FESTIVAL_ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល (20210430)

 ព្រះរាជពិធីច្រត់ព្រះនង្គ័ល 

ព្រះរាជពិធីច្រត់ព្រះនង្គ័លជាព្រះរាជពិធីមួយមានប្រវត្តិយូរលង់ណាស់មកហើយ។គឺជាព្រះ រាជពិធីមួយសំខាន់បំផុតបន្ទាប់ពីព្រះរាជាអភិសេក។ ហើយក៏ជាព្រះរាជពិធីមួយស្ថិតក្នុងចំណោមព្រះរាជពិធីផ្សេងៗឯទៀតប្រចាំឆ្នាំ ដែលចាត់ចូលជាព្រះរាជពិធីទ្វារទសមាស។ជារៀងរាល់ឆ្នាំ ព្រះរាជពិធីនេះតែងតែប្រារព្ធធ្វើឡើងក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំង នៃរាជធានីភ្នំពេញសព្វថ្ងៃ តែឆ្នាំខ្លះក៏ធ្វើនៅតាមខេត្តដែរ ។ ព្រះរាជពិធីប្រពៃណីនេះធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការស៊ីផឹករបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។ ជំនឿរបស់ប្រជានុរាស្ត្រ ផលដំណាំពុំមែនស្ថិតនៅត្រឹមតែការដាំដុះតាមបច្ចេកទេស ឬការ វិវត្តសេដ្ឋកិច្ចនោះទេ ពោលគឺប្រាកដជាបណ្តាលមកពីពិធីកម្មនេះឯង។ មានន័យថា ការបង្កើតផលិតផលស្រូវអង្ករ ឬក៏ផលដំណាំផ្សេងៗ ដូចជាពោត សណ្តែក ល្ង ដោយព្រះរាជាតាមរយៈព្រះរាជពិធីនេះ បណ្តាលមកពីកត្តាចម្បងមួយ គឺលក្ខណៈស័ក្តិសិទ្ធិរបស់តួអង្គ «ស្តេច» ដោយផ្អែកលើការស៊ីផឹករបស់ «គោឧសភរាជ» ក្រោយពីការភ្ជួររាស់ សាបព្រោះជានិមិត្តរូប។ គោ១នឹម ដែលទឹមច្រត់ព្រះនង្គ័លនោះ គេហៅថា «គោឧសភរាជ» ក៏មានកំណត់ក្នុងលក្ខណៈតាមបែបនិយមបច្ចុប្បន្ន គឺសម្បុរខ្មៅ ស្នែងរាងជ្រពាស់ ឈ្នក់ ឬប្រក់នាគ គឺរាងខុបទៅមុខបន្ដិច ហើយវាត់ចុងទៅលើបន្ដិច ។ គោ២នឹមទៀត ដែលសម្រាប់ហែមុខហែក្រោយឃើញថា មិនទាន់កំណត់លក្ខណៈ តែតាមដែលធ្លាប់ប្រើមក ហើយឃើញច្រើនតែសម្បុរក្រហម។ ឯ «គោឧសភរាជ» នោះ វេលាទឹមច្រត់ព្រះនង្គ័ល គេប្រដាប់ដោយគ្រឿងគឺពាក់ស្រោមមុខ ស្រោមស្នែង និងពាក់សំពត់កម្រាលសម្បុរក្រហមលើខ្នងផង។ ឯព្រះនង្គ័លទាំង៣នោះ គេលាបថ្នាំពណ៌ខ្មៅកាត់ខ្សែក្រហមដោយអន្លើៗ ឯចន្ទោលព្រះនង្គ័ល សម្រាប់អ្នកតំណាងព្រះអង្គនោះមានលក្ខណៈពិសេស គឺធ្វើជារូបនាគ លាបថ្នាំពណ៌លឿងបែប យ៉ាងពណ៌មាស ។ នៅត្រង់កនាគមានភូធ្វើពីរោមសត្វសម្បុរបែបភូទួន។ ទាក់ទិននឹងការផ្សងគោឧសភរាជគឺ ព្រាហ្មណ៍ព្រះរាជគ្រូសូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យស៊ីផឹកអាហារ៧យ៉ាង ដែលបានរៀបដាក់ជើងពានប្រាក់ធំៗ តាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវ១ គ្រាប់សណ្ដែក១ គ្រាប់ពោត១ គ្រាប់ល្ង១ ស្មៅស្រស់១ ទឹក១ ស្រា១ ។ សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូយកទឹកមន្ដប្រោះក្បាល គោទាំងពីរ ហើយមន្ដ្រីម្នាក់ដែលកាន់នង្គ័លស្ដេចមាឃដឹកគោឧសភរាជទាំងពីរទៅឱ្យស៊ីផឹករបស់ទាំង៧យ៉ាងនោះ។ គឺដឹកទៅជិតរបស់ទាំង៧យ៉ាងស្រេចហើយ លែងឲ្យគោឧសភរាជចូលស៊ីផឹកអ្វីតាមចំណង់ គេមិនបង្ខំឱ្យស៊ីផឹកចំពោះអាហារណាមួយទេ។ កាលគោស៊ីផឹកអ្វីមួយយ៉ាង ឬពីរយ៉ាង ព្រាហ្មណ៍ក៏ប្រកាសផ្សាយការទាយផលប្រផ្នូលទៅខាងមុខតាមនោះ ៕




















EDC APP