មូលហេតុដែលខែកុម្ភៈមានរយៈពេលតិចជាងខែផ្សេងទៀត

 


នៅក្នុងរង្វាស់កាលវេលានាពេលបច្ចុប្បន្ន ខែកុម្ភៈដែលជាខែទី២នៃប្រតិទិនសុរិយាគតិនោះ គឺមានរយៈពេលតែ២៨ថ្ងៃ ឬឆ្នាំខ្លះមាន២៩ថ្ងៃប៉ុណ្ណោះ។                                                ប្រតិទិនដែលយើងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន គឺហៅថាហ្គ្រេហ្គោរីរាន (Gregorian Calendar) ជាប្រភេទប្រតិទិនសុរិយគតិ ដែលផ្អែកលើដំណើររង្វិលជុំរបស់ផែនដីជុំវិញព្រះអាទិត្យ ហើយត្រូវបានប្រើប្រាស់ជាសាកល។ ប្រតិទិននេះជាសមិទ្ធផលបានមក ពីការអភិវឌ្ឍនិងកែប្រែជាបន្តបន្ទាប់ពីប្រតិទិនជំនាន់មុនៗ។                                                                                    ដើមឡើយ គឺមានប្រតិទិនចំណាស់មួយ គឺប្រតិទិនរបស់ពួករ៉ូម៉ាំង ដែល១ឆ្នាំមានត្រឹមតែ១០ខែប៉ុណ្ណោះ។ នាពេលនោះ ស្តេចរ៉ូម៉ាំង នូម៉ា ប៉ុមពីលីអ៊ូស (Numa Pompilius) មានបំណងចង់ឱ្យប្រតិទិនរូម៉ាំងត្រូវគ្នាជាមួយឆ្នាំចន្ទគតិ ហើយក៏បានបន្ថែមខែថ្មីចំនួនពី រនៅខាងចុងប្រតិទិនចាស់ ដែលបច្ចុប្បន្នយើងស្គាល់ថាជាខែមករា និងខែកុម្ភៈ។                                                   មុនការបន្ថែមខាងលើ ក្នុងចំណោមខែទាំង១០នោះ ខែចំនួន៦មាន៣០ថ្ងៃ និងខែចំនួន៤ទៀតមាន៣១ថ្ងៃ ដែលសរុបមកមួយឆ្នាំ មានត្រឹម៣០៤ថ្ងៃ ប៉ុន្តែស្តេច នូម៉ា ចង់បញ្ចៀសមិនឱ្យខែក្នុងប្រតិទិនរបស់ទ្រង់មានថ្ងៃចំនួនគូឡើយ ព្រោះពេលនោះពួករ៉ូម៉ាំង មានជំនឿថា ចំនួនគូជាចំនួនមិនល្អ ឬចំនួនមិននាំសំណាង ដូច្នេះហើយព្រះអង្គក៏បានដកមួយថ្ងៃចេញពី ខែទាំងឡាយដែលមាន៣០ថ្ងៃ ធ្វើឱ្យទាំងខែ៦នោះនៅសល់ត្រឹម២៩ថ្ងៃវិញ។                                              ពួករ៉ូម៉ាំងចាត់ទុកឆ្នាំចន្ទគតិមាន៣៥៥ថ្ងៃ ដោយមិនអាចចាត់ទុក៣៥៤ថ្ងៃទេ ដោយសារជាលេខគូ ទោះបីជាក់ស្តែងមួយឆ្នាំចន្ទគិត មាន៣៥៤.៣៦៧ថ្ងៃក៏ដោយ។ យ៉ាងណាក្តី ចុងបញ្ចប់នៅតែតម្រូវឱ្យខែយ៉ាងតិចមួយ ក្នុងចំណោមខែទាំង១២ មានចំនួនថ្ងៃជាលេខគូ។ ហេតុដូច្នេះហើយទើបស្តេច នូម៉ា បានសម្រេចជ្រើសរើសយកខែកុម្ភៈឱ្យមានរយៈពេលត្រឹមតែ២៨ថ្ងៃ ហើយយកខែនេះ ដើម្បីរៀបចំពិធីគោរពបូជាដល់អ្នកចែកឋានរបស់ពួករ៉ូម៉ាំង ដោយសារវាមានចំនួនថ្ងៃ ជាលេខគ្មានសំណាង។                                                                       មកដល់ឆ្នាំ៤៥មុនគ្រិស្តសករាជ មេដឹកនាំសម័យសាធារណរដ្ឋរ៉ូម៉ាំង ជូលីអ៊ូស ស៉ីសា (Julius Caesar) បានបង្កើតប្រតិទិនថ្មីមួយទៀត ហៅថា ប្រតិទិនជូលាន (Julian Calendar) ដែលជាប្រតិទិនបសុរិយគតិដំបូងបំផុត។ ដោយទទួលយកយោបល់ពីតារាវិទូរបស់លោកផង ស៉ីសា ក៏បានបន្ថែមចំនួនថ្ងៃនៅក្នុងប្រតិទិនថ្មីនេះ ឱ្យមានរយៈពេល៣៦៥ថ្ងៃ ប៉ុន្តែចំនួនថ្ងៃក្នុងខែកុម្ភៈ គឺនៅ២៨ថ្ងៃដដែល។ នៅក្នុងប្រតិទិនជូលាន ក៏មានការប្រើប្រាស់ ឆ្នាំបង្រ្គប់ (Leap Year) លើកដំបូងបង្អស់ ផងដែរ គឺជារៀងរាល់៤ឆ្នាំម្តង ហើយឱ្យតែដល់ឆ្នាំបង្រ្គប់ គឺថ្ងៃបង្រ្គប់ (Leap Day) នឹងត្រូវបន្ថែមទៅក្នុងខែកុម្ភៈ។ នៅពេលនោះ ខែមករានិងខែកុម្ភៈ គឺនៅបន្តជាខែចុងឆ្នាំនៅឡើយទេ រហូតតែប្រហែលមួយសតវត្សរ៍ក្រោយមក ទើបឆ្នាំរបស់រ៉ូម៉ាំងចាប់ផ្តើមពី​ខែមករាជាផ្លូវការ។លុះដល់ឆ្នាំ១៥៨២នៃគ្រិស្តសករាជ សម្ដេចបាប ហ្គ្រេហ្គោរីទី១៣ (Pope Gregory XIII) ក៏បានបង្កើតប្រតិទិនថ្មីមួយផ្សេងទៀត ដែលបានអភិវឌ្ឍបន្ថែមពីប្រតិទិនជូនលានរបស់ ស៉ីសា។ ប្រតិទិននេះដែលសម្រេចឱ្យប្រើប្រាស់តាំងពីចុងសតវត្សទី១៦ មានឈ្មោះថា ប្រតិទិនហ្រ្គេហ្គោរាន (Gregorian Calendar)។ ប្រតិទិនហ្រ្គេហ្គោរាន បានដោះស្រាយបញ្ហានៃឆ្នាំបង្រ្គប់ ដែលកើតមានក្នុងប្រតិទិនជូលៀន ហើយកំណត់យកថ្ងៃទី១ ខែមករា គឺជាថ្ងៃចាប់ផ្តើមនៃឆ្នាំថ្មី។គួរបញ្ជាក់ថា ទោះបីជាពេលបច្ចុប្បន្ន ខែកុម្ភៈជាទូទៅមានត្រឹមតែ២៨ថ្ងៃក៏ដោយ នៅក្នុងឆ្នាំខ្លះដែលជាឆ្នាំបង្រ្គប់ (ឆ្នាំដែលចែកដាច់នឹង៤) គឺខែកុម្ភៈមាន២៩ថ្ងៃ។ 

EDC APP