ប្រទេសវេណេស៊ុយអេឡា
ប្រទេសវេណេស៊ុយអេឡា ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋបូលីវ៉ានៃវេណេស៊ុយអេឡា (ភាសាអេស្ប៉ាញ៖ República
Bolivariana de Venezuela) គឺជាប្រទេសមួយស្ថិតនៅឆ្នេរប៉ែកខាងជើងនៃទ្វីបអាមេរិកខាងត្បូង ដែលរួមមានទឹកដីនៅក្នុងទ្វីបផ្ទាល់ និងបណ្ដុំកោះតូចៗជាច្រើននៅសមុទ្រការ៉ាអ៊ីប។ ប្រទេសវេណេស៊ុយអេឡាមានក្រឡាផ្ទៃសរុប ៩១៦,៤៤៥
គីឡូម៉ែត្រការ៉េ ហើយមានប្រជាជនសរុបចំនួន ២៩ លាននាក់បើគិតត្រឹមឆ្នាំ២០២២។ រដ្ឋធានី
និងទីក្រុងធំបំផុតនៅក្នុងប្រទេសមានឈ្មោះថា ការ៉ាកាស។ វេណេស៊ុយអេឡាមានព្រំដែនខាងជើងជាប់សមុទ្រការ៉ាអ៊ីប និងមហាសមុទ្រអាត្លង់ទិក ខាងលិចជាប់ប្រទេសកូឡុំប៊ី ឯខាងត្បូងជាបើប្រទេសប្រេស៊ីល រីឯភាគឦសានជាប់នឹងប្រទេសទ្រីនីតេ
និងតូបាគោ និងប៉ែកខាងកើតជាប់នឹងប្រទេសគុយយ៉ាន។ វេណេស៊ុយអេឡាគឺជាសាធារណរដ្ឋអាស្រ័យប្រធានាធិបតីដោយមានរដ្ឋក្នុងប្រទេសចំនួន ២៣ ខណៈមណ្ឌលរដ្ឋធានី និងទឹកដីអនិស្សរភាពជាច្រើនលាតសន្ធឹងតាមតំបន់ឆ្នេរ
និងនៅលើសមុទ្រ។ សព្វថ្ងៃ វេណេស៊ុយអេឡាគឺជាប្រទេសដែលមានទីប្រជុំជនច្រើនបំផុតប្រចាំអាមេរិកឡាទីន។
ប្រជាជនវេណេស៊ុយអេឡាភាគច្រើនរស់នៅក្នុងទីប្រជុំជនប៉ែកខាងជើង
និងក្នុងរដ្ឋធានីការ៉ាកាស។[១៥][១៦]
ទឹកដីនៃប្រទេសវេណេស៊ុយអេឡាបច្ចុប្បន្នត្រូវបានអេស្ប៉ាញចូលមកដាក់អាណានិគមនៅក្នុងឆ្នាំ១៥២២
ទោះបីជាមានការប្រឆាំងពីសំណាក់ជនជាតិដើមក្នុងស្រុកក្ដី។ មកដល់ត្រឹមឆ្នាំ១៨១១
វេណេស៊ុយអេឡាបានក្លាយជាទឹកដីអេស្ប៉ាញ-អាមេរិកដំបូងគេមួយដែលបានប្រកាសឯករាជ្យពីប្រទេសអេស្ប៉ាញ
រួចបានចូលរួមក្នុងសាធារណរដ្ឋសហព័ន្ធនៃប្រទេសកូឡុំប៊ី (ដែលគេនិយមហៅថា ក្រង់កូឡុំប៊ី)។
វេណេស៊ុយអេឡាបានបំបែកចេញពីសហព័ន្ធនោះដោយក្លាយខ្លួនជាប្រទេសដែលមានអធិបតេយ្យភាពពេញលេញនៅក្នុងឆ្នាំ១៨៣០។
នៅក្នុងកំឡុងសតវត្សរ៍ទី១៩ វេណេស៊ុយអេឡាត្រូវជួបនឹងវិបត្តិនយោបាយ
និងរបបផ្តាច់ការជាបន្តបន្ទាប់
ខណៈប្រទេសជាតិទាំងមូលត្រូវបានបែងចែកជាតំបន់ផ្សេងៗគ្នាដោយតំបន់នីមួយៗត្រូវស្ថិតក្រោមអំណាចយោធាផ្ដាច់ការផ្សេងៗគ្នារហូតដល់ពាក់កណ្តាលសតវត្សរ៍ទី២០។
ចាប់ពីឆ្នាំ១៩៥៨ វេណេស៊ុយអេឡាទីបំផុតក៏មានរដ្ឋាភិបាលប្រជាធិបតេយ្យ
លើកលែងតែតំបន់មួយចំនួនក្នុងប្រទេសដែលនៅតែបន្តគ្រប់គ្រងដោយរបបផ្តាច់ការយោធា។
ទោះជាស្ថានការណ៍នយោបាយមិនសូវផ្លាស់ប្ដូរច្រើនក្ដី
សេដ្ឋកិច្ចវេណេស៊ុយអេឡាបានស្ទុះងើបក្បាលយ៉ាងលឿនរហ័សនៅក្នុងសម័យកាលនោះ។
វិបត្តិសេដ្ឋកិច្ចក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងឆ្នាំ១៩៩០
បាននាំឱ្យកើតមានវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរ
គួបផ្សំជាមួយបញ្ហាសង្គមដែលបន្តរីករាលដាលរហូតដល់ផ្ទុះកុប្បកម្មការ៉ាកាសូឡើងដែលបានសម្លាប់មនុស្សជាច្រើននាក់នៅក្នុងឆ្នាំ១៩៨៩។ មិនតែប៉ុណ្ណោះ
រដ្ឋប្រហារប៉ុនប៉ងចំនួនពីរនៅក្នុងឆ្នាំ១៩៩២ និងការបោះឆ្នោតទម្លាក់ប្រធានាធិបតីប្រទេសជុំវិញបទកេងបន្លំថវិកាសាធារណៈនៅក្នុងឆ្នាំ១៩៩៣
បានអូសទាញប្រទេសវេណស៊ុយអេឡាឱ្យធ្លាក់ចូលក្នុងវិបត្តិនយោបាយកាន់តែធ្ងន់ធ្ងរ។
ការបាត់បង់ទំនុកចិត្តក្នុងចំណោមគណបក្សនយោបាយក្នុងប្រទេសបាននាំឱ្យលោកហ៊ូហ្គោ ឆាវែសជាប់ឆ្នោតក្លាយជាប្រធានាធិបតីនៅក្នុងឆ្នាំ១៩៩៨
ដែលជាកាតាលីករនាំឱ្យកើតបដិវត្តន៍បូលីវ៉ាបន្តរហូតមកដល់សព្វថ្ងៃ។
គោលនយោបាយសុខុមាលភាពសង្គមប្រជាភិថុតិរបស់រដ្ឋាភិបាលថ្មីបានដំណើរការទៅមុខដោយរលូន
ក៏ព្រោះតែដោយសារកំណើនតម្លៃប្រេងកាត[១៧] កំណើនចំណាយលើសង្គម[១៨] និងកាត់បន្ថយវិសមភាពសេដ្ឋកិច្ច និងភាពក្រីក្រ។[ស ២] ប៉ុន្តែមិនយូរប៉ុន្មាន
មកដល់សតវត្សរ៍ឆ្នាំ២០១០ អត្រានៃភាពក្រីក្រនៅក្នុងប្រទេសក៏បានចាប់ផ្តើមស្ទុះឡើងយ៉ាងឆាប់រហ័ស។[១៩][២០] លើសពីនេះ លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីវេណស៊ុយអេឡាឆ្នាំ២០១៣ បាននាំឱ្យផ្ទុះវិវាទយ៉ាងធំ រួចក៏វិវត្តបន្តទៅជាចលនាបាតុកម្មនៅទូទាំងប្រទេស ដែលអូសបន្លាយរហូតមកដល់សព្វថ្ងៃ។[២១] មិនតែប៉ុណ្ណោះ
លទ្ធិប្រជាធិបតេយ្យនៅវេណេស៊ុយអេឡាថែមទាំងបានរអិលថយក្រោយ
ប្រែក្លាយទៅជាប្រទេសផ្តាច់ការ។[៤] ប្រទេសនេះស្ថិតក្នុងចំណាត់ថ្នាក់ដ៏ទាបនៅក្នុងសេរីភាពសារព័ត៌មាន និងសេរីភាពស៊ីវិល និងមានកម្រិតអំពើពុករលួយខ្ពស់បំផុតមួយផងដែរ។[២២] បច្ចុប្បន្ននេះ
វេណេស៊ុយអេឡាជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយមានធនធានរ៉ែប្រេងកាតបម្រុងដ៏ធំបំផុតមួយនៅលើលោក
និងក៏ជាប្រទេសអ្នកនាំចេញប្រេងកាតឈានមុខគេមួយទៀតផងដែរ។ ដើមឡើយ
ប្រទេសនេះនិយមនាំចេញផលិតផលកសិកម្មដូចជាកាហ្វេ និងកាកាវជាដើម
ប៉ុន្តែរ៉ែប្រេងកាតបានក្លាយជាផលិតផលនាំចេញដ៏សំខាន់មួយសម្រាប់ប្រទេសវេណេស៊ុយអេឡាដោយកើបបានប្រាក់ចំណូលជាច្រើនចូលក្នុងសេដ្ឋកិច្ចជាតិ។
គោលនយោបាយធ្វេសប្រហែស
និងការគ្រប់គ្រងមិនល្អរបស់រដ្ឋាភិបាលបាននាំឱ្យសេដ្ឋកិច្ចប្រទេសវេណេស៊ុយអេឡាទាំងមូលដួលរលំ។[២៣][២៤] ជាលទ្ធផល
ប្រទេសនេះក៏ត្រូវប្រឈមនឹងបញ្ហាអតិផរណាខ្ពស់[២៥][២៦] កង្វះទំនិញជាមូលដ្ឋាន[២៧] ភាពអត់ការងារធ្វើ[២៨] ភាពក្រីក្រ[២៩] រោគជំងឺរាតត្បាត
អត្រាមរណៈកុមារខ្ពស់ កង្វះអាហារូបត្ថម្ភ បញ្ហាបរិស្ថាន ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ
និងអំពើពុករលួយជាដើម។ល។ កត្តាទាំងអស់នេះបានបង្កើតជាវិបត្តិជនភៀសខ្លួនដ៏ធំមួយ
ដោយមនុស្សជាង ៧.៧ លាននាក់បានរត់ភៀសខ្លួនចេញពីវេណេស៊ុយអេឡា បើគិតត្រឹមខែមិថុនា
ឆ្នាំ២០២៤។[៣០][៣១]
លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងឆ្នាំ២០២៤ មិនត្រូវបានទទួលស្គាល់ដោយមជ្ឈមណ្ឌលខាតធ័រ និងអង្គការរដ្ឋអាមេរិកាំងឡើយ ក៏ព្រោះតែគ្មានលទ្ធផលជាក់លាក់ច្បាស់លាស់ និងមានការជំទាស់ប្រឆាំងពីក្រុមបក្សប្រឆាំង ដែលនាំឱ្យកើតបាតុកម្មនៅទូទាំងប្រទេស។


