FLOWER_Represent of Each ASEAN Country

ផ្កាតំណាងប្រទេសទាំង១០ នៃអាស៊ាន  
ប្រទេស​ទាំង​១០ ដែល​ជាសមាជិក​សហគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន សុទ្ធ​តែ​មាន​ផ្កា​តំណាង​ឲ្យជាតិ​របស់​ខ្លួន ក្រៅ​ពី​ទង់ជាតិ ភ្លេង​ជាតិ សំលៀកបំពាក់ អាហារ ភាសា​។ ខាង​ក្រោម​នេះ ជា​ការ​លើក​ឡើង​ដោយ​សង្ខេប​ខ្លីៗ ពី​អត្ថន័យ នៃ​ផ្កា​តំណាងឲ្យ​ជាតិ​របស់​ប្រទេស​នីមួយៗ ក្នុង​ចំណោម​​ប្រទេសទាំង១០​ដូច​ខាង​ក្រោម​៖   
១. ប្រទេស​ថៃ              
ផ្កា​រាជព្រឹក្ស (Golden Shower) គឺ​ជា​ផ្កា​តំណាង​ជាតិ សម្រេចជ្រើសរើសនៅអំឡុងខែតុលា ឆ្នាំ២០០១។ ដើមរាជព្រឹក្ស​ ជាប្រភេទរុក្ខជាតិដែលមានអាយុវែង និងងាយស្រួលក្នុងការដាំដុះ ផ្ការបស់វាមាន​ពណ៌​លឿង​ស្រស់​ស្អាត ពេល​ផ្ការីក​  ដើម​នឹង​ជម្រុះ​ស្លឹក​ចោល​សល់​តែ​ផ្កា​ពណ៌​លឿង​ពេញ​ដើម។ ជនជាតិ​ថៃ​មួយចំនួនហៅផ្កានេះថា «ផ្ការាជវង្ស» រីឯប្រជាជនខ្មែរយើង អ្នកខ្លះហៅថា «ផ្ការាជព្រឹក្ស» អ្នកខ្លះទៀតក៏ហៅថា «ផ្កាលឿងរាជ» ឬ «ផ្ការាជឆ្ពឹស»។ជនជាតិ​ថៃ​បានចាត់​ទុក​ ដើម​រាជព្រឹក្ស​ជា​ដើម​ឈើ​មង្គល និង​ត្រូវ​គេ​ប្រើ​ក្នុង​ពិធី​សំខាន់ៗ ដូចជា យក​ទៅ​ធ្វើ​ជា​សសរស្ដម្ភ ដាំ​ក្នុង​ផ្ទះ​ដើម្បី​ភាព​ចម្រុង​ចម្រើន​រុងរឿង មាន​កេរឈ្មោះ​ កិត្តិយស និង​ដាំ​តាម​ផ្លូវ​ជា​ច្រើន។ នៅប្រទេសថៃ ផ្កាពណ៌លឿងប្រភេទនេះ នៅមានអត្ថន័យតំណាងព្រះពុទ្ធសាសនា និងតំណាងឱ្យព្រះមហាក្សត្រថៃ ពិសេសគឺព្រះបាទសម្ដេច ភូមិបុលអតុល្យតេជៈ រាមាទី៩ (ថ្ងៃដែលស្ដេចរាមាទី៩ប្រសូត្រនោះ គឺចំថ្ងៃដែលតំណាងដោយពណ៌លឿង)។          



២. ប្រទេស​ម៉ាឡេស៊ី            
ផ្កា​រំយោល(Red Hibiscus) ភាសា​ម៉ាឡេយូ មាន​ន័យ​ថា Bunga raya អាន​ថា ប៊ុង​ង៉ា-រ៉ាយ៉ ឬ​ប៊ុងង៉ារ៉ាយ៉ាបានជ្រើសរើសតាំងពីឆ្នាំ ១៩៦០ ជាផ្កា​តំណាង​ជាតិ ។ ផ្កា​រំយោល​បាន​ទទួល​រហស្សនាម​ថា ជា​រាជនី​នៃ​ផ្កា​ក្រុង​ក្ដៅ ជា​តំណាង​ឲ្យ​គោលការណ៍​ទាំង​៥ នៃ​ភាព​ជា​ជាតិ​និយម​របស់ប្រទេស​​ម៉ាឡេស៊ី ដែល​ជា​គោលការណ៍​នៃ​ការ​កសាង​ជា​ធ្លុង​មួយ និង​ភាព​អត់​ធ្មត់​ក្នុង​ជាតិ ។ អ្នកស្រុកម៉ាឡេចាត់ទុកពណ៌ក្រហមនៅលើផ្កានេះតំណាងឱ្យសេចក្ដីក្លាហាន។ ផ្ការំយោលឃើញ​មានទូទៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ជា​ច្រើន​ទៀត។         


៣. ប្រទេស​ហ្វីលីពីន            
ផ្កា​ម្លិះ​សាំប៉ាហ្គីតា (Sampaguita Jasmine or arabian Jasmine) បានជ្រើសរើសជាផ្កា​តំណាង​ជាតិ តាំងពីឆ្នាំ ១៩៣៤ ។ មាន​ស្រទាប់​ផ្កា​ពណ៌​ស និង​មាន​ផ្កា​គ្រប់​រដូវ​ពេញ​មួយ​ឆ្នាំ។ ជនជាតិ​ហ្វីលីពីន មាន​ជំនឿ​ថា ផ្កា​ប្រភេទ​នេះ​គឺ​ជា​និមិត្តរូប នៃ​ភាព​បរិសុទ្ធ ភាព​សាមញ្ញ ឱន​លំទោន និង​រឹងមាំ  តំណាងឱ្យមិត្តភាព និងសោភ័ណភាព    ស្ត្រីដែលសុភាពរាបសា ស្រស់សោភា ត្រូវបានគេប្រៀបប្រដូចទៅនឹងផ្កាម្លិះនេះ។         




៤. ប្រទេស​សិង្ហបុរី                 
ផ្កា​អ័រគីដេ Vanda Miss Joaquim ដាក់​ឈ្មោះ​តាម​អ្នក​ផ្សាំ​ពូជ​ផ្កា​នេះ គឺ​ Miss Agness Joaquim។ ផ្កា​អ័រគីដេ​នេះ ជា​ពូជ​ផ្កា​ផ្សំរវាង Vanda teress និងVanda Hookeriana ចេញ​ផ្កា​ពេញ​មួយ​ឆ្នាំ ដែលបង្ហាញពីភាពរឹងមាំ ភាពរីកចម្រើន និងភាពសម្បូរបែប អាច​ឃើញ​ជាទូទៅ​ក្នុង​ប្រទេស​សិង្ហបុរី។ រដ្ឋាភិបាលសិង្ហបុរីបានជ្រើសរើសផ្កានេះជាផ្កាតំណាងជាតិ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៨១។      



៥. ប្រទេស​ឥណ្ឌូនេស៊ី             
ផ្កា​អ័រគីដេរាត្រី (Moon Orchid) រួមជាមួយផ្កាម្លិះ និងផ្ការ៉ាហ្វលសៀ (Rafflesia)ជា​ផ្កា​តំណាង​ជាតិនៃ​ប្រទេស​មួយ​នេះ  បានប្រកាសជ្រើសរើសនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ១៩៩០ ចំថ្ងៃទិវាបរិស្ថានអន្តរជាតិ។ ផ្កា​អ័រគីដេ​រាត្រី ជា​ផ្កា​អ័រ​គីដេ​អម្បូរ Phalaenopsis និង​ជា​ផ្កា​មួយ​ក្នុង​ចំណោម​ផ្កា​អ័រគីដេ ដែល​រីក​បាន​យូរ។ ផ្កា​មួយ​មែក​អាច​នៅ​បាន​យូរ​ពី​២-៦​ខែ និង​អាច​ធំ​បាន​ល្អ​ក្នុង​អាកាស​ធាតុ​សើម។ គេ​អាច​មើល​ឃើញ​ជា​ទូទៅ​នៅ​ក្នុង​តំបន់​ទំនាប​របស់​ប្រទេស​ឥណ្ឌូនេស៊ី។          




៦. ប្រទេស​ប្រ៊ុយនេ             
ផ្កា​តំណាង​ជាតិ គឺ​ផ្កា Simpor ដែល​ជា​ផ្កា​ក្នុង​តំបន់ និង​ជា​ផ្កា​ដែល​មាន​ស្រទាប់​ធំៗ​ពណ៌​លឿង។ លក្ខណៈ​ពិសេស​របស់​វា នៅ​ពេល​រីក​អស់​មាន​ទ្រង់ទ្រាយ​ស្រដៀង​នឹង​ឆត្រ ហើយ​អាច​មើល​ឃើញ​តាម​មាត់​ទន្លេ​ទូទៅ​ក្នុង​ប្រទេស​។ រដ្ឋាភិបាលបានដាក់រូបផ្កានេះ បញ្ចូលក្នុងក្រដាសប្រាក់១ដុល្លាព្រុយនេ  ពីព្រោះវាជាអត្តសញ្ញាណដ៏សំខាន់មួយរបស់ប្រជាជន។         




៧. ប្រទេស​វៀតណាម              
ផ្កាឈូកពណ៌ស៊ីជម្ពូ (Pink Lotus) គឺ​ជា​ផ្កាតំណាង​ជាតិ។ ក្រសួងវប្បធម៌ កីឡា និងទេស ចរណ៍វៀតណាម បានរៀបចំឱ្យប្រជាជនខ្លួនចូលរួមបោះឆ្នោតជ្រើសរើសផ្កាតំណាងជាតិនៅឆ្នាំ២០១០ ក្នុងនោះផ្កាឈូកពណ៌ស៊ីជម្ពូត្រូវបានប្រជាជនបោះឆ្នោតជ្រើសរើសច្រើនជាងគេ។ជា​ផ្កា​ដែល​ជនជាតិ​វៀតណាម ចាត់ទុក​ថា ជា​ពូជ​ផ្កា​ដ៏​ស្រស់​ស្អាត អាច​មើល​ឃើញ​ជាទូទៅ​នៅ​តាម​ប្រភព​ទឹក​ក្នុង​ប្រទេស​វៀតណាម។ សម្រាប់​ជនជាតិ​វៀតណាម​ផ្កា​ឈូក គឺជា​និមិត្តរូប​នៃ​គុណធម៌ ភាព​បរិសុទ្ធ សម្ពន្ធភាព និង​ការ​មើល​ឃើញ​ក្នុង​ផ្លូវ​វិជ្ជមាន។ ម្យ៉ាង​ផ្កា​ឈូ​កជា​ផ្នែក​មួយ នៃ​វប្បធម៌​វៀតណាម មាន​នៅ​ក្នុង​ស្ថាបត្យកម្ម​ផ្សេងៗ និង​ត្រូវ​និយាយ​ដល់​ក្នុង​កំណាព្យ ចម្រៀង​ប្រពៃណី​របស់​វៀតណាម​ទៀត​ផង។      


៨. ប្រទេស​ឡាវ            
ផ្កា​តំណាង​ជាតិ គឺ​ផ្កា​ចំប៉ី (Plumeria, Frangipani, Pagoda tree, Temple tree) ជា​និមិត្ត​រូប​ប្រទេស​ឡាវ មាន​ច្រើន​ពណ៌ ដូចជា ពណ៌ស ពណ៌ក្រហម និង​ពណ៌ផ្កាឈូក។ប្រជាជនខ្មែរហៅផ្កានេះថា ផ្កាចំប៉ី ប៉ុន្តែប្រជាជនឡាវហៅថា ផ្កាចម្ប៉ា (Dok Champa) ជា​ផ្កា​តំណាង​ឲ្យ​ភាព​ស្មោះត្រង់ ការតស៊ូ ភាពរីករាយ និង​សេចក្ដី​សុខ ពីព្រោះវាជានិមិត្តរូបនៃការតស៊ូប្រឆាំងនឹងអាណានិគមបារាំង។ គេបាននិពន្ធបទចម្រៀងស្នេហាជាតិក្នុងពេលតស៊ូទាម ទារឯករាជ្យ ដោយបទចម្រៀងនោះមានចំណងជើងថា «ដួងចម្ប៉ា» ។ ​ជនជាតិ​ឡាវ​ចូលចិត្ត ប្រើ​តុបតែង​ក្នុង​ពិធី​ផ្សេងៗ ឬ​ធ្វើ​ជា​កម្រង​ផ្កា​ដើម្បី​ស្វាគមន៍​ភ្ញៀវ។ ផ្កា​ចំប៉ី​ចេញ​ផ្កា​ពេញ​មួយ​ឆ្នាំ និង​រស់​បាន​យូរ ទើប​ត្រូវ​គេ​ដាំ​យ៉ាង​ច្រើន ជា​ពិសេស​ក្នុង​បរិវេណ​វត្ត​អារាម។           



៩. ប្រទេស​មីយ៉ាន់ម៉ា          
ផ្កា​តំណាង​ជាតិ គឺ​ផ្កាគ្រញូង (Padauk) ចេញ​ផ្កា​នៅ​ដើមរដូវ​ភ្លៀង (ដើមខែមេសា) ដែល​ជា​ពេល​វេលា​ចូល​ឆ្នាំ​ថ្មី​របស់​ប្រទេស​មីយ៉ាន់​ម៉ា។ នៅ​ពេល​ផ្កា​រីក​  ដើម​របស់​ផ្កា Padauk នឹង​មាន​ផ្កា​ពណ៌​លឿង​(ពណ៌មាស)ពេញ​ទាំង​ដើម ដោយ​ជនជាតិ​មីយ៉ាន់​ម៉ា មាន​ជំនឿ​ថា ដើម​របស់​វា ជា​និមិត្តរូប​នៃ​ភាព​រឹងមាំ ភាព​អត់​ធ្មត់ និងសេចក្ដីស្នេហានៅក្នុងវប្បធម៌ភូមា។ ជា​ផ្កា​ដែល​ខ្វះ​មិន​បាន​ក្នុង​ពិធី​ប្រពៃណី​ខាង​សាសនា និងពិធីបុណ្យជាតិ ម្យ៉ាង​ទៀត​ដើម​របស់​វា អាច​យក​មក​ធ្វើ​ជា​តុ ទូ បាន​ទៀត​ផង។       




១០. ប្រទេស​កម្ពុជា                 
ចំពោះ​កម្ពុជា បាន​ជ្រើស​រើស​ផ្កា​រំដួល ( Romduol, Devil tree, White Cheesewood) ជា​ផ្កា​តំណាង​ឲ្យ​ជាតិ​ ដែលជាគ្រឿងមង្គលដ៏ល្អផូរផង់បំផុតមួយតាំងពីបុរាណកាល។ ជា​ផ្កា​មាន​ពណ៌​ស និង​ពណ៌​លឿង​នៅ​លើ​ផ្កា​តែមួយ  ត្របកផ្កាក្រាស់ រំលេចក្បូរក្បាច់គន់គាប់នេត្រាហើយ​ចោល​ក្លិន​ក្រអូប​ ប្រហើរ​ ស្រាល​ស្រទន់ ឈ្ងុយឈ្ងប់នៅ​ពេល​ល្ងាច ដិតជាប់អារម្មណ៍ ប្រៀបបាននឹងគ្រឿងរតនៈ។ ក្នុង​អតីត​កាល​នៃ​ដែនដី​អច្ឆរិយ​នេះ ក្លិន​ក្រអូប​ផ្កា​រំដួល​ត្រូវ​បាន​ប្រៀប​ប្រដូច​ទៅ​នឹង​ខេមរនារី (ស្ត្រី​ខ្មែរ) ដែលមានចរិយាមាយាទល្អ ទន់ភ្លន់ សុភាពរាបសា មានរូបសម្ផស្សល្អស្រស់សោភា។ ប្រជាជនខ្មែរទាំងនៅក្នុងប្រទេស និងនៅប្រទេសក្បែរខាង ច្រើននិយមប្រើប្រាស់ផ្កានេះក្នុងពិធីមង្គលសួស្ដី ឬពិធីកម្មសាសនារបស់ខ្លួន ដូចជា ពិធីរៀបអាពាហ៍ពិពាហ៍ ពិធីក្រុងពាលី ពិធីបួងសួង ក៏ដូចជាពិធីបង្កក់សិរីផ្សេងៗ។ ផ្ការំដួលនេះទៀតសោត ក៏បានផ្សារភ្ជាប់យ៉ាងសំខាន់ទៅនឹងសោភ័ណភាព ក្បូរក្បាច់រចនា វប្បធម៌ សិល្បៈ ចម្រៀង ស្ថាបត្យកម្មនៃប្រជាជនខ្មែរផងដែរ តួយ៉ាងគេសង្កេតឃើញមានក្បាច់ផ្ការំដួលជាមួយសិល្បៈគំនូរ និងក្បាច់ចម្លាក់នៅតាមប្រាសាទ ដូចជានៅប្រាសាទបន្ទាយស្រី ចម្លាក់អប្សរានៅប្រាសាទអង្គរវត្តជាដើម។ រុក្ខបុប្ផាប្រភេទនេះ មានដុះស្ទើរតែពាសពេញប្រទេស ទាំងនៅក្នុងតំបន់ព្រៃ និងនៅក្នុងភូមិដ្ឋានប្រជា និយម​ដាំ​នៅ​ក្នុង​សួន​ច្បារ​សាធារណៈ  វា​មាន​កម្ពស់ ៨-១២​ម៉ែត្រ  ។       




EDC APP