DESSERT_ នំអន្សម

 


នំអន្សម មានប្រវត្តិយូរលង់ណាស់មកហើយ អាចតាំងពីសម័យមហានគរមកម្ល៉េះ។ សម័យនោះកាន់ព្រហ្មញ្ញសាសនា គេយកនំអន្សមសម្រាប់តំណាងឲ្យលិង្គព្រះឥសូរ និងនំគមជាយោនីនៃព្រះនាងឧមា ដែលជាមហេសីព្រះឥសូរ ដែលទ្រង់ទាំងពីរព្រះអង្គគឺជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់របស់ប្រជានុរាស្ត្រ និងមនុស្សនាសម័យនោះ។   

ពាក្យនំអន្សម ក្លាយមកពីពាក្យដើមថា នំសន្សំ គឺមានន័យថា ជានំតំណាងភោគផល ដែលគ្រួសារនីមួយៗបានសន្សំទុកពីការធ្វើស្រែចំការសម្រាប់ដោះស្រាយការរស់នៅ មិនឲ្យខើច អត្តខាត់ ជាពិសេស នៅរដូវរាំងស្ងួត ឬនៅពេលស្រុកទេសមានសង្គ្រាមទុរភិក្សអន្តរាយ ។ 

នំអន្សមបែងចែកជាពីរបែប ហៅថា អន្សមញី និងអន្សមឈ្មោល ។ គេវេចនំអន្សមញី ដោយការខ្ចប់អង្ករដំណើបជាមួយចេកទុំធ្វើជាស្នូល មូររុំហើយ បត់សន្លឹកចេកនៅក្បាលទាំងសងខាងតែមួយផ្នត់ រួចដាក់ផ្អោបផ្គួបពីរៗចងមូរភ្ជាប់គ្នា ទើបយកទៅដាក់ស្ងោរក្នុងថ្លាងធំ ។

ចំណែកការវេចនំអន្សមឈ្មោលវិញ មានដាក់សណ្តែកបាយ និងសាច់ជ្រូកប្រឡាក់ប្រៃ ដាក់ជាស្នូល មូលរុំនឹងស្លឹកចេកយ៉ាងក្រាស់ ធំៗជាងនំអន្សមញី រួចហើយគេបត់ស្លឹកចេកពីរផ្នត់នៅក្បាលទាំងសងខាង រួចចងឲ្យណែនតឹង ទោលតែឯង។ 








EDC APP