តារាភាពយន្តជើងចាស់ និងជាសិល្បករជាតិប្រចាំប្រទេសថៃ លោក សម្បត្តិ មេថានី បានទទួលមរណភាពក្នុងវ័យ ៨៥ឆ្នាំ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ ខែសីហា ឆ្នាំ២០២២ នៅឯគេហដ្ឋានរបស់លោក ក្នុងទីក្រុងបាងកក ហើយតម្កល់នៅវត្ត Phra Sri Mahathat Woramahawihan ក្រុង Bang Khen។
លោក សម្បត្តិ មេថានី កើតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៣៧ លោកជាសិល្បករផ្នែកសម្តែងភាពយន្ត និងរឿងភាគទូរទស្សន៍របស់ថៃ ។ ក្នុងអំឡុងឆ្នាំ២០១៦ ក្នុងនាមជាអ្នកដឹកនាំរឿង លោកក៏ធ្លាប់ទទួលពានរង្វាន់ Entertainment Critics Association Awards។ លើសពីនេះលោកក៏ជាប់ឈ្មោះក្នុងសៀវភៅកំណត់ត្រា Guinness Records ផងដែរ ក្នុងនាម ជាតារាសម្តែងដែលសម្តែងច្រើនជាងគេបំផុតក្នុងពិភពលោក ដោយបានសម្ដែងក្នុងរឿងចំនួន ៦១៧ រឿងឯណោះ។
ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ អ្នកស្រីឌី សាវ៉េត ដែលជាតារាល្បីប្រចាំនៅក្នុងប្រទេសកម្ពុជាត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធី Nine Entertainment Award 2016 ដែលជាកម្មវិធីប្រគល់ពានដ៏ធំប្រចាំប្រទេសថៃ។ អ្នកស្រីក៏ត្រូវបានគណ:កម្មការផ្ដល់កិត្តិយសឲ្យឡើងវេទិកា និងបានថតរូបជាមួយតារាជើងចាស់ល្បីល្បាញរបស់ថៃ គឺលោកសម្បត្តិ មេថានី ដែលជាដៃគូសម្ដែងចាស់របស់អ្នកស្រី ធ្វើឲ្យមានការភ្ញាក់ផ្អើលផងដែរ។ អំឡុងទស្សវត្សទី៧០ លោកសម្បត្តិ មេថានី និងអ្នកស្រីឌី សាវ៉េត ត្រូវបានផលិតករភាពយន្តល្បីឈ្មោះមួយឲ្យសម្ដែងជាតួឯករួមគ្នាក្នុងរឿង «ជីវិតផ្សងព្រេង» អមដោយបទចម្រៀង«ស្នេហ៍ឆ្លងវេហា» និងរឿង «ពស់កេងកង»។