សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កើតនៅថ្ងៃទី ៥ ខែ សីហា ឆ្នាំ ១៩៥២ (ក្នុងប្រវត្តិរូបផ្លូវការ ថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១) នៅឃុំ ពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ប្រទេសកម្ពុជា។ ការដែលយកថ្ងៃ៤មេសា គឺដើម្បីរំលឹកថ្ងៃចូលបម្រើកងទ័ពតាមការអំពាវនាវរបស់សម្តេចឪ សម្តេចព្រះនរោត្តម សីហនុ នាឆ្នាំ ១៩៧០។ រីឯឆ្នាំ១៩៥១ ដោយអ្នកវាយអង្គលីលេខវាយច្រឡំ និងយកទៅផ្សាយល្ងាចថ្ងៃទី៨ ខែមករា ១៩៧៩ ក្រោយពេលសម្តេចត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីការបរទេស។ ពេលនោះ សម្តេចមិនបានកែតម្រូវទេ ព្រោះចង់ឲ្យខ្លួនមានអាយុច្រើនបន្តិច ដោយសារកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាយុមិនទាន់គ្រប់២៧ឆ្នាំ។
សម្តេច ហ៊ុន សែន ជាកូនរបស់លោកព្រឹទ្ធចារ្យមហាឧបាសក ( អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ) ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក មានបងប្អូន ៖
១/ ហ៊ុន សាន (បងប្រុស)
២/ ហ៊ុន ណេង (បងប្រុស)
៣/ ហ៊ុន សេងនី (ប្អូនស្រី)
៤/ ហ៊ុន ស៊ីណាត (ប្អូនស្រី) ស្វាមី នឹម តារា
៥/ ហ៊ុន ប៊ុនធឿន (ប្អូនស្រី) ស្វាមី ស៊ាង ប៊ុនលាង ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន
សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី មានកូនប្រុសបីនាក់ និងកូនស្រីបីនាក់ ក្នុងនោះមានកូនស្រីម្នាក់ជាកូនចិញ្ជឹម ៖
១/ ហ៊ុន ម៉ាណែត ភរិយា ពេជ ចន្ទមុនី កូនស្រីរបស់ឯ.ឧ. ពេជ សោភ័ន រដ្ឋលេខាធិការ ក្រសួងការងារ បណ្ដុះបណ្ដាល និងវិជ្ជាជីវៈ
២/ ហ៊ុន ម៉ាណា ស្វាមី ឌី វិជ្ជា កូនប្រុស ឯ.ឧ. ហុក ឡងឌី អតីតអគ្គស្នងការនគរបាល ជាតិ (ស្លាប់)
៣/ ហ៊ុន ម៉ានិត ភរិយា ឌី សុខីទីឃាយុកោ (ហុក ចិន្តាវី) កូនស្រីរបស់ឯ.ឧ. ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ (ស្លាប់)
៤/ ហ៊ុន ម៉ានី ភរិយា យឹម ឆាយលីន កូនស្រីរបស់ឯ.ឧ. យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី
៥/ ហ៊ុន ម៉ាលី ស្វាមី សុខ ពុទ្ធិវុធ កូនប្រុសរបស់ឯ.ឧ. ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីនៃទីស្ដីការគណៈរដ្ឋមន្ត្រី (ស្លាប់)
៦/ ហ៊ុន ម៉ាលីស
ក្រោយពីសម្តេចបានបញ្ចប់បឋមសិក្សា នៅឯស្រុកកំណើត នៅឆ្នាំ១៩៦៥ សម្តេចបានមករស់នៅរាជធានីភ្នំពេញដោយស្នាក់នៅវត្តនាគវ័ន និងសិក្សានៅវិទ្យាល័យឥន្ទ្រទេវី ដើម្បីបន្តការសិក្សាថ្នាក់អនុវិទ្យាល័យ។
ឆ្នាំ១៩៧០ ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងភ្លើងសង្គ្រាម សម្តេច ហ៊ុន សែន អាយុ១៨ ឆ្នាំ បានចូលរួមក្នុងចលនាតស៊ូ ប្រឆាំងនឹងពួកចក្រពត្តិនិយម។
ឆ្នាំ១៩៧៧ ដោយមិនពេញចិត្តទៅនឹងរបបនយោបាយប្រល័យពូជសាសន៍ ប៉ុល ពត សម្តេច បានចាកចេញទៅដឹកនាំចលនារំដោះប្រទេស និងប្រជាជនពីរបបដ៏សាហាវយង់ឃ្នងនេះ។ នៅឆ្នាំ១៩៧៨ សម្តេចបានក្លាយជាស្ថាបនិកមួយរូប នៃចលនាសង្គ្រោះជាតិកម្ពុជា ហៅថារណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានកិច្ចសហប្រតិបត្តការជាមួយចលនាស្នេហាមាតុភូមិជាច្រើនទៀត និងការគាំទ្រដោយកម្លាំងកងទ័ពស្ម័គ្រចិត្តវៀតណាម។ ចលនានេះបានជួយរំដោះប្រទេស និងប្រជាជនកម្ពុជាអោយរួចផុតពីរបបប្រល័យពូជសាសន៍ ប្រជាធិបតេយ្យកម្ពុជា នៅ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
ឆ្នាំ១៩៨០ ក្នុងខណៈជារដ្ឋន្ត្រីក្រសួងការបរទេស ថតជាមួយឯកឧត្តម សុិន សុង អនុរដ្ឋមន្រ្តី ក្រសួង មហាផ្ទៃនាពេលនោះ

ពិធីខួបកំណើត ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ គម្រប់ ៧១ឆ្នាំ ភូមិគ្រឹះនាក្រុងតាខ្មៅ

ល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្ដូរ វិធីហាត់ប្រាណ មកដើរក្នុងសួនដំណាំ។