដោយ  ក៏លោក ស៊ីន ស៊ីសាមុត មិនដែលជួយលើកទឹកចិត្ត​ ឬជួយ បង្ហាត់បង្រៀនកូនៗ​ពីសិល្បៈតន្ត្រី  និងចម្រៀងដែរ ។

                                                          
លោកបានរៀបអាពាហ៍ពិពាហ៍​ជាថ្មីម្តងទៀតជាមួយអ្នករាំរបាំព្រះរាជទ្រព្យម្នាក់ ។
នៅពេលខ្មែរក្រហមវាយបានភ្នំពេញនៅខែមេសា ១៩៧៥ លោកត្រូវ​បានគេជម្លៀស ចេញពីក្រុងជាមួយប្រជាពលរដ្ឋរាប់លាននាក់ទៀត ។ លោកត្រូវពួក​ខ្មែរក្រហម សម្លាប់បន្ទាប់ពីលោកថត​បទចម្រៀងឲ្យពួកវារួចហើយ ។


























EDC APP