STAR_KHMER / TIT VICHARADANY / ទីត្យ វិជ្ជរ៉ាដានី

 
ទិត្យ វិជ្ជរ៉ាដានី កើតនៅឆ្នាំ១៩៤៨ នៅទីក្រុងភ្នំពេញ ។គាត់ជាបុត្រីរបស់លោក សារឹម និងអ្នកស្រី អុក ស៊ន ។
លោក សារឹម ជាកូនអ្នកមានម្នាក់ និងជានិស្សិតរៀនចប់មហាវិទ្យាល័យនៅក្រុងភ្នំពេញ។ឪពុកម្តាយបានតម្រូវឱ្យលោកទៅរៀនបន្តនៅប្រទេសបារាំង ។លោកបានឃ្លាតពីភរិយាក្រៅច្បាប់ ដោយចិត្តអាឡោះអាល័យហើយសន្យាថាបីឆ្នាំក្រោយលោកនឹងវិលត្រឡប់មកវិញ ។បីឆ្នាំដែលបានសន្យាក៏កន្លង ហួសទៅ ទោះបីជាអ្នកស្រី អុក ស៊ន ប្រសូតនាង វិជ្ជរ៉ាដានី បានអាយុ៤-៥ឆ្នាំហើយ ក៏នៅតែមិនទាន់ឃើញរូបលោកសារឹមវិលត្រឡប់មកវិញទៀត ។​អ្នកស្រីអុកស៊នក៏បានរៀបការជាមួយ លោក សាន ទិត្យ ជាទាហានសង្គមរាស្ត្រនិយមតាមការណែនាំរបស់ឪពុកម្តាយ។ លោកសាន ទិត្យ ជាបុរសពោះម៉ាយមានកូន២នាក់ ។លោកស្រឡាញ់ ថ្នាក់ថ្នមនិងថែទាំអ្នកស្រីទិត្យ វិជ្ជរ៉ាដានី ដូចជាកូនបង្កើត ។អ្នកស្រី វិជ្ជរ៉ាដានី មានប្អូន ពីរនាក់ក្រោយទៀត គឺនាងវិជ្ជរ៉ារង្សី និងប្អូនប្រុសអ័រគីដេ។នាងវិជ្ជរ៉ារង្សីហៅស្រីពៅ ក៏ជាតារាថ្មីម្នាក់ទៀតដែរ តែថតបានពីរ-បីរឿងមិនទាន់បានបញ្ចាំងផង ទទួលស្រុកទេស ផ្លាស់ប្តូរនយោបាយ នាងក៏ត្រូវស្លាប់ក្នុង ជំនាន់ប៉ុលពតទៅ ។
អ្នកស្រី វិជ្ជរ៉ាដានី រៀនដល់ថ្នាក់ទី៣ទំនើបនៅវិទ្យាល័យយុគន្ធរ ហើយមានស្វាមីនៅឆ្នាំ១៩៦៧ ក៏ឈប់រៀនទៅ។ប្តីឈ្មោះ ប្រាក់ ប៊ុនថន អ្នកស្រុកបាត់ដំបង កូនថីរំចេក គ្រូបង្រៀន នៅខត្តកំពង់ឆ្នាំង បង្រៀននៅសាលារៀន គោគបន្ទាយ ក្រោយមក សាលារៀនដំណាក់កី។នៅពេលដែលអ្នកស្រីមានផ្ទៃពោះកូនដំបូងបាន៣ខែ មានចាងហ្វាងផលិតកម្មមួយបានមកស្នើឱ្យអ្នកស្រីសាក ល្បងថតកុន ។ មូលហេតុដែលធ្វើឱ្យគេស្គាល់អ្នកស្រី គឺនៅពេលអ្នកស្រីទៅថតរូបនៅក្នុងហាងជាមួយនឹងស្វាមីអ្នកស្រីនៅហាងថតរូបកំពង់ឆ្នាំង ។ហាងថតរូបនោះក៏បានសុំរូបថតអ្នកស្រីដាក់ តាំងលំអហាង ។ ចាងហ្វាងកុនបានឃើញក៏ចាប់អារម្មណ៍ ហើយក៏ស៊ើបសួររហូតដល់បានរកឃើញអ្នកស្រី ។ដើមឡើយស្វាមីនិងគ្រួសារ មិនឱ្យអ្នកស្រី ទៅថតកុនឡើយ តែដោយលក្ខណៈជាក់ស្តែងនៅពេលរៀបមង្គលការគេទាំងពីរ គេអញ្ជើញភ្ញៀវចូលរួមចំនួន១០០តុ ។លុះដល់ថៃ្ងនោះជាសំណាង អាក្រក់ ភ្លៀងធ្លាក់ដូចគេចាក់ទឹក មង្គលការអ្នកស្រីគ្មានភ្ញៀវត្រូវខាតលិចលង់ ។ ទន្ទឹមនឹងនោះថៅកែកុនដឹងរឿងក៏បានសន្យាថា ឱ្យតែអ្នកស្រីព្រមទៅ ថតកុនឱ្យគេ គេនឹងចេញប្រាក់សងបំណុលពេលរៀបការរបស់អ្នកស្រី ។ដោយហេតុផលនោះ ស្វាមីអ្នកស្រី និងឪពុកម្តាយក្មេក ក៏សុខចិត្តយល់ព្រមឱ្យ អ្នកស្រីទៅថត ដោយកំណត់ថា ថតតែមួយរឿងរួចបំណុលហើយឈប់ ។ រឿងដំបូងដែលអ្នកស្រីសម្តែងគឺរឿង “លោហិតវាសនា” ដែលមានលោកជា យុទ្ធថន និងណុប ណែម ជាតួឯកប្រុស គឺអ្នកស្រីចេញថតទាំងទម្ងន់កូនក្នុងពោះ៣ខែក្នុងឆ្នាំ១៩៦៧ ។ ក្រោយមក ក៏ចេះតែមានម្ចាស់ផលិតកម្មមក ទាក់ទងឱ្យអ្នកស្រី ថតភាពយន្តជាបន្តបន្ទាប់។ អ្នកស្រី​  និងស្វាមីទទួលបានកូនប្រុសម្នាក់ឈ្មោះនី ណូរ៉ា។ប៉ុន្តែដោយសារ គ្រួសារខាងស្វាមី អ្នកស្រីមិនពេញចិត្តចំពោះអាជីពសិល្បៈរបស់អ្នកស្រីបានធ្វើឱ្យកើតជាក្តីក្តាំលែងលះគ្នារវាងអ្នកស្រី និង លោកប្រាក់ ប៊ុនថៃ ជាស្វាមី។
ពេលនោះលោកប៉ិច សាលឿន ពាក់សក្តិ២ខាងក្រុមតន្ត្រីយោធាភិរម្យ  ជាផលិតករភាពយន្តផង អ្នកដឹករឿងផង ជាអ្នកនិពន្ធផង ជាតារាភាពយន្តផង ហើយក៏ជាអ្នកចម្រៀង ស្គាល់អ្នកស្រីតាមរយៈការថតកុន បានជួយរត់ការអ្នកស្រីលុបអេតាស៊ីវិល ។ លុះចប់សព្វគ្រប់ ក៏ដណ្តឹងការជាមួយអ្នកស្រីតែម្តង ហើយទទួលបានបុត្រម្នាក់ឈ្មោះប៉ិច ដានីញ៉ែល ។
រឿងដែលអ្នកស្រីសម្តែងមានរាប់រយរឿង ហើយភាគច្រើនសុទ្ធតែជារឿងដែលទទួលការនិយមចូលចិត្តពីទស្សនិកជនយ៉ាង ខ្លាំងក្លា ។ អ្នកស្រីថតរឿងបានច្រើនជាងគេទាំងអស់ក្នុងចំណោមតួឯកកុនខ្មែរនាសម័យនោះ ។ តួប្រុសដែលអ្នកស្រីធ្លាប់សម្ដែងជាមួយគឺលោកគង់ សំអឿន,លោកជា យុទ្ធថន,លោកវណ្ណ វណ្ណៈ,លោកសូ ហ៊ាន ជាដើម។ ភាពយន្តដែលអ្នកស្រីបានសម្ដែងចាប់តាំងពីឆ្នាំ១៩៦៧ដល់ឆ្នាំ១៩៧៥មាន១២៧រឿង។

នៅឆ្នាំ១៩៧៥ អ្នកស្រីត្រូវជម្លៀសទៅកាន់ខេត្តបាត់ដំបង ហើយបានទទួលមរណភាពក្នុងឆ្នាំ១៩៧៩ ពេលរបបខ្មែរក្រហមដួលរលំ ដោយសារសម្រាលបុត្រតាមផ្លូវពេលត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ។ 
              

    







EDC APP