ពេលទៅរៀននៅប្រទេសបារាំង សួង ស៊ីគឿន ទទួលឥទ្ធិពលពីខៀវ សំផន
និងយល់ឃើញថា ពួកលន់ នល់, ញឹក
ជូឡុង និងម៉ៅ សាយ ជាសត្រូវស្លាប់រស់របស់ប្រជាជាតិ…(តពីភាគមុន)
សិក្សាស្រាវជ្រាវដោយ៖ ឈឹម សេរីភួន
ក្នុងអំឡុងឆ្នាំ១៩៥៧ និង ឆ្នាំ១៩៥៨ សួង ស៊ីគឿន
ទទួលឥទ្ធិពលពីការអប់រំរបស់ខៀវ សំផន ច្រើនណាស់ ព្រោះខៀវ សំផន
យកចិត្តទុកដាក់អប់រំគាត់ផ្ទាល់។ គាត់បានរៀនសូត្រពីខៀវ សំផន
នូវស្មារតីលះបង់ទ្រាំទ្រការលំបាក ឈឺថ្កាត់ ដើម្បីបំពេញភារកិច្ចនូវមាគ៌ាមហាជន
ស្រឡាញ់រាប់អាន និងដាក់ខ្លួនក្នុងមហាជន។ ចុងឆ្នាំ១៩៥៨ ខៀវ សំផន
ក៏បានត្រឡប់មកមាតុប្រទេសវិញ។ ជួន មុម្ម
ជាអ្នកទទួលខុសត្រូវគណៈកម្មការដឹកនាំមណ្ឌលម៉ាក្ស-ឡេនីន បន្ត។ នៅឆ្នាំ១៩៥៨នោះដែរ
គាត់បានចូលជាសមាជិកក្រុមភាសានៃបក្សកុម្មុយនិស្តបារាំង និងបានប្រឡងជាប់បាស្សូទី២
(បាក់ឌុប)នៅក្រុងប៉ារីស។ ពេលនោះដែរ គាត់ក៏បានរួមចំណែកសរសេរ
និងបោះពុម្ពផ្សាយទស្សនាវដ្តីសម្ងាត់មួយ ឈ្មោះ «រស្មី»។
ឆ្នាំ១៩៥៩ នោះដែរ សួង ស៊ីគឿន បានទៅចូលរួមមហោស្រពរបស់យុវជន
និងនិស្សិតនៅទីក្រុងវីយែន ប្រទេសអូទ្រីស
ក្នុងនាមសមាជិកគណៈប្រតិភូសហភាពនិស្សិតខ្មែរ ដោយមានអ៊ិន សូកាន ជាអ្នកដឹកនាំ។ ពេលនោះ
ក៏មានប្រតិភូយុវជនរាជសង្គមរាស្ត្រនិយមខ្មែរ មកពីប្រទេសកម្ពុជា ដឹកនាំដោយយឹម ឌិត
ទៅចូលរួមមហោស្រពរបស់យុវជន និងនិស្សិតនោះដែរ។ គណៈប្រតិភូសហភាពនិស្សិតខ្មែរ
និងគណៈប្រតិភូយុវជនរាជសង្គមរាស្ត្រនិយមខ្មែរបានរួមបញ្ចូលគ្នាជាគណៈប្រតិភូកម្ពុជាតែមួយ
ដឹកនាំដោយ យឹម ឌិត និងមាន អ៊ិន សូកាន ជាទីប្រឹក្សា។ ក្រោយពីបានទៅចូលរួមមហោស្រពនេះ
អ៊ិន សូកាន និងគាត់ ក៏បានទៅចូលរួមមហាសន្និបាតសហភាពអន្តរជាតិ នៅទីក្រុងប្រាហ្គ
ប្រទេសឆេកូស្លូវ៉ាគី។ នៅឱកាសនោះទំនាស់រវាងចិន និងពួករសើរើ ចាប់ផ្តើមខ្លះៗហើយ។
ចុងឆ្នាំ១៩៥៩ ក្រោយពី អ៊ិន សូកាន ត្រឡប់មកមាតុប្រទេសវិញ
គាត់ត្រូវបានជ្រើសរើសជាសមាជិកគណៈកម្មការដឹកនាំមណ្ឌលម៉ាក្ស-ឡេនីន ជាមួយ ជួន មុម្ម, ទុន ជោតិស៊ីរិន និងតូច ខាំឌឿន។
នៅឆ្នាំ១៩៦០ ក្រោយពីសន្និសីទសកលលោកនៃបក្សកុម្មុយនិស្ត និងបក្សពលករ
ចំនួន៨១ នៅមូស្គូ មណ្ឌលម៉ាក្ស-ឡេនីន បានបើកវគ្គសិក្សារៀនសូត្រឯកសារសេចក្តីថ្លែងការណ៍នៃសន្និសីទនេះ។
ក្នុងឆ្នាំ១៩៦២ មណ្ឌលម៉ាក្ស-ឡេនីន
បានឱ្យគាត់ដឹកនាំគណៈប្រតិភូសហភាពនិស្សិតខ្មែរ ដែលបានទៅចូលរួមមហោស្រពសកលលោកនៃយុវជន
និងនិស្សិត នៅក្រុងហ៊ែលស៊ីនគី ប្រទេសហ្វាំងឡង់។ បន្ទាប់មក
គាត់បានទៅចូលរួមមហាសន្និបាតសហព័ន្ធសកលលោកនៃយុវជនប្រជាធិបតេយ្យ នៅក្រុងវ៉ាសូវី
ប្រទេសប៉ូឡូញ។ ពេលនោះក្នុងសុន្ទរកថារបស់គណៈប្រតិភូសហភាពនិស្សិតខ្មែរ បានសរសេរថា៖ « ពិសោធន៍នៅកម្ពុជា បង្ហាញថា
ការរួមរស់ដោយសន្តិភាព គឺជាការអនុគ្រោះដល់ការតស៊ូរបស់ប្រជាជនប្រឆាំងអំពើជ្រៀតជ្រែក
វិទ្ធង្សនា និងឈ្លានពានរបស់ចក្រពត្តិអាមេរិក និងបរិវារ ដើម្បីឯករាជ្យ សន្តិភាព
អព្យាក្រឹត និងដើម្បីកែប្រែជីវភាពប្រជាជន » ដែលនេះជាការឆ្លុះបញ្ចាំងនូវទស្សនៈសើរើដែលទាក់ទិននឹងបញ្ហាកម្ពុជា។
ចាប់ពីឆ្នាំ១៩៦៣មក គាត់កាន់តែមានទស្សនៈគាំទ្រលទ្ធិសើរើនិយម
រហូតដល់ស្នើឱ្យគណៈកម្មការដឹកនាំមណ្ឌលម៉ាក្ស-ឡេនីន
សរសេរលិខិតមួយផ្ញើទៅគាំទ្រគោលជំហរសូវៀត ដែលប្រឆាំងនឹងចិន។
តែសមាជិកមណ្ឌលម៉ាក្ស-ឡេនីននិយម ភាគច្រើន មិនយល់ស្របតាមគាត់ឡើយ។
ដោយមានទំនាស់ជាបុគ្គលផង និងទំនាស់ក្នុងការដឹកនាំផង
ក្នុងនោះទំនាស់ខ្លាំងជាងគេ គឺនៅក្នុងឆ្នាំ១៩៦២
ពេលទៅចូលរួមមហាសន្និបាតសហភាពអន្តរជាតិនិស្សិតនៅក្រុងមូស្គូ តូច ខាំឌឿន ប្រធានសហភាពនិស្សិតខ្មែរ
បានសម្រេចបញ្ចូលសហភាពនិស្សិតខ្មែរនេះ ជាសមាជិកសហភាពអន្តរជាតិនិស្សិតនោះ
ដោយគ្មានសួរយោបល់ពីសមូហភាពដឹកនាំ។ ទំនាស់មួយទៀត គឺ នៅក្នុងឆ្នាំ១៩៦៥ ទុនជោតិ
ស៊ីរិន ទៅសម្រាកក្នុងមន្ទីរពេទ្យនៅតំបន់ខាងត្បូងប្រទេសបារាំង
ស្រាប់តែគេចូលធ្វើការក្នុងវិទ្យាស្ថានស្រាវជ្រាវរបស់បារាំង
ដោយគ្មានប្រាប់គណៈកម្មការដឹកនាំមណ្ឌលម៉ាក្ស-ឡេនីន បន្តិចសោះ។ គាត់យល់ថា
ការប្រព្រឹត្តិបែបនេះ គឺជាការរំលោភលើលក្ខការណ៍ចាត់តាំងរបស់មណ្ឌលម៉ាក្ស-ឡេនីន។ តែ
ជួន មុម្ម មិនបានចាត់វិធានការអ្វីបន្តិចសោះចំពោះទុន ជោតិស៊ីរិន។
គាត់មិនឯកភាពលើអាកប្បកិរិយាសម្រុះសម្រួលរបស់ជួន មុម្ម នោះទេ។ នៅឆ្នាំ១៩៦៦
ដោយសារទំនាស់ទាំងអស់នេះ សួង ស៊ីគឿន បានសុំលាចេញពីជួរដឹកនាំមណ្ឌលម៉ាក្ស-ឡេនីន។
ដូច្នេះ គណៈកម្មការដឹកនាំមណ្ឌលម៉ាក្ស-ឡេនីន នៅសល់តែ ជួន មុម្ម, ទុនជោតិ ស៊ីរិន និងតូច ខាំឌឿន
ប៉ុណ្ណោះ។
ពីឆ្នាំ១៩៦១ ដល់ឆ្នាំ១៩៦៦ ជារយៈកាលដែលឥទ្ធិពលសើរើនិយមមកគ្របដណ្តប់
ធ្វើឱ្យទស្សនៈ និងគោលជំហរចំពោះខ្មាំងជាចក្រពត្តិ និងខ្មាំងវណ្ណៈច្របូកច្របល់។
ពេលនោះ សួង ស៊ីគឿន យល់ឃើញថា ចក្រពត្តិអាមេរិក ព្រមទាំងបរិវារវា គឺពួកម៉ៅ សាយ, លន់ នល់ និងញឹក ជូឡុង
នៅតែជាសត្រូវស្លាប់រស់របស់ប្រជាជាតិ និងប្រជាជនខ្មែរ។ តែមាគ៌ាដោះស្រាយទំនាស់ស្លាប់រស់នេះ
នៅតែមិនច្បាស់លាស់។ គាត់គិតថា សីហនុ គ្មានសមត្ថភាពដឹកនាំប្រទេសឡើយ
គឺមានតែបក្សម៉ាក្ស-ឡេនីនទេ អាចដឹកនាំប្រទេសបាន។ ប៉ុន្តែបញ្ហាទំនាស់ជាមួយចក្រពត្តិ
និងបរិវារផ្ទៃក្នុង អាចដោះស្រាយបាន ដោយជំរុញរដ្ឋអំណាចសីហនុ ឱ្យទប់ទល់
និងប្រឆាំងឧបាយកលជ្រៀតជ្រែកឈ្លានពាន និងវិទ្ធង្សនារបស់ចក្រពត្តិអាមេរិក
និងពួកអាក្បត់ជាបរិវារវា។
សួង ស៊ីគឿន បានរម្លឹកបន្ថែមថា នៅក្នុងឆ្នាំ១៩៦២ គាត់មិនបានអាន
មិនបានដឹងពីទស្សនៈ និងគោលជំហររបស់បក្សឡើយ។ ការពិត ឯកសារជាទស្សនៈ
និងគោលជំហររបស់បក្ស បក្សបានផ្ញើទៅឱ្យគាត់បានអាន បានដឹងដែរ តែពេលនោះ ជួន មុម្ម
អ្នកទទួលខុសត្រូវមណ្ឌលម៉ាក្ស-ឡេនីន មិនបានផ្សព្វផ្សាយឱ្យគាត់បានដឹង និងបានយល់ទេ។ ពេលខ្លះ
គាត់់ក្តាប់បានថា បក្សបានផ្ញើឯកសារនោះទៅឱ្យមណ្ឌលម៉ាក្ស-ឡេនីន ដែរ តែ ជួន មុម្ម
ច្រើនប្រាប់ថាឯកសារទាំងនោះជាសំបុត្រផ្ទាល់ខ្លួន…។



