FESTIVAL_បុណ្យ ភ្ជុំបិណ្ឌ_20210922


ពិធីបុណ្យ ភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក ដើម្បីឧទ្ទិសដល់បេតបុគ្គល ជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយមិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ  (ពាក្យ “បេត” ជាពាក្យបាលី ឯពាក្យ “ប្រេត” ជាពាក្យសំស្រ្កឹត)  ម្យ៉ាងទៀត ពិធីបុណ្យនេះ ក៏ដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សា ក្នុងវត្តរយៈពេល ៣ខែ ចាប់តាំងពីថ្ងៃចូលវស្សា រហូតដល់ថ្ងៃចេញវស្សា។ រដូវវស្សា មានភ្លៀងធ្លាក់ជោកជាំ ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទានសន្សំកុសល និងជួបជុំសាច់ញាតិបងប្អូនពីទីជិតឆ្ងាយ តាមទីវត្តអារាម។



សម័យមុន គេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះ មានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង ចាប់ផ្ដើមធ្វើពីថ្ងៃ ១រោច រហូតដល់ថ្ងៃ ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀត  ធ្វើនៅថ្ងៃ ១៥រោច ដែលហៅថា បុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នបានបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យភ្ជុំបិណ្ឌ

ក្នុងរយៈពេល១៤ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌ  ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ជាពិសេសក្រុមនីមួយៗ ដែលបានរៀបចំត្រូវបែងចែកចេញជា ៣ ឬ៤ក្រុមតូចៗរៀបចំធ្វើយាគូ ឬធ្វើភត្តាហារតាមការចាត់ចែងរបស់លោកតាអាចារ្យ ។ ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗ ត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗ ក្នុងក្រុមវេនត្រូវជ្រើសរើសយកផ្ទះណាមួយ ដើម្បីប្រមូលនំនែក រៀបចំបាយបិណ្ឌ បាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្ត ស្ដាប់លោកសូត្រថ្វាយបង្គំធម៌សុខោ និងធម៌បរាភវសូត្រ។

ម៉ោង ៤ ព្រលឹមរៀងរាល់ព្រឹក  ប្រជាពលរដ្ឋតែងតែនាំគ្នាទៅវត្ដអារ៉ាមជាមួយនំចំណី ដើម្បីបោះបាយបិណ្ឌ ។

ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នៅមានការរៀបចំពូនភ្នំខ្សាច់ ដើម្បីឧទ្ទិសកុសលជូនដល់ឧបការីជន ទាំងឡាយ ដែលបានលាចាកលោកផងដែរ។




ពិធីបុណ្យភ្ជុំបិណ្ឌ គេតែងតែប្រារព្ធនៅក្នុងរដូវវស្សា ព្រោះនៅក្នុងរដូវនេះ ពពួកប្រេតអាចមានឱកាសច្រើន ក្នុងការស្វែងរកចំណីអាហារជាងរដូវផ្សេងៗទាំងអស់។ អាហាររបស់ពួកប្រេត ដូចជាភក់ជ្រាំ ស្លេស្ម៍ កំហាក សាកសព និងកាកសំណល់អសោចិ៍ សម្បូរនៅក្នុងខែភ្លៀងផ្គរពព្រិច។ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈពេល ១៥ថ្ងៃនេះ ពពួកបេតជន (ពួកប្រេត) សាច់ញាតិទាំងប្រាំពីរសណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្ប ដែលអត់ឃ្លានអាហារអស់រយៈពេល ជាច្រើនខែមកហើយនោះ ត្រូវបានរួចផុតពីការឃុំឃាំង អនុញ្ញាតឲ្យមកស្វែងរកចំណីអាហារដែលសាច់ញាតិនាំយកមកឧទ្ទិសកុសលឲ្យខ្លួននៅតាមវត្តអារាម។ ក្នុងរយៈពេល ១៥ថ្ងៃនេះ បើពពួកបេតជនដើរស្វែងរក តែមិនឃើញញាតិចំនួន ៧វត្ត ពពួកប្រេតទាំងអស់នោះនឹងស្រែកយំទន្ទ្រាំជើង ព្រោះតែការខកបំណង និងភាពស្រេកឃ្លាន ក្រហល់ក្រហាយក្នុងចិត្តហើយនឹងជេរដាក់បណ្ដាសាដល់សាច់ញាតិ កូនចៅជាមិនខាន។



EDC APP