KP_KAMPOT កំពត / បូកគោ


ភ្នំបូកគោ ស្ថិតនៅខេត្តកំពត ភាគខាងត្បូងនៃប្រទេសកម្ពុជាក្នុងតំបន់ខ្ពង់រាបនៃភ្នំឌឹមីរី ដែលបង្កើត ជាតំបន់ភាគអាគ្នេយ៍ នៃជួរភ្នំក្រវាញ ។ ភាគច្រើន នៃឧទ្យាននេះ មានកម្ពស់ប្រហែល១.០០០ ម៉ែត្រពីលើផ្ទៃសមុទ្រ ហើយកំពូលភ្នំបូកគោមាន កំពស់១.០៨១ម៉ែត្រ ដែលគេហៅថា ភ្នំបូកគោ។ 

ភ្នំបូកគោឧទ្យានជាតិភ្នំបូកគោ បានប្រសិទ្ធិនាមជាឧទ្យានជាតិព្រះមុនីវង្ស តាមព្រះនាម អតីតព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ព្រះខត្តិយកោដ្ឋ។ ព្រះអង្គទ្រអ់ជាព្រះ រាជអយ្យកោទួត នៃព្រះមហាក្សត្រសព្វថ្ងៃនេះ គឺព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ។  


ឧទ្យានជាតិភ្នំបូកគោជាស្ថានីយ៍មួយ ហើយក៏ជាសំណង់ដាច់ស្រយាលមួយ កសាងដោយពួក អាណានិគមនិយមបារាំង នៅឆ្នាំ១៩២១  ដោយយកគំរូនៃអាគារតាមប្រទេសអ៊ីតាលី។ ទីនោះមាន កាស៊ីណូ និងសណ្ឋាគារសម្រាប់ពួកអភិជនស្នាក់នៅ ដើម្បីលំហែកាយ ។  

នៅឆ្នាំ១៩២៨ បារាំងបានកសាងវិហារកាតូលិកមួយ ដែលជាកន្លែងដ៏កម្រនៅកម្ពុជា ។



នៅមានព្រះរាជដំណាក់របស់ព្រះករុណា ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ព្រះខត្តិយកោដ្ឋ ដែលជា ទីឋានសោយព្រះទីវង្គតក្នុងឆ្នាំ១៩៤១ ដោយសារតែទ្រង់ឈឺចាប់ និងតូចព្រះទ័យដែលប្រទេស សៀមតែងតែទន្ទ្រានម្ដងហើយម្ដងទៀត ឈ្លានពាន និងដណ្ដើមយក ទឹកដីកម្ពុជាដោយមាន ប្រទេសជប៉ុនគាំទ្រ។ តាមប្រវត្តិសាស្ត្របានឲ្យដឹងថានៅឆ្នាំ១៩៣៩ សង្រ្គាម លោកលើកទី២បាន ផ្ទុះឡើង។ ប្រទេសសៀមដែលមានវិវាទជាមួយប្រទេសបារាំង បានទទួលការគាំទ្រពីប្រទេស ជប៉ុន ហើយនៅទីបំផុតបានកៀបសង្កត់ទៅលើប្រទេសបារាំង ដណ្ដើមយកខេត្ដបាត់ដំបង និង ទឹកដីស្ថិតនៅត្រង់ចន្លោះជួរភ្នំដងរែក និងខ្សែស្របក្រាដ (grade)ទី១៥ទៅវិញដោយឈឺព្រះទ័យ នឹងការរំលោភពីសំណាក់សៀមនេះ ព្រះរាជសុខភាពត្រូវទ្រុឌទ្រោមយ៉ាងឆាប់រហ័ស   ហើយទ្រង់ សោយទីវង្គត នៅរាត្រីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៤១   ក្នុងព្រះជន្មាយុ៦៦វស្សា ដោយសោយរាជ្យ ក្នុងក្រុងកម្ពុជាធិបតីបាន១៤ឆ្នាំ។ មុនពេលព្រះអង្គយាងសោយព្រះទីវង្គត ព្រះអង្គមិនព្រមសោយ អ្វីឡើយ ហើយក៏មិនឲ្យព្រះរាជវង្សានុវង្សចូលក្រាបបង្គំគាល់ដែរ ដោយទា្វរព្រះរាជដំណាក់បិទ រហូតដល់ព្រះអង្គយាងសោយព្រះទីវង្គតតែម្តង។ 

ឆ្នាំ១៩២៤    ព្រះបាទមុនី វង្ស បានបញ្ជាឲ្យសាងសង់ព្រះវិហារ ព្រះពុទ្ធសាសនានៅតំបន់នេះ។




តមកទៀត ភ្នំបូកគោជាតំបន់ដែលគ្រប់គ្រងដោយខ្មែរក្រហម  ហើយត្រូវបានបោះបង់ចោល  ប៉ុន្តែ នៅឆ្នាំ១៩៩៣  ឧទ្យានជាតិព្រះមុនីវង្សត្រូវបានសម្ពោធជាមួយនិងឧទ្យានជាតិដទៃទៀតនៅកម្ពុជា ក៏គឺជាផ្នែកមួយនៃឧទ្យានបេតិកភណ្ឌអាស៊ានតែមួយគត់នៅក្នុងប្រទេសផងដែរ។ក្នុងពេលថ្មីៗនេះ សួនឧទ្យានជាតិ បានក្លាយទៅជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយ ដែលមានទេសភាព ស្រស់បំព្រង រួមទាំងបឹងដ៏ស្រស់ស្អាតលើភ្នំ ទឹកជ្រោះ ពពកវិល និងវាលស្រៃ១០០ដ៏អស្ចារ្យ ផងដែរ។​ 

ហើយបច្ចុប្បន្ននេះ មានរមណីយដ្ឋានឋានសួគ៌បូកគោ ដែលជាសណ្ឋាគារប្រណីតដ៏ធំមួយបាន កសាងនៅឆ្នាំ២០១២ ។
អ្នកដែលធ្លាប់បានឡើងទៅទស្សនាកម្សាន្តលើកំពូលភ្នំបូកគោ ប្រាកដជាបានឃើញ និងស្គាល់ នូវសំណង់សណ្ឋាគារ និងកាស៊ីណូសម័យអាណានិគមនិយមបារាំង ដែលរហូតដល់សម័យ សង្គមរាស្ត្រនិយមមានភាពល្បីល្បាញនៅក្នុងប្រវត្តិសាស្រ្ត ។ អាគារមួយនេះ ត្រូវបានគេបោះបង់ ច្រើនសតវត្ស ដោយមិនត្រូវបានប៉ះពាល់ ឬកែច្នៃនោះឡើយ រហូតមានពាក្យចចាមអារ៉ាមថា វាគឺជាអាគារខ្មោចទៀតផង។ ប៉ុន្តែពាក្យចចាមអារ៉ាមមួយនេះប្រាកដជាបានរសាត់បាត់ពីអារម្មណ៍ ប្រជាពលរដ្ឋ បន្ទាប់ពីគម្រោងសាងសង់ដ៏ធំមួយបានលេចឡើងជាថ្មីលើអាគារសំណង់ចាស់ មួយនេះ។ គម្រោងកែលម្អ និងជួសជុលអាគារនេះធ្វើឡើងដោយក្រុមហ៊ុន Sokha Hotels & Resort ដោយរក្សាទុកលក្ខណៈពិសេសនៃតួអាគារ និងរចនាប័ទ្មសម័យអណានិគម ហើយថែម ថយបន្ថែមនូវសម្ភារទំនើបៗនាំចូលពីបរទេសតែប៉ុណ្ណោះ ។ ការកែលម្អនឹងត្រូវបញ្ចប់ទាំងស្រុង នឹងបើកដំណើរការនៅដើមឆ្នាំ ២០១៨។ សណ្ឋាគារនេះ បានក្លាយជាសណ្ឋាគារលំដាប់ប្រណីត ។








នៅឆ្នាំ២០១០ រូបសំណាករបស់លោកយាយម៉ៅដ៏ធំមួយមានកម្ពស់២៩ម៉ែត្រ ខ្ពស់ជាងគេនៅក្នុង ប្រទេសត្រូវបានសាងសង់នៅតំបន់នោះ។ លោកយាយម៉ៅ គឺជាវីរៈនារីដ៏អាថ៌កំបាំង ដែលគេ និយាយថា តែងជួយការពារអ្នកធ្វើដំណើរ អ្នកប្រមាញ់ និងបុរសនេសាទ។



កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយមានសង្កាត់ចំនួន៣ គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត។

រូបភាពនៃភ្នំបូកគោ










EDC APP